ការទិញផ្ទះលើកទី១គឺជារឿងដ៏គួរឱ្យរំភើប ហើយក៏រឿងដែលគួរឱ្យឈឺក្បាល និងខ្វាយខ្វល់ផងដែរ។ ព្រោះថា អចលនទ្រព្យនេះគឺមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ ហើយការសម្រេចចិត្តខុស អាចធ្វើឱ្យបាត់បង់លុយកាក់យ៉ាងច្រើន ធ្វើឱ្យយើងខកបំណង និងរងសម្ពាធ ឬខ្លាចរអារប្រសិនបើយើងមិនទ្រព្យធនច្រើននោះទេ។ ដូចនេះ ដើម្បីជាគន្លឹះសម្រាប់អ្នកទាំងអស់គ្នាក្នុងការសម្រេចចិត្តឱ្យបានល្អប្រសើរបំផុតក្នុងការទិញផ្ទះលើកដំបូងនោះ គំនិតសូមចែករំលែកចំណុច៨យ៉ាង ដើម្បីឱ្យអ្នកទិញផ្ទះទីមួយបានជោគជ័យ!
១. ដំបូងត្រូវមើលប្លង់កម្មសិទ្ធិអចលនទ្រព្យ
ប្លង់កម្មសិទ្ធិអចលនទ្រព្យគឺជាវត្ថុតាងដ៏សំខាន់មួយសម្រាប់ការសម្រេចចចិត្តទិញផ្ទះរបស់អ្នក។ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានប្រភេទប្លង់កម្មសិទ្ធជាច្រើនដែលក្នុងនោះភាសានិយាយសាមញ្ញចូលចិត្តហៅថាប្លង់រឹងឈរ ឬប្លង់បំបែកក្បាលដី(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ) និងប្លង់រឹងដេក (ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ) និងប្លង់មួយប្រភេទទៀតហៅថាប្លង់ទន់ (ចេញត្រឹមសង្កាត់ខណ្ឌ)។ ដូចនេះ អ្នកត្រូវដឹងថា អចលនទ្រព្យដែលអ្នកកំពុងតែចង់ទិញនោះ មានប្លង់កម្មសិទ្ធិស្របច្បាប់ដែរទេ? (ល្អបំផុតគឺមានប្លង់រឹងដែលអាផ្តល់ទំនុកចិត្តដល់យើង តែតំបន់ខ្លះគឺមានត្រឹមតែប្លង់ទន់ប៉ុណ្ណោះ) តើផ្ទះដែលអ្នកទិញអាចមានទំនាស់ ឬជម្លោះកម្មសិទ្ធដែរឬទេ? ប្រសិនបើអ្នកថ្មីសម្រាប់ការទិញលក់អចលនវត្ថុ អ្នកគួរចៀសវាងទិញផ្ទះដែលមានប្លង់កម្មសិទ្ធមិនច្បាស់លាស់ និងប្លង់ដែលមានទំនាស់ ដែលអាចបង្កភាពឈឺក្បាលជាច្រើនដល់អ្នក។ យុទ្ធសាស្ត្រល្អបំផុតមុនពេលទិញ ឬកក់លុយនោះ អ្នកអាចស៊ឺបសួរពីមន្ត្រីសូរិយោដីត្រួតពិនិត្យភាពស្របច្បាប់ជាមុន ឬក៏ស្វែងរកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជិវៈសម្រាប់ជួយប្រឹក្សាយោបល់ដល់អ្នក។
២. មើលទីតាំង
អ្នកដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងការទិញផ្ទះ គាត់តែងតែនិយាយថា “ទិញផ្ទះ អ្វីដែលសំខាន់បំផុតគឺទីតាំង ទីតាំង ទីតាំង”។ ព្រោះថា ទីតាំងគឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅទីតាំងដែលសមប្រកប ទីដែលមានមនុស្សឆ្លងកាត់ច្រើន ទោះបីជាស្ថានភាពទីផ្សារអចលនវត្ថុធ្លាក់ចុះ ឬនៅត្រឹង