spot_img
spot_img
Homeធុរកិច្ចគន្លឹះ​ទាំង​៤​ដើម្បី​បង្កើត​គម្រោង​ផ្នែក​ទីផ្សារ

គន្លឹះ​ទាំង​៤​ដើម្បី​បង្កើត​គម្រោង​ផ្នែក​ទីផ្សារ

-

​          ជាទូទៅ​​មុននឹង​សហគ្រិន​បើក​អាជីវកម្ម​ ពួកគាត់​តែងតែ​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់​។ ប៉ុន្តែ​ពួកគាត់​ភាគច្រើន​ភ្លេច​ថា​ផែនការ​​ទីផ្សារ​ក៏​សំខាន់​ផងដែរ​ដើម្បី​ជួយ​ពួកគាត់​រក្សា​អតិថិជន​និង​បង្កើន​ការលក់​របស់​ពួកគាត់​។ បន្ថែមពីនេះ​ផែនការ​ម៉ាឃីត​ធីង​គឺជា​យុទ្ធសាស្រ្ត​ដែល​រួម​បញ្ចូល​ទាំង​តម្លៃ​លេខ ភាពជាក់ស្តែង និង​វត្ថុ​បំណង​ច្បាស់លាស់​ហើយ​ជួយឲ្យ​អ្នក​មាន​យុទ្ធសាស្រ្ត​ច្បាស់លាស់​ក្នុងការ​សម្រេច​​ផែនការលក់​ដែល​អ្នកបា​ន​កំណត់​ផងដែរ។ ខាងក្រោម​នេះ​គឺជាជំហាន​សំខាន់​ៗ​ដែល​អ្នក​អាច​សាកល្បងបាន​៖

ជំហាន​ទី​១ ស្វែងយល់​ពី​ស្ថានភាព​នៃ​អាជីវកម្ម​របស់អ្នក

អ្វី​ដែល​សំខាន់​ជាងគេ​ក្នុង​ដំណាក់កាល​ដំបូង អ្នក​ត្រូវ​ស្គាល់​ឲ្យ​បានច្បាស់​ពី​សេវាកម្ម​ឬ​ផលិតផល​នៃ​អាជីវកម្ម​របស់អ្នក។ បន្ទាប់មក​អ្នក​អាច​បង្ហាញ​ពី​អត្ថប្រយោជន៍​អ្វីខ្លះ​ដែលអ្នក​បានផ្តល់​ឲ្យ​អតិថិជន​ដែល​មាន​តម្លៃ​ខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក។ ការ​កំណត់​គោលដៅ​អតិថិជន​ឲ្យបាន​ច្បាស់លាស់​គឺ​ពិតជា​សំខាន់​។ មិនថា​អាជីវកម្ម​របស់អ្ន​ក​ស្ថិត​ក្នុង​​វិស័យ​អ្វីនោះទេ ការលក់​ផលិតផល​ឬ​ការផ្តល់​សេវាកម្ម​ត្រូវការ​ការ​ស្វែងយល់​ឲ្យច្បាស់​ពី​ទីផ្សារ។ ដូចនេះ នៅក្នុង​ផែនការ​ម៉ាឃីតធីង​តម្រូវ​ឲ្យ​អ្នក​រៀបរាប់​យ៉ាងលម្អិត​ពី​ទីផ្សារ​របស់អ្នក​ហើយ​អ្នក​ក៏​ត្រូវយល់​ឲ្យ​ច្បាស់​ពី​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់​អ្នក​ផងដែរ​។

អ្នក​ក៏​ត្រូវយល់​ឲ្យ​ច្បាស់​ពី​ភាពខ្លាំង ភាពខ្សោយ ឱកាស និង​ការគម្រាម​កំហែង។ ភាពខ្លាំង​និង​ភាពខ្សោយ​គឺ​ជា​កត្តា​ខាងក្នុង​នៃ​អាជីវកម្ម​របស់អ្នក​។​ ចំណែក‌​ឯ​ឱកាស​និង​ការគម្រាម​កំហែង​វិញ​គឺជា​កត្តា​ខាងក្រៅ។​

