ដោយសារតែទីផ្សារការងារនាពេលបច្ចុប្បន្នហាក់មានការប្រកួតប្រជែងខ្លាំង ការជ្រើសរើសបុគ្គលិក ឬក្រុមការងារក៏មានការរឹតបន្តឹង និងចម្រាញ់លម្អិតជាងមុនផងដែរ ពោលគឺមានការវាស់វែងទៅលើ ចំណេះដឹង សមត្ថភាព និងជំនាញជាដើម ដើម្បីមានឱកាស។ កត្តាទាំងអស់នេះហើយទើបធ្វើឲ្យសិស្សនិស្សិតរបស់យើងមួយចំនួន ប្រឹងប្រែងចាប់យកជំនាញសិក្សាច្រើនក្នុងពេលតែមួយ ដោយពួកគាត់យល់ថាការរៀនជំនាញច្រើនអាចជួយឲ្យពួកគាត់ទទួលបានឱកាសការងារបានល្អជាងអ្នកដែលរៀនតែមួយជំនាញ។
ដូច្នេះ តើសិស្សនិស្សិតសកលវិទ្យាល័យ គួរជ្រើសរើសរៀនជំនាញ០២ក្នុងពេលតែមួយដែរឬទេ?
តាមពិតទៅ យើងមិនអាចនិយាយថាការរៀនជំនាញពីរក្នុងពេលតែមួយនោះខុស ឬត្រូវនោះទេ ពីព្រោះចម្លើយមួយណាក៏សុទ្ធតែមានហេតុ និងផលរបស់វារៀងៗខ្លួន។ ជាក់ស្តែងលោកអ្នកត្រូវពិចារណាលើចំនុចមួយចំនួនដូចខាងក្រោម មុនពេលដែលលោកអ្នកសម្រេចចិត្តថាគួររៀនជំនាញច្រើនក្នុងពេលតែមួយដែរឬទេ។
ចំនុចទី១៖ ការបែងចែកពេលវេលា
ជាការពិតណាស់ នៅពេលដែលអ្នកជ្រើសរើសចាប់យកការសិក្សាជំនាញពីរក្នុងពេលតែមួយ អ្នកប្រហែលជាគិតថា អ្នកអាចសន្សំពេលវេលាបានច្រើន ដោយអ្នកអាចទទួលបានសញ្ញាប័ត្រពីរដោយប្រើពេលរៀនសូត្រត្រឹមតែ ០៤ឆ្នាំ ទៅ ០៥ឆ្នាំ តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកប្រហែលជាពុំបាននឹកដល់ពេលវេលា ដែលអ្នកត្រូវចំណាយក្នុងមួយថ្ងៃៗ សម្រាប់តែនៅលើការសិក្សារៀនសូត្រមួយមុខនោះទេ។
ឧទាហរណ៍៖ ប្រសិនបើជាមធ្យមអ្នកត្រូវប្រើពេល ០២ម៉ោង ក្នុងមួយថ្ងៃ ដើម្បីធ្វើស្វ័យសិក្សា និងធ្វើកិច្ចការសាលាសម្រាប់ជំនាញមួយ ដូចនេះអ្នកត្រូវប្រើពេលដយ៉ាងហ៊ោចណាស់ ០៤ទៅ០៦ម៉ោង ដើម្បីបញ្ចប់កិច្ចការសាលា និងការធ្វើស្វ័យសិក្សាសម្រាប់ជំនាញពីរដែលលោកអ្នកកំពុងរៀន។
ចំនុចទី២៖ ភាពច្បាស់លាស់ទៅលើជំនាញនីមួយៗ
