Content បើបកជាភាសាខែ្មរ យើងអាចកំណត់បានថា ជាមាតិកា ឬជាសារបង្ហោះនៅលើប្រព័ន្ធសង្គម ដូចជានៅលើ Facebook, Instagram, TikTok និងផ្សេងៗទៀត។
ឈ្វេងយល់អំពី Content
Content គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកទីផ្សារឌីជីថល និងម្ចាស់អាជីវកម្ម។ ហើយជាទូទៅ អ្នកទីផ្សារ និងម្ចាស់អាជីវកម្ម បង្កើតContent ឬបង្កើតសារបង្ហោះ ឬបង្កើតមាតិកា ដើម្បីជំរុញទីផ្សារ កសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ និងជំរុញការលក់ជាដើម។
Content មានច្រើនប្រភេទ ប៉ុន្តែគេតែងតែប្រើប្រាស់ មាន 18 ប្រភេទ រួមមាន៖
- វីដេអូ
- អត្ថបទ
- រូបភាព
- Infographics
- Podcast
- Ebooks
- ករណីសិក្សា (Case Studies)
- Quote
- ការធ្វើTestimonials និង Review អំពីអ្វីមួយ
- ការធ្វើសេចក្ដីប្រកាស (Announcements)
- ធ្វើសំណួរចម្លើយ
- ការធ្វើបទសម្ភាសន៍
- Live វីដេអូ
- បង្កើតកម្មវិធីតាមអនឡាញ
- ការស្ទង់មតិ
- SlideShares
- Posters
- Fan page
ចំណាំ៖ អ្នកទីផ្សារ ឬម្ចាស់អាជីវកម្ម អាចជ្រើសរើសប្រភេទ Content ណាដែលស័ក្តិសមបំផុតចំនួន 1ឬច្រើន ដើម្បីបង្កើតខ្លឹមសារ ឬធ្វើសកម្មភាពនានាក្នុងការផ្សព្វផ្សាយលើបណ្ដាញសង្គម ជាពិសេសនៅក្នុង Facebook page អាជីវកម្មរបស់អ្នក។
គន្លឹះបង្កើត Content សម្រាប់ Facebook page សម្រាប់អាជីវកម្មរបស់អ្នក
តើអ្នកចំណាយពេលប៉ុន្មានទៅលើទំព័រហ្វេសប៊ុកអាជីវកម្មរបស់អ្នក (Facebook business page)? ប្រសិនបើផេកនោះជាអ្វីដែលអ្នកបានបង្កើតជាយូរណាស់មកហើយ ប៉ុន្តែអ្នកមិនបានពិនិត្យឡើងវិញជាប្រចាំ នោះអ្នកអាចនឹងបាត់បង់វិធីដ៏មានតម្លៃ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនជាងមុន។
បើយោងតាមគេហទំព័រ Forbes បានបង្ហាញពីគន្លឹះក្នុងការបង្កើតខ្លឹមសារបង្ហោះ ឬបង្កើត Content ដែលធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាប់ចិត្តហើយត្រលប់មករកអ្វីបន្ថែមទៀតនៅក្នុងហ្វេសប៊ុកផេករបស់អ្នក។
1. Content ដែលផ្ដល់នូវគុណតម្លៃ
ទំព័រហ្វេសប៊ុករបស់អ្នក (Your Facebook page) គឺជាកន្លែងដ៏ល្អសម្រាប់ការធ្វើបច្ចុប្បន្នភាពអាជីវកម្មរបស់អ្នក ប៉ុន្តែកុំវែងឆ្ងាយពេក ពីព្រោះមនុស្សមិនចង់បានឬត្រូវការរបាយការណ៍ស៊ីជម្រៅអំពីការធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនរបស់អ្នកទេ ផ្ទុយទៅវិញសូមផ្តល់គុណតម្លៃកាន់តែច្រើនដោយការរួមបញ្ចូលគ្នានូវមាតិកាចម្រុះ (mix of content) អំពីអាជីវកម្មរបស់អ្នក ជាមួយ third-party content ដូចជាតំណភ្ជាប់ទៅកាន់ប្លុកនិងវេទិកាឧស្សាហកម្ម។ ធ្វើបែបនេះនឹងបង្កើតភាពជឿជាក់ ដើម្បីជាធនធានដ៏មានតម្លៃដល់អតិថិជនរបស់អ្នក។
