spot_img
spot_img
Homeធុរកិច្ចជាអ្នកដំបូង ឬជាអ្នក​ដែលល្អជាង

ជាអ្នកដំបូង ឬជាអ្នក​ដែលល្អជាង

-

ប្រសិនបើអ្នកនិយាយពីហាងកាហ្វេសម័យទំនើបដែលល្បីនៅក្នុងទីក្រុងភ្នំពេញ តើអ្នកនឹកឃើញពីហាងកាហ្វេមួយណា? ប្រសិនបើអ្នកនិយាយពីបណ្តាញសង្គមវិញ តើអ្នកនឹងនឹកឃើញពីអ្វីមុនគេ? ប្រសិនបើអ្នកចង់ស្វែងរកព័ត៌មាន ឬឯកសារពីប្រព័ន្ធអ៊ីនធឺណិត តើអ្នកនឹងទៅទំព័រមួយណាមុនគេ? ចម្លើយភាគច្រើនសម្រាប់ហាងកាហ្វេ គឺប្រាកដជាហាងកាហ្វេBrown រីឯបណ្តាញសង្គម និងទំព័រស្វែងរកព័ត៌មានគឺប្រាកដជា Facebook និង Googleហើយសម្រាប់មនុស្សភាគច្រើន។

ម៉ាកសញ្ញាខាងលើ គឺសុទ្ធតែជាអ្នកដែលឈានមុខគេនៅក្នុងទីផ្សារ ដែលយុវវ័យ និងមនុស្សជាច្រើនបានស្គាល់ ហើយនិងបានប្រើប្រាស់ឬជាវសេវាពីម៉ាកសញ្ញាខាងលើ។ ហាងកាហ្វេBrown គឺអាចនិយាយបានថាគឺជាហាងកាហ្វេសម័យទំនើបដំបូងគេបង្អស់ដែលបានបញ្ច្រៀបចូលទីផ្សារនៅក្នុងក្រុងភ្នំពេញ ដែលកាលពីបើកដំបូងឡើយ សឹងតែគ្មានអ្នកជឿថា អាជីវកម្មបែបនេះគឺបានទទួលបានភាពជោគជ័យយ៉ាងសម្បើមនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាយើង ដោយសារតែតម្លៃគឺមានភាពខុសគ្នាឆ្ងាយខ្លាំងពេកពីហាងកាហ្វេធម្មតា។ ចំណែកឯFacebook និង Google ថ្វីត្បិតតែមិនមែនជាអ្នកឈានចូលទីផ្សារមុនគេ ប៉ុន្តែបានទទួលការគាំទ្រ និងទាញយកប្រជាប្រិយភាពពីបណ្តាអ្នកប្រើប្រាស់ មិនថាតែនៅក្នុងប្រទេសកម្ពុជាយើងទេ គឺទូទាំងពិភពលោកផងដែរ។

[box fontsize=”22″]ដើម្បីក្លាយខ្លួនជាអ្នកឈានមុខគេនៅក្នុងទីផ្សារ អាជីវកម្មមួយត្រូវតែជាអាជីវកម្មដំបូងគេ និងគួរឱ្យចាប់អារម្មណ៍ ឬជាអ្នកដែលល្អជាង![/box]

ការឈានជើងចូលទៅក្នុងទីផ្សារមុនគេគឺមានគុណសម្បត្តិជាច្រើន ប៉ុន្តែការឈានជើងចូលទៅក្នុងទីផ្សារក្រោយគេ ក៏អាចនឹងមានអត្ថប្រយោជនជាច្រើនផងដែរ។ និយាយជារួម ដើម្បីឲ្យក្លាយជាអ្នកឈានមុខគេនៅក្នុងទីផ្សារ អ្នកត្រូវតែជាអ្នកដំបូង ឬជាអ្នកដែលល្អជាង។

