Home ហិរញ្ញវត្ថុ តើធ្វើយ៉ាងណាដើម្បីបង្កើតគោលដៅក្នុងការសន្សំលុយឲ្យមានប្រសិទ្ធភាព?

តើធ្វើយ៉ាងណាដើម្បីបង្កើតគោលដៅក្នុងការសន្សំលុយឲ្យមានប្រសិទ្ធភាព?

0
តើធ្វើយ៉ាងណាដើម្បីបង្កើតគោលដៅក្នុងការសន្សំលុយឲ្យមានប្រសិទ្ធភាព?

ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ជាដំបូងគឺអ្នកគួរតែបង្កើតទម្លាប់មួយក្នុងការសន្សំលុយដែលអ្នកមាន និងបង្កើតផែនការក្នុងការចាយវាយប្រចាំថ្ងៃ ដើម្បីតាមដានថាតើរាល់ថ្ងៃនេះ អ្នកបានចំណាយទៅលើអ្វីខ្លះ ហើយតែងតែចាយអស់ប៉ុន្មានក្នុងមួយថ្ងៃជាដើម។ ដូចនេះអ្នកនឹងមានភាពងាយស្រួលក្នុងការដកលុយមួយចំណែក សម្រាប់ធ្វើការសន្សំទុក ទោះបីតិចក៏ដោយច្រើនក៏ដោយ។

១. វាយតម្លៃផ្នែកហិរញ្ញវត្ថុរបស់អ្នក

មុនពេលដែលអ្នកចាប់ផ្ដើមកំណត់គោលដៅនៃការសន្សំ អ្នកត្រូវដឹងអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបច្ចុប្បន្នជាមុនសិនថាតើចំណូល និងចំណាយរបស់អ្នកស្ថិតនៅកម្រិតណា? អាចយិតយោងគ្នាបានដែរឬទេ? និងគិតទៅលើ៖

  • ចំណូលប្រចាំខែ: តើអ្នកទទួលបានប្រាក់ខែប៉ុន្មាន បន្ទាប់ពីកាត់ថ្លៃពន្ធហើយ?
  • ការចំណាយជាប្រចាំ:  តើក្នុងមួយខែអ្នកត្រូវចំណាយអស់ប៉ុន្មានទៅលើថ្លៃទឹក ថ្លៃភ្លើង ថ្លៃសាំង និងគ្រឿងទេសផ្សេងៗ?
  • ការចំណាយផ្សេងទៀត:  តើនៅត្រូវចំណាយទៅលើសម្ភារៈអ្វីផ្សេងទៀតដែរឬទេ? សាកងាកទៅមើលខែចាស់ៗទៅមើលថាតើអ្នកបានចាយទៅលើសម្ភារៈអ្វីខ្លះ? ដូចជា សម្លៀកបំពាក់ ការញ៉ាំអាហារខាងក្រៅ មើលកុន ឬអាហារសម្រន់ផ្សេងៗ…។

បន្ទាប់ពីដឹងខ្ទង់ចំណាយរបស់ខ្លួនអ្នកហើយ សាកល្បងយកប្រាក់ចំណូល ដក ជាមួយនឹងប្រាក់ចំណាយរបស់អ្នកលោហ៍មើល។ ប្រសិនបើចំណូលរបស់អ្នកច្រើនជាងការចំណាយ នោះអ្នកនឹងមានលុយសល់ខ្លះដើម្បីសន្សំបាន ប៉ុន្តែបើការចាយវាយរបស់អ្នកច្រើនលើសលប់ពេក អ្នកគួរតែកាត់បន្ថយការចាយវាយទៅលើសម្ភារៈមិនចាំបាច់ខ្លះ ដើម្បីអាចសល់លុយមួយចំនួនទុកសន្សំខ្លះ។ ដូចនេះបន្ទាប់ពីធ្វើការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នកហើយ អ្នកគួរតែកំណត់គោលដៅថា តើខ្ញុំត្រូវសន្សំលុយប៉ុន្មានក្នុងមួយខែ? ហើយសន្សំដោយវិធីណា? សន្សំតាមកូនជ្រូកឬតាមគណនីសន្សំ?

២. កំណត់គោលដៅ SMART ក្នុងការសន្សំ

ការកំណត់គោលដៅបែប SMART នេះនឹងជួយអ្នកឲ្យអាចសម្រេចបាននូវគោលដៅនៃផែនការសន្សំរបស់អ្នកបាន ហើយយុទ្ធសាស្ត្រ SMART នេះដែរ គឺអាចយកមកអនុវត្តបានទាំងក្នុងគោលដៅជីវិតរបស់អ្នក ទាំងក្នុងអាជីវកម្ម ផែនការហិរញ្ញវត្ថុ និងការងាររបស់អ្នក។

*ដែលគោលដៅ SMART នេះរួមមាន៖

Speacific(ច្បាស់លាស់) ::  អ្នកត្រូវតែកំណត់គោលដៅជាក់លាក់មួយ កុំឲ្យវាមើលទៅទូទៅពេក ឬទូលំទូលាយពេក ព្រោះវាអាចធ្វើឲ្យអ្នកពិបាកក្នុងការវាស់ស្ទង់។