  • ចំពោះ​ភាពខ្លាំង អ្នក​អាច​ពិចារណា​ទៅលើ​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួត​ប្រជែង​នៃ​ផលិតផល​ឬ​សេវាកម្ម​ដែលអ្នក​ផ្តល់ជូន​ឲ្យ​អតិថិជន។ ដូចនេះ​អ្នក​អាច​ប្រាប់​អតិថិជន​ពី​ភាពខុសប្លែក​នៃ​ផលិតផល​ ឬ​សេវាកម្ម​របស់អ្នក​និង​អត្ថ​ប្រយោជន៍​របស់វា​។​
  • ចំពោះ​​ភាពខ្សោយ​​វិញ​​ក្នុង​​អាជីវកម្ម អ្នក​​អាច​​គិត​ពី​​កង្វះខាត​​បុគ្គលិក​​ដែលមាន​​បទពិសោធន៍​។ ដូចនេះ​​អ្នក​​អាច​​ផ្តល់​​វគ្គ​​បំពាក់​បំប៉ន​សម្រាប់​បុគ្គលិក​ដើម្បី​​ពង្រឹង​​សមត្ថភាព​​របស់​​ពួកគាត់។
  • សម្រាប់​​ឱកាស​វិញ អ្នក​អាច​ពិចារណា​ទៅលើ​ការពង្រីក​ទីផ្សា​រសម្រាប់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក។
  • ប៉ុន្តែ​អ្នក​ក៏​ត្រូវ​គិតពី​បញ្ហា​គម្រាម​គំហែង​ពី​ដៃគូ​ប្រកួត​ប្រជែង​របស់អ្នក​ក្នុង​ការពង្រីក​ទីផ្សារ​របស់​អ្នក​ផងដែរ។ ដូចនេះ​អ្នក​ត្រូវ​រៀបចំ​ផែនការ​សម្រាប់​បញ្ហា​ទាំងនោះ​ដើម្បី​ទប់ទល់​នឹង​ពួកគេ​។

ជំហាន​ទី​២ អ្នក​ត្រូវ​រៀបរាប់​ពី​អតិថិជន​គោលដៅ

ជំហាន​បន្ទាប់ អ្នក​ត្រូវ​សរសេរ​ពី​អតិថិជន​គោលដៅ​របស់អ្នក​ដោយ​រៀបរាប់​ពី​អាយុ ភេទ សមាសភាព​ក្រុមគ្រួសារ ចំណូល ទីតាំង​ភូមិសាស្រ្ត​ និង​របៀប​របប​នៃ​ការ​រស់នៅ​របស់ពួកគាត់​ជាដើម ។ បន្ទាប់មក អ្នក​ក៏​ត្រូវ​សួរ​សំណួរ​ខ្លួន​ឯង​មួយ​ចំនួនផងដែរថា តើ​អតិថិជន​របស់អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​អភិរក្ស​ឬ​ប្រកប​ដោយ​ភាពច្នៃប្រឌិត? តើ​ពួកគាត់​មាន​ភាពជា​អ្នកដឹកនាំ​ឬ​ភាព​ជា​អ្នក​ដើរ​តាមគេ? តើ​ពួកគាត់​ជា​ប្រភេទ​មនុស្ស​ប្រពៃណី​ឬ​ទាន់សម័យ? ​សំណួរ​ចុងក្រោយ​ដែល​សំខាន់​ជាងគេ​គឺ​ពួកគាត់​ទិញ​ទំនិញ​របស់​អ្នក​ញឹកញាប់​ដល់​កម្រិត​ណា​និង​មាន​ចំនួន​ប៉ុន្មាន?             បើសិនជា​អាជីវកម្ម​របស់​អ្នក​បោះដុំ​វិញ អ្នក​ត្រូវ​កំណត់​អតិថិជន​គោលដៅ​របស់អ្នក​ដោយ​ពឹងផ្អែកលើ​ប្រភេទ​នៃ​អាជីវកម្ម​របស់​ពួកគាត់ តួនាទី ទំហំ​អាជីវកម្ម​​ និង​ទីតាំង​ភូមិសាស្រ្ត​នៃអាជីវកម្ម​របស់គាត់​ជាដើម។ អ្នក​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​អតិថិជន​គោលដៅ​របស់អ្នក​ព្រោះ​ព័ត៌មាន​ទាំងនេះ​ជា​អ្នក​នាំផ្លូវ​អ្នក​​ដើម្បី​រៀបចំ​ការផ្សព្វផ្សាយ​និង​រៀបចំ​គម្រោង​យុទ្ធសាស្រ្ត​បែបណា​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​គោលដៅ​បាន​។

