spot_img
spot_img
Homeបច្ចេកវិទ្យាឆ្នាំ២០១២ជាថ្ងៃអវសាននៃភពផែនដី?

ឆ្នាំ២០១២ជាថ្ងៃអវសាននៃភពផែនដី?

-

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់បានឮ​ពាក្យ​ចចាម​អារាម​ជាច្រើន​ទាក់​ទង​នឹង​ឆ្នាំ​២០១២​ ដែល​ពួក​គេ​បាន​ទស្សទាយ​ថា នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​២០១២​ ខាងមុខ​នេះ គឺជា​ថ្ងៃបញ្ចប់​ជីវិត​នៅលើ​ផែនដី​យើង​នេះ។ ការ​ទស្សទាយ​នេះ គឺផ្អែក​ទៅ​លើ​ប្រតិ​ទិន​របស់​ជនជាតិម៉ាយ៉ា (Maya)ដែលជា​ប្រតិទិនប្រតិទិនមួយ​ដែល​គេ​ជឿថា​ជា​ប្រតិទិន​ដ៏វិសេស អាច​ទស្សទាយ​ពីវដ្ត​ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី​ បាន​យ៉ាង​ត្រឹមត្រូវតាំង​ពីដើម​មក។ ប្រតិទិន​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​ ២១ ខែ​ធ្នូ ឆ្នាំ​២០១២ ដែល​ជាហេតុធ្វើ​ឲ្យ​មាន​ការទស្សទាយ​ថា​ ផែនដី​យើង​នេះ​នឹង​ត្រូវ​ផ្ទុះ។ ខណៈពេលដែល​មាន​ការ​ទស្សទាយ​ដូចនេះ មានអ្នក​វិទ្យាសាស្ត្រ​ខ្លះ​បាន​លើកឡើង​ថានៅ​ឆ្នាំ​២០១២​ភព​ផែនដី​នឹង​ដើរ​ស្រប​នឹង​ព្រះអាទិត្យ ហើយបច្ចុប្បន្ន​នេះ ​ព្រះអាទិត្យ​កំពុង​តែ​ស្ថិត​ក្នុង​សភាព​អស្ថេរភាព ហើយ​វានឹង​ឡើង​ដល់​កម្រិត​កំពូល​នៅ​ឆ្នាំ​២០១២ ដែល​នាំ​ឲ្យ​បង្កើត​បានជា​ព្យុះ​ព្រះ​អាទិត្យ​ហើយ​នឹង​ធ្វើការ​វាយ​ប្រហារទៅលើ​ភព​ផែនដី​។ កម្លាំង​ព្យុះ​នេះ គឺមាន​ថាមពល​ស្មើ​នឹង​អាវុធ​ប៉ារាម៉ាណូ​ប្រមាណ​១០លានគ្រាប់ដែល​បង្កើត​បាន​ជាវិនាសកម្ម​យ៉ាង​ធំធេង ដូចជា​ការរញ្ជួយដី​ដ៏មហិមា រលក​យក្ស​ស៊ូណាមិជាដើម។

