spot_img
spot_img
Homeធុរកិច្ចគម្រោងទីផ្សារដែលមានប្រសិទ្ធភាពបំផុតសម្រាប់ថវិកាកំណត់មួយ

គម្រោងទីផ្សារដែលមានប្រសិទ្ធភាពបំផុតសម្រាប់ថវិកាកំណត់មួយ

-

ជាទូទៅ​សម្រាប់​​អ្នក​ដែល​បើក​អាជីវកម្ម​ខ្នាតតូចភាគច្រើន​ពួកគេ​មានដើមទុនទាប។ ទោះបី​ជាយ៉ាង​ណា​ក៏​ពួកគេ​មិន​អាច​មិន​ត្រូវការ​កា​រធ្វើទីផ្សារ​​​ផ្សព្វផ្សាយ​ពី​ផលិតផល​ឬ​សេវាកម្ម​របស់គេ​នោះទេ។ ប៉ុន្តែ​គេ​ក៏​ត្រូវ​គិតគូរ​ដែរថា​តើការ​ចំណាយ​ប៉ុណ្ណា​ទៅលើ​ការធ្វើ​ទីផ្សារ​ទើប​មិន​ធ្វើឲ្យស្ថានភាព​​ហិរញ្ញ​វត្ថុ​នៃអាជីវកម្ម​របស់គាត់​មិន​រង្គោះ​រង្គើ​។ ទន្ទឹម​នឹង​នោះ​ម្ចាស់​អាជីវកម្ម​ថែមទាំង​ត្រូវ​​វិភាគ​ពី​ក្រុមអតិថិជន​ដែល​ជាគោល​ដៅ​ចម្បង​របស់គេ​ព្រោះ​បើ​អតិថិជន​ខុសគ្នា​នោះថ្លៃ​​ចំណាយ​ក៏​ដូចជា​ការ​រក​ច្រក​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​ផ្សព្វផ្សាយ​ក៏ខុសគ្នា​ដែរ។ ខាងក្រោម​នេះ​ជា​គម្រោង​នៃការ​ធ្វើទីផ្សារ​មួយចំនួន​ដែល​អាច​ធានា​ពី​លទ្ធផល​ល្អ​ត្រូវ​នឹង​ថវិកា​ស្តួចស្តើង​របស់អាជីវកម្ម​អ្នក​បាន​៖

#១ តាមបណ្តាញ​សង្គម

កាលពី​ក្នុង​អត្ថបទ​មុនៗក៏​បាន​លើកឡើង​ដែរថា​បណ្តាញ​សង្គម​គឺជា​ច្រក​ដែលមាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ជាពិសេស​គឺ Facebook និង​ Instagram។ បច្ចុប្បន្ន​មាន​យុវវ័យ​ភាគ​ច្រើន​ស្ទើរតែនៅ​​ទូទាំង​​​​ប្រទេស​ប្រហែល​៥លាននាក់ដែលមាន​គណនី​Facebookនិង​​ប្រហែលជាពាក់កណ្តាល​នោះ​ដែល​មាន​គណនី​Instagram។ មាន​អាជីវកម្ម​ជាច្រើន​ដែល​មាន​អតិថិជនគោលដៅ​ភាគ​ច្រើន​ជាយុវវ័យ​បាន​បង្កើត​ទំព័រ​ឬគណនី​របស់​ខ្លួន​ផងដែរ​នៅលើ​បណ្តាញ​​សង្គម​ព្រោះ​ថាគេ​គិតថា​វា​ផ្តល់​ភាព​ងាយស្រួល​​ទៅដល់​​អ្នក​ប្រើប្រាស់ ចំណាយតិច មិន​ប្រើពេលយូរ និងទាន់​សម័យកាល។ ជាពិសេស​អ្នក​អាច​ជ្រើសរើស​ចំនួន​និង​ទីតាំង​ជាក់លាក់​ដែល​អ្នក​ចង់​ឲ្យ​ផុស​របស់​អ្នក​Reachទៅដល់ដោយការ​Boostទៅលើ​ផុសនោះ​។ កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​គឺ​អ្នក​ចង់​​ផ្សព្វផ្សាយ​ឬឈប់​ពេលណា​ក៏បាន​។

