តើជ្រើសរើសទីតាំងបែបណា ទើបត្រឹមត្រូវសម្រាប់អាជីវកម្ម?

48
តើជ្រើសរើសទីតាំងបែបណា ទើបត្រឹមត្រូវសម្រាប់អាជីវកម្ម?

ការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវជារឿងសំខាន់ណាស់សម្រាប់អាជីវកម្ម ពីព្រោះទីតាំងត្រូវអាចនាំឱ្យអ្នកអាចបង្កើតប្រាក់ចំណូលបានច្រើន ព្រមទាំងបង្កើនចំនួនអតិថិជនមកកាន់ក្រុមហ៊ុនរបស់អ្នកកាន់តែច្រើនផងដែរ។ តើទីតាំងត្រឹមត្រូវជាទីតាំងបែបណា?

ទីតាំងត្រឹមត្រូវជាទីតាំងដែលអំណោយផលខ្លាំងក្នុងការលក់ផលិតផលឬសេវាកម្មរបស់អ្នក ព្រមទាំងជាទីតាំងដែលមានសក្ដានុពលខ្ពស់ សម្បូរអតិថិជនគោលដៅស្ថិតនៅ និងជាទីតាំងអាចបង្កើតឱកាសរីកចម្រើនបន្តបន្ទាប់ទៀត។ តើធ្វើបែបណា​ទើបជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវសម្រាប់ចាប់ផ្ដើមអាជីវកម្ម? ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវដំបូន្មានសំខាន់ៗក្នុងការពិចារណាក្នុងការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវ។

1. ពិចារណាលើប្រជាសាស្ត្រ

សំដៅលើការសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីអតិថិជនគោលដៅ និងទីកន្លែងដែលពួកគេស្ថិតនៅ។ នៅក្នុងចំណុចនេះ អ្នកអាចស្រាវជ្រាវពីទិដ្ឋភាពប្រជាសាស្ត្រផ្សេងៗគ្នាទាំងនៅក្នុងតំបន់របស់អ្នក និងនៅជុំវិញកន្លែងដែលអ្នកចង់បានក្នុងការដំណើរការអាជីវកម្មរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ត្រូវគិតវិភាគមើលថា៖

  • តើទីតាំងនោះមានអំណោយផលល្អសម្រាប់អាជីវកម្មរបស់អ្នកឬទេ?
  • តើទីនោះសម្បូរដោយអតិថិជនគោលដៅរបស់អ្នកស្ថិតនៅឬទេ?
  • តើ​ចំនួន​ប្រជាជន​មាន​ទំហំ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​របស់​អ្នក​ឬទេ?
  • តើទីនោះមានសេដ្ឋកិច្ចល្អឬទេ?
  • តើអ្នកអាចងាយស្រួលស្វែងរកបុគ្គលិកនៅទីនោះបានល្អឬទេ?
  • តើទីកន្លែងនោះមានផាសុកភាពល្អ ងាយស្រួលរក និងងាយស្រួលចុះចតឬទេ?
  • តើកម្រិតនៃតម្រូវការលើផលិតផលឬសេវាកម្មរបស់អ្នកសម្រាប់តំបន់នោះបែបណា?
  • តើទីតាំងនោះអាចមានឱកាសអ្វីខ្លះបន្ថែមទៀតសម្រាប់អាជីវកម្មរបស់អ្នក?