ធ្វើជាអ្នកដំបូង

2015-05-09 19.28.07
កាហ្វេBrown

កាហ្វេBrownអ្នកដែលឈានជើងចូលទៅក្នុងទីផ្សារមុនគេគឺត្រូវបានគេហៅថា «អ្នកមានប្រៀប» ។ យើងអាចក្រឡេកទៅមើលហាងកាហ្វេBrown ដែលបង្កើតឡើងនៅឆ្នាំ២០០៩។ ក្នុងអំឡុងពេលនេះ ហាងកាហ្វេសម័យទំនើបគឺគ្មានការប្រកួតប្រជែងដូចពេលបច្ចុប្បន្ននេះទេ។ គំនិត អាជីវកម្មបើកហាងកាហ្វេសម័យទំនើបនាពេលនោះ ក៏ត្រូវបានមនុស្សទូទៅភាគច្រើនគិតថានិងមិនអាចទៅរួចផងដែរ ដោយសារតែស្ថានភាពសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសយើង។ ប៉ុន្តែ បន្ទាប់ពីបើកដំណើរការ អ្វីៗគឺហូសពីការស្មាន អាជីវកម្មហាងកាហ្វេសម័យទំនើបមានការរីករូតលូតលាស់គួរឱ្យកត់សម្គាល់។ បន្ទាប់ពីភាពជោគជ័យ មានម៉ាកសញ្ញាជាច្រើនបានបញ្ច្រៀបខ្លួនចូលទៅក្នុងទីផ្សារ ធ្វើឱ្យហាងកាហ្វេប្រភេទនេះរីកដូចផ្សិត មានស្ទើរគ្រប់ទីកន្លែងនៅក្នុងទីក្រុងភ្នំពេញ និងធ្លាយទៅដល់បណ្តាខេត្តក្រុងមួយចំនួនផងដែរ។ ប៉ុន្តែទោះជាមានម៉ាកសញ្ញាច្រើនយ៉ាងណាក៏ដោយ ហាងកាហ្វេBrown នៅតែជាម៉ាកសញ្ញាឈានមុខគេក្នុងអាជីវកម្មប្រភេទនេះ។

ការឈានជើងចូលទីផ្សារមុនគេគឺមានប្រៀប និងអត្ថប្រយោជន៍ជាច្រើន។ អ្នកដែលឈានជើងចូលមុនគេ គឺអាចចាប់យកចំណែកទីផ្សារបានធំទូលាយ និងអាចទទួលបានកម្រៃសេវាកម្ម ឬថ្លៃផលិតផលបានថ្លៃដោយសារតែគ្មានដៃគូរប្រកួតប្រជែង។ អ្នកដែលឈានជើងចូលមុនគេគឺអាចមានពេលវេលាច្រើនជាងអ្នកចូលមកទីផ្សារបន្តបន្ទាប់ក្នុងការកែលម្អរឱ្យប្រសើរឡើងនូវដំណើរការ និងប្រព័ន្ធគ្រប់គ្រងដើម្បីឱ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ហើយថែមទាំងអាចស្គាល់ទីផ្សារបានច្បាស់ជាង។ មិនតែប៉ុណ្ណោះ ពួកគេអាចចាប់យកទីតាំងបានល្អៗចំកន្លែងសម្រាប់បើកអាជីវកម្មប្រភេទនោះ និងអាចជ្រើសរើសបុគ្គលិកឆ្នើមៗមកបម្រើការងារ។ អត្ថប្រយោជន៍ផ្សេងទៀតដែលពួកគេអាចនឹងទទួលបានគឺតម្លៃ និងការផ្តល់ជូនពិសេសពីអ្នកផ្គត់ផ្គង់ ដែលធ្វើឱ្យគេមានប្រៀបយ៉ាងខ្លាំងនៅក្នុងទីផ្សារ។

អ្នកដំបូង និងអ្នកបន្ទាប់

បញ្ហាប្រឈមសម្រាប់អ្នកដែលឈានចូលទៅក្នុងទីផ្សារមុនគេគឺភាពមិនប្រាកដប្រជា។ អ្នកដែលឈានជើងចូលមុនគេភាគច្រើនគឺមិនទាន់ស្គាល់ពីទីផ្សារ និងតម្រូវការពេញលេញរបស់សំណាក់អតិថិជន។ អ្នកទីមួយភាគច្រើនធ្វើការលក់ផលិតផលដែលមិនមានអ្នកប្រើប្រាស់ពីមុនមក ហើយភាគតិចបំផុតដែលពួកគេអាចផលិតផលិតផលដែលត្រូវចិត្តអតិថិជន។ ក្រុមហ៊ុនធំៗអាចនឹងទ្រទ្រង់បាននូវការខាតបង់នៅពេលចាប់ផ្តើមដំបូងដោយសារតែកំហុសលើកទីមួយនៅក្នុងទីផ្សារថ្មីនេះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនតូចៗវិញអាចនឹងទទួលរងនូវការដូលរលំ។

