ផែនដីយើងនេះ មិនត្រឹមតែវិលជុំវិញព្រះអាទិត្យនោះទេ តែថែមទាំងវិលជុំវិញអ័ក្ស(axis)ខ្លួនឯងទៀតផង។ តាមពិតទៅ អ័ក្សរបស់ផែនដីមានសភាពទ្រេត ឬផ្អៀង ដែលធ្វើឲ្យ ប៉ូលទាំងពីររបស់ភពនេះមិនប្រឈមមុខនឹងព្រះអាទិត្យដោយផ្ទាល់នោះទេ។ ដោយសារតែអ័ក្សនេះមានសភាពផ្អៀងនេះហើយ ដែលជាមួលហេតុធ្វើឥឲ្យភពផែនដីមានបរិយាកាស និងអាកាសធាតុប្រែប្រួលទៅតាមរដូវកាល។ ដូច្នេះ ថ្ងៃនេះ »គំនិត» នឹងលើកយកប្រធានបទទាក់ទងនឹងអាកាសធាតុនៅលើផែនដីយើងនេះមកចែកជូនប្រិយមិត្តអ្នកអាន។
ពន្លឺព្រះអាទិត្យបានជះទៅលើជ្រុងផ្សេងៗគ្នានៃផ្ទៃផែនដីក្នុងកម្រិតមិនស្មើគ្នា ដែលធ្វើឲ្យ បរិមាណកម្តៅនៃតំបន់នីមួយខុសគ្នាទៅតាមនោះដែរ។ មូលហេតុនេះហើយ ដែលធ្វើអោយតំបន់ខ្លះមានអាកាសធាតុក្តៅខ្លាំង រីឯតំបន់ខ្លះទៀតមានសីតុណ្ហភាពត្រជាក់ ដែលបង្កើតបានជារដូវផ្សេងៗគ្នា។ នៅក្នុងតំបន់ខ្លះ និងតំបន់ប៉ូលមានរដូវ៤ប្រភេទខុសៗគ្នា ពោលគឺរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ រីឯនៅតំបន់ត្រូពិចដូចជាប្រទេសកម្ពុជាយើង និងអនុតំបន់ត្រូពិចខ្លះ មានរដូវ២ គឺរដូវភ្លៀង និងរដូវប្រាំង ខណៈដែលតំបន់ខ្លះនៃតំបន់ត្រូពិចមានរដូវក្តៅ រដូវភ្លៀង និងរដូវរងារ។
មានកត្តាជាច្រើនដែលជះឥទ្ធិពលទៅលើសីតុណ្ហភាពរបស់ផ្ទៃផែនដី។ កត្តាទាំងនោះមានដូចជា ភ្លៀង ខ្យល់ ពពក និងសំពាធបរិយាកាស។ ខ្យល់បក់គឺកកើតឡើងដោយសារតែកម្តៅមិនស្មើគ្នាដែលមាននៅលើផ្ទៃផែនដី។ នៅពេលដែលខ្យល់នៅកន្លែងជាក់លាក់ណាមួយប្រែទៅជាក្តៅនិងស្រាលនោះ វានឹងអណ្តែតឡើងទៅលើអាកាស រីឯខ្យល់ដែលមានទម្ងន់ធ្ងន់ជាង ដែលមកពីកន្លែងផ្សេងនឹងធ្លាក់ចុះក្រោមហើយស្ថិតនៅត្រង់កន្លែងខ្យល់ក្តៅដែលទើបតែអណ្តែតឡើង។ សំពាធបរិយាកាសក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់ចលនាខ្យល់ផងដែរ ពោលគឺទិសដៅខ្យល់គឺបក់ពីកន្លែងដែលមានសំពាធខ្ពស់ ទៅកន្លែងដែលមានសំពាធទាប។ ភាពខុសគ្នារវាងសំពាធនៃទីកន្លែងពីរផ្សេងគ្នា អាចអោយយើងគណនារកល្បឿនខ្យល់បក់បាន។ នៅពេលដែលគម្លាតសំពាធមានកម្រិតទាប យើងនឹងទទួលអារម្មណ៍ថាមានខ្យល់បក់រំភើយៗ តែប្រសិនបើវាមានគម្លាតធំវិញនោះ វានឹងបង្កើតបានជាព្យុះ។ ប្រសិនបើខ្យល់បក់រសាត់នៅលើផ្ទៃទឹកដែលមានទំហំធំដូចជាសមុទ្រនោះ វានឹងនាំមកជាមួយនូវសំណើម ពពក នឹងទឹកភ្លៀងមកជាមួយ។ ក្រៅពីនេះ នៅមានកត្តាផ្សេងៗទៀតដែលជះឥទ្ធិពលដល់អាកាសធាតុ ដូចជាចរន្តនៃទឹកសមុទ្រ ដែលបង្កើតឡើងដោយរង្វិលជុំនៃផែនដី។
បច្ចុប្បន្ននេះ អាកាសធាតុនៅតំបន់អង់តាកតិចមានសីតុណ្ហភាពទាបជាងគេ ពោលគឺជាតំបន់ដែលត្រជាក់ជាងគេនៅក្នុងពិភពលោកយើងនេះ។ ស្ទើរតែទាំងអស់នៃតំបន់នេះគឺគ្របដណ្តប់ដោយផ្ទាំងទឹកកកដែលមានកម្រាស់រហូតដល់ទៅ២,៥គីឡូម៉ែត្រ។ សីតុណ្ហភាពដែលទាបបំផុតដែលបានកត់ត្រាទុកគឺ-៨៩អង្សាសេ។
ដកស្រង់នឹងប្រែសម្រួលពី៖ សៀវភៅ The Great Book of Questions and Answer បោះពុម្ភឆ្នាំ២០០៧។