អ្នកត្រូវចាំថា នៅពេលដែលរៀននៅសកលវិទ្យាល័យ វាមានភាពខុសគ្នាខ្លាំងពីការរៀននៅវិទ្យាល័យ ឬថ្នាក់កម្រិតក្រោម ពីព្រោះក្រៅពីកិច្ចការសាលា អ្នកក៏ត្រូវធ្វើការងារជាក្រុម ការងារស្រាវជ្រាវ ឬការងារជាគម្រោងផ្សេងៗ។ ដូច្នេះអ្នកប្រាកដជាត្រូវចំណាយពេលវេលាច្រើនទៅលើការងារទាំងអស់នោះ ដើម្បីទទួលបានចំនេះដឹង និងជំនាញពិតប្រាកដ។ ប៉ុន្តែបើអ្នកជ្រើសរើសការសិក្សាជំនាញពីរក្នុងពេលតែមួយនោះ អ្នកត្រូវបែងចែកពេលវេលា យកទៅបំពេញកិច្ចការសម្រាប់ការសិក្សារបស់អ្នកនៅជំនាញពីរនោះផងដែរ ដែលជាហេតុធ្វើឲ្យអ្នកប្រហែលជាពិបាកក្នុងការចាប់ជំនាញណាមួយឲ្យបានពិតប្រាកដណាស់។ លើសពីនេះទៅទៀត នៅតាមស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន ពុំសូវគិតពីថាតើអ្នកមានសញ្ញាប័ត្រប៉ុន្មាននោះទេ ដោយគេឲ្យតម្លៃទៅសមត្ថភាពពិតច្រើនជាង ព្រោះសញ្ញាប័ត្រមិនអាចបញ្ជាក់ថាអ្នកពូកែ ឬមិនពូកែនោះទេ ដូច្នេះបានជាមុនពេលដែលស្ថាប័នទាំងនោះជ្រើសរើសអ្នកជាបុគ្គលិកពេញសិទ្ធ ពួកគេតម្រូវឲ្យអ្នកឆ្លងកាត់វគ្គបណ្តុះបណ្តាល ឬវគ្គហាត់ការជាមុនសិន។ យ៉ាងណាមិញ ការនិយាយបែបនេះមិនមែនបានន័យថា រៀនជំនាញពីរពុំមានប្រយោជន៍នោះទេ ប៉ុន្តែជាក់ស្តែងវាត្រូវបានគេចាត់ទុកថាជារបស់បន្ថែម ឬបង្គ្រប់ទៅវិញទេ ប្រសិនបើអ្នកមានសញ្ញាប័ត្របញ្ជាក់ពីជំនាញពីរនោះគឺពិតជាល្អ ប៉ុន្តែបើមានត្រឹមតែមួយក៏ពុំមានបញ្ហាអ្វីដែរ។
ចំនុចទី៣៖ បញ្ហាប្រឈម និងជម្ងឺផ្សេងៗ
បញ្ហាប្រឈម និងជម្ងឺផ្សេងៗ ក៏ជាកត្តាសំខាន់មួយដែលអ្នកគួរតែពិចារណាផងដែរ មុនពេលសម្រេចចិត្តថាគួររៀនជំនាញពីរក្នុងពេលតែមួយឬអត់។ យើងគ្រប់គ្នាបានដឹងរួចមកហើយថា សុខភាពគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតយើងម្នាក់ៗ ពីព្រោះបើសុខភាពទ្រុឌទ្រោមហើយ អ្នកក៏មិនអាចយកពេលវេលាទៅធ្វើរឿងផ្សេងទៀតបានដែរ។ ដូច្នេះអ្នកត្រូវដឹងពីបញ្ហាប្រឈម និងជម្ងឺផ្សេងៗ ដូចជាជម្ងឺស្ត្រេស (stress) ឬការចុះខ្សោយនៃបញ្ញាស្មារតីជាដើម ព្រោះអ្នកត្រូវគិតរឿងច្រើនក្នុងពេលតែមួយ បញ្ហាដំណេកមិនទៀងទាត់ និងបញ្ហាអស់កម្លាំងល្ហិតល្ហៃផងនោះ ដែលអាចនឹងកើតមានឡើងនៅពេលដែលលោកអ្នកជ្រើសរើសរៀនជំនាញពីរក្នុងពេលតែមួយ។ ដូច្នេះសូមគិតគូរពិចារណាឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