ដោយសារតែធុរកិច្ចត្រូវធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំ វាមិនចម្លែកទេដែលពួកគេមានអារម្មណ៍ស្រ្តេស ស្មុគស្មាញ ឬតានតឹងនោះ។ ចំពោះវិធីសាស្រ្តសម្រាប់លុបបំបាត់អារម្មណ៍ធុញទ្រាន់ដែលអ្នកធុរកិច្ចភាគច្រើនជួបប្រទះមានដូចជា
#ទី១៖ ប្រសិនបើអ្នកមានអារម្មណ៍ថាធុញទ្រាន់ដោយសារតែធ្វើការងារដដែលៗ នៅកន្លែងដដែលៗ ដែលមានទិដ្ឋភាពដដែលៗជារៀងរាល់ថ្ងៃ អ្នកត្រូវផ្លាស់ប្តូរទស្សនីយភាពនៃកន្លែងធ្វើការដោយផ្លាស់ប្តូរទីតាំងធ្វើការដែលនៅក្នុងការិយាល័យរបស់អ្នកផ្ទាល់ឬអ្នកអាចផ្លាស់ប្តូរហាងកាហ្វេដែលអ្នកឧស្សាហ៍ទៅ ព្រោះធ្វើបែបនេះមិនត្រឹមតែជួយឲ្យមានអារម្មណ៍ប្រសើរឡើងទេថែមទាំងទទួលបានគំនិតថ្មីៗទៀតផង។ម្យ៉ាងទៀតអ្នកត្រូវឆ្លៀតពេលទៅកន្លែងកម្សាន្តណាមួយដែលមានទេសភាពធម្មជាតិឬទីណាក៏បានដែលមានខ្យល់ឱកាសល្អអាចធ្វើឲ្យខួរក្បាលរបស់អ្នកស្រឡះនិងសម្រាកគិតពីការងារបានមួយរយៈ។
#ទី២៖ រកវិធីបង្ហាញអារម្មណ៍ឬបញ្ហាដែលបណ្តាលឲ្យអ្នកតានតឹងចេញមកខាងក្រៅដោយអ្នកអាចសរសេរបញ្ហាឬរឿងរ៉ាវផ្សេងៗដែលកើតមានឡើង។ មួយវិញទៀតអ្នកអាចពិគ្រោះឬពិភាក្សាជាមួយមនុស្សដែលអ្នកអាចទុកចិត្តបានឬតែងតែផ្តល់ដំបូន្មានល្អៗមកកាន់អ្នកដែលគេនោះអាចជាឪពុកម្តាយ បងប្អូន ដៃគូ មិត្តជិតស្និទ្ធ ឬជាអ្នកផ្តល់ប្រឹក្សាជាដើម។ យ៉ាងណាមិញអ្នកគួរចៀសវាងការផុសបញ្ហាឬអារម្មណ៍តានតឹងរបស់អ្នកនៅលើបណ្តាញសង្គម។
#ទី៣៖ អ្នកគួរបញ្ឈប់ការគិតគូពីអនាគតឬកំហុសពីអតីតកាលហួសហេតុពេកឬសួរសំណួរខ្លួនឯងដដែលៗថា “ចុះបើសិនជា?” ជាច្រើនដង។ អ្នកមិនគួរគិតពីបញ្ហាអ្វីមួយឲ្យស៊ីជម្រៅឬជ្រុលពេកនោះទេព្រោះថាជួនកាលបញ្ហានោះស្រាលសោះក៏អាចនាំឲ្យអ្នកគិតដល់ថ្នាក់វាធ្ងន់ធ្ងររកផ្លូវដោះស្រាយមិនចេញដែរ។ ជាពិសេសកុំប្រើអារម្មណ៍មកដោះស្រាយជាមួយនឹងបញ្ហាឲ្យសោះ។ អ្នកត្រូវជឿជាក់លើខ្លួនឯងនិងប្រើប្រាស់ខួរក្បាលឲ្យមករស់នៅក្នុងបច្ចុប្បន្នសិនសឹមគិតសាឡើងវិញពីដំណោះស្រាយ។