ការអានសៀវភៅពិតជាមានសារៈសំខាន់ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់អ្នកដែលចូលចិត្តអានវា ព្រោះថានៅក្នុងសកលភាវូបនីយកម្មនេះ វាចាំបាច់ទាមទារឲ្យបុគ្គលម្នាក់ៗ ពិសេសអ្នកដែលមានមុខរបរជាអ្នកជំនួញ ម្ចាស់អាជីវកម្ម និងសហគ្រិនជាដើមរៀនសូត្រពីចំនេះដឹងថ្មីៗ ដែលអាចជម្រុញដល់ការរកស៊ីរបស់ខ្លួន។ ជាការពិតណាស់ រាល់របស់របរនានាដែលមនុស្សបានបង្កើត សុទ្ធសឹងតែកើតចេញពីចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ដែលមួយភាគធំបានមកពីការអាននេះឯង។ ថ្ងៃនេះ គំនិត សូមនាំលោកអ្នកមកស្វែងយល់ពីអត្ថប្រយោជន៍ផ្សេងៗទៀតនៃការអានសៀវភៅ៖
១. ការអានជួយឲ្យយើងគិតបានវែងឆ្ងាយ
ការអានអាចជួយបំផុសគំនិតរបស់អ្នកដែលអានសៀវភៅ ឲ្យគិតបានវែងឆ្ងាយ និងចេះវិភាគរកហេតុផលបានល្អជាងអ្នកដែលមិនអានសៀវភៅ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅព្រមទាំងបានជួយដល់ការប្រើប្រាស់ភាសារបស់យើង ឲ្យសមស្របនៅក្នុងការទំនាក់ទំនងជាមួយបុគ្គលដែលមានឋានៈ តួនាទី និងវ័យផ្សេងគ្នាផងដែរ។
២. ការអានជាដំណោះស្រាយចំពោះបញ្ហាយ៉ាងមានប្រសិទ្ធភាព
ការអានអាចជួយឲ្យអ្នកដោះស្រាយបញ្ហានានាប្រកបដោយប្រសិទ្ធភាព ដោយអ្នកនិពន្ធសៀវភៅភាគច្រើនបានបញ្ជូលនូវបញ្ហានានាដែលខ្លួនគេផ្ទាល់បានជួបប្រទះ និងវិធីសាស្ត្រនានាដែលបានជួយឲ្យពួកគេដោះស្រាយបញ្ហាទាំងនោះ។ ជាពិសេស សៀវភៅដែលទាក់ទងនឹងការធ្វើអាជីវកម្ម ដែលសហគ្រិនតូចធំភាគច្រើនតែងទទួលបាននូវចំណេះដឹងក្នុងការដោះស្រាយបញ្ហាដែលពួកគេកំពុងជួបប្រទះកំឡុងពេលប្រកបអាជីវកម្ម។ លើសពីនេះទៅទៀត បុគ្គលជោគជ័យភាគច្រើនមិនមើលតែភាពជោគជ័យនោះទេ ហើយពួកគេក៏ពុំដែលបោះបង់ឳកាសបរាជ័យនោះដែរ។ ជាក់ស្តែងលោក ជេកម៉ាធ្លាប់មានប្រសាសន៍ថា៖ “អ្នកណាក៏មានកំហុសដែរ ប៉ុន្តែអ្វីដែលសំខាន់តើយើងគួររៀន និងកែកំហុសនោះដោយរបៀបណា”។
៣. ការអានជួយឲ្យអ្នកជោគជ័យក្នុងជីវិត
ការអានអាចជួយឲ្យអ្នកមានឳកាសជោគជ័យក្នុងជីវិតច្រើនជាងបុគ្គលទូទៅធម្មតា ក៏ព្រោះតែការអានសៀវភៅបានចូលរួមចំណែកក្នុងការបណ្តុះគំនិតអ្នកអានទៅលើចំណេះដឹង វិជ្ជាជីវៈ មុខរបរ និងជំនាញថ្មីៗមានប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែងបុគ្គលជោគជ័យជាច្រើនក្នុងពិភពលោកដូចជាលោក Bill Gates, Elon Musk, Jack Ma, Mark Zuckerberg ជាដើម តែងតែលើកពីប្រយោជន៍នៃការអាន ដែលជំរុញឲ្យពួកគាត់ទទួលបានជោគជ័យដូចសព្វថ្ងៃ។
៤. ការអានក៏ជាការកំសាន្តផងដែរ
សៀវភៅក៏អាចប្រើជាការអានកំសាន្តនៅពេលទំនេរ លំហែអារម្មណ៍ បន្លប់ទុក្ខកង្វល់នៅក្នុងចិត្តបានផងដែរ ក៏ព្រោះសៀវភៅភាគច្រើនបានរួមបញ្ជូលនូវស្នាដៃសិល្បៈ ដោយមានទាំងអត្ថន័យ អត្ថរស អត្ថរូប ដែលជួយបំពេរអារម្មណ៍អ្នកអាន ឲ្យលន្លង់លន្លោចទៅតាមស្នាដៃរបស់អ្នកនិពន្ធ។ លើសពីនេះទៅទៀត សៀវភៅក៏អាចបង្កើនចំណេះដឹងអ្នកអានយ៉ាងទូលំទូលាយ ចម្រើនសតិប្រាជ្ញា ឲ្យដឹងច្បាស់ អំពី អ្វីល្អី អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និងសីលធម៌ បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្តស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ក្នុងការនិយាយ និងការសរសេរឲ្យបានកាន់តែល្អមួយកម្រិតថែមទៀត។
ខាងក្រោមនេះគឺជា សម្តីដកស្រង់ចេញពីបុគ្គលជោគជ័យល្បីៗនៅជុំវិញពិភពលោក៖
១. ប្រធានាធិបតីទី៣៣ របស់សហរដ្ឋអាមេរិក លោក Harry Truman ធ្លាប់មានប្រសាសន៍ថា៖ “មិនមែនឲ្យតែអ្នកអានគឺសុទ្ធតែក្លាយជាអ្នកដឹកនាំនោះទេ តែអ្នកដឹកនាំទាំងអស់គឺសុទ្ធតែជាអ្នកអាន”។
២. មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុនយក្ស SpaceX លោក Elon Musk បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន័៍មួយ នៅពេលដែលគេចោទសួរថា តើគាត់រៀនបង្កើតយានអាវកាសបានដោយរបៀបណា លោកក៏បានតបយ៉ាងខ្លីវិញថា៖ “ខ្ញុំអានសៀវភៅ”។
៣. ប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក លោក Barack Obama ធ្លាប់មានប្រសាសន៍ថា៖ “ការអានគឺពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកយល់ពីរបៀបនៃការអាន នោះពិភពលោកទាំងមូល នឹងបើកទូលាយសម្រាប់អ្នក”។
៤. មហាសេដ្ឋីលេខរៀងទី០២ ពិភពលោក គឺលោក Bill Gates តែងលើកឡើងពីសារៈប្រយោជន៍នៃការអានថា៖ “ការអានគឺជាវិធីសាស្ត្រដ៏សំខាន់មួយ ដែលខ្ញុំអាចរៀនពីចំណេះដឹងថ្មីៗ និងធ្វើតេស្តសម្ថភាពនៃការយល់របស់ខ្ញុំ”។