ប្រទេសជប៉ុន គឺជាប្រទេសដ៏រីកចម្រើនមួយ ដោយមានការរីកចម្រើនខ្លាំងលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម មានវប្បធម៌ដ៏សម្បូរបែប មានអ្នកប្រាជ្ញបច្ចេកទេសច្រើន និងក៏សម្បូរសហគ្រិនឆ្នើមៗផងដែរ។ លើសពីនេះ ជប៉ុនក៏បានជាប់ឈ្មោះជាប្រទេសសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកអស់រយៈពេលជាង 40 ឆ្នាំផងដែរ ដោយរាប់ចាប់ពីឆ្នាំ 1968 ដល់ឆ្នាំ 2010។ ទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងប្រទេសមួយនេះ ក៏មានមហាសេដ្ឋីលំដាប់កំពូលមួយរូបប្រចាំប្រទេសផងដែរ ដោយលោកមានឈ្មោះថា Tadashi Yanai ព្រមទាំងមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន 26.8 ពាន់លានដុល្លារ ហើយនេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2022 របស់ទស្សនាវដ្ដី Forbes។
គួរបញ្ជាក់ផងដែរថា Yanai គឺជាប្រធាន និងជាភាគទុនិកដ៏ធំបំផុតរបស់ក្រុមហ៊ុន Fast Retailing ដែលជាអ្នកលក់រាយសម្លៀកបំពាក់ធំជាងគេនៅអាស៊ី និងជាមេរបស់ Uniqlo។ Yanai ក៏ចង់ធ្វើឱ្យក្រុមហ៊ុនរបស់គាត់ក្លាយជាអ្នកលក់រាយធំជាងគេរបស់ពិភពលោក ដែលមានន័យថាវានឹងមានប្រៀបជាង H&M និង Inditex ដែលក្រុមហ៊ុនមេរបស់ Zara ទៀត។ លើសពីនេះ គាត់ក៏ជាម្ចាស់ទីលានវាយកូនហ្គោលចំនួនពីរនៅលើកោះហាវ៉ៃ ឈ្មោះ Maui ផងដែរ។
សកម្មភាព ក៏ដូចជាមហិ្ឆចតាបែបនេះហើយ ទើបធ្វើឱ្យលោក Tadashi Yanai បានក្លាយជាមហាសេដ្ឋីលំដាប់កំពូលប្រចាំប្រទេសជប៉ុន ដោយនៅក្នុងឆ្នាំ 2022 គិតចាប់ពីថ្ងៃ24 ខែមិថុនា គាត់មានប្រៀបជាងមហាសេដ្ឋីកំពូលៗផ្សេងទៀតនៅជប៉ុន រួមមាន៖
- Masayoshi Son មានទ្រព្យសម្បត្តិសុទ្ធសរុប 20.9 ពាន់លានដុល្លារ
- Takemitsu Takizaki មានទ្រព្យសម្បត្តិសុទ្ធសរុប 18.9ពាន់លានដុល្លារ
- Takahisa Takahara មានទ្រព្យសម្បត្តិសុទ្ធសរុប 6.5 ពាន់លានដុល្លារ
- Shigenobu Nagamori មានទ្រព្យសម្បត្តិសុទ្ធសរុប 4.5 ពាន់លានដុល្លារ
- Hiroshi Mikitani មានទ្រព្យសម្បត្តិសុទ្ធសរុប 3.4 ពាន់លានដុល្លារ