EX:   នៅក្នុងខែនេះ ខ្ញុំនឹងសន្សំលុយឲ្យបាន $200

Measurable (ភាពដែលអាចវាស់វែងបាន) : ដើម្បីឲ្យការសន្សំរបស់អ្នកមានប្រសិទ្ធភាព អ្នកគប្បីកំណត់នូវរយៈពេលណាមួយដែលអ្នកគិតថាអ្នកនឹងអាចសម្រេចវាបាន។

EX:   ខ្ញុំត្រូវតែសន្សំលុយចំនួន $200 នេះក្នុងរយៈពេល១ខែឬ៤សប្ដាហ៍។

Attainable(អាចសម្រេចបាន) : តើអ្នកបានធ្វើទៅតាមគោលការណ៍ដែលអ្នកខ្លួនឯងបានកំណត់ដែរឬអត់? ដែលថាត្រូវតែសន្សំឲ្យបាន $200 ក្នុង១ខែឬ៤សប្ដាហ៍នេះ?

EX:   ខ្ញុំត្រូវតាមដានពីការដាក់សន្សំរបស់ខ្ញុំជារៀងរាល់ខែកុំឲ្យខាន ដើម្បីឲ្យប្រាកដចិត្តថា ខ្ញុំពិតជាបានដាក់លុយចូលទៅក្នុងកូនជ្រូក ឬទៅក្នុងគណនីសន្សំទៅតាមការកំណត់ពិតមែន។

Realistic(ភាពជាក់ស្ដែង) : ប្រាក់សន្សំដែលអ្នកគ្រោងនឹងសន្សំនោះ វាក៏អាស្រ័យទៅលើស្ថានភាពជាក់នៃប្រាក់ចំណូលរបស់អ្នកផងដែរ។

EX:   ខ្ញុំចង់សន្សំលុយចំនួន $200/1ខែ ដូចនេះប្រាក់ខែរបស់ខ្ញុំគួរតែ $400 ឬ $500 ឡើងទើបអាចទប់ជាប់បាន ប៉ុន្តែប្រសិនបើប្រាក់ខែអ្នកបានត្រឹមតែ $250 នោះគោលដៅរបស់អ្នកមិនសមស្របជាមួយនឹងភាពពិតជាក់ស្ដែងរបស់អ្នកទេ។

Time(ពេលវេលា) : អ្នកត្រូវតែដឹងថាពេលណា អ្នកចង់សន្សំ ហើយចង់សន្សំដល់ថ្ងៃណា (ដឹងពីថ្ងៃចាបផ្ដើម និងថ្ងៃបញ្ចប់)។

EX:   ខ្ញុំបានចាប់ផ្ដើមសន្សំនៅដើមខែមករាឆ្នាំ២០២២ និងត្រូវបញ្ចប់នៅដើមខែមករាឆ្នាំ២០២៣វិញ។

៣. បង្កើតជា Spreadsheet ដើម្បីតាមដានពីការចាយវាយប្រចាំថ្ងៃ

ការបង្កើតជាតារាងចំណាយ នឹងជួយតាមដានអំពីសកម្មភាពនៃការចាយវាយប្រចាំថ្ងៃរបស់អ្នក ថាតើថ្ងៃនេះអ្នកបានចំណាយលុយទាំងនោះទៅលើសម្ភារៈអ្វីខ្លះ? ក្នុងមួយថ្ងៃអ្នកទទួលបានចំណូលប៉ុន្មាន និងចាយទៅវិញអស់ប៉ុន្មាន?ជាដើម។

ពេលខ្លះអ្នកចេះតែចាយវាយទៅតាមអារម្មណ៍ នឹកឃើញចង់ទិញរបស់អ្វីក៏ទិញ ទោះបីជាគ្មានតម្រូវការក៏ដោយ ហើយអ្នកក៏មិនសូវជាចាប់អារម្មណ៍គិតថា នៅក្នុងមួយថ្ងៃអ្នកបានចំណាយអស់ប៉ុន្មាននោះដែរ។

នៅពេលដែលអ្នកចាប់ផ្ដើមតាមដានអំពីហិរញ្ញវត្ថុរបស់អ្នក កំណត់ពីការចាយវាយ និងដឹងអំពីការចំណាយក្នុងមួយថ្ងៃៗរបស់អ្នក នោះអ្នកនឹងដឹងថាក្នុងមួយខែៗអ្នកតែងតែចំណាយអស់ប៉ុន្មាន ដើម្បីយកមកប្រៀបធៀបជាមួយនឹងប្រាកខែរបស់អ្នក ថាវាអាចផ្គត់ផ្គង់គ្រប់គ្រាន់ដែរឬទេ?

ដូចនេះ ចាប់ពីថ្ងៃនេះតទៅ អ្នកគប្បីធ្វើឲ្យខ្លួនឯងមានទម្លាប់ល្អក្នុងការចាយវាយ និងចាយវាយទៅលើរបស់ណាដែលត្រូវការនិងមានប្រយោជន៍បានហើយ។

A Person Budgeting Hos Money