ក៏នឹងមិនអាចទាញទម្លាក់តម្លៃរបស់អចលនវត្ថុអ្នកដែរ។ ទោះបីជាអ្នកទិញផ្ទះសម្រាប់រស់នៅក៏ដោយ កត្តាទីតាំងពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងការលក់បន្តទៀតដើម្បីបានចំណេញ។ ប្រសិនបើអ្នកមានលទ្ធភាព អ្នកមិនគួររិះថាំតម្លៃខុសគ្នាបន្តិចបន្តួច ហើយជ្រើសរើសផ្ទះដែលមានទីតាំងមិនអំណោយផលនោះទេ។ ដូចនេះ ប្រសិនបើអ្នករំពឹងចង់បានចំណេញច្រើនពីផ្ទះដែលអ្នកបានទិញនោះ នៅពេលដែលអ្នកសម្រេចចិត្តទិញផ្ទះណាមួយ អ្វីដែលអ្នកត្រូវគិតពិចារណានោះគឺជ្រើសរើសទីតាំងដែលល្អ។ ធ្វើដូចនេះទើបអ្នកអាចទទួលបានផលចំណេញច្រើនពីការវិនិយោគទិញផ្ទះនេះ។
៣. មើលគុណភាព
គុណភាពសំណង់គឺជាងបញ្ហាចម្បងមួយដែលអ្នកគួរតែប្រយ័ត្នប្រយែង ដែលអាចប៉ះពាល់ដល់គុណភាពរស់នៅរបស់អ្នក និងប៉ះពាល់ដល់ការដាក់លក់បន្ត។ ប្រសិនបើអ្នកទិញផ្ទះតពីគេ អ្នកគួរតែស្វះស្វែងរកអ្នកដែលជំនាញមើលពីសំណង់ដើម្បីជួយឱ្យជាយោបល់ពីគុណភាពផ្ទះ។ប្រសិនបើអ្នកទិញផ្ទះពីបុរី អ្នកគួរតែទៅមើលផ្ទះដែលគេកំពុងសាងសង់ ឬស៊ឺបសួរព័ត៌មានអំពីគុណភាពផ្ទះពីអ្នកដែលធ្លាប់ទិញពីមុន ឬអ្នកគួរតែជ្រើសរើសអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលល្បីឈ្មោះដើម្បីកាត់បន្ថយហានិភ័យ។ ដូចបានលើកឡើងខាងលើអញ្ចឹង គុណភាពសំណង់នឹងជះឥទ្ធពលយ៉ាងខ្លាំងសម្រាប់ការលក់បន្ត និងតម្លៃផ្ទះនៅពេលខាងមុខ។
៤. ពិនិត្យមើលម៉ូដផ្ទះ
ម៉ូដផ្ទះគឺជារឿងដែលសំខាន់ផងដែរសម្រាប់ការរស់នៅសម័យថ្មីនេះ។ ដូចនេះ អ្នកគួរតែពិចារណាម៉ូដផ្ទះណាដែលមើលទៅស្អាតទាន់សម័យ (ដែលងាយស្រួលក្នុងការលក់ចេញយកចំណេញវិញក្នុងពេលខាងមុខ) និងការរចនាខាងក្នុងដែលមានភាពទូលាយ មានការប្រើប្រាស់លំហបានល្អ ព្រមទាំងមានកម្ពស់ខ្ពស់ស្រឡះ។
៥. មើលគ្រឿងបរិក្ខារខាងក្នុងរបស់ផ្ទះ
ទោះបីជាកត្តាចម្បង ៗ ដូចជាប្លង់កម្មសិទ្ធ ទីតាំងភូមិសាស្ត្ររបស់ផ្ទះ ម៉ូដផ្ទះ ទំហំផ្ទះជះឥទ្ធិពលខ្លាំងក៏ដោយ ក៏អ្នកមិនត្រូវភ្លេចគិតលើគ្រឿងបរិក្ខារខាងក្នុងផ្ទះនោះទេ ព្រោះវាក៏ជះឥទ្ធិពលលើតម្លៃផ្ទះផងដែរ។ អ្នកគួរតែពិនិត្យមើលថាតើផ្ទះដែលអ្នកចង់ទិញមានឧបករណ៍ និងបរិក្ខាបំពាក់អ្វីខ្លះ? តើមានគុណភាពល្អដែរទេ? ជាពិសេសសម្រាប់ការទិញផ្ទះពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋានមួយនួនបំពាក់គ្រឿងប្រើប្រាស់គុណភាពអន់ ដែលធ្វើឱ្យអ្នកឈឺក្បាលផ្លាស់ប្តូរញឹកញាប់នៅពេលដែលអ្នករស់នៅ។
៦. ពិនិត្យមើលបរិស្ថាន និងបរិយាកាស
