តើ​អ្វី​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ម៉ាក​សញ្ញា​(Brand Ambassador)?

1330

ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​គឺ​​ជា​​មនុស្ស​​ម្នាក់​​ដែល​​ផ្សព្វ​​ផ្សាយ​​ពី​​ផលិត​​ផល​​​និង​​សេវា​កម្ម​​របស់​​អាជីវកម្ម​​ធុន​​តូច​​។​ ពួក​​គេ​​បង្កើន​​ការ​​លក់​របស់​​អាជីវកម្ម​​ធុន​​តូច​​ដោយ​​ការ​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​អំពី​​ម៉ាក​​សញ្ញា​​នៃ​​អាជីវកម្ម​​នោះ​។​ ពួក​​គេ​​អាច​​ជា​​មនុស្ស​​ដែល​​អ្នក​​ជួល​​ពី​​ខាង​​ក្រៅ​​​មក​ បុគ្គលិក​​​​ឬ​​អ្នក​​ដែល​​មក​​ធ្វើ​​ការ​ស្មគ្រ័​​ចិត្ត​​ជា​ដើម​។​​

  • តើ​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​មាន​ប៉ុន្មាន​ប្រភេទ​?​

ឯក​​អគ្គរាជ​​ទូត​​នៃ​​​ម៉ាក​​សញ្ញា​​មាន​​ជា​​ច្រើន​​ប្រភេទ​​ផ្សេង​ៗ​​គ្នា​​ដែល​​អ្នក​​អាច​​ជ្រើស​រើស​​បាន​។​ មាន​ម្ចាស់​​​អាជីវកម្ម​​ធុន​​តូច​មួយ​​ចំនួន​​​​ជ្រើស​​រើស​​ធ្វើ​​ជា​​ឯក​​អគ្គរាជ​​ទូត​​នៃ​ម៉ាក​​សញ្ញា​​របស់​​គេ​​ដោយ​​ខ្លួន​​ឯង​​និង​​ខ្លះ​​ទៀត​​ជួល​​អ្នក​​ដែល​​មាន​របៀប​​វិជ្ជា​​ជីវៈ​​ស្រាប់​មក​។

  • តើ​ឯក​​អគ្គ​រាជ​​ទូត​​ធ្វើ​​អ្វី​​ឲ្យ​​ពិត​ប្រាកដ​​?

បើ​​យើង​​មើល​ទៅ​​ការងារ​​របស់​​ឯក​​អគ្គ​រាជ​​ទូត​​នៃ​​ម៉ាក​​សញ្ញា​ឃើញ​​ថា​​ងាយ​​ស្រួល​​ ប៉ុន្តែ​​ការងារ​នោះ​​ច្រើន​​ជាង​​អ្វី​​ដែល​​យើង​​មើល​​ឃើញ​​ទៅ​​ទៀត​​។​ បើ​​ទោះ​​បី​​ជា​​ឯក​​អគ្គ​រាជ​ទូត​​​ត្រូវ​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​ឬ​​មិន​​បង់​​ប្រាក់​​ក្តី​​ ​ការ​ងារ​​របស់​ពួក​​គេ​គឺ​ត្រូវ​​ធ្វើ​​ឲ្យ​​អតិថិជន​​មើល​​មក​​ក្រុម​ហ៊ុន​​ថា​ល្អ​។ ជា​​ពិសេស​​អ្នក​​ដែល​​បាន​​ជួល​​មក​​ដោយ​​បង់​​ប្រាក់​​​មាន​​ទំនួល​​ខុស​​ត្រូវ​​ផ្សេង​ៗ​​ទៀត​​ផង​​ដែរ។ ឧទាហរណ៍​៖ ជា​​ញឹក​ញប់​​ពួក​​គេ​​ត្រូវ​​ទទួល​​​ខុស​ត្រូវ​​​ក្នុង​​​ការ​អភិវឌ្ឍន៍​​​គំនិត​​ទីផ្សារ​ និង​​ធ្វើ​​ការ​​ប្រមូល​​ផ្តុំ​​នូវ​​ការ​​ឆ្លើយ​​តប​​ណា​​ដែល​​មាន​​ប្រយោជន៍​​​ពី​​​អតិថិជន​​។ ពួក​​គេ​​គឺ​​ដូច​​ជា​​បុគ្គលិក​​ដែរ​​ហើយ​​និង​​​ត្រូវ​​ចូល​​រួម​​ការ​​ប្រជុំ​​ទៀត​​ផង​។

ឯក​​អគ្គរាជ​ទូត​​មួយ​​ចំនួន​​​ផុស​​ពី​​ផលិត​​ផល​​និង​​សេវាកម្ម​​របស់​​អ្នក​​។ អ្នក​​ខ្លះ​​ទៀត​​ចូល​​រួម​កម្ម​វិធី​​ផ្សេង​ៗ​​ដើម្បី​​ផ្សព្វ​ផ្សាយ​​ពី​​ផលិត​​ផល​​របស់​​អ្នក​។