#២ លក្ខណៈ​ប្រពៃណី

ការ​ធ្វើទីផ្សារ​តាម​បែប​ប្រពៃណី​មាន​ដូចជា​តាម​វិទ្យុ ទូរទស្សន៍ កាសែត ទស្សនា​វដ្តី ចែកខិត្តប័ណ្ណ​ជាដើម​។ ​ចំពោះ​វិធីទាំងនេះ​គឺ​ត្រូវការ​ចំណាយ​ច្រើន​ជាង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។ ប៉ុន្តែ​ដូចដែលបាន​និយាយ​ខាងលើ​អញ្ចឹង​វា​អាស្រ័យ​លើ​អតិថិជន​គោល​ដៅរបស់អ្នក​ដែរថាតើ​ពួកគេ​ស្ថិត​នៅក្នុង​ក្រុម​ប្រភេទ​ណា​ទើប​អ្នក​អាច​បែងចែក​ពី​ការ​ធ្វើទីផ្សារ​ទៅកាន់ពួកគេ។ ឧទាហរណ៍​ថា​អាជីវកម្ម​របស់​អ្នក​គឺលក់​ថ្នាំ​សម្លាប់​សត្វល្អិត​នោះ​​អតិថិជន​គោល​ដៅ​របស់​អ្នកគឺ​ជា​បងប្អូន​ប្រជា​កសិករ​នៅឯជនបទដែលអ៊ីនធឺណិត​គឺពិបាក​ចូលទៅដល់​ ហេតុនេះ​ការ​ប្រើប្រាស់​​វិធី​ទី១គឺមិន​សូវមាន​ប្រសិទ្ធភាព​ទេ។ អ្នក​អាច​ជ្រើសយក​ការ​ធ្វើទីផ្សារ​តាម​រយៈ​វិទ្យុ​ដែល​មាន​ប្រសិទ្ធភាព​ល្អចំពោះ​ក្រុមប្រភេទនេះ។

#៣ តពីមាត់មួយ​ទៅមាត់មួយ

        អ្នកប្រហែល​ជាមិនជឿនោះទេ​ ប្រសិន​បើ​ខ្ញុំប្រាប់​ថា​ការធ្វើទីផ្សារបែបនេះ​គឺមាន​ប្រសិទ្ធភាព​ជាងគេប៉ុន្តែ​វា​គឺជា​ការពិត។ វាអាស្រ័យ​ទៅលើ​អាជីវកម្ម​របស់អ្នក។ ប្រសិនបើ​អ្នក​បានផ្តល់ផលិតផល​ឬសេវាកម្ម​ដែលមាន​គុណភាព​ទៅឲ្យអតិថិជន វាប្រៀប​ដូចជា​អ្នក​ពឹងគេ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​អញ្ចឹង។ វាមាន​ន័យ​ថា​នៅពេល​ដែល​អតិថិជន​ត្រូវ​ចិត្ត​ហើយ គេ​នឹង​ណែនាំ​ប្រាប់​ដល់​មិត្តភក្តិ គ្រួសារ​ សាច់ញាតិ​ និង​មិត្ត​រួមការងារ​ជាដើម។ ដោយហេតុ​ថាមនុស្ស​យើង​ជឿលើ​ពាក្យ​សម្តី​មនុស្ស​ដែល​ស្និទ្ធស្នាល​ជាមួយ​យើងជាជាង​ជឿលើ​ផលិតផល​នោះ​ខ្លួន​ឯង​ទើប​បាន​ជា​ខ្ញុំនិយាយ​ថាការធ្វើ​​ទីផ្សារ​បែបនេះ​គឺមាន​ប្រសិទ្ធភាព​ជាងគេ។

#៤ រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន

ការធ្វើទីផ្សារ​មិនមែន​ធ្វើតែម្តង​ហើយ​នោះទេ​ វាប្រៀបដូចជា​វដ្ត​រដូវ​ដែល​វិលចុះវិលឡើង​មាន​ន័យថា​អ្នក​ត្រូវ​ធ្វើម្តងហើយ​ម្តងទៀត។ ការធ្វើទីផ្សារ​បែប​នេះ​គឺមិន​ចំណាយ​អស់​ច្រើន​នោះទេ​តែ​ទទួលបាន​ផល​មកវិញ​ច្រើន។ អ្នក​អាច​ខលទូរស័ព្ទ ផ្ញើ​សារ អ៊ីមែល ឬឆាត​ទៅអតិថិជន​​នៅកំឡុងពេល​និង​បន្ទាប់ពី​គេ​ប្រើប្រាស់​ផលិតផល​ឬសេវាកម្ម​​របស់​យើង​។ ថ្វី​ត្បិត​តែ​វិធីនេះ​មើល​ទៅមាន​ភាព​សាមញ្ញ​ប៉ុន្តែ​វា​ធ្វើឲ្យ​អតិថិជន​ចាស់​នៅតែ​បន្ត​ទិញ​និង​​​ប្រើប្រាស់​ផលិតផល​របស់អ្នក​តទៅទៀត។ វាជាការ​សបញ្ជាក់ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​​ទុកដាក់​របស់អ្នក​ចំពោះ​អតិថិជន​។

 

 

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