spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងតើលំហូរនៃការធ្វើទីផ្សារមានដំណើរការយ៉ាងដូចម្ត៉េច?

តើលំហូរនៃការធ្វើទីផ្សារមានដំណើរការយ៉ាងដូចម្ត៉េច?

-

នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើប និងកំពុងតែវិវត្តទៅយ៉ាងលឿនគួរឲ្យកត់សម្គាល់នេះ បណ្តារអាជីវកម្មនានាមិនថាតែក្រុមហ៊ុនធនតូចឬមធ្យមនោះទេ ក្រុមហ៊ុនធំៗក៏សុទ្ធតែត្រូវការធ្វើទីផ្សារ ដើម្បីផ្សព្វផ្សាយពីអាជីវកម្ម និងសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនគោលដៅរបស់ខ្លួនផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនផលិតទូរស័ព្ទ និងបច្ចេកវិទ្យាលំដាប់កំពូលពិភពលោក Apple បានចំណាយលុយក្នុងការធ្វើទីផ្សារ និងផ្សព្វផ្សាយរហូតដល់ជាង ១.៨ ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រ SEEDX កាលពីថ្ងៃទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។ ការចំណាយលុយធ្វើទីផ្សារដ៏សម្បើមរបស់ក្រុមហ៊ុន Apple នេះក៏ព្រោះតែមូលហេតុដ៏ធំបំផុតចុងក្រោយមួយនោះគឺ បង្កើនចំនួនការលក់ផលិតផល ក៏ដូចជាតម្លៃទីផ្សារភាគហ៊ុនរបស់ខ្លួន។

តើហេតុអ្វីបានជាបណ្តារក្រុមហ៊ុននានាចំណាយលើការធ្វើទីផ្សារ​ ហើយតើលំហូនៃការធ្វើទីផ្សារមានដំណើរការយ៉ាងដូចម្ត៉េចខ្លះ មុនពេលដែលអតិថិជនសម្រេចចិត្តជាវផលិតផល ឬសេវាកម្មរបស់អ្នក?

ថ្ងៃនេះ គំនិត និងធ្វើការបកស្រាយអំពីលំហូរនៃដំណើរការធ្វើទីផ្សារ ជូនបងប្អូនប្រិយមិត្តយើងដូចតទៅ។

 

១. លំហូរទី១៖ ដំណាក់កាលស្គាល់ (Awareness)

នៅក្នុងដំណាក់កាលទីមួយនេះ លោកអ្នកគួរតែព្យាយាមបង្កើតយុទ្ធសាស្ត្រទីផ្សារណា ដែលអាចឲ្យអតិថិជនស្គាល់ពីផលិតផល ឬសេវាកម្មរបស់អ្នកបានកាន់តែច្រើនកាន់តែប្រសើរ។ លោកអ្នកអាចបង្កើតជាប្រម៉ូសិនពិសេស ការលក់បញ្ចុះតម្លៃ ឬប្រសិនបើលក់អ្នកមានដើមទុនច្រើន លោកអ្នកក៏អាចរៀបចំជាពិធីបើកសម្ពោធជាផ្លូវការគឺរឹតតែប្រសើរ។ សម្រាប់ការផ្សព្វផ្សាយវិញ លោកអ្នកអាចជ្រើសរើសបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គមហ្វ៊េសប៊ុក ក៏ព្រោះតែវាជាបណ្តាញសង្គមដ៏ធំបំផុតមួយដែលប្រជាជនកម្ពុជានិយមប្រើប្រាស់ច្រើនជាងបណ្តាញសង្គមដទៃទៀត គឺស្មើនិង ៩.២ លាននាក់ ក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ នេះបើតាមការដកស្រងទិន្នន័យពីគេហទំព័រ https://datareportal.com/reports/digital-2020-cambodia។

២. លំហូរទី២៖ ដំណាក់កាលចាប់អារម្មណ៍ (Interest)