បរិយាកាសនៅជុំវិញផ្ទះ ឬតំំបន់ដែលអ្នករស់នៅគឺជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពរស់នៅរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែជ្រើសរើសតំបន់ណាដែលមានសោភ័ណ្ឌភាព ឬជាតំបន់ដែលសាកសមនឹងអ្នករស់នៅ។ បច្ចុប្បន្ន ការរស់នៅបែបមានសួនច្បារបៃតង និងផ្កាចម្រះព័ណ៌ស្រស់ស្អាត ឬជិតតំបន់មានសួនគឺជាជម្រើសដ៏ល្អសម្រាប់ការស់នៅ ហើយប្រាកដណាស់ ក៏ល្អសម្រាប់ការលក់បន្តយកចំណេញផងដែរ។ ព្រោះថា នៅពេលដែលមនុស្សមានជីវភាពកាន់តែប្រសើរ ពួកគេនឹងមានតម្រូវការរស់នៅកាន់តែសម្បូរបែបនិងស៊ីវីឡៃផងដែរ។
៧. មើលកិច្ចសន្យាទិញលក់
កិច្ចសន្យាគឺជាមូលដ្ឋានចំបងសម្រាប់ការពារអ្នកពីហានិភ័យនានា ដូចនេះអ្នកត្រូវពិនិត្យមើលថា កិច្ចសន្យានោះបានការពារហានិភ័យអ្នកដែរទេ? នៅក្នុងកិច្ចសន្យា រយៈពេលអនុវត្តការរំលោភលើកិច្ចសន្យា និងវិធីសាស្ត្រសំណងគួរតែត្រូវបានកំណត់យ៉ាងច្បាស់ដើម្បីការពារអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ឬអ្នកលក់ផ្ទះឱ្យអ្នក ពីការពន្យារពេលប្រគល់ផ្ទះដោយសារបញ្ហាផ្សេងៗនិងចៀសវាងជម្លោះនៅពេលការរំលោភកិច្ចសន្យា។ ប្រសិនបើអ្នកមានបទពិសោធន៍ ឬចំណេះដឹងផ្លូវច្បាប់ អ្នកគួរតែពឹងពាក់ មេធាវីឬ អ្នកដែលមានជំនញច្បាប់ទិញលក់អចលនទ្រព្យដើម្បីប្រឹក្សាចៀសវាងកំហុសផ្សេងៗដែលអាចកើតមានឡើង ដែលនាំឱ្យខាតបង់លុយរាប់ម៉ឺនដុល្លារ។
៨. មើលពីការគ្រប់គ្រងបុរី (ប្រសិនបើអ្នកទិញផ្ទះពីបុរី)
បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្សកាន់តែច្រើនឡើងនឹងជ្រើសរើសការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជាការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូចនេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខបុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំងទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះមិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?
៩. មើលពីច្បាប់សាងសង់ ឬលិខិតអនុញ្ញាតិសាងសង់
ប្រសិនបើអ្នកទិញផ្ទះពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន អ្នកគួរតែសុំមើលច្បាប់ពាក់ព័ន្ធនានាដើម្បីបញ្ជាក់ថាគម្រោងនេះពិតជាស្របច្បាប់ ដែលនឹងមិនប្រឈមនឹងការរឹបអូស ឬឈូសឆាយវិញនៅថ្ងៃអនាគត (ដែលបញ្ហានេះតែងតែកើតមានជាហូហែរ)។