ជំហាន​ទី​៣ កត់ត្រា​ពី​ចំណុច​គោលដៅ​នៃ​ផែនការ​ម៉ាឃីតធីង

តើ​អ្នក​ចង់​ឲ្យ​ផែនការ​ម៉ាឃីតធីង​របស់អ្នក​ជោគជ័យលើ​ចំណុច​អ្វី​ខ្លះ​?ឧទារហណ៍ អ្នក​សង្ឃឹម​ថា​ការលក់​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​នឹង​កើនឡើង​២០%​ក្នុង​ខែក្រោយ ដូចនេះ​អ្នក​ត្រូវ​កត់ត្រា​ពី​ចំណុច​គោលដៅ​តូចៗ​​ដើម្បី​​ជោគជ័យ​លើ​ផែនការ​ធំដែល​អ្នក​បាន​កំណត់។

ជំហាន​ទី​៤ បង្កើត​តិចនិច​ដើម្បី​ឈាន​ដល់គោលដៅ​របស់អ្នក

សម្រាប់​ចំណុច​នេះវិញ អ្នក​ត្រូវ​រក​តិចនិច​បែបណា​ដើម្បី​សម្រេច​​គោលដៅ​ដែល​អ្ន​កបាន​គ្រោងទុក​។​ ​អ្នក​ត្រូវ​សរសេរ​សង្ខេប​ពី​យុទ្ធសាស្រ្ត​ទីផ្សារ​របស់អ្នក។ បន្ទាប់មក​រួមបញ្ចូល​តិចនិចដែល​អ្នក​នឹង​យក​មកប្រើ​​ដើម្បី​សម្រេច​​គោលដៅ​លក់​របស់អ្នក។ ឧទារហណ៍ អ្នក​បាន​ដាក់​ផែនកា​រថា​ខែក្រោយ​ការលក់​របស់​អ្នក​នឹង​កើនឡើង ២០% ដូចនេះ​ដើម្បី​ឈាន​ដល់​គោលដៅ​នោះ អ្នក​ប្រាកដ​ជា​ត្រូវ​រក​តិចនិច​យ៉ាងណា​ដើម្បី​អាច​បង្កើន​ការលក់​របស់អ្នក។ ហេតុនេះ​អ្នក​អាច​ហ្វឹកហាត់​បុគ្គលិក​ផ្នែកលក់​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​គាត់​មិនទាន់​មាន​សមត្ថភាព​​ពេញ​លក្ខណៈ​គ្រប់គ្រាន់​។ លើសពីនេះ អ្នក​ក៏​អាច​ចាត់ចែង​ការងារ​ឲ្យ​បុគ្គលិក​ផ្នែកលក់​ស្វែង​រក​អតិថិជន​ឬ​តាម​ការ​បញ្ចុះ​តម្លៃ​ជាដើម។

bunneath Heng
bunneath Heng
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