បន្ទាប់ពីអតិថិជនបានឆ្លងកាត់ដំណាក់កាលស្គាល់ពីផលិតផល ឬសេវាកម្មរបស់លោកអ្នកហើយ ពួកគាត់នឹងឈានចូលលំហូរមួយទៀតនោះគឺដំណាក់កាលចាប់អារម្មណ៍។ ពួកគាត់នឹងព្យាយាមស្វែងរកព័ត៌មានបន្ថែមពីម៉ាកសញ្ញា ក៏ដូចជាផលិតផល ឬសេវាកម្មរបស់លោកអ្នក។ នៅក្នុងដំណាក់កាលនេះ លោកអ្នកគួរតែព្យាយាមបង្ហាញអតិថិជនអ្នក អំពីព័ត៌មានសំខាន់ៗដូចជា ថាតើផលិតផល ឬក៏សេវាកម្មរបស់អ្នកមានកេរ្តិ៍ឈ្មោះយ៉ាងដូចម្ត៉េចដែរ គុណភាពខ្ពស់នៃផលិតផល ឬសេវាកម្មនោះមានកម្រិតណាដែរ ជាពិសេសនោះថាតើតម្លៃនៃផលិតផល ឬសេវាកម្មលោកអ្នកមានតម្លៃសមរម្យអាចទទួលយកបានដែរឬទេ។

៣. លំហូរទី៣៖ ដំណាក់កាលពិចារណា (Consideration)

នៅក្នុងដំណាក់កាលនេះ លោកអ្នកគួរតែព្យាយាមបង្កើនទំនុកចិត្តដល់អតិថិជនគោលដៅរបស់លោកអ្នក ក៏ព្រោះតែក្នុងដំណាក់កាលនេះ អតិថិជនគោលដៅរបស់អ្នកកំពុងតែពិចារណាថាតើពួកគាត់គួរតែជាវផលិតផល ឬសេវាកម្មរបស់លោកអ្នកដែរ ឬទេ។ ពួកគាត់ក៏ប្រហែលជាកំពុងតែធ្វើការប្រៀបធៀបផលិតផល ឬសេវាកម្មរបស់លោកអ្នក ទៅនឹងដៃគូរប្រកួតប្រជែងរបស់លោកអ្នកដែលមានផលិតផល​ ឬសេវាកម្មស្រដៀងគ្នា។ លោកអ្នកគួរតែពង្រីកវិសាលភាពនៃព័ត៌មាននៃអាជីវកម្មរបស់លោកអ្នក ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ឬលោកអ្នកអាចធ្វើជាកម្មវិធីពិសេស ឬលើកឡើងពីចំនុចពិសេសរបស់អាជីវកម្មរបស់លោកអ្នក ដែលដៃគូរប្រកួតប្រជែងរបស់អ្នកមិនមានដូចអ្នក។

៤. លំហូរទី៤៖ ដំណាក់កាលចេតនា (Intent)

ដំណាក់ការចេតនា (intent) បើស្តាប់មើលទៅហាក់បីដូចជាប្លែកណាស់មែនដែរឬទេប្រិយមិត្ត? តាមពិតទៅដំណាក់កាលនេះគឺសំដៅទៅលើដំណាក់កាលដែលអតិថិជនកំពុងតែត្រៀមខ្លួនក្នុងការបញ្ជារទិញផលិតផល ឬសេវាកម្មរបស់លោកអ្នកហើយ។ ពួកគាត់នឹងព្យាយាមសាកសួរព័ត៌មានបន្ថែមពីផលិតផល ឬក៏សេវាកម្មរបស់អ្នក ដើម្បីឲ្យប្រាកដថាវាជាអ្វីដែលពួកគាត់ចង់បាន។ លោកអ្នកគួរតែព្យាយាមផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ និងកុំលាក់លាមទៅកាន់ពួកគាត់ឲ្យសោះ។ តាមបទពិសោធជាក់ស្តែងរបស់ខ្ញុំផ្ទាល់ នៅពេលដែលយើងស្មោះត្រង់ជាមួយអតិថិជនរបស់យើងហើយ នោះ យើងនឹងទទួលបាននូវអតិថិជនដែលស្មោះត្រង់ដូចគ្នា។

៥. លំហូរទី៥. ដំណាក់កាលវិភាគ (Evaluation)

នៅក្នុងដំណាក់កាលវិភាគនេះ អតិថិជននឹងមានសកម្មភាពស្រដៀង ទៅនឹងដំណាក់កាលទីពិចារណាដែរ។ ពោលគឺពួកគាត់នឹងត្រូវសម្រេចចិត្តចុងក្រោយថា តើពួកគាត់ពិតជាត្រូវការផលិតផល ឬសេវាកម្មរបស់អ្នកមែនដែរឬទេ? ហើយតើវាពិតជាអ្វីដែលពួកគាត់កំពុងស្វែងរកមែនដែរឬអត់? ដូច្នេះអ្នកគួរតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៅលើពួកគាត់ តាមរយៈការសួរបញ្ជាក់ ប៉ុន្តែមិនមែនក្នុងលក្ខណៈបង្ខំពួកគាត់នោះទេ។

