“ ខ្មែរជួយខ្មែរ ស្មារតីស្រឡាញ់ជាតិ” គឺជាឃ្លាប្រយោគដែលបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប ។ យ៉ាងណាមិញដោយសារតែឃ្លាប្រយោគមួយនេះហើយដែលជាកត្តាជម្រុញចិត្តឲ្យសិល្បៈករវ័យក្មេងម្នាក់គឺលោកសាយដែលបានលះបង់ពេលវេលា ថវិកា កម្លាំងកាយនិងកម្លាំងចិត្តនៅក្នុងការផ្តួចផ្តើមធ្វើនូវកម្មវិធីសម្បុរសធម៌ #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #SaiRunCharityKH ក្នុងរយៈពេល ៩៩ ថ្ងៃដើម្បីប្រមែប្រមូលថវិកាមូលនិធិក្នុងការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែត្រូវការជំនួយក្នុងការជួយសង្គ្រោះជិវិតកុមារកម្ពុជាជាច្រើននាក់ ។ ចាប់តាំងពីថ្ងៃទី ៦ ខែ តុលា មករហូតមកដល់ពេលនេះរូបលោកនិងក្រុមការងារក៏ដូចជាអ្នកស្ម័គ្រចិត្តមួយចំនួនធំបាននូវកំពុងតែបន្តដំណើរដ៏វែងឆ្ងាយរបស់ពួកគេនៅក្នុងកម្មវិធីមួយនេះ ។
គួរបញ្ជាក់ផងដែរថាគិតចាប់តាំងពីថ្ងៃទី ៦ ខែ តុលា រហូតមកដល់ថ្ងៃអង្គារ ដែលត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ២០២០មូលនិធិនៃថវិកាដែលបានបរិច្ចាគគឺទទួលបានត្រឹមតែ ២០ % នៃថវិកាសរុប(២៥មុឺនដុល្លារ)ដែលបានគ្រោងទុកតែប៉ុណ្ណោះដែលអាចចាត់ទុកថាជាចំនួនមួយដ៏តិច ។ ដូច្នេះហើយនា ថ្ងៃ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោកសាយក៏បានបង្ហោះសារមួយនៅលើគណនីរបស់
លោកដែលខ្លឹមសារដូចខាងក្រោម:
ជាលទ្ធផលត្រឹមតែរយៈពេល ២៤ ម៉ោងតែប៉ុណ្ណោះ ទឹកប្រាក់បរិច្ចាគស្រាប់តែមានការកើនឡើងយ៉ាងឆាប់រហ័សដោយនឹកស្មានមិនដល់គឺរហូតទៅដល់ ៧៥១ លានរៀលដែលស្មើនឹងចំនួនទឹកប្រាក់ចំនួន ១៨៣ ០០០ ដុល្លារ ។ ដែលចំនួនដ៏សន្ធឹកសន្ធាប់នេះទទួលបានមកពីការបរិច្ចាគរបស់ប្រជាជនខ្មែរតាមរយៈការលេងហ្គេម #onedollarchallengeforcambodianchildren #១ដុល្លារសម្រាប់កុមារកម្ពុជា ដែលនៅលើ បណ្តាញសង្គម Facebookនេះឯង ។
ជាក់ស្តែងដោយសារទឹកចិត្តនិងស្មារតីលះបង់ដើម្បីកុមារកម្ពុជាមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចាប់អារម្មណ៍នឹងការលេងហ្គេមមួយនេះហើយបានធ្វើការបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនរបស់ពួកគេចូលក្នុងមូលនិធិមួយនេះក៏ដូចជាចែករំលែកទៅកាន់មិត្តភកត្តិដទៃទៀតនៅក្នុង បណ្តាញសង្គមFacebook ថែមផងដែរ ។
និយាយនៅក្នុងបរិបទនៃការធ្វើទីផ្សារមូលហេតុដែលធ្វើឲ្យយុទ្ធនាការនេះទទួលបាននូវភាពជោគជ័យគឺ
១.ការជ្រើសរើសនូវច្រកផ្សព្វផ្សាយឲ្យបានត្រឹមត្រូវគឺជារឿងដែលសំខាន់
