ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ ការសម្ភាសន៍មិនមែនគ្រាន់តែចង់វាយតម្លៃលើបេក្ខជនថាតើបុគ្គលនោះសាកសមនឹងតំណែងនោះឬក៏អត់ទេ ប៉ុន្តែវាជាឱកាសដ៏ល្អក្នុងការបង្ហាញអារម្មណ៍ដំបូងទៅកាន់បេក្ខជន។ ទោះបីនេះជាលើកដំបូងក្នុងការរើសឬសម្ភាសន៍ អ្នកអាចធ្វើតាមជំហ៊ានខាងក្រោមនេះ៖
១. ជ្រើសរើសអ្នកសម្ភាសន៍៖ ការសម្ភាស៍អាចមានមនុស្សតែ២នាក់គឺអ្នកសម្ភាសន៍និងបេក្ខជន។ ប៉ុន្តែគេក៏អាចធ្វើលើសពី២នាក់ដែរហើយជាទូទៅគឺមិនលើសពី៥នាក់ឡើយ។ ចំនួនដែលល្អបំផុតគឺ៣នាក់រួមមានអ្នកគ្រប់គ្រងនិងសមាជិកឬបុគ្គលិកជាដើមដែលពួកគេត្រូវធ្វើការជាមួយគ្នា។ ការធ្វើបេបនេះអាចធ្វើឲ្យបេក្ខជនកាត់បន្ថយភាពភ័យខ្លាចរបស់គេបាន។
២. កំណត់រយៈពេល៖ បន្ទាប់ពីជ្រើសរើសអ្នកសម្ភាសន៍រួច អ្នកត្រូវកំណត់រយៈពេលក្នុងការសម្ភាសន៍។ ពេលវេលាគឺអាស្រ័យលើមុខតំណែងដែលគេជ្រើសរើស។
៣. រៀបចំដំណើរការសម្ភាសន៍តាមលំដាប់៖ ការរៀបចំឲ្យមានការសម្ភាសន៍តាមលំដាប់លំដោយគឺជួយឲ្យដំណើរការមានភាពរលូនទៅមុខបាន។ ជាក់ស្តែងអ្នកអាចរៀបចំកន្លែងសម្ភាសន៍ជាមុនហើយត្រូវធ្វើឲ្យប្រាកដថាមានលក្ខណៈផ្ទាល់ខ្លួននិងកាត់បន្ថយការរំខានពីខាងក្រៅ។ អ្នកក៏អាចរៀបចំកាលវិភាគនិងប្រាប់ដល់អ្នកដែលនឹងមកចូលរួមក្នុងសម្ភាសន៍ដទៃទៀតដើម្បីធ្វើឲ្យប្រាកដថាពួកគេមានពេលចូលរួមក្នុងករណីដែលមានអ្នកសម្ភាសន៍លើសពីម្នាក់។ ជាចុងក្រោយអ្នកត្រូវប្រាប់ជាព័ត៌មានទៅបេក្ខជននូវទីតាំងនិងម៉ោងឲ្យបានច្បាស់លាស់។
៤. ការរៀបចំការសម្ភាសន៍និងសំណួរ៖ សំណួរសម្រាប់សម្ភាសន៍ជារឿងមិនអាចខ្វះបានហើយវាអាស្រ័យទៅលើមុខតំណែងនីមួយៗ។ ប៉ុន្តែគេត្រូវការសម្ភារៈមួយចំនួនទៀតដែលគេត្រូវមានមុនពេលទៅសម្ភាសបេក្ខជនដូចជា ក្រដាសពណ៌នាពីការងារ លក្ខខណ្ឌ័ក្នុងការជ្រើសរើស និងជីវប្រវត្តិរបស់បេក្ខជនទុកជាមុន។
៥. កាត់បន្ថយស្រ្តេសបេក្ខជននិងបញ្ហានានា៖ ការដាក់សម្ពាធលើបេក្ខជនបង្ហាញពីរូបភាពមិនល្អដល់ពួកគេនិងមិនអាចឲ្យអ្នកជ្រើសបានបេក្ខជនដែលសាកសមនឹងតំណែងនោះទៀតផង។ ផ្ទុយទៅវិញអ្នកអាចបញ្ជាក់ប្រាប់ពីរយៈពេលសម្ភាសន៍ នរណាជាអ្នកសម្ភាសន៍ និងលេខទូរស័ព្ទទំនាក់ទំនងទៅបេក្ខជនដើម្បីកុំឲ្យគេមានអារម្មណ៍ភ័យខ្លាច។