ឧទាហរណ៍៖

  • សួស្តីបង! តើប្អូនអាចរៀបចំទំនិញជូនបងក្នុងថ្ងៃនេះបានដែរឬទេ?
  • សួស្តីបង! តើប្អូនអាចស្នើរសុំទីតាំងបងមួយបានដែរឬទេ?
  • សួស្តីបង! តើប្អូនអាចស្នើរសុំបញ្ជាក់ការបញ្ជាទិញរបស់បងបានដែរឬទេ?

 

៦. លំហូរទី៦៖ ដំណាក់កាលបញ្ជាទិញ (Purchase)

នៅក្នុងដំណាក់កាលចុងក្រោយនេះ មានរឿងសំខាន់០៣យ៉ាងដែលអ្នកគួរតែចាប់អារម្មណ៍ និងធ្វើ នៅពេលដែលអតិថិជនបានធ្វើការសម្រេចចិត្តជាវផលិតផល ឬសេវាកម្មរបស់អ្នករួច។

  • រឿងសំខាន់ទីមួយនោះគឺការៀបចំផលិតផលឲ្យត្រូវនឹងអ្វីដែលអតិថិជនចង់បាន។​ ប្រាកដណាស់ក្នុងនាមជាអតិថិជន យើងគ្រប់គ្នាពិតជាមិនសប្បាយចិត្តនោះទេប្រសិនបើអ្វីដែលយើងបានធ្វើការបញ្ជាទិញ ជាមួយនឹងទំនិញជាក់ស្តែងមិនដូចគ្នានោះ។
  • ចំណែកឯរឿងសំខាន់ទី២នោះគឺការដឹកជញ្ជូនក៏ជារឿងចម្បងមួយដែលអតិថិជនតែងតែបារម្ភផងដែរ។ ដូច្នេះលោកអ្នកគួរតែព្យាយាមស្វែងរកក្រុមហ៊ុនដឹកជញ្ជូនណាដែលធ្វើការច្បាស់លាស់ និងមានភាពរហ័សរហួនក្នុងការដឹកជញ្ជូនទំនិញទៅឲ្យអតិថិជនរបស់អ្នកប្រកបដោយសុវត្តិភាព។
  • រឿងសំខានទី៣នោះគឺ អ្នកគួរតែមានការធានា ឬសេវាកម្មបន្ថែមបន្ទាប់ពីអតិថិជនបានធ្វើការបញ្ជាទិញរួចរាល់ ព្រោះថាពួកគេនឹងមិនបញ្ឈប់បញ្ជាទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់អ្នកបន្តទៀតនោះទេ ប្រសិនបើអ្នកអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាកក់ក្តៅ និងពេញចិត្ត ទោះបីជាពួកគេបានទទួលនូវអ្វីដែលពួកគេចង់បានហើយក៏ដោយ។ លោកអ្នកក៏អាចរៀបចំជាការសាកសួរព័ត៌មាន ឬស្នើរសុំមតិយោបល់ត្រឡប់អំពីផលិតផល ឬសេវាកម្មរបស់អ្នក ហើយតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ នៅពេលដែលអតិថិជនពេញចិត្តជាមួយនឹងផលិតផល ឬសេវាកម្មរបស់អ្នកហើយនោះ ពួកគេពិតជារីករាយក្នុងការផ្តល់មតិត្រឡប់ជូនមកកាន់លោកអ្នកវិញជាក់ជាពុំខាន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏អាចក្លាយជាមធ្យោបាយក្នុងការផ្សព្វផ្សាយឲ្យអាជីវកម្មរបស់លោកអ្នកផងដែរ តាមរយៈការជជែក និងណែនាំពីមាត់មួយទៅមាត់មួយ (Words of Mouth) ទៅកាន់ក្រុមមនុស្សផ្សេងទៀតដែលពួកគេស្គាល់៕
ខៀក វិទ្យារតនៈ
ខៀក វិទ្យារតនៈhttp://www.kumnit.com%20
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