អ្នកដែលឈានជើងចូលនៅក្នុងទីផ្សារក្រោយៗ អាចនឹងរៀនពីកំហុសដែលអ្នកមុនៗបានប្រព្រឹត្ត និងធ្វើការកែលម្អរសម្រាប់ទីផ្សារដែលត្រូវបានធ្វើតេស្តរូចហើយ។ ពួកគេអាចនឹងចៀសវាងពីការខាងបង់ ដោយសារការចំណាយខុសគោលដៅ និងហានិភ័យដែលអាចកើតមានដោយសារតែចន្លោះប្រហោងប្រតិបត្តិ និងបច្ចេកវិទ្យាដែលអ្នកមុនៗជួបប្រទះ។ ដោយសារតែការវិនិយោគមានទំហំធំ សម្រាប់អ្នកទីមួយ វាពិបាកនឹងសម្របតាមទីផ្សារដែលមានភាពចាស់ទុំ ក្នុងការផ្លាស់ប្តូរ និងវិនិយោគបន្ថែមទៀតដើម្បីតម្រូវតាមទីផ្សារទាំងផ្នែកប្រតិបត្តិ និងបច្ចេកវិទ្យាដែលធ្វើឲ្យអ្នកដែលមកក្រោយមានប្រៀបជាង និងមានហានិភ័យទាបជាង។

អ្នកដែលឈានជើងចូលមកក្រោយអាចនឹងប្រឹងប្រែងធ្វើការប្រកួតប្រជែងជាមួយអ្នកមកមុនដោយធ្វើការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ជាង និងបំពេញតម្រូវការបានល្អជាងដើម្បីស្រូបទាញយកចំណែកទីផ្សារ។ ក្រៅពីនេះ អ្នកឈានចូលទីផ្សារក្រោយៗ អាចនឹងចំណាយលើការវិនិយោគតិចជាង ដែលអាចធ្វើឱ្យគេមានលទ្ធភាពបង្កើនខ្ទង់ចំណាយទៅលើការធ្វើទីផ្សារដែលជាហេតុនាំឱ្យគេមានប្រៀបជាងអ្នកទីមួយ។

ជាក់ស្តែងGoogle បានឈានជើងចូលទៅក្នុងទីផ្សារម៉ាស៊ីនស្វែងរកព័ត៌មានក្នុងឆ្នាំ១៩៩៨។ នៅក្នុងអំឡុងពេលនោះ ត្រូវបានគ្រប់គ្រងចំណែកទីផ្សារដោយក្រុមហ៊ុនធំៗ៣ Yahoo Lycos nនិងAltaVista ដែលក្រុមហ៊ុនទាំងនេះសុទ្ធិតែមានអតិថិជនជាច្រើន និងត្រូវបានគេស្គាល់និងប្រើប្រាស់យ៉ាងទូលំទូលាយ។ ប៉ុន្តែGoogleបានសិក្សាពីចន្លោះប្រហោង និងកំហុសរបស់ក្រុមហ៊ុនទាំង៣ខាងលើ ដោយធ្វើការកែប្រែ និងបង្កើតឡើងនូវផលិតផលដែលប្រសើរជាង ធ្វើការស្វែងរកព័ត៌មានរហ័សជាង និងល្អជាង។

