ការនិពន្ធ ឬសរសេរសៀវភៅមិនមែនជាការងាយស្រួលនោះទេ។ ជំហានដំបូងអ្នកត្រូវជ្រើសរើស ចំណងជើង ឬប្រធានបទ បន្ទាប់មកគឹមានមាតិការ។ ប្រសិនបើអ្នកចង់ឲ្យសៀវភៅនោះចាត់ថ្នាក់ជាក្រុមដោយអ្នកលក់ ឬបណ្ណាល័យ សៀវភៅនោះត្រូវតែមានលេខកូដដែលខុសគេពីមួយដូចជា ISBN ដើម្បីឲ្យសៀវភៅនោះមានលក្ខណៈស្តងដារអន្តរជាតិ។ ក្រៅពីនេះ អ្វីដែលត្រូវការពេលយ៉ាងយូរនោះ គឺការសរសេររៀបរៀងចងក្រងសៀវភៅតាំងពីទំព័រទីមួយ រហូតដល់ចប់។ ការសរសេរសៀវភៅតែមួយក្បាល គឺវាមានការលំបាក និងចំណាយពេលយ៉ាងយូរដែលអាចប្រើរយៈពេលពីរាប់ខែ រហូតដល់រាប់ឆ្នាំក៏មាន។ ប៉ុន្តែមានអ្នកនិពន្ធម្នាក់ដែលបាននិពន្ធសៀវភៅសរុបទាំងអស់ប្រមាណ២០ម៉ឺនក្បាលបើយោងតាមគេហទំព័រលក់លើបណ្តាញដ៏ល្បីល្បាញលើពិភពលោកAmazone.com។ លោក ហ្វីលីប (Philip M.Parker) គឺជាអ្នកមានឈ្មោះនិព្ធសៀវភៅច្រើនជាគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលលោកជាម្ចាស់ស្នាដៃនិពន្ធសៀវភៅសរុបប្រមាណ២០ម៉ឺនក្បាល នេះបើផ្អែកលើម៉ាស៊ីនស្វែងរកសៀវភៅរបស់គេហទំព័រ Amazone.com។ សៀវភៅដែលគាត់និពន្ធមានស្ទើរគ្រប់ផ្នែក ដូចជាវចនុក្រមពហុជាតិសាសន៍ សៀវភៅពេទ្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រាវជ្រាវ ។ល។
តើហ្វីលីបពិតជាសរសេរសៀវភៅទាំង២០ម៉ឺននោះឬ?
តាមពិតទៅ សៀវភៅដែលមានឈ្មោះគាត់ជាអ្នកនិពន្ធទាំងអស់មិនមែនសរសេរឡើងដោយគាត់ផ្ទាល់នោះទេ។ សៀវភៅទាំងអស់គឺសុទ្ធតែចងក្រង និងរៀបរៀងឡើងដោយកម្មវិធីកុំព្យូទ័រដែលបង្កើតឡើងដោយហ្វីលីប។ ហ្វីលីបដែលជាប្រធាន និងជាសាស្ត្រាចារ្យនៃជំនាញវិទ្យាសាស្ត្រគ្រប់គ្រងនៅ Insead ដែលជាសាលាពាណិជ្ចកម្មមានទីតាំងនៅប្រទេសបារាំង និងសឹង្ហបូរីបានបង្កើតក្បួនដោះស្រាយ(Algorithm)សម្រាប់ម៉ាស៊ីនកុំព្យូទ័រដែលមានការជ្រោមជ្រែងពីអ្នកសរសេរកុំព្យូទ័រពី៦០ ទៅ៧០ ដើម្បីប្រមូលផ្តុំព័ត៌មានគ្រប់ទីកន្លែងដែលមានផ្សាយជាសាធារណៈហើយបន្លែងព័ត៌មានដែលមានទាំងអស់នោះចងក្រងធ្វើជាសៀវភៅ ដែលជាទូទៅក្នុងសៀវភៅមួយក្បាលមានប្រមាណ១៥០ទំព័រ។ សៀវភៅទាំងអស់នោះនឹងធ្វើការបោះពុម្ភនៅពេលមានអតិថិជនណាម្នាក់ជាវតែប៉ុណ្ណោះ។ បើផ្អែកតាមលោកហ្វីលីប សៀវភៅដែលពេញនិយមរបស់គាត់អាចលក់ដាច់បានរាប់រយក្បាល។ គោលបំណងរបស់ហ្វីលីគឺចងក្រងសៀវភៅណាដែលត្រូវបានអ្នកនិពន្ធជាច្រើនមិនខ្វល់នឹងរៀបរៀងឡើងដោយសារតែកង្វះតម្រូវការទីផ្សារ។ លោកបានបន្តថា សៀវភៅមួយក្បាលត្រូវការយៈពេលតែ១៣នាទីប៉ុណ្ណោះដើម្បីធ្វើឲ្យវាក្លាយជាសៀវភៅពេញលក្ខណៈលើប្រធានបទអ្វីមួយ។ គាត់បាននិយាយថា សៀវភៅមួយក្បាលគឺចំណាយអស់ថ្លៃដើមតែ១៣សេនដុល្លាអាមេរិចតែប៉ុណ្ណោះ ដែលតម្លៃនេះគឺជាតម្លៃអគ្គិសនីដែលគាត់ប្រើប្រាស់សម្រាប់បង្កើតសៀវភៅមួយក្បាល។ បច្ចេកវិជ្ជានេះគឺបង្កើតឡើងដោយការប្រើប្រាស់Artificial Intelligence ដែលជាបច្ចេកវិជ្ជាកំពុងតែទទួលបានការពេញនិយមនៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ។ គម្រោងបន្ទាប់របស់គាត់ គឺធ្វើការអភិវឌ្ឍន៍កម្មវិធីនេះបន្តទៀត ដើម្បីអាចចងក្រងជាសៀវភៅប្រលោមលោក និង៣D Animation ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានការចូលរួមពីមនុស្ស។ ខាងក្រោមនេះគឺជាវីដេអូនែនាំខ្លះៗ ស្តីពីដំណើរការផលិតសៀវភៅដោយស្វ័យប្រវត្តិ។
ឯកសារយោង៖ http://www.nytimes.com/2008/04/14/business/worldbusiness/14iht-14link.11952478.html?pagewanted=all&_r=0 http://singularityhub.com/2012/12/13/patented-book-writing-system-lets-one-professor-create-hundreds-of-thousands-of-amazon-books-and-counting/