Jack Ma បាននិយាយចែករំលែកនៅក្នុង YouTube ឆាណែល ឈ្មោះ Motivation Room 励志小屋 ថា ទោះបីជាអ្នកមានសញ្ញាបត្របណ្ឌិត ឬសញ្ញាប័ត្រអនុបណ្ឌិត ឬបរិញ្ញាបត្រ ក៏វាគ្រាន់តែជាបង្កាន់ដៃដែលអ្នកបានបង់ថ្លៃសិក្សាអស់ជាច្រើន និងបញ្ជាក់ពីអ្វីដែលអ្នកបានរៀនពិតប្រាកដប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលអ្នកប្រឡូកនៅក្នុងសង្គមជាក់ស្ដែង អ្នកនឹងជួបរឿងរ៉ាវថ្មីៗដែលអ្នកមិនដែលជួបទាល់តែសោះ។ ហេតុដូច្នេះ អ្នកកុំព្យាយាមនិយាយបង្អួតគេ ដោយនិយាយថា ខ្ញុំជាបណ្ឌិត ខ្ញុំជាវេជ្ជបណ្ឌិត… ដូច្នេះខ្ញុំមិនចង់បន្តការរៀនទៀតទេឱ្យសោះ ព្រោះវាជាការបំបិទផ្លូវរីកចម្រើនរបស់ខ្លួនឯងទៅតាមសម័យកាល។
លោក Jack Ma បានមានប្រសាសន៍ទៀតថា “ខ្ញុំពិតជាចូលចិត្តមនុស្សដែលរស់នៅជាមួយនឹងឆន្ទៈខ្ពស់ (Passion) ត្រៀមខ្លួនដើម្បីរៀន និងជាមនុស្សមិនងាយបោះបង់” ព្រោះពួកគេនឹងមិនងាយទទួលបានភាពជោគជ័យនៅក្នុងជីវិត។
ការគិតខុស
មនុស្សជាច្រើន រួមទាំងលោក Jack Ma ផ្ទាល់ផងដែរ ក៏ធ្លាប់គិតថា គ្មានឱកាសការងារទៀតទេ បើបុគ្គលជោគជ័យជាច្រើនរូបបានយកការងារអស់ហើយ ពីព្រោះពួកគេសុទ្ធសឹងតែជាមនុស្សអស្ចារ្យ និងបានក្លាយជាមហាសេដ្ឋីមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក។
ប៉ុន្តែក្រោយពីលោក Jack Ma បានស្គាល់លោក Bill Gates, Warren Buffett, Jack Welch, Larry Page, Mark Zuckerberg និងជាច្រើនរូបទៀត លោកបានឆ្លុះបញ្ចាំងមកវិញថា៖
- បុគ្គលទាំងនោះពួកគេតែងតែមានសុទិដ្ឋិនិយមចំពោះអនាគត
- មិនដែលត្អូញត្អែរពីបញ្ហានានាច្រើនឡើយ ប៉ុន្តែពួកគេតែងតែព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃ។
ហើយនេះ ជាឱកាសជោគជ័យរបស់ពួកគេ ក្នុងការបង្កើតអ្វីថ្មីៗ ដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃ រហូតធ្វើឱ្យពួកគេទទួលបានភាពជោគជ័យដល់សព្វថ្ងៃ។ នេះជាហេតុផលមួយ ដែលបណ្ដុះគំនិតលោក Ma បន្តនូវឆន្ទៈ និងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើតអ្វីមួយដោយខ្លួនឯងដែរ ដើម្បីដោះស្រាយបញ្ហារបស់មនុស្ស។
វិធីចាប់យកឱកាស
ទី1. ត្រង់ចំណុចណាដែលមនុស្សជាច្រើនកំពុងតែជួបបញ្ហា និងមានការត្អូញត្អែរជាញឹកញាប់ គឺវាជាឱកាស៖ លោក Jack Ma ផ្ដល់យោបល់បន្ថែមថា “ត្រង់ចំណុចនេះ ប្រសិនបើអ្នកគិតថា អ្នកអាចរកដំណោះស្រាយបាន នោះវាជាច្រកសម្រាប់អ្នក ដើម្បីឆ្ពោះទៅកាន់ឱកាសជោគជ័យលើផ្នែកណាមួយសម្រាប់ខ្លួនឯង។ ប៉ុន្តែត្រូវប្រាកដថា អ្នកស្រលាញ់ និងមិនងាយបោះបង់ក្នុងការធ្វើវាឱ្យចេញជារូបរាង” ។
ទី2. ប្រុងប្រយ័ត្នលើការគិត និងស្វែងរកមនុស្សខ្លាំង ព្រមទាំងមានការជឿជាក់ថាអាចសម្រេចវាបាន និងមានគោលដៅរួម ដើម្បីធ្វើការជាមួយគ្នាឱ្យទទួលបានជោគជ័យទាំងអស់គ្នា។
ចូរចងចាំថា បើអ្នកសម្រេចចិត្តអ្វីមួយហើយ អ្នក និងក្រុមរបស់អ្នក ត្រូវតែជឿជាក់លើកិច្ចការងារនោះ ដោយកុំខ្វល់ថា មិត្តភក្តិ ឪពុកម្ដាយ បងប្អូន និងមនុស្សជុំវិញ មិនជឿជាក់ថាវាអាចទៅរួចក៏ដោយ