មាន​ទ្រឹស្តី​ខ្លះ​ទៀត​បាន​លើកឡើង​ថា បច្ចុប្បន្ននេះ ភពផែនដី​បាន​នឹង​កំពុងធ្វើ​ការ​ផ្លាស់ប្តូរ​ប៉ូល(ពីជើង​ប្រែ​ទៅ​ត្បូង នឹង​ផ្ទុយ​មកវិញ) ដែល​បណ្តាល​ឲ្យ​ដែន​ម៉ាញេទិច ដែលជា​ភ្នាក់ងារ​ទប់កាំរស្មី​យូវី របស់​ព្រះអាទិត្យកុំឲ្យ​ចូល​មកភពផែនដីយើងនេះ កំពុង​តែស្ថិត​ក្នុង​កម្រិត​មួយ​យ៉ាង​ទាប​ដែល​នឹក​ស្មាន​មិនដល់។ ដោយសារ​តែ​ភាព​កម្សោយ​នៃ​ដែន​ម៉ាញេទិចរបស់​ផែនដី​ នឹង​ធ្វើ​ឲ្យ​កាំរស្មីUV​របស់ព្រះអាទិត្យ​មាន​លទ្ធភាព​ចូល​មក​ផែនដី​ ហើយធ្វើការ​បំផ្លាញ​ស្រទាប់អូហ្សូន ដែលជា​ហេតុនាំ​ឲ្យ​ការធ្វើ​រស្មី​សំយោគ​ (ការផលិតអាហាដោយខ្លួនឯង)​ របស់​រុក្ខជាតិ​មាន​ការបាត់​បង់។ នៅពេលដែល​រុក្ខជាតិ​ងាប់​អស់ សត្វ​នា​នា​នឹង​គ្មាន​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់ ដែលបន្តិច​ម្តងៗ​នឹងធ្វើឲ្យប្រព័ន្ធ​អេកូឡូស៊ី​ត្រូវបាន​បំផ្លាញទាំង​ស្រុង ហើយ​ធ្វើឲ្យជីវិត​នៅលើ​ផែនដី​ទាំង​មូល​នឹងត្រូវ​បាត់បង់។

រីឯ​ទ្រឹស្តី​មួយ​ផ្សេងទៀត​បាន​លើក​ឡើង​ថា ស្តេច​ភ្នំភ្លើង​ដែលស្ថិត​នៅ Yellwostone សហរដ្ឋ​អាមេរិក​កំពុង​តែមាន​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា ដែល​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​សន្មត​ថា​ វា​នឹង​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ សូម​រំលឹក​ផង​ដែរ​ថា ស្តេច​ភ្នំភ្លើង​នេះ​ តែង​តែ​ផ្ទុះ​ឡើង​៦៥​ម៉ឺន​ឆ្នាំ​ម្តង ដែលរាល់​ការ​ផ្ទុះ​ម្តង​ៗនឹង​ធ្វើ​ឲ្យ​សាយ​ភាយ​កំអែល​ និងផ្សែង​ពាសពេញ​ពិភពលោក​ ហើយ​អាច​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ជា​ភព​ទឹក​កក​រយៈពេល១៥០០០​ឆ្នាំ។ រីឯអ្នកខ្លះទៀត​បាន​និយាយ​ថា ព្យុះ​ព្រះអាទិត្យ​ដែល​គេ​សន្មត​ថា​នឹង​បក់​មក​ផែនដី​នៅ​ឆ្នាំ​២០១២​នោះ នឹងធ្វើឲ្យ​ស្តេចភ្នំភ្លើង​នៅYellowstoneនេះផ្ទុះ​ឡើង។

ក្រៅពីនោះ​ក៏មាន​មតិ​ខ្លះ​លើក​ឡើង​ទៀត​ថា នៅឆ្នាំ​២០១២ នឹង​មាន​ភពX (Planet X) នឹងធ្វើ​ដំណើរ​ទៅជិត​ព្រះអាទិត្យ។ ខណៈពេល​ដែល​កំពុង​តែ​ចរ​ខិត​ទៅ​ជិត​ព្រះ​អាទិត្យ​នោះ ភាព​អស្ថេរភាពរបស់ព្រះអាទិត្យ​ដែល​បង្កើត​បានជា​ព្យុះ​ព្រះអាទិត្យដែល​មាន​កម្លាំង​ដ៏មហិមា ​ បាន​បក់​ទៅ​ប៉ះ​នឹង​ភពX ឲ្យ​បង្វែរ​ទិសដៅ​សំដៅ​មក​ភព​ផែនដី​យើងនេះ។ ភព​Xនោះ​នឹង​បុក​ជាមួយ​ផែនដី​ដែលធ្វើ​ឲ្យ​មាន​បន្ទុះ​ភ្នំភ្លើង រញ្ចួយដី រលក​យក្ស​ស៊ូណាមិ ហើយ​ជីវិត​នៅ​លើ​ផែនដី​ទាំង​មូល​នឹងត្រូវបាត់​បង់។