ដូចដែលអ្នកបានដឹងស្រាប់ហើយថាបណ្តាញសង្គមពិតជាមានឥទ្ធិពលខ្លាំងណាស់ទៅលើឥរិយាបថនិងផ្នត់គំនិតរបស់មនុស្ស ។ ម្យ៉ាងវិញទៀតវាគឺជាច្រកផ្សព្វផ្សាយមួយដ៏មានសក្តានុពលដែលអាចបញ្ជូននូវព័ត៌មាននានាបានយ៉ាងរហ័សនិងទូលំទូលាយថែមទៀតផង។ ក៏ដោយសារតែ Facebook នេះដែរទើបយុទ្ធនាការខាងលើនេះទទួលបានជោគជ័យដែលព័ត៌មានត្រូវបានចែកចាយតៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលត្រឹមតែរយៈពេល ១ ថ្ងៃសោះអ្នកប្រើប្រាស់ Facebook រហូតដាល់រាប់ពាន់ រាប់សែននាក់បានដឹងហើយចូលរួមបរិច្ចាគដែរ ។ នេះសបញ្ជាក់ឲ្យឃើញថាបណ្តាញសង្គមមិនមែនត្រឹមតែវេទិកាសម្រាប់តែភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ផ្ទុយទៅវិញវានឹងក្លាយទៅជាឧបករណ៍ដ៏មានប្រយោជន៍បំផុតប្រសិនបើអ្នកមានភាពឆ្លាតវៃនៅក្នុងការប្រើប្រាស់វាឲ្យបានចំគោលដៅ ។
២. កត្តាចិត្តសាស្រ្តនិងអារម្មណ៍( Psychology and Emotion)
កត្តាអារម្មណ៍ ( Emotional ) :
នៅអំឡុងពេលដែលក្មេងៗជាច្រើនកំពុងតែលំបាកហើយត្រូវការចំនួយប្រាកដណាស់មនុស្សជាច្រើននឹងមានអារម្មណ៍ថាអាណិតហើយក៏ចង់ចូលរួមចំណែកក្នុងការជួយផងដែរ ទើបពួកគេធ្វើការបរិច្ចាគទោះបីត្រឹមតែ ១ ដុល្លារ ឬច្រើនជាងនេះក្តីវាគឺជាទឹកចិត្តដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាយ៉ាងហោចណាស់ពួកគេក៏បានធ្វើសកម្មភាពល្អតូចមួយសម្រាប់សង្គមដែរ ។
កត្តាចិត្តសាស្ត្រ ( Publicity ):
ជាក់ស្តែងនៅពេលដែលយើងមើលឃើញថា មនុស្សដែលអ្នកស្គាល់ ធ្វើការ បង្ហោះនូវរូបភាពដែលពួកគេគ្រប់គ្នាបរិច្ចាគយើងក៏មានអារម្មណ៍ថាអ្នកក៏គួរតែបរិច្ចាគដែរពីព្រោះគ្រប់គ្នាបានធ្វើរួចហើយ ។ ជារួមមនុស្សភាគច្រើនអាចនឹងមានទំនោរទៅលើរឿងអ្វីមួយប្រសិនបើពួកគេឃើញមនុស្សជុំវិញខ្លួនធ្វើសកម្មភាពនោះដែរ ។
៣. ភាពច្នៃប្រឌិតនិងបម្លាស់ប្តូរ
ជាក់ស្តែងដូចជាកម្មវិធីខាងលើដែលដំបូងលោកសាយនិងក្រុមការងាររបស់លោកគ្រាន់តែថតវីដេអូនិងរូបភាពរួចបង្ហោះនៅលើ Facebookតែប៉ុណ្ណោះដែលហាក់ដូចជាពុំសូវទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនោះទេ ។ ប៉ុន្តែដោយសារតែការផ្លាស់ប្តូរបន្តិចបន្តួចដោយមានភាពច្នៃប្រឌិតបង្កើតជា យុទ្ធនាការ #១ដុល្លារសម្រាប់កុមារកម្ពុជា #onedollarchallengeforcambodianchildren ដោយលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ធ្វើការបរិច្ចាគថវិការបស់ខ្លួនត្រឹមតែ ១ដុល្លារ តែប៉ុណ្ណោះដើម្បីជួយដល់ក្មេងៗដែលកំពុងតែត្រូវការជំនួយ ។