spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារតើ Ponds កំពុងតែដើរខុសគោលដៅមែនដែរឬទេ?

តើ Ponds កំពុងតែដើរខុសគោលដៅមែនដែរឬទេ?

-

កាល​ពី​ប្រហែល​មួយ​ឆ្នាំ​មុន ក្រុមហ៊ុន​ ​Ponds Cambodia​ បាន​បង្កើត​កម្ម​វិធី​មួយ ​ដែលមាន​ឈ្មោះ​ថា​ High School Love ។​ ​កម្មវិធី​នេះគឺ​ជា​កម្ម​វិធី​វិដេអូរឿងភាគបែប​យុវវ័យ​​ ដែល​ផ្តោត​លើ​សិស្ស​វិទ្យាល័យ​ ដែល​ប្រឈម​មុខ​នឹង​រឿង​ស្នេហា​ និង​បញ្ហា​មុខ​មុន​។​ មក​ដល់​ពេល​ថ្មីៗនេះ​​ ក្រុមហ៊ុន​នេះ​បាន​​ប្រកាសពី​វត្ត​មាន​បន្ត​របស់កម្ម​វិធី​ ​វិដេអូរឿងភាគ High School Love ​រដូវ​កាល​ទី​ពីរ ​ដែល​នឹង​ចាក់​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់​ៗនេះ​។​

តើ​ហេតុអ្វី​បាន​ជា​​ក្រុមហ៊ុន​ ​Ponds Cambodia ​បង្កើត​កម្ម​វិធី​នេះ​ឡើង? តើ​នរណា​គឺ​ជា​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​ ​Ponds Cambodia? មនុស្ស​ស្រី​​ជំទង់ ​( អាយុ ១៨​ដល់​២៧ឆ្នាំ) ឬ​ក្មេង​ជំទង់​ ( អាយុ ១៣ដល់​១៧ឆ្នាំ​)?

ប្រសិន​បើ​យើង​សង្កេត​មើល វីដេអូ​​ពាណិជ្ជកម្មកាល​ពី​មុនៗ របស់​ក្រុមហ៊ុននេះ​ យើង​នឹង​ឃើញ​ថា ​ការ​ផ្តោត​គឺស្ថិត​ទៅ​​លើ​មនុស្ស​ស្រី​ជំទង់​ អាយុ​ប្រមាណ​១៨​ឆ្នាំ​ដល់​២៧​ឆ្នាំ​​ ហើយ​មិន​មែន​ជា​ក្មេង​ជំទង់​នោះទេ​។​

ឧទាហរណ៍​ នៅ​ក្នុង​វីដេអូពាណិជ្ជកម្ម​មួយរបស់​ ​Ponds ​​គឺ​សម្តែង​ដោយ កញ្ញា​មាស​ សូនីតា​ ដែល​បង្ហាញ​ពីរបៀប​រក្សា​សម្រស់ ​ដើម្បី​រក្សា​បាន​​ភាព​ស្រស់​ស្អាត​របស់​នារី​នា​វ័យ​ជំទង់ ​ ។

ប៉ុន្តែ​មួយ​រយៈក្រោយ​នេះ តើ​ហេតុអ្វី​​ក្រុមហ៊ុន​នេះ ​បែរ​ជា​សម្រេចចិត្ត​ថត​ជា​ខ្សែរ​រឿងភាគ​ ​ដែល​និយាយ​ពី​ក្មេង​ជំទង់​ទៅ​វិញ​? តើ​​ ​Ponds ​កំពុង​តែ​ដើរ​ខុស​គោល​ដៅ​មែន​ដែរឬទេ?

ដើម្បីឆ្លើយ​ទៅ​នឹង​សំនួរ​ ដែល​ខ្ញុំ​បាន​ចោទ​ខាង​លើ​នេះ ជាដំបូង​យើង​ត្រូវ​មើល​ថា​តើ​ក្រុមហ៊ុន​​ ​Ponds ​កំពុង​​ប្រម៉ូត​ផលិត​ផលដដែល​​ ឬ​ផលិត​ផលថ្មី​? ព្រោះទោះបី​ជា​មាន​ម៉ាក​សញ្ញា​ដូច​គ្នា​ ប៉ុន្តែ​ផលិតផល​ទាំង​នោះ អាច​​​​​មាន​អតិថិជនគោល​ដៅ​ខុសគ្នា​​។

ក្រឡេក​​មក​រឿង​ភាគ High School Love យើង​ម្តង​ទៀត​ យើង​អាច​សង្កេត​​ឃើញ​ថា​កម្មវិធី​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីប្រម៉ូត​ផលិតផល​ថ្មីនៃ Pond’s ​ដែល​ជា​ Pond’s Acne Clear​ ។ Pond’s Acne Clear​ គឺ​ជា​ផលិត​ផល​រូប​មន្ត​ថ្មី​ ប្រើ​ប្រាស់​សម្រាប់កំចាត់​មុន​។​ ខ្ញុំ​គិតថា ​Pond’s ​​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ចាប់​យក​អតិថិជន​គោល​ដៅ ​សម្រាប់​ផលិតផល​ថ្មី​របស់​ខ្លួន​ ព្រោះ​​ក្មេង​ស្រី​វ័យ​​ពី​១៣​ឡើង​ដល់​១៧​ឆ្នាំ​ គឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​មុខ​មុន​ខ្លាំងជាង​វ័យ​ផ្សេងៗទៀត​ ហើយ​ពួក​គេតែង​តែ​​ចង់​បាន​ថ្មាំ​ព្យាបាលណា​ ​ដែល​មាន​តម្លៃ​ធូរថ្លៃ​ ​និង​មិន​មាន​ភាព​ស្មុគស្មាញ (over-the-counter medications )!​

ដូច្នេះ​លើក​នេះ​ Ponds កំពុង​ប្រើ​យុទ្ធសាស្ត្រត្រឹម​ត្រូវ​ណាស់​ ជាមួយ​នឹង​ផែនការថត​ជា​ខ្សែរ​​រឿង​ភាគ​យុវវ័យ​ ដើម្បី​បញ្រ្ជៀបការ​យល់​ដឹង​​​អំពី​ផលិតផល​ថ្មីរបស់​ខ្លួនដោយ​ប្រយោល​ ហើយ​ជាពិសេស​នោះ​គឺ​ បង្កើត​បាន​ជា​អារម្មណ៍​ស្និទ្ធស្នាលរវាង​ក្មេង​ស្រី​ជំទង់​និង​ផលិតផល​ ដោយសារ​​ការ​សម្តែងក្នុង​ខ្សែរ​រឿង​​បានបង្ហាញដូច​ទៅ​នឹង​​អារម្មណ៍​ពិត​របស់​ពួក​គេ​ ដូចជា​​​ក្តី​ទុ​ក្ខសោក កង្វល់​ អារម្មណ៍​តូច​ចិត្ត​ដែល​កើត​ចេញ​ពី​បញ្ហា​មុខមុនជាដើម​។​

 

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