ចំណេះដឹងនៃការធ្វើអាជីវកម្ម ជាផ្នែកមួយដែលសំខាន់សម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម និងចង់ធ្វើឱ្យអាជីវកម្មផ្ទាល់ខ្លួនមានភាពរីកចម្រើនកាន់តែខ្លាំង។ លើសពីនេះ នាពេលបច្ចុប្បន្ននេះក៏មានការចែករំលែកចំណេះដឹងជាច្រើន ប៉ុន្តែអ្នកអាចមិនដឹងថាមិនដឹងតាមដានឆានែល YouTube ណាខ្លះដើម្បីជួយផ្ដល់ជាចំណេះដឹងនៃការធ្វើអាជីវកម្មដល់អ្នកឱ្យកាន់តែប្រសើរបាន។
ហេតុដូចនេះហើយ ក្រុមការងារគំនិតណែនាំឆានែលចំនួន 6 សម្រាប់អ្នកក្នុងការទទួលបានចំណេះដឹងនៃការធ្វើអាជីវកម្មបន្ថែម។
1. INC.
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងដំណើរការនៃការចាប់ផ្តើមអាជីវកម្ម ឬកំពុងគិតអំពីវា ដូច្នេះឆានែល YouTube របស់ Inc. គឺជួយជំរុញ ផ្ដល់ជាគំនិត និងមានការលើកទឹកចិត្តជាច្រើន។ នៅក្នុងនោះមាន វីដេអូខ្លីៗ ព្រមទាំងក៏មានសមាជិកក្រុមShark Tank លោកMark Cuban, Robert Herjavec និង Lori Greiner ដែលនឹងចែករំលែកនូវចំណេះដឹងរបស់ពួកគេអំពីភាពជោគជ័យ និងបរាជ័យនៃការធ្វើអាជីវកម្ម។
លើសពីនេះ ឆានែល YouTube របស់ Inc. នឹងផ្តល់ដំបូន្មាន ឧបករណ៍ និងសេវាកម្ម ដើម្បីជួយម្ចាស់អាជីវកម្ម និងនាយកប្រតិបត្តិ ធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែជោគជ័យ ព្រមទាំងចែករំលែកនូវព័ត៌មាន និងដំបូន្មានដែលផ្ដោតលើកិច្ចការអាជីវកម្ម ការគ្រប់គ្រង ទីផ្សារ ការលក់ ការស្វែងរកដើមទុន ការគ្រប់គ្រងមនុស្ស និងជាច្រើនទៀត។
2. Forbes
ទស្សនាវដ្ដី Forbes នឹងបង្ហោះវីដេអូខ្លីៗជាច្រើននៅលើឆានែល YouTube របស់ខ្លួន ដោយក្នុងនោះជាកិច្ចសម្ភាសន៍ជាមួយសហគ្រិនជោគជ័យ និងចែករំលែកដោយផ្ដោតសំខាន់លើអាជីវកម្ម ភាពជាសហគ្រិន ទ្រព្យសម្បត្តិ ការវិនិយោគ និងភាពជាអ្នកដឹកនាំ។
3. Shopify
ឆានែល YouTube របស់ Shopify គឺល្អបំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្តើមអាជីវកម្មលើវិស័យ e-commerce។ នៅក្នុងនោះក៏វីដេអូជាច្រើនដែលពន្យល់អំពីរបៀបលក់អនឡាញ ចំណេះដឹងនៃការមានគំនិតអាជីវកម្ម និងផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា Shopify ជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលផ្តល់ភាពងាយស្រួលក្នុងការចាប់ផ្តើមអាជីវកម្ម មិនថានៅលើអ៊ីនធឺណិត ឬដោយផ្ទាល់ឡើយ វេទិកានេះតែងតែផ្ដល់នូវភាពជឿជាក់ ជាពិសេសវាត្រូវបានជឿទុកចិត្តដោយអាជីវកម្មជាង 1,000,000 នៅទូទាំងពិភពលោក រួមទាំង Kylie Cosmetics, Gymshark, Allbirds និងជាច្រើនទៀត។
4. Harvard Business Review
ឆានែល YouTube របស់ Harvard Business Review ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ Harvard ភាគច្រើនផ្សព្វផ្សាយវីដេអូផ្តោតលើឧបករណ៍អាជីវកម្ម ធនធាន និងការយល់ដឹងលើភាពជាក់ស្តែង ដើម្បីជួយដល់សហគ្រិនបច្ចុប្បន្ន និងសហគ្រិនថ្មីៗបន្ថែម។ លើសពីនេះ ក៏ផ្តល់ជូននូវវីដេអូអ្នកជំនាញអំពីការគ្រប់គ្រងទូទៅ និងប្រធានបទផ្សេងទៀត ដូចជាផែនការអាជីព យុទ្ធសាស្ត្រ និងតុល្យភាពជីវិតការងារ។
5. This Week in Startups
នៅក្នុងឆានែល YouTube នេះ លោក Jason Calacanis និងអ្នកស្រីMolly Wood នឹងផ្ដល់ការចែករំលែកដោយផ្ដោតលើការចាប់ផ្តើមអាជីវកម្ម បច្ចេកវិទ្យា ទីផ្សារ ប្រព័ន្ធផ្សព្វផ្សាយ គ្រីបតូ និងប្រធានបទក្តៅបំផុតទាំងអស់ពាក់ព័ន្ធនឹងអាជីវកម្ម និងបច្ចេកវិទ្យា។ លើសពីនេះ ពួកគេក៏ធ្វើកិច្ចសម្ភាសន៍ជាមួយស្ថាបនិក ប្រតិបត្តិករ វិនិយោគិន និងអ្នកច្នៃប្រឌិតដ៏អស្ចារ្យបំផុតរបស់ពិភពលោកផងដែរ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Molly គឺជាអ្នករាយការណ៍ព័ត៌មានអាជីវកម្ម និងបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យបោះពុម្ព វិទ្យុ និងទូរទស្សន៍អស់រយៈពេលជាង 20 ឆ្នាំ ហើយជាអ្នកត្រួសត្រាយផតឃែស្ថ មុនពេលក្លាយជាអ្នកវិនិយោគបច្ចេកវិទ្យាអាកាសធាតុ។ ចំណែកឯ លោក Jason បានវិនិយោគជាង 100 លានដុល្លារក្នុងការចាប់ផ្តើមអាជីវកម្ម 300+ រួមមាន Uber, Calm, Robinhood, Wealthfront និងផ្សេងទៀត។
6. Behind the Brand
ឆានែល YouTube របស់ Behind the Brand នឹងបង្ហាញអំពីអ្នកច្នៃប្រឌិត សហគ្រិន និងរឿងរ៉ាវនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ពួកគេ។ ឆានែលនេះក៏ធ្វើកិច្ចសម្ភាសន៍ជាមួយបុគ្គលដែលបង្កើតអាជីវកម្មធំៗ ម៉ាកយីហោល្បីៗ តារាល្បី សិល្បករ និងច្រើនទៀត។