អ្នកដឹកនាំខ្លាំងៗ តែងតែជ្រើសរើសនារីខ្លាំង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចរួមដំណើរជាមួយគ្នាបាន ដើម្បីសម្រេចបាននូវកិច្ចការងារធំៗជាច្រើន ដែលមនុស្សធម្មតាពិបាកនឹងសម្រេចបាន។
ដូច្នេះ! តាមការសិក្សា ការសង្កេត និងការបកស្រាយលម្អិតពីក្នុងសៀវភៅ “ស្រី្តដែលនៅពីក្រោយបុរសខ្លាំង” ខាងយើងខ្ញុំ បានសម្រាញ់យកនូវលក្ខណៈសម្បត្តិរួមរបស់ស្រី្តខ្លាំងដែលជាភរិយារបស់អ្នកដឹកនាំខ្លាំងៗទាំងដឹកនាំអាជីវកម្ម និងដឹកនាំប្រទេសជាតិ ហើយលក្ខណៈសម្បត្តិទាំងនោះ រួមមាន៖
1. ចំណេះដឹងខ្ពស់
ស្រ្តីខ្លាំង គឺមិនបោះបង់ការសិក្សាឡើយ ដោយមានការបញ្ចប់ថ្នាក់សិក្សាបានយ៉ាងល្អគ្រប់កម្រិតទៅតាមគោលដៅ ក្ដីស្រមៃរបស់ខ្លួនឯង។ លើសពីនេះ បណ្ដុះឱ្យខ្លួនឯងមានចំណេះ ជំនាញច្បាស់លាស់ មានភាពវៃឆ្លាត និងមានភាពបទបែនខ្ពស់។
“អ្នកដឹកនាំខ្លាំង តែងតែចាប់អារម្មណ៍ស្រី្តដែលមានចំណេះដឹងខ្ពស់ ដើម្បីអាចរួមដំណើរបេសកកម្ម និងអាចសម្រេចបាននូវកិច្ចការធំៗ ”
2. គិតវិជ្ជមាន
ជាមនុស្សស្រី ដែលចូលចិត្តគិតបែបវិជ្ជមាន មានភាពរួសរាយ និងស្រស់ស្រាយជានិច្ច។ លើសពីនេះ ជាមនុស្សស្រីដែលមានដំណោះស្រាយគ្រប់បញ្ហាដែលនៅនឹងចំពោះមុខ ដោយមិនចូលចិត្តលើកយកហេតុផល លើកយកតែបញ្ហា លើកយកតែបញ្ហាដែលអវិជ្ជមាន និងតែងតែគ្មានភាពស្រស់ស្រាយ។
“អ្នកដឹកនាំខ្លាំង តែងតែចាប់អារម្មណ៍ស្រី្តដែលមានគំនិតវិជ្ជមាន ជាមនុស្សមានដំណោះស្រាយ និងស្រស់ស្រាយគ្រប់ពេល ”
3. ម្ចាស់ការលើខ្លួនឯង
ជាមនុស្សស្រី មានម្ចាស់ការលើខ្លួនឯង មិនចូលចិត្តពឹងពាក់លើអ្នកដទៃទាំងស្រុង ដោយមានផែនការជីវិតច្បាស់លាស់ មិនទោរទន់តាមអ្នកដទៃ វៃឆ្លាតក្នុងការសម្រេចចិត្ត មានភាពរឹងមាំ និងមានភាពម៉ត់ចត់។
“អ្នកដឹកនាំខ្លាំង តែងតែចាប់អារម្មណ៍ស្រី្តដែលរឹងមាំ មានភាពជាម្ចាស់ការលើខ្លួនឯង និងអាចសម្រេចបាននូវកិច្ចការងារសំខាន់ៗដោយខ្លួនឯងបាន ”
4. ហ៊ានលះបង់ខ្ពស់
ជាស្រី្តដែលហ៊ានលះបង់គ្រប់យ៉ាង ដើម្បីធ្វើកិច្ចការងារណាដែលមានគុណតម្លៃខ្លាំង និងជាកិច្ចការរួមរបស់ស្វាមី មានន័យថា បើស្វាមីមានទស្សនវិស័យ បេសកកម្ម ក្នុងការធ្វើអ្វីមួយដែលមានសារៈសំខាន់ដល់សង្គមជាតិ និងជាប្រយោជន៍រួមរបស់គ្រួសារ គាត់តែងតែលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលខ្លះលះបង់ពីការងារផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងស្វាមី ក្នុងការសម្រេចបាននូវភាពជោគជ័យ។
5. កសាងភាពរឹងមាំនៅក្នុងគ្រួសារ
ស្រ្តីខ្លាំង តែងតែមានផែនការច្បាស់លាស់ក្នុងការរៀបចំទុកដាក់គ្រួសារឱ្យមានសុភមង្គល មានរបៀបរៀបរយ និងបំពេញតួនាទីជាភរិយា ជាម្ដាយដ៏ល្អនៅក្នុងគ្រួសារ។ ក្នុងន័យនេះ សំដៅលើ ការចេះរៀបចំទុកដាក់កិច្ចការងារក្នុងផ្ទះមានរបៀបរៀបរយ ចេះបង្ហាត់បង្ហាញកូន និងធ្វើជាកម្លាំងចិត្តដ៏ល្អសម្រាប់ស្វាមី។
“អ្នកដឹកនាំខ្លាំង តែងតែចាប់អារម្មណ៍ស្រី្តណាដែលចេះកសាងសុភមង្គល ភាពរុងរឿងនៅក្នុងគ្រួសារ ”
6. ផ្ដល់កិត្តិយសដល់ស្វាមី
ស្រី្តខ្លាំង តែងតែយល់ពីកាលៈទេសៈ មានភាពបទបែន ចេះផ្ដល់តម្លៃ ផ្តល់កិត្តិយស និងចេះលើកតម្លើងស្វាមីជានិច្ច។ ក្ដីសុខរបស់មនុស្សប្រុស គឺនៅពេលមនុស្សស្រីជាទីស្រលាញ់ តែងតែផ្ដល់តម្លៃ ផ្ដល់កិត្តិយស និងលើកតម្លើងខ្លួនទាំងនៅចំពោះមុខគ្រួសារ ចំពោះមុខមិត្តភក្តិ និងនៅចំពោះមុខមហាជនទាំងអស់។
7. ក្លាហាន
ស្រ្តីខ្លាំង ជាមនុស្សដែលក្លាហាន រហ័សរហួន និងតែងតែមានភាពជឿជាក់លើខ្លួនឯងជានិច្ច។
“អ្នកដឹកនាំខ្លាំង តែងតែចាប់អារម្មណ៍ស្រី្តណាដែលចេះជំនះភាពភ័យខ្លាចទាំងឡាយ ដោយចេះបង្កើនភាពជឿជាក់ និងភាពក្លាហានលើខ្លួនឯង ”
8. ចូលចិត្តការងារសប្បុរសធម៌
ជាមនុស្សស្រី ដែលចូលចិត្តជួយអ្នកដទៃ និងកិច្ចការងារសង្គមទាំងឡាយដែលមានប្រយោជន៍ខ្លាំងដល់មនុស្សជាតិ និងប្រទេសជាតិទាំងមូល។