ត្រូវ​​​ចាំ​​​ទុក​​​ក្នុង​​​ចិត្ត​​ថា​​​ឯក​​​អគ្គរាជ​​​ទូត​​​ដែល​​​ល្អ​​​នឹង​​អាច​​មាន​​​​ប្រយោជន៍​​​ទៅ​​កាន់​​​ទី​​ផ្សារ​​​គោលដៅ​​​ជាក់​​លាក់​​ណា​​មួយ​​តែ​​ប៉ុណ្ណោះ​​។ មាន​​ក្រុមហ៊ុន​មួយ​​ចំនួន​​បាន​បង្កើត​​កំហុស​​ឆ្គង​​ដោយ​​ព្យាយាម​​ជ្រើស​​រើស​ឯក​​អគ្គ​​រាជ​​ទូត​​ដែល​​​​អាច​មាន​​ប្រយោជន៍​​ចំពោះ​​មនុស្ស​​ជា​​ច្រើន​​តាម​​ដែល​​អាច​​ទៅ​​រួច​​។ នៅ​​ទី​​បំផុត​​ ពួក​គេធ្វើឲ្យអាជីវកម្មបរាជ័យពីព្រោះគេមិនបានផ្តោតទៅលើមនុស្សមួយក្រុមណាឲ្យជាក់លាក់នោះទេ។

  • តើ​អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​ឯក​អគ្គ​រាជទូត​នៃ​ម៉ាក​សញ្ញា​របស់​គេ​បាន​នៅ​កន្លែងណា​?

អាជីវកម្ម​ធុន​តូច​អាច​ស្វែង​រក​​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​របស់​គេបាន​នៅកន្លែង​ជា​ច្រើន​។ ពួក​គេ​អាចប្រើ​ប្រាស់​សិស្ស​និស្សិត​​ និង​ទំនាក់​ទំនង​របស់​គេ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​និង​សេវាកម្ម​ បើ​​សិន​ជា​ផលិត​ផល​របស់​គេ​សម្រាប់​អ្នក​ដែល​មាន​វ័យ​នេះ​។ អាជីវកម្ម​ធុន​តូច​ក៏​​អាច​ប្រើ​បា្រស់​ពួកអ្នកសរសេរblog និង​អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្នែក​ឌីជីថល​ដូចជាពួក​អ្នក​ជំនាញ​ខាង​ទី​ផ្សារ​។ ម៉ាក​សញ្ញា​ក៏​អាច​ប្រើ​ប្រាស់​មនុស្ស​​ល្បី​​ៗដែល​មាន​អ្នក​តាម​ដានគាត់​ជា​ច្រើន​នៅលើបណ្តាញសង្គមមក​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​​ តែ​ឯក​អគ្គ​រាជទូត​ប្រភេទ​នេះ​ភាគ​ច្រើន​សម្រាប់​តែ​ក្រុម​ហ៊ុន​ធំ​ៗ​តែ​ប៉ុណ្ណោះ​ព្រោះ​មាន​តម្លៃ​ថ្លៃ​​។ ក្រុមហ៊ុន​ក៏​អាច​ធ្វើ​ការ​ជួល​នូវ​ឯក​អគ្គរាជទូត​នៃ​ម៉ាក​សញ្ញា​ដូច​ជា​បុគ្គលិក​ធម្មតា​ផង​ដែរ​​។ សរុប​មក​ ម្ចាស់​អាជីវកម្ម​ធុន​តូច​គួរ​តែ​ជ្រើស​រើស​អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្នែក​ទី​ផ្សារ​ណា​ដែលមិន​ចាំ​បាច់​ចំណាយ​ច្រើន​ ហើយ​​អាច​មានសក្តានុពល​ទៅ​កាន់​អតិថិជន​គោលដៅ​។​

  • តើ​អាជីវកម្ម​ធុន​តូច​គួរ​វាស់​ស្ទង់​ប្រសិទ្ធិ​ភាព​របស់​ឯក​អគ្គ​រាជទូត​នៃ​ម៉ាក​សញ្ញា​យ៉ាង​ដូច​ម្តេច​?

ការ​វាស់​ស្ទង់​ប្រសិទ្ធិ​ភាព​របស់​ឯក​អគ្គ​រាជ​ទូត​នៃ​ម៉ាក​សញ្ញា​គឺ​ដូច​ជា​ការ​វាស់​ស្ទង់​នូវ​គន្លឹះ​មួយ​ចំនួន​ដែរ​។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ចំនួន​​​​មនុស្ស​ដែល​ចូល​មក​មើល​ផុស​របស់​គេ​នោះ​​ប៉ុន្មាន​ និងការ​ចូល​រួម​ជា​មួយ​នឹង​មាតិ​កា​(content)ដែល​គេ​បាន​ផុស​នោះ​។​

មួយ​ទៀត​គឺ​ត្រូវ​មើល​ទៅ​លើ​ភាព​ខុស​គ្នានៃ​ចំនួន​ក្នុង​​ការ​លក់​មុន​ពេលនិង​ក្រោយ​​ពេល​ដែល​បាន​ជួល​ឯក​អគ្គ​រាជទូត​មក​និង​ត្រូវ​កំណត់​ថា​ការ​លក់​ទាំង​នោះ​វា​ត្រូវ​នឹងគោល​ដៅ​​ទី​ផ្សារ​ដែល​បាន​កំណត់​ចំពោះ​ឯក​អគ្គរាជ​ទូត​នៃ​ម៉ាក​សញ្ញា​។

  • តើ​អ្នកនឹង​ទទួល​បាន​សារៈប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ជួល​ឯក​អគ្គរាជទូត​នៃ​ម៉ាក​សញ្ញា​មក​?

