ជំនាញរចនាក្រាហ្វិក គឺជាជំនាញមួយដែលកំពុងមានតម្រូវការទីផ្សារការងារជាខ្លាំងទូទាំងពិភពលោក ពីព្រោះគ្រប់ប្រភេទអាជីវកម្មសុទ្ធតែត្រូវការអ្នករចនាក្រាហ្វិក។ ហេតុនេះ បើនរណាមានជំនាញមួយនេះខ្លាំង នឹងមានឱកាសរកប្រាក់ចំណូលបានច្រើន តាមរយៈការធ្វើការឯករាជ្យ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម និងធ្វើការនៅក្រុមហ៊ុនរដ្ឋ ឬឯកជន ដើម្បីទទួលបានប្រាក់ខែគោលប្រចាំខែ។
ទោះបីជាយ៉ាងនេះក្ដី អ្នករចនាក្រាហ្វិក ក៏ទទួលរងនូវសម្ពាធការងារ និងស្មុគនឹងគំនិតក្នុងការរចនាផងដែរ ដោយសារតែស្ទើគ្រប់ផ្នែកនៅក្នុងអាជីវកម្មតែងតែមករកអ្នករចនាក្រាហ្វិក ដើម្បីរចនាអ្វីមួយស្របតាមតម្រូវការរបស់ពួកគេ។ ហេតុនេះហើយ អ្នករចនាក្រាហ្វិកក៏ត្រូវមានភាពឆ្លាតវៃក្នុងការធ្វើការឱ្យបានល្អ ព្រមទាំងត្រូវមានជំនាញមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យការងាររចនារបស់ខ្លួនកាន់តែមានភាពល្អពីមួយថ្ងៃទៅមួយថ្ងៃ និងអាចបំពេញចិត្តអតិថិជនស្របតាមតម្រូវការ។ ជំនាញទាំងនោះរួមមាន៖
1. ជំនាញបច្ចេកទេស
អ្នករចនាក្រាហ្វិក ត្រូវតែមានជំនាញបច្ចេកទេសលើការរចនាឱ្យបានខ្លាំង ដូចជា៖
- យល់ដឹងច្បាស់ពីគោលការណ៍រចនា៖ អ្នករចនាក្រាហ្វិកត្រូវមានការយល់ដឹងពីរបៀបជ្រើសរើសយកបន្ទាត់ ពណ៌ រូបរាង លំហ វាយនភាព(texture) វាយអក្សរ(typography) មាត្រដ្ឋាន ភាពលេចធ្លោ ការសង្កត់ធ្ងន់ និងភាពចុះសម្រុងគ្នា ដើម្បីបង្កើតការរចនាឱ្យមើលឃើញថាទាក់ទាញ និងមានរចនាសម្ព័ន្ធនៃការរចនាបានល្អ។
- គំនិតនៃការរចនា៖ អ្នករចនាក្រាហ្វិក ត្រូវតែចេះបង្កើតគំនិតក្នុងការចនា តាមរយៈការចេះសិក្សាស្រាវជ្រាវបន្ថែម ការអភិវឌ្ឍ ការវាយតម្លៃ និងការអនុវត្ត ដើម្បីអាចទទួលបានការរចនាមួយដែលមានភាពថ្មី និងច្នៃប្រឌិតខ្ពស់។
- យល់ដឹងច្បាស់ពីម៉ាកយីហោ៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការយល់ដឹងអំពីម៉ាកយីហោដែលខ្លួនកំពុងធ្វើការរចនា ដើម្បីធានាថាការរចនាបានជួយលើកកម្ពស់ម៉ាកយីហោនោះឱ្យកាន់តែមានភាពរស់រវើកតាមរយៈឡូហ្គោ ពណ៌ វាយអក្សរ(typography) រូបគំនូរ និងជាច្រើនទៀត។
- វាយអក្សរ (typography)៖ ផ្នែកនេះ ជាធាតុដ៏សំខាន់មួយនៃការរចនាក្រាហ្វិក ហើយការវាយអក្សរដ៏ត្រឹមត្រូវ គឺការវាយអក្សរដែលអាចបង្កើតអត្ថន័យ និងទាក់ទាញអារម្មណ៍ ប៉ុន្តែបើការវាយអក្សរខុស នោះនឹងអាចធ្វើឱ្យរំខានដល់អតិថិជន ដែលបង្កើតភាពមិនពេញចិត្ត ឬបាត់ទំនុកចិត្តជាដើម។ កត្តានេះហើយ អ្នករចនាក្រាហ្វិចត្រូវមានជំនាញគ្រប់បែបយ៉ាង ចាប់ពីការជ្រើសរើសពុម្ពអក្សរឱ្យបានត្រឹមត្រូវសម្រាប់គម្រោងនីមួយៗ រហូតដល់ការវាយអក្សរ ការគូសវាស ការតាមដាន និងការនាំមុខ។
- ការរចនាសម្រាប់ការបោះពុម្ព៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការយល់ដឹងពីលំហូរនៅពេលការរចនានោះត្រូវមានបោះពុម្ព ដើម្បីធានាថារូបភាព ក៏ដូចជាកម្រិតពណ៌ទឹកថ្នាំចេញមកគឺល្អ ហើយទម្រង់ឯកសារក៏ត្រឹមត្រូវ។