ពាក្យ​ចចាមអារាម​ដែល​បា​រៀប​រាប់​ខាង​លើ​នេះ​ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ធ្វើ​ការ​បដិសេធ​ថា​វា​មិន​អាច​កើតទៅរួច​នោះទេ។ បណ្ឌិ​ត Holly G.lbert ជំនាញ​ផ្នែក Solar Physicist នៃ​អង្គការ​អាវកាស​ណាសាបានលើក​ឡើង​ថា នៅឆ្នាំ​២០០៣ ភពផែនដី​ក៏​ធ្លាប់​ទទួលកា​រវាយ​ប្រហារ​ពីព្យុះ​ព្រះ​អាទិត្យ​ដ៏មហិមា​ដែល​មិន​ធ្លាប់​មានពីមុន​មក​ផងដែរ ប៉ុន្តែ​មិន​មាន​អ្វី​កើត​ឡើង​ដូចដែល​មនុស្ស​មួយចំនួន​លើកឡើង​នោះ​ទេ គឺភពផែនដី ស្ថិត​នៅ​ល្អស្អាត​ដដែល។ សម្រាប់​ភព​Xដែល​គេ​បាន​លើកឡើង​ថា​នឹង​បុក​ផែនដី​នៅឆ្នាំ​២០១២​នោះ គឺវាមិនអាច​ទៅរួចនោះឡើយបើយោង​តាម​ការ​ចុះផ្សាយ​របស់អង្គការ​ណាសា។ ជាក់ស្តែង ភពX ដែល​ត្រូវបានគេលើកឡើង​នោះ គឺគ្មាន​វត្តមាន​នៅក្នុង​ចក្រវាឡយើង​នោះទេ ហើយ​ប្រសិន​បើ​វា​មាន​មែន នោះ​យើង​នឹង​ឃើញ​ជាក់​ជា​មិនខាន។ សម្រាប់​ប្រជា​ជន​ដើមម៉ាយ៉ា​ដែលជា​ម្ចាស់​ប្រតិទិនវិញ ពួកគេ​មិន​បារម្មណ៍​អំពី​ឆ្នាំ​២០១២​នោះទេ ហើយពួកគេ​ក៏មិនបានធ្វើការ​ទស្សទាយ​ថា​នឹង​មានរឿង​អ្វី​កើត​ឡើង​ចំពោះ​ភពផែនដី និងមនុស្សលោក​យើងដែរ។ សម្រាប់ពួកគេ ថ្ងៃទី២១ ខែ​ធ្នូរ ឆ្នាំ២០១២​ខាងមុខនេះ គឺជា​ការបើកទំព័រសករាជ​ថ្មី​ មិនមែនជាថ្ងៃ​បញ្ចប់នោះ​ឡើយ។ មាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​យល់​ស្របគ្នាថា គ្មាន​អ្វីពិសេស​សម្រាប់​ឆ្នាំ​២០១២​នោះទេ ព្រោះថា រហូត​មកដល់ពេលនេះ គ្មាន​បច្ចេកវិទ្យា​ណា​ដែល​អាចទាយ​ដឹង​អំពី​ថ្ងៃណា​ដែលជាថ្ងៃ​អវសាន​របស់ផែនដី​បាននៅឡើយ​ទេ។ ផែនដី​អាចផ្ទុះ​បានគ្រប់ពេលវាលា ប្រហែលជាថ្ងៃស្អែក ខែក្រោយ ឆ្នាំក្រោយ ឬក៏សតវត្ស​ក្រោយ គឺគ្មាន​នរណាដឹង​ពិត​ប្រាកដឡើយ។

 

ឯកសារយោង៖

-ភាពយន្តឯកសាររបស់BBC 2012 Apocypse

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