នៅ​ពេល​ដែល​អ្នក​ជ្រើសរើស​មនុស្ស​ដែល​ត្រូវ​នឹង​ការងារ​នោះ គេ​នឹង​នាំ​មកនូវ​ការតាម​ដាន​ពី​ប្រព័ន្ធផ្សព្វផ្សាយនិងកេរ្តិ៍ឈ្មោះរបស់​អ្នក​ឲ្យ​ល្អ​​ជាក់​ជា​មិន​ខានឡើយ។ គេ​បាន​ផ្សព្វ​ផ្សាយ​ពី​ផលិតផល​និងសេវា​កម្ម​របស់​អ្នក​តាមរយៈ​អនឡាញ​និងជួយ​ឲ្យ​ការ​លក់​របស់​អ្នក​កើនឡើង​។

  • តើ​អាច​នឹង​មាន​ផល​អវិជ្ជ​មាន​អ្វី​ខ្លះ​?

វា​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ពួក​​គេ។ ប្រសិន​បើ​គេ​មិន​មែន​ជា​បុគ្គលិក​របស់​អ្នក​នោះ​ទេ​ ពួក​អាជីវកម្ម​ធុន​តូចនឹង​​មិន​មាន​សិទ្ធិ​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​គ្រប់​គ្រង​ពួក​គេ​ទេ។ ដូច្នោះ​ហើយ​អ្នក​គួរ​ត្រូវ​រក​មនុស្ស​ណា​ដែល​អាច​ទុក​ចិត្ត​និងគ្រប់​គ្រង​បាន។​

  • ពួក​គេ​អាច​នឹង​ល្បី​ជាង​ផលិត​ផល​របស់​អ្នក​

ឯកអគ្គរដ្ឋទូត​ដែល​ល្បី​ល្បាញ​មា្នក់​ឬអ្នក​ដែលមានគេ​តាម​ដាន​ច្រើន​នៅតាម​ប្រព័ន្ធ​អនឡាញ​ក៏​អាច​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ផលិត​ផល​របស់​អ្នក​ចុះ​អន់​ថយ​ដែរ។ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​ពួក​គេ​មាន​រឿង​អាស្រូវ​មិន​ល្អ។

ប្រភព៖ https://smallbiztrends.com

 

Previous article៦វិធីសាស្ត្រដែលជួយគ្រប់គ្រងភាពខ្វះខាតបុគ្គលិក
Next articleយុទ្ធសាស្ត្រ​ទាំង​៤​ដែល​អាច​ជួយទាក់ទាញ​អតិថិជន​​
វង្ស​ ​ស្រី​ឡែន​​មាន​​តួ​​នាទី​​ផ្នែក​​ Media Communication ​​នៅ​​គំនិត​​ដែល​​ផ្តោត​​ទៅ​លើ​​ការ​​បង្កើត​​មាតិកា​​ធុរ​​កិច្ច​​ ​សហ​គ្រិន​​ ​យុទ្ធសាស្ត្រ​​អាជីវកម្ម​​សម័យ​​ទំនើប​​ ​ព្រម​​​ទាំង​​ធ្វើ​​ករណី​​សិក្សា​​ទៅ​​លើ​​អាជីវកម្ម​​ក្នុង​​ស្រុក​​។ ​គាត់​​ជា​​និស្សិត​​ដែល​​កំពុង​​សិក្សា​​ថ្នាក់​​បរិញ្ញាប័ត្រ​​នៅ​​វិទ្យាស្ថាន​​ជាតិ​​ប្រៃសណីយ៍​​ ​ទូរគមនាគមន៍​​ បច្ចេកវិទ្យា​​គមនាគមន៍​ ​​និង​​ព័ត៌មាន​ ផ្នែក​​ពាណិជ្ចកម្ម​​អេឡិច​​ត្រូ​និច​។ ​ក្រៅ​​ពី​​ការ​​សិក្សា​​រៀន​​សូត្រ​​នៅ​​ក្នុង​​​សាលា​​ គាត់​​ក៏​​បាន​​ចូល​​រួម​​សិក្ខា​​សាលា​​និង​​វគ្គ​​បណ្តុះ​​បណ្តាល​​ផ្សេងៗ​​ដូច​ជា​​ ​ការ​​ធ្វើ​​ទី​​ផ្សារ​​សម័យ​​ទំនើប​​ ​ជំនាញ​​ទន់​​និង​​ថែម​​ទាំង​​បាន​​ធ្វើ​ការ​​ស្ម័គ្រ​​ចិត្ត​​ក្នុង​​សកម្មភាព​​សង្គម​​ផង​​ដែរ​។