- ការរចនា UX និង UI៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការយល់ដឹងអំពី UX និង UI ដើម្បីបង្កើតការរចនាឱ្យមានភាពទាក់ទាញភ្នែកអ្នកទស្សនា និងបង្ហាញមុខងារដែលងាយស្រួល ព្រមទាំងអាចធ្វើឱ្យការរចនាកាន់តែមានភាពល្អប្រសើរ។
- បច្ចេកវិទ្យា៖ អ្នករចនាក្រាហ្វិក ទាមទារឱ្យធ្វើការជាមួយឧបករណ៍ក្នុងការរចនា ដូចជាAdobe Illustrator, Adobe InDesign, Adobe Photoshop, Adobe After Effects និង Sketch។ បន្ថែមពីនេះ ប្រសិនបើជាអ្នករចនាគេហទំព័រវិញ ទាមទារឱ្យមានចំណេះដឹងផ្នែកសរសេរកូដ និងស្គាល់ភាសាកម្មវិធី ដូចជាHTML និង CSS ក៏ដូចជាប្រព័ន្ធគ្រប់គ្រងខ្លឹមសារដូចជា WordPress ផងដែរ។
2. ជំនាញទន់
ក្រៅពីជំនាញបច្ចេកទេសនៃការរចនា អ្នករចនាក្រាហ្វិកក៏ទាមទារឱ្យមានជំនាញទន់ផងដែរ ដើម្បីជួយបង្កើនផលិតភាពការងារផ្ទាល់ខ្លួនឱ្យកាន់តែទទួលបានភាពជោគជ័យ។ ជំនាញទន់ដ៏សំខាន់សម្រាប់អ្នករចនាក្រាហ្វិក រួមមាន៖
- ការច្នៃប្រឌិត៖ អ្នករចនាក្រាហ្វិក ត្រូវតែមានការអភិវឌ្ឃគំនិតថ្មីៗ និងប្លែកៗជានិច្ច ដោយមិនអាចធ្វើការរចនាលើអ្វីដដែលៗបានឡើយ ដោយធានាថាការរចនាត្រូវតែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស និងធ្វើឱ្យការរចនាប្រកបដោយភាពច្នៃប្រឌិត។
- ជំនាញទំនាក់ទំនង៖ អ្នករចនាក្រាហ្វិក តែងតែជួបមនុស្សច្រើន ជាពិសេសអ្នកពាក់ព័ន្ធក្នុងក្រុមហ៊ុន និងជាមួយអតិថិជន។ ហេតុនេះ អ្នកររចនា ត្រូវតែមានទំនាក់ទំនងជាមួយពួកគេដើម្បីពន្យល់ពីគំនិតរចនា និងសួរនាំបន្ថែមពីការរចនាឱ្យបានល្អស្របតាមការចង់បានរបស់ពួកគេ។
- យុទ្ធសាស្រ្ត៖ អ្នករចនាក្រាហ្វិក តែងតែជាអ្នកគិតបែបយុទ្ធសាស្រ្ត ពីព្រោះពួកគេត្រូវគិតពិចារណាលើធាតុផ្សំនៃការរចនាមួយចំនួនឱ្យដំណើរការជាមួយគ្នា និងរបៀបបង្ហាញអត្ថន័យដ៏ល្អ ព្រមទាំងប្រកាន់ខ្ជាប់នូវស្ដង់ដាររចនា។ បន្ថែមពីនេះ ពួកគេក៏ត្រូវធ្វើការស្រាវជ្រាវពីទីផ្សារ ការបំផុសគំនិត ការបង្កើតរូបភាពតូចៗ(thumbnailing) ការអភិវឌ្ឍគំនិត និងការវាយតម្លៃការរចនា។
- ជំនាញដោះស្រាយបញ្ហា៖ អ្នករចនាក្រាហ្វិក មានតួនាទីរចនាឱ្យបានល្អស្របតាមតម្រូវការអតិថិជន ប៉ុន្តែភាគច្រើនអតិថិជនតែងតែចង់បានការរចនាល្អ តែពួកគេមិនដឹងប្រាប់បែបណា ដោយគ្រាន់តែនិយាយពីគំនិតដែលពួកគេត្រូវការ ហើយឱ្យអ្នកគិតពិចារណាលើគំនិតរចនាដោយខ្លួនឯង។ ដូច្នេះអ្នកត្រូវមានតួនាទីមួយទៀត គឺការដោះស្រាយបញ្ហារបស់អតិថិជន ដោយរចនាអ្វីមួយនោះឱ្យត្រូវនឹងគោលបំណងរបស់ពួកគេ និងការដោះស្រាយបញ្ហារចនា ឬប្រែសម្រួលការរចនាដើម្បីបំពេញចិត្តអតិថិជន។
- ជំនាញគ្រប់គ្រងពេលវេលា៖ អ្នករចនាក្រាហ្វិក ជាទូទៅធ្វើការរចនាលើគម្រោងជាច្រើនក្នុងពេលតែមួយ ដូច្នេះហើយអ្នករចនាត្រូវតែមានការគ្រប់គ្រងពេលវេលាឱ្យបានល្អ ដើម្បីបញ្ចប់ការងាររចនាជូនអតិថិជនស្របតាមតម្រូវការចង់បានរបស់ពួកគេ តាមរយៈការកំណត់ការងារអាទិភាព។