មានសិស្សមិនតិចទេដែលគិតថា មុខវិជ្ជាគណិតវិទ្យាគឺជាមុខវិជ្ជាដែលពិបាក និងគួរឲ្យធុញទ្រាន់។ មិនតែប៉ុណ្ណោះ មានសិស្សខ្លះតែងយល់ថា ពួកគេនឹងគ្មានឱកាស នឹង ប្រើប្រាស់មុខវិជ្ជាដ៏ពិបាកនេះក្នុងជីវភាពប្រចាំថ្ងៃរបស់គេឡើយ។ អ្វីដែលគួរឲ្យសោកស្តាយនោះ កម្មវិធីសិក្សាមិនបានធ្វើការពិភាក្សា និងបង្រៀនសិស្សថា គណិតវិទ្យាមានទំនាក់ទំនងនឹងជីវភាពរស់នៅប្រចាំថ្ងៃនោះឡើយ។ នេះគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលធ្វើឲ្យសិស្សធុញទ្រាន់ និងមិនចូលចិត្តរៀនគណិតវិទ្យា ដោយសារតែពួកគេមិនទាន់យល់ច្បាស់ពីសារៈសំខាន់នៃមុខវិជ្ជានេះ ក្នុងជីវភាពប្រចាំថ្ងៃ។ តើគណិត មានភាពចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃយ៉ាងម៉េចទៅ? បើចង់ដឹងនោះ សូមមកតាមដានជាមួយ”គំនិត”ទាំងអស់គ្នា!
ការគ្រប់គ្រងប្រាក់កាស
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ធ្វើការទិញដូរ ឬធ្វើការវិនិយោគទៅលើអ្វីមួយនៅក្នុងជីវិតប្រចាំថ្ងៃ។ កិច្ចការទាំងនេះ គឺត្រូវការគណិតវិទ្យាជាចាំបាច់។ ទោះបីជាអ្នកធ្វើការទិញដូររបស់តូចតាចក៏ដោយ ក៏អ្នកត្រូវតែប្រើប្រាស់គណិតវិទ្យាដើម្បីធ្វើជាជំនួយដែរ ដូចជាការធ្វើប្រមាណវិធីបូកដកជាដើម។ បើពុំនោះទេ អ្នកប្រាកដជាមិនដឹងថាតើអ្នកត្រូវប្រគល់លុយឲ្យគេប៉ុន្មាន ឬក៏ត្រូវទទួលលុយអាប់វិញប៉ុន្មាននោះទេ។
កិច្ចការដែលទាក់ទងទៅនឹងលុយកាក់កាន់តែស្មុគស្មាញ នឹងតម្រូវឲ្យអ្នកចេះគណិតវិទ្យាកាន់តែជ្រៅ។ ប្រសិនបើអ្នកចង់ធ្វើការវិនិយោគ អ្នកប្រាកដជាត្រូវការគណិតដើម្បីធ្វើការគណនាដើម្បីឲ្យបានដឹងថា តើអ្នកអាចនឹងទទួលផលចំណេញប៉ុន្មានពីការវិនិយោគនោះ។ ប្រសិនបើអ្នកមិនសូវពូកែផ្នែកគណិតដើម្បីធ្វើការគណនាចំណូលចំណាយនោះទេ អ្នកនឹងប្រឈមមុខនឹងបញ្ហាក្នុងការប្រើប្រាស់ប្រាក់កាសឲ្យបានល្អ និងឲ្យចំគោលដៅ។
ការគ្រប់គ្រងពេលវេលា
គណិតវិទ្យាគឺមានសារៈសំខាន់ណាស់ក្នុងការរៀបចំគម្រោងប្រចាំថ្ងៃ។ នៅពេលដែលអ្នកភ្ញាក់ពីដំណេកនាពេលព្រឹកព្រលឹម និងធ្វើការរៀបចំខ្លួនប្រាណសម្រាប់ទៅសាលារៀនឬទៅធ្វើការនោះ អ្នកនឹងប្រើប្រាស់គណិតក្នុងការគណនាថាតើអ្នកអាចឈរតែងខ្លួននៅមុខកញ្ចក់បានប៉ុន្មាននាទី ឬក៏អាចអង្គុយញ៉ាំអាហារបានរយៈពេលប៉ុន្មាន? នៅពេលដែលអ្នកត្រឡប់មកដល់ផ្ទះវិញ អ្នកនឹងត្រូវប្រើគណិតដើម្បីធ្វើការគណនាថាតើអ្នកមានពេលទំនេរប៉ុន្មានបន្ទាប់ពីការញ៉ាំអាហារហើយ ហើយមានរយៈពេលប៉ុន្មានដើម្បីធ្វើអ្វីផ្សេងៗទៀត? ដោយសារតែសកម្មភាពនេះគឺប្រព្រឹត្តទៅក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្ទើរតែរាល់ថ្ងៃ អ្នកអាចនឹងភ្លេចថាអ្នកកំពុងតែប្រើប្រាស់គណិតវិទ្យាគ្រប់ពេលវេលាទាំងអស់។
ការចំអិនម្ហូប
អ្នកមិនអាចចូលទៅក្នុងចង្ក្រានធ្វើម្ហូបដោយមិនមានចំណេះដឹងខ្លះៗផ្នែកគណិតវិទ្យានោះទេ។ អ្នកត្រូវតែប្រើប្រាស់គណិតក្នុងការប៉ាន់ស្មានថាតើគួរដាក់គ្រឿងប៉ុន្មាន តើត្រូវប្រើឆ្នាំងទំហំណាដើម្បីអោយល្មមនឹងមុខម្ហូប និងទំហំសមាជិកគ្រួសាររបស់អ្នក។ នៅពេលខ្លះ កិច្ចការចំអិនម្ហូបតម្រូវឲ្យប្រើប្រាស់គណិតដែលមានភាពស្មុគស្មាញថែមទៀតផង។
ការសាងសង់ និងជួសជុលផ្ទះ
នៅរាល់ពេលដែលអ្នកធ្វើការសង់ផ្ទះ ឬក៏ជួសជុលនោះ អ្នកចៀសមិនផុតពីការប្រើប្រាស់គណិតវិទ្យានោះទេ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញគ្រែ តុ ទូ និងវត្ថុផ្សេងៗទៀតដើម្បីដាក់ក្នុងបន្ទប់គេងនោះ អ្នកនឹងប្រើប្រាស់គណិតក្នុងការគណនាទំហំរបស់វត្ថុនីមួយៗដើម្បីឲ្យស័ក្តសមនិងទំហំបន្ទប់របស់អ្នក។ ប្រសិនបើអ្នកមិនចេះមូលដ្ឋានគ្រឹះគណិតវិទ្យាទេនោះ អ្នកនឹងបរាជ័យក្នុងការសាងសង់ផ្ទះ និងការជួសជុលផ្ទះ ឬក៏នឹងត្រូវចំណាយច្រើនលើសពីតម្រូការ។
ខាងលើនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ នៅមានកិច្ចការជាច្រើនទៀតដែលទាមទារឲ្យអ្នកចេះគណិតវិទ្យាដើម្បីធ្វើកិច្ចការនោះបាន។ ហេតុដូចនេះហើយ គណិតវិទ្យាពិតជាសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។