ការពិតទៅការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនអ្នក វាមិនមែនជារឿងមួយដែលគ្មានប្រយោជន៍ ឬធ្វើឲ្យអ្នកខាតពេលវេលានោះទេ ប្រសិនបើអ្នករាប់អានចំមនុស្សដែលមានសមត្ថភាព មានចំណេះជំនាញ ចូលចិត្តចែករំលែក និងជាមនុស្សដែលមានការគិតទូលំទូលាយនោះ។ នៅពេលដែលអ្នកស្គាល់មនុស្សជុំវិញខ្លួនបានកាន់តែច្រើន ចំណេះដឺងរបស់អ្នកក៏កាន់តែកើនឡើងផងដែរ ដោយសារតែការគិត និងទស្សនៈរបស់បុគ្គលម្នាក់ៗមានភាពខុសៗពីគ្នា ដូចនេះនៅពេលដែលពួកគេជួបជុំគ្នាពិភាក្សាពីប្រធានបទណាមួយ អ្នកប្រាកដជាអាចទទួលបានពត៌មានច្រើនពីពួកគេសម្រាប់ផ្ទុកនៅក្នុងខួរក្បាលរបស់អ្នក។
យ៉ាងណាមិញថ្ងៃនេះ ពន្លកមាន៤ចំណុចសំខាន់ៗដើម្បីបង្ហាញអ្នកគ្រាន់ជាការគិតពិចារណាបន្តិចបន្តួច ដើម្បីឲ្យអ្នកខ្លួនឯងអាចប្ដូរពីមនុស្សដែលស្អប់ការទំនាក់ទំនងជាមួយនឹងអ្នកដទៃ ប្រែក្លាយទៅជាមនុស្សម្នាក់ដែលមានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួន និងអាចរៀនពីពួកគេបាន៖
១. ផ្ដោតទៅលើការរៀនសូត្រ
អ្នកត្រូវដឹងពីគោលបំណងនៃការបង្កើតទំនាក់ទំនង
មនុស្សមួយចំនួនមិនចូលចិត្តការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃ ក៏ព្រោះតែពួកគេមានគំនិតមួយគិតថា ការទាក់ទងជាមួយនឹងមនុស្សច្រើននឹងធ្វើឲ្យអ្នកខាតពេលវេលា និងឆាប់ធុញទ្រាន់។ ប៉ុន្តែប្រសិនបើអ្នកអាចផ្លាស់ប្ដូរនូវរបៀបនៃការគិតរបស់អ្នកនេះបាន ដោយធ្វើការផ្ដោតទៅលើការរៀនសូត្រពីមនុស្សជុំវិញខ្លួនជាអាទិភាពវិញ នោះអ្នកនឹងឃើញពីសារៈប្រយោជន៍នៃការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃជាមិនខាន ដែលវាគឺជាឱកាសមួយដ៏ល្អសម្រាប់អ្នកក្នុងការរៀនសូត្រ ពោលគឺរៀនពីការគិត ការច្នៃប្រឌិត ចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន (រៀនដើម្បីចៀសវាង)។ ការបង្កើតការទំនាក់ទំនងជាមួយនឹងមនុស្សត្រូវ(មនុស្សដែលមានចំណេះជំនាញ និងសមត្ថភាព) នឹងអាចជួយឲ្យអ្នកទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពីពួកគេជារៀងរាល់ថ្ងៃទៀតផង។ ត្រឹមតែនិយាយ ត្រឹមតែស្ដាប់ ឬត្រឹមតែគិត អ្នកមិនអាចមើលឃើញអំពីសារៈប្រយោជន៍របស់វានោះទេ លុះត្រាណាតែអ្នកបានសាកល្បង។ យកឈ្នះលើខ្លួនឯង យកឈ្នះភាពភ័យខ្លាចនោះឲ្យបាន!
២. កំណត់ពីចំណង់ចំណូលចិត្តរបស់អ្នក
ទោះបីអ្នកជាមនុស្សដែលមិនសូវចេះនិយាយស្ដីក៏ដោយ មិនសូវមានការទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនក៏ដោយ ប៉ុន្តែបើសិនជាអ្នកបានជួបជាមួយនឹងមនុស្សដែលមានបុគ្គលិកលក្ខណៈដូចអ្នក ឬប្រហាក់ប្រហែលគ្នានឹងអ្នក នោះអ្នកប្រាកដជាឃើញខ្លួនឯងថា និយាយច្រើន ដូចមនុស្ស Extrovert អញ្ចឹង។ ដូចនេះប្រសិនបើអ្នកចង់ធ្វើឲ្យខ្លួនឯងមានបណ្ដាញទំនាក់ទំនងច្រើន ជាដំបូងអ្នកគប្បីមើលទៅលើប្រភេទមនុស្សណាដែលមានចំណង់ចំណូលចិត្ត និងចូលចិត្តនិយាយអំពីរឿងដែលមានប្រយោជន៍ដូចគ្នា ពេលនោះសមត្ថភាពនៃការនិយាយនិងការទំនាក់ទំនងរបស់អ្នកនឹងចាប់ផ្ដើមរីកចម្រើនឡើងម្ដងបន្តិចៗជាមិនខាន។
៣. រៀនបើកចិត្តឲ្យទូលាយ និងព្យាយមកម្ចាត់ភាពភ័យខ្លាចរបស់អ្នក
ករណីមួយទៀត មូលហេតុដែលធ្វើឲ្យអ្នកភ័យខ្លាចក្នុងការទំនាក់ទំនងគឺដោយសារតែអ្នកធ្លាប់មានបទពិសោធន៍ត្រូវបានគេបដិសេធមិនទទួលយកគំនិតអ្នកជាញឹកញាប់ ឬអាចមកពីអ្នកគិតថាខ្លួនឯងគ្មានសមត្ថភាពខ្លាំងដូចគេ ខ្លួនឯងមានឋានៈតូចទាបជាងគេ គំនិតយកជាការមិនបាន មិនអាចជួយអ្វីគេបាន ឬមិនមានអ្នកណាចាប់អារម្មណ៍នូវអ្វីដែលអ្នកនិយាយហ្នឹងជាដើម។ ហើយពេលនោះអ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច នៅពេលដែលមានក្រុមមនុស្សណាផ្សេងមកនិយាយជាមួយនឹងអ្នក ឬបបួលអ្នកទៅនិយាយកិច្ចការងារជុំជាគ្នា និងមានអារម្មណ៍ថាលែងចង់ចេញទៅជួបមនុស្សខាងក្រៅទៀត។
ប៉ុន្តែអ្នកមិនត្រូវធ្វើឲ្យខ្លួនឯងបាក់ស្បាតដល់ថ្នាក់ហ្នឹងពេកនោះទេ ព្រោះវាអាចបង្ហាញថាអ្នកគឺជាមនុស្សដែលកំសាក ឆាប់ខ្លាចគេ ឬចាញ់ច្រាបឥទ្ធិពលរបស់គេ។ ដូចនេះអ្នកគួរតែបើកចិត្តឲ្យទូលាយក្នុងការទំនាក់ទំនង ផ្ដល់អ្វីដែលអ្នកអាចផ្ដល់ឲ្យពួកគេ និងទទួលយកនូវអ្វីដែលអ្នកអាចទទួលពីអ្នកដទៃ មិនថាចំណេះដឹង បទពិសោធន៍ល្អឬអាក្រក់ ការរិះគន់ ឬការសរសើរនោះទេ។