តិចនិកជ្រើសរើសដៃគូរកស៊ីដ៏ត្រឹមត្រូវ

476
របៀបជ្រើសរើសដៃគូរកស៊ីឱ្យបានត្រឹមត្រូវ

ដៃគូដ៏ត្រឹមត្រូវ ដែលអ្នកគួរតែចាប់ដៃគូ ដើម្បីរកស៊ី ត្រូវជ្រើសរើសប្រភេទដៃគូ​ដូចខាងក្រោម៖

1. ជាអ្នកជំនាញលើផ្នែកណាមួយដែលអ្នកត្រូវការចាំបាច់នៅក្នុងអាជីវកម្ម

សំដៅលើ ការជ្រើសរើសដៃគូដែលជាអ្នកជំនាញ មានបទពិសោធន៍ខ្លាំងលើផ្នែកណាមួយ ដែលអ្នកមិនចេះ គ្មានជំនាញ ហើយត្រូវការជំនាញនោះ ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យអាជីវកម្មនោះកាន់តែរីកចម្រើន។

2. មានទស្សនវិស័យ បេសកកម្មដូចគ្នា

ជ្រើសរើសនរណាដែលមានគោលដៅដូចគ្នា ទើបការចាប់ផ្ដើមមិនសូវមានការខ្វែងគំនិតគ្នា និងគ្មានបញ្ហាប្រឈមដោយឈ្លោះប្រកែក ហើយឆាប់សម្រេចជោគជ័យនូវគោលដៅនោះ។

3. និយាយចុះសម្រុងគ្នាបានល្អ

ជាបុគ្គលដែលចេះស្ដាប់ហេតុផល ស្ដាប់មតិអ្នកដទៃ និងអាចចុះចំណោមមនុស្សជុំវិញ ដោយនិយាយអ្វីក៏អាចចុះសម្រុងគ្នាបានលឿនដែរ។

4. មានភាពស្មោះត្រង់

ជាបុគ្គលដែលមិនចេះលាក់ពុត កេងចំណេញតែម្នាក់ឯង ភូតភរកុហកបោកប្រាស់ឡើយ ដោយជាមនុស្សអាចទុកចិត្តបាន។

5. យល់ច្បាស់ពីវិស័យដែលអ្នកនឹងចាប់ផ្ដើមធ្វើ

ជាបុគ្គលដែលយល់ច្បាស់ពីវិស័យអាជីវកម្ម និងយល់ពីអ្វីដែលអ្នកកំពុងធ្វើ។

6. មានបទពិសោធន៍ក្នុងការរកស៊ីដោយទទួលបានភាពរីកចម្រើន

ជាបុគ្គលដែលអាចចូលរួមជួយចំណែកក្នុងការធ្វើអាជីវកម្មរបស់អ្នកឱ្យមានភាពរីកចម្រើនបាន។

7. មានគំនិតច្នៃប្រឌិត ហើយជាអ្នកដោះស្រាយបញ្ហាដ៏ល្អ

ជាបុគ្គលដែលអាចផ្ដល់នូវគំនិតថ្មីៗ ដំណោះស្រាយល្អៗ ដើម្បីភាពប្រសើរឡើងទាំងនៅក្នុងការពិភាក្សាគ្នា និងធ្វើអាជីវកម្មនោះឱ្យកាន់តែល្អជាងមុន។

8. ជំនាញទំនាក់ទំនងល្អ

ជាបុគ្គលដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ និងពូកែផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលខ្លាំងៗ ដើម្បីចូលរួមចំណែកការធ្វើឱ្យអាជីវកម្មកាន់តែល្អ និងអាចទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគបន្ថែម។ លើសពីនេះ អាចធ្វើការងារជាក្រុមបានយ៉ាងល្អ។

9. មានគុណសម្បត្តិជាសហគ្រិនភាព

ជាបុគ្គលដែលហ៊ានប្រថុយនឹងធ្វើកិច្ចការងារធំៗ ច្បាស់លាស់ មានគំនិតច្នៃប្រឌិតខ្ពស់ ចេះបង្កើតគុណតម្លៃក៏ដូចជាជំរុញទីផ្សារផលិតផលសេវាកម្មកាន់តែមានតម្រូវការខ្ពស់ និងមានគុណសម្បត្តិជាច្រើនដែលជាធាតុផ្សំសំខាន់ៗក្នុងនាមជាសហគ្រិនភាព។