spot_img
spot_img
Homeធុរកិច្ចទង្វើមិនល្អ នៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូង

ទង្វើមិនល្អ នៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូង

-

ការចាប់ផ្ដើមអាជីវកម្មឱ្យបានជោគជ័យសុទ្ធតែមានយុទ្ធសាស្រ្តក្នុងការចាប់ផ្ដើម ហើយវាក៏អាចបរាជ័យនៅពេលដែលអ្នកបានប្រព្រឹត្តិកំហុសណាមួយ។ តើអ្នកមានដឹងទេថា មានទម្លាប់មិនល្អអ្វីខ្លះដែលអ្នកគួរជៀសវាងនៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូង?

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីទម្លាប់មិនល្អមួយចំនួនដែលអ្នកគួរជៀសវាង៖

1. ផ្ដោតលើកិច្ចការច្រើនពេកក្នុងពេលតែមួយ

នៅពេលចាប់ផ្ដើមអាជីវកម្មលើកដំបូងតែងតែមានរឿងរ៉ាវជាច្រើនដែលត្រូវធ្វើ ហើយភាគច្រើនម្ចាស់អាជីវកម្មតែងតែគិតផ្ដោតធ្វើតែម្នាក់ឯង ដោយកាន់តួនាទីស្ទើរគ្រប់ផ្នែក មានការទទួលខុសត្រូវច្រើន និងការបង្កើតគំនិតថ្មី ឬយុទ្ធសាស្រ្តនានា ដែលធ្វើឱ្យពួកគេមានការមមាញឹកខ្លាំង។

ការដែលធ្វើបែបនេះ ប្រសិទ្ធភាពការងារមិនសូវល្អទេ ដូច្នេះម្ចាស់អាជីវកម្មទាំងអស់គួរតែគិតពិចារណាឡើងវិញ ដោយធ្វើយ៉ាងណាត្រូវតែបង្រួមការផ្ដោតអារម្មណ៍លើការងារអាទិភាពដ៏សំខាន់បំផុតឱ្យបានច្រើន និងស្វែងរកជំនួយដើម្បីជួយលើផ្នែកណាដែលមិនសូវសំខាន់ខ្លាំង ឬជាការងារដែលអ្នកដទៃអាចធ្វើបាន។

2. បារម្ភរឿងលុយកាក់ច្រើនពេក

ការធ្វើអាជីវកម្ម តែងតែចង់ទទួលបានប្រាក់ចំណេញខ្ពស់ ហើយខ្វល់ខ្វាយច្រើនអំពីលុយកាក់ ពីព្រោះវាក៏ជាកត្តាសំខាន់ក្នុងការធ្វើអាជីវកម្មដែរ ប៉ុន្តែកំហុសមួយដែលម្ចាស់អាជីវកម្មបានប្រព្រឹត្តិ គឺព្រួយបារម្ភខ្លាំងពេកអំពីរឿងលុយកាក់។

ហើយត្រង់ចំណុចនេះ មិនមែនមិនឱ្យអ្នកគិតផ្ដោតលើរឿងលុយកាក់ទេ ដោយអ្នកអាចតាមដានអំពីលំហូរសាច់ប្រាក់ និងខ្វល់អំពីប្រាក់ចំណេញខាតបាន ដើម្បីរៀបយុទ្ធសាស្រ្តកែតម្រូវឱ្យល្អ ប៉ុន្តែសូមកុំខ្វល់ខ្វាយច្រើនពេករហូតធ្វើឱ្យប៉ះពាល់លើផ្នែកផ្សេង ដោយមិនបានខ្វល់អំពីគុណភាពផលិតផល និងភាពពាក់ព័ន្ធផ្សេងទៀត។

ចូរកុំដោយសារចង់បានប្រាក់ចំណេញរហូតភ្លេចគិតអំពីផលប៉ះពាល់ដល់អ្នកដទៃ និងគុណភាពផលិតផលដែលអ្នកកំពុងលក់។

3. ជ្រើសរើសបុគ្គលិកខុស

ការចាប់ផ្ដើមអាជីវកម្មដ៏ល្អ គឺម្ចាស់អាជីវកម្មគួរតែចេះជ្រើសរើសយកបុគ្គលិកដែលមានសមត្ថភាព និងជាបុគ្គលដែលអាចរីកចម្រើនជាមួយគ្នាបាន។ ការដែលចាប់ផ្ដើមកសាងក្រុមដែលមានភាពខ្លាំងតាំងពីចំណុចចាប់ផ្ដើម ជារឿងជោគជ័យមួយជំហាន។ ប៉ុន្តែអ្វីដែលជាកំហុស គឺភាគច្រើនម្ចាស់អាជីវកម្មមិនចេះជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ មិនចេះមើលពីសមត្ថភាពរបស់បុគ្គលម្នាក់ៗដែលមកសម្ភាសន៍ និងតែងតែជ្រើសរើសខុស។

4. ពឹងផ្អែកខ្លាំងលើការសម្រេចចិត្តរួម

ការដែលយកការសម្រេចចិត្តរួម វាជាការល្អ ប៉ុន្តែមិនមែនគ្រប់កាលៈទេសៈនោះទេ ពីព្រោះប្រសិនបើរងចាំការយល់ស្របទាំងអស់គ្នារវាងដៃគូសហការ នោះវាអាចត្រូវការពេលវេលាយូរ ហើយវាអាចបាត់បង់ឱកាសមួយចំនួន ជាពិសេសមិនអាចប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងបានឡើយ។ ដូច្នេះម្ចាស់អាជីវកម្មដែលទើបចាប់ផ្ដើមអាជីវកម្មដំបូង ចូរជៀសវាងរាល់ការរងចាំការសម្រេចចិត្តរួម ប៉ុន្តែត្រូវធ្វើសេចក្ដីសម្រេចចិត្តដែលមានព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានចម្រុះ ហើយចាប់ផ្ដើមធ្វើការសម្រេចចិត្តជាឯកច្ឆន្ទប្រកបដោយភាពច្បាស់លាស់និងត្រឹមត្រូវ ទោះបីជាអំឡុងពេលនោះមានការបដិសេដក៏ដោយ ឬក៏អាចសម្រេចចិត្តយកមតិរួមច្រើន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