2. សិក្សាពីទីតាំងរបស់ដៃគូប្រកួតប្រជែង

អ្នកត្រូវសិក្សាឱ្យបានច្បាស់ថា តើដៃគូប្រកួតប្រជែងរបស់អ្នកមានទីតាំងនៅទីណាខ្លះ? បន្ទាប់មក អ្នកត្រូវតែសិក្សាបន្ថែមទៀតថា តើទីតាំងល្អៗណាខ្លះដែលអាចជាឱកាសសម្រាប់អាជីវកម្មរបស់អ្នក ដោយគ្មានដៃគូប្រកួតប្រជែងស្ថិតនៅ ឬមិនអាចប្រជែងជាមួយអ្នកបាន? ឧទាហរណ៍ជាក់ស្ដែង ហាងកាហ្វេ Brown បានជ្រើសរើសទីតាំងនៅមាត់ឆ្នេរនៃក្រុងព្រះសីហនុ អមជាមួយនឹងគំនិតនៃការរចនាហាងដ៏ល្អបែបផាសុកភាពល្អ ហើយនៅទីនោះមានតែហាង Brown មួយគត់ដែលធ្វើបែបនេះ ជាហេតុធ្វើឱ្យមនុស្សកាន់តែចាប់អារម្មណ៍ខ្លាំង។ ហើយនេះ ជាការសិក្សា ក៏ដូចជាការចាប់យកឱកាសរបស់ហាងកាហ្វេ Brown ដែលបានជ្រើសរើសទីតាំងដ៏ល្អ ដោយគ្មានគូប្រកួតប្រជែងតាំងនៅ ព្រមទាំងចាប់យកឱកាសនោះបានមុនគេ និងធ្វើឱ្យមានភាពប្លែកខុសពីហាងកាហ្វេនានា។

ត្រង់ចំណុចនេះ ចំពោះអ្នកក៏ដូចគ្នា មិនថាអ្នកប្រកបអាជីវកម្មអ្វីនោះទេ អ្នកត្រូវសិក្សាទីតាំងដែលគូប្រជែងរបស់អ្នកតាំងនៅ ហើយអាចស្វែងរកឱកាសថ្មីនៅកន្លែងផ្សេងដោយគ្មានគូប្រជែងរបស់អ្នក ព្រមទាំងធ្វើឱ្យទីតាំងនោះក្លាយជាតំបន់នៃការចងចាំតែមួយគត់របស់អតិថិជនមកលើអាជីវកម្មរបស់អ្នក។ ចូរចងចាំថា កុំព្យាយាមស្វែងរកទីតាំងណាដែលសម្បូរគូប្រជែងច្រើនពេក ពីព្រោះបើអ្នកនៅតូច ឬខ្សោយនៅឡើយ នោះអ្នកនឹងឆាប់ដួលរលំមិនខាន ដូច្នេះត្រូវចេះវិភាគអំពីលទ្ធភាពផ្ទាល់ខ្លួន និងស្វែងរកឱកាសថ្មីៗសម្រាប់អ្នក។

3. ពិចារណាលើអាជីវកម្មជិតៗផ្សេងទៀត

នៅក្នុងចំណុចនេះ សំដៅលើការសិក្សាឈ្វេងបន្ថែមលើអាជីវកម្មផ្សេងទៀតដែលខុសពីអ្នក ប៉ុន្តែអាជីវកម្មទាំងនោះស្ថិតនៅជិតៗកន្លែងដែលអ្នកគ្រោងនឹងដំណើរការអាជីវកម្មរបស់អ្នក។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យអ្នកកាន់តែច្បាស់ថា ប្រសិនបើអ្នកចាប់ផ្ដើមដំណើរការអាជីវកម្មរបស់អ្នកពិតមែន តើអាជីវកម្មផ្សេងៗដែលនៅជិតនោះ វាអាចធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានសក្ដានុពលឬទេ? តើវាជាផ្នែកនៃការទាក់ទាញអតិថិជនគោលដៅរបស់អ្នកឱ្យមកច្រើនកម្រិតណា? ចុះប្រសិនបើអ្នកសហការជាមួយអាជីវកម្មផ្សេងទៀត តើសេដ្ឋកិច្ចនៅទីនោះល្អឬទេ? ឧទាហរណ៍ជាក់ស្ដែង កាហ្វេលើភ្នំនៅខេត្តកែប ជាកន្លែងតូចល្មម ប៉ុន្តែមានមនុស្សទៅទីនោះច្រើន ដោយសារនៅទីនោះមានអាជីវកម្មផ្សេងៗ និងកន្លែងលេងក៏ច្រើន ដូច្នេះមនុស្សឱ្យតែទៅកែប ក៏ឆ្លៀតចូលការហ្វេលើភ្នំនោះមួយម៉ោង ឬពីរម៉ោង ឬក៏ទៅឱ្យបានស្គាល់មួយភ្លែតដែរ ហើយនេះជាឱកាសរបស់កាហ្វេភ្នំនៅកែប តាមរយៈអាជីវកម្មផ្សេងៗទៀតនៅជិតៗនោះ។