ចំណាំ៖ third-party content បកជាខ្មែរថា “ខ្លឹមសាររបស់ភាគីទីបី” គឺសំដៅលើឈ្មួញកណ្ដាលដែលផ្ដល់សេវាកម្មផ្សព្វផ្សាយ ក៏ដូចជាបង្កើត Content ឱ្យអ្នក ដើម្បីឱ្យអតិថិជនបានស្គាល់ពីអាជីវកម្មរបស់អ្នក តាមរយៈ third-party content។
2. ត្រូវមានយុទ្ធសាស្ត្រអមជាមួយរូបភាព
កុំបង្ហោះរូបថតតែម្នាក់ឯងនៃផលិតផលឬសេវាកម្មរបស់អ្នក ចូរបង្ហាញថាផលិតផលឬសេវាកម្មរបស់អ្នកត្រូវបានប្រើដោយភាពសប្បាយរីករាយ និងភាពពេញចិត្តពីអតិថិជន។ ធ្វើបែបនេះ នឹងអាចទាក់ទាញចិត្តអតិថិជនឱ្យជួយចែករំលែកបន្តទៅកាន់សាធារណៈជនផ្សេងទៀតផងដែរ។
3. ជៀសវាងការបង្ហោះវែងពេក
ការបង្ហោះសារវែងឆ្ងាយ វាជាចំណុចដែលអតិថិជននិងមហាជនជាច្រើនមិនចាប់អារម្មណ៍ និងមិនចូលចិត្តអានឡើយ។ ប្រសិនបើអ្នកចង់ឱ្យអ្នកគាំទ្រអានសារបង្ហោះរបស់របស់អ្នកសូមរក្សាវាឱ្យខ្លីនិងផ្អែមល្ហែមជាទូទៅរវាង 100-250តួអក្សរ។
4. ផ្ដោតលើការចូលរួម (Focus on engagement)
តើអ្នកអាចជំរុញអតិថិជនឱ្យចូលរួមក្នុងអាជីវកម្មរបស់អ្នកយ៉ាងដូចម្តេច? ហើយដឹងយ៉ាងច្បាស់ថា នរណាជាអតិថិជនគោលដៅរបស់អ្នក ដែលអ្នកចង់ឱ្យពួកគេមានសកម្មភាពចូលរួមជាមួយនឹងអ្នក។ បន្ទាប់មក ព្យាយាមសួរសំណួរនិងផ្តល់ជូនការបោះឆ្នោត(polls) ដែលអញ្ជើញឱ្យមានការឆ្លើយតបលើប្រធានបទនានា។ នៅចុងបញ្ចប់នៃការផ្សព្វផ្សាយ សូមកុំភ្លេចអញ្ជើញអ្នកគាំទ្រឱ្យបញ្ចេញមតិ(Comment) ចូលចិត្ត(Like) ឬចែករំលែក(Share)។ នៅពេលមនុស្សឆ្លើយតប សូមរក្សាការសន្ទនាដោយមានមតិផ្ទាល់ខ្លួនរបស់អ្នក។
5. ភ្ជាប់ទំនាក់ទំនងឱ្យដូចមិត្តភក្តិ មិនមែនជាការធ្វើអាជីវកម្ម
ហ្វេសប៊ុក គឺជាការនិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួន ដូច្នេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនឱ្យដូចជាមិត្តភក្តិនៅក្នុងហ្វេសប៊ុក អ្នកអាចចាប់ផ្ដើមការបង្ហោះព័ត៌មាន ឬព័ត៌មានថ្មីៗតាមវិធីសាមញ្ញដោយមានរីករាយហើយផ្ដល់ការអប់រំ គ្មានការឃោសនាបំផ្លើសផ្នែកទីផ្សារ ឬការផ្សាយព័ត៌មានជាដើម។ លើសពីនេះ ផ្សព្វផ្សាយអ្វីដែលធ្វើឱ្យមនុស្សសប្បាយរីករាយ ទទួលបានចំណេះដឹង និងគុណតម្លៃផ្សេងៗ ដោយផ្សាភ្ជាប់នឹងផលិតផលសេវាកម្មរបស់អ្នក (ប៉ុន្តែកុំផ្ដោតលើការផ្សព្វផ្សាយលក់ខ្លាំងពេក អាចធ្វើឱ្យមនុស្សឆាប់ធុញ និងគ្មានការចាប់អារម្មណ៍)។ ការធ្វើបែបនេះ នឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃសហគមន៍ដែលកំពុងរីកចម្រើនខ្លាំង។