មានក្រុមហ៊ុនជាច្រើនដែលទទួលបរាជ័យដោយមិនអាចថែរក្សាភាពឈានមុខគេនៅក្នុងអាជីវកម្មរបស់ពួកគេ។ ភាពបរាជ័យដែលបានកើតឡើងទៅលើក្រុមហ៊ុនធំៗមានដូចជា MySpace និងFriends Reunited។ ទោះជាក្រុមហ៊ុនទាំងនោះនៅតែមានដង្ហើមរហូតមកទល់នឹងសព្វថ្ងៃនេះ ភាព«មានប្រៀបជាអ្នកដំបូង»ក្នុងបណ្តាញសង្គមមិនអាចយកឈ្នះក្រុមហ៊ុនស្រករក្រោយFacebookបានឡើយ។ មានក្រុមហ៊ុនខ្លះចាប់ផ្តើមដំណើរការ និងឈានជើងចូលទីផ្សារមុនគេ ប៉ុន្តែពួកគេក៏ត្រូវបានដួលរលំ និងក្ស័យធនវិញមុននឹងប្រភេទអាជីវកម្មនោះបានទទួលការគាំទ្រពីសំណាក់អតិថិជន។

ហេតុផលដែលធ្វើឱ្យអ្នកដែលឈានជើងចូលមុនគេមិនអាចសម្រេចបំណងបាន និងមានប្រៀបនៅក្នុងទីផ្សារបានរហូតគឺដោយសារពេលវេលា និងសំណាង។ ការសិក្សាមួយបានបង្ហាញថា នវានុវត្តន៍បច្ចេកវិទ្យា និងល្បឿនវិវឌ្ឍន៍នៃតម្រូវការទីផ្សារគឺជាកត្តាដ៏ចម្បងក្នុងការកំណត់បានថាអ្នកដែលឈានជើងចូលទៅក្នុងទីផ្សារមុនគេអាចនឹងមានប្រៀបឬអត់។ ការសិក្សាបានលើកឡើងថា នៅពេលដែលតម្រូវការទីផ្សារមានល្បឿនរីកលូតលាស់យឺត និងបច្ចេកវិទ្យាមានកម្រិត អ្នកដែលឈានជើងទីផ្សារមុនគេ និងមានប្រៀបជាង។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើទីផ្សារមានសភាពប្រែប្រួលខ្លាំង និងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាមានភាពរហ័ស អ្នកដែលឈានជើងចូលទីផ្សារមុនគេអាចនឹងជួបបញ្ហាប្រឈម។

សរុបមក វាមិនសំខាន់ទេសម្រាប់អ្នកដែលឈានជើងទីផ្សារមុនគេ ឬក្រោយគេដើម្បីមានប្រៀបលើដៃគូរប្រកួតប្រជែង សំខាន់គឺការផ្តល់ជូននៅផលិតផល ឬសេវាកម្មដែលអាចផ្គាប់ចិត្តអតិថិជនបាន។ អ្នកដែលចាប់ផ្តើមប្រឡូកមុនគេ ភាគច្រើនតែងតែមានប្រៀប និងឈានមុខគេនៅក្នុងទីផ្សារដោយសារតែការស្គាល់ និងចងចាំម៉ាកសញ្ញាពីសំណាក់អតិថិជន មានភាពចាស់ទុំនៅក្នុងទីផ្សារ ការគ្រប់គ្រងទៅលើធនធានដែលមានតិចតួចដែលធ្វើឱ្យអ្នកចូលមកក្រោយពិបាកនឹងយកឈ្នះ និងគ្រឹះយ៉ាងរឹងម៉ាំនៅក្នុងទីផ្សារ។ ប៉ុន្តែអ្នកមកក្រោយក៏អាចក្លាយជាអ្នកមានប្រៀបវិញផងដែរដោយសារតែពួកគេបានដឹងយ៉ាងច្បាស់ពីកំហុសអ្នកដែលឈានជើងចូលមុន ហើយពួកគេតែងតែផ្តល់ជូនអតិថិជននូវផលិផលដែលមានគុណភាពល្អជាងជាមួយនិងតម្លៃទាប។ ជាមួយនឹងជំនាញទីផ្សារដែលមានភាពប៉ិនប្រសប់ជាង អ្នកចូលមកទីផ្សារក្រោយគេអាចនឹងដណ្តើមយកភាពមានប្រៀបរបស់អ្នកចូលមុនបាន។ ដើម្បីក្លាយខ្លួនជាអ្នកឈានមុខគេនៅក្នុងទីផ្សារ អាជីវកម្មមួយត្រូវតែជាអាជីវកម្មដំបូងគេ និងគួរឱ្យចាប់អារម្មណ៍ ឬជាអ្នកដែលល្អជាងគេ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