ការពិតទៅ ដើម្បីអាចក្លាយជាអ្នកជំនាញបង្កើតមាតិកាម្នាក់ គឺទាមទារការលះបង់ ការខិតខំប្រឹងប្រែង ឆន្ទៈក្នុងការរៀន មានអំណត់អត់ធ្មត់ ចង់ចេះ ចង់ដឹង ចង់ធ្វើអ្វីថ្មីៗ និងត្រូវចេះបត់បែបខ្លួនទៅតាមកាលៈទេសៈ ។ ហើយខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកបង្កើនជំនាញបង្កើតមាតិការបស់អ្នកបាន!
១. ដឹងពីគោលបំណងច្បាស់លាស់៖ ដឹងថាខ្លួនអ្នកពូកែផ្នែកអ្វី ចង់ចែករំលែកផ្នែកអ្វី ហើយក៏ត្រូវដឹងដែរថាតើនរណាគឺជាអ្នកទស្សនារបស់អ្នកពិតប្រាកដដែរ (Your Target Audiences)។ ដឹងពីអ្នកទស្សនារបស់អ្នកបានច្បាស់ បង្ហោះមាតិកាបានទៀតទាត់ បូករួមនឹងរៀបចំយុទ្ធសាស្ត្រទីផ្សារត្រូវ នោះអ្នកនឹងទទួលបានអ្នកគាំទ្រច្រើន។
២. ស្វែងរកប្រភេទមាតិការ៖ ជាដំបូងអ្នកអាច កំណត់ប្រធានបទណាដែលអ្នកពេញចិត្ត និងប្រភេទមាតិកាដែលអ្នកចូលចិត្តបង្កើតច្រើនបំផុត និងមានប្រយោជន៍សម្រាប់អ្នកដទៃ ដើម្បីចែករំលែកនៅក្នុងបណ្ដាញសង្គម។
៣. រៀបចំផែនការមាតិការបស់អ្នក៖ បង្កើតប្រតិទិនមាតិកា (Content Calendar) ដើម្បីធានាថាអ្នកបានបង្ហោះមាតិកាថ្មីៗបានជាប់លាប់។ ហើយការបង្កើតប្រតិទិនមាតិកានេះទៀតសោត វានឹងជួយអ្នកឱ្យរក្សារបៀបរៀបរយ ផ្តោតអារម្មណ៍លើការងារ។
៤. ផ្តោតលើគុណភាព៖ ព្យាយាមបង្កើតមាតិកាណាដែលមានគុណភាពខ្ពស់ ខ្លឹមសារពោរពេញទៅដោយអត្ថន័យ អានមិនចេះធុញ មើលមិនចេះជិនណាយ។ និយាយរួមគឺជាប្រភេទមាតិកាណាដែល មានប្រយោជន៍សម្រាប់ទស្សនិកជនរបស់អ្នក។មួយវិញទៀតអ្នកគប្បីប្រើវេយ្យាករណ៍ អក្ខរាវិរុទ្ធ ហើយធានាថាខ្លឹមសាររបស់អ្នកត្រូវបានស្រាវជ្រាវយ៉ាងល្អ និងត្រឹមត្រូវ។
៥. មានភាពស្មោះត្រង់៖ រក្សាភាពស្មោះត្រង់ និងរក្សាតម្លៃរបស់អ្នក។ ទស្សនិកជនរបស់អ្នកនឹងពេញចិត្តចំពោះភាពស្មោះត្រង់ និងភាពត្រឹមត្រូវដែលអ្នកបានចែករំលែកទៅកាន់ពួកគេ។
៦. ចូលរួមជាមួយទស្សនិកជនរបស់អ្នក៖ ឆ្លើយតបទៅនឹងមតិយោបល់ និងសារពីអ្នកតាមដានរបស់អ្នក ហើយសុំមតិកែលម្អលើខ្លឹមសាររបស់អ្នក។ វានឹងជួយអ្នកក្នុងការកសាងខ្លឹមសារមាតិការ និងបង្កើនជំនាញរបស់អ្នក។
៧. ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម៖ ចែករំលែកខ្លឹមសាររបស់អ្នកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ។ ប្រើ hashtags និង tags ដើម្បីបង្កើនភាពមើលឃើញដល់ទស្សនិកជនគោលដៅរបស់អ្នក
៨. បន្តការរៀនសូត្រ៖ រៀននូវអ្វីថ្មីៗបន្ថែមទៀត ក្នុងគោលបំណងទទួលបានគំនិតល្អ អាចយកទៅកែច្នៃ ដើម្បីចែករំលែកទៅកាន់ទស្សនិកជនរបស់អ្នក។ ចូលរួមសិក្ខាសិលា អានសៀវភៅ និងអត្ថបទ ឬទទួលយកវគ្គសិក្សាតាមអ៊ីនធឺណិតដើម្បីបង្កើនជំនាញរបស់អ្នក។