spot_img
spot_img
Homeធុរកិច្ចធ្វើយ៉ាងណាទើបអាចក្លាយជាបុគ្គលិកនិងអ្នកដឹកនាំស្រីដែលពូកែ?

ធ្វើយ៉ាងណាទើបអាចក្លាយជាបុគ្គលិកនិងអ្នកដឹកនាំស្រីដែលពូកែ?

-

តួនាទីការងារ​​របស់​មនុស្ស​ស្រី​នៅ​ក្នុង​សង្គម​យើង​សព្វ​ថ្ងៃ​ឃើញ​ថា​មាន​ការ​កើនឡើង។ យែនឌ័រ​នៅ​កម្ពុជា​ដែល​បែង​ចែក​រវាង​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​ក៏​មាន​ការ​ខុស​ប្លែកខ្លាំងបើធៀប​ទៅនឹង​​សម័យកាល​មុន។ យោង​តាម​សម្តី​ដក​ស្រង់​របស់​លោកស្រី​ ឃួន​ សុដារី ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​បាន​ថ្លែងថា​ យែនឌ័រ​នៅ​កម្ពុជា​មាន​ការរីកចម្រើន​ជាង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​។ ​

​ដោយឡែក​ផ្នត់​គំនិត​របស់​ខ្មែរ​ដែល​គិត​ថា​ “ស្រ្តី​បង្វិល​ចង្ក្រាន​មិនជុំ” ឬ “មនុស្ស​​ស្រី​មុជ​មិន​ជ្រៅ​ទៅ​មិន​ដល់​” ក៏​មាន​ការ​កែ​ប្រែ​បន្តិចៗ​ម្តងទៅតាមសម័យកាល​បច្ចុប្បន្ន​ដោយ​មនុស្ស​ស្រី​បាន​ផ្លាស់​ប្តូរ​គំនិត​ពី​ការ​នៅ​តែ​ផ្ទះ​មក​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​ការងារ​ជាច្រើន។ យោងតាម​របាយការណ៍​ជំរឿន​ទូទៅ​នៃ​ប្រជារាស្ត្រ​កម្ពុជា​នៅ​ឆ្នាំ​២០០៨​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ឲ្យដឹង​ថា​ការងារ​ដែល​ប្រជាជន​ធ្វើ​ច្រើន​ជាងគេ​គឺ​កសិកម្ម រុក្ខកម្ម និង​នេសាទ​ដែល​មាន​មនុស្ស​ស្រី​ប្រហែល​៧៥% និង​មនុស្ស​ប្រុស​ប្រហែល​៧០%។ យើង​សង្កេត​ឃើញ​ថា​មាន​ការ​ចូលរួម​ការងារ​ប្រហាក់​ប្រហែល​គ្នា​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី។​

ថ្វី​ត្បិត​តែ​​មាន​ការ​កែ​ប្រែ​ច្រើន​ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅឡើយ​ទេ​​ព្រោះ​គេ​ចាត់ទុក​មនុស្ស​ស្រី​ដែលជា​ជនជាតិ​ខ្មែរ​ថា​សុភាព​រាបសា សម្តីទន់ភ្លន់ ឧស្សាហ៍​ព្យាយាម ត្រូវ​ចេះ​ធ្វើ​ការងារ​ផ្ទះ​ អ្នកមើលថែ​គ្រួសារ អ្នកទុកដាក់លុយ​កាក់​ និង​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដល់​ស្វាមី។ ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការរើស​អើង​ចំពោះ​មនុស្ស​ស្រី​ផង​ដែរ​សម្រាប់​ការងារ​មួយ​ចំនួន​ដូចជា វិស្វកម្ម​សំណង់​ស៊ីវិល បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជាដើម​ដោយ​មិន​សូវមាន​ការជម្រុញ​ពី​សង្គម​ គ្រួសារ​ ឬ​បងប្អូន​តាំង​ពី​ការ​សិក្សា​មុខ​វិជ្ជា​នេះមកម្ល៉េះ​និងគិត​ថា​នារីមិនមានភាព​សាកសម​ជាមួយការងារ​​។ ម្យ៉ាង​ទៀត​យើង​ក៏​នៅ​មាន​គំនិតរើសអើង​​​មួយ​ចំនួន​ចំពោះ​ការរើស​បុគ្គលិក​ស្រី​មកធ្វើ​ការ​ដូច​ជា​ការ​ងារ​ជា​អ្នកទទួល​ភ្ញៀវ​​ចាំ​បាច់​តែ​ជា​មនុស្ស​ស្រី​ដែល​ស្អាត​ជាដើម​ដោយគេ​មិន​បាន​គិត​ថា​ចាំបាច់​ត្រូវ​ពឹងលើ​សមត្ថភាពទាំងស្រុង​​នោះទេ។

យ៉ាងណា​មិញ​មិនមែន​មាន​ន័យ​ថា​ស្រ្តី​មិនអាច​ក្លាយ​ជាបុគ្គលិក​ដែល​ពូកែ​និងអាច​ធ្វើការ​ផ្សេងៗដូច​មនុស្ស​ប្រុស​នោះឡើយ​។ ដោយហេតុ​ថា​សង្គម​មាន​ការកែប្រែ​​ហើយ​ការ​រើសអើងក៏​​ថយចុះ​នោះ​ការ​ពង្រឹង​ខ្លួន​ឲ្យមាន​សមត្ថភាព​ខ្លាំង​គឺ​ជា​រឿង​សំខាន់ជាងគេ​បំផុត។ មនុស្ស​ស្រី​​​​ដើម្បី​​អា​ច​ក្លាយ​ខ្លួន​ជា​​និយោជិក​ដែល​ពូកែ​អាច​ឲ្យ​គេ​ទុក​ចិត្ត​យក​អ្នកទៅ​ធ្វើ​ការ​បាន​អ្នក​ត្រូវ​ ៖

១. ខិតខំរៀនសូត្រ ៖ បើអ្នកគិត​ថា​ជំនាញ​ណា​ដែល​អ្នក​ស្រឡាញ់​ហើយ​វា​សាក​សម​ជា​មួយ​សមត្ថភាព​របស់អ្នក​ អ្នក​មិន​ត្រូវ​បោះ​បង់​ដោយសារ​សង្គម​ គ្រួសារ មិត្តភក្តិ ឬតាមផ្នត់គំនិត​របស់​ខ្លួនឯង​នោះទេ។ អ្នកត្រូវ​មាន​ឆន្ទៈ​ពុះពារ​វា​ឲ្យ​បាន​និងបង្ហាញ​ឲ្យអ្នក​ដទៃ​ឃើញ​ថា​អ្នក​គិត​ត្រូវ។ ការ​រៀន​សូត្រ​មិនមែន​ធ្វើតែ​ក្នុងសាលា​ទេ អាច​នៅក្នុង​សង្គម​ ឬ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។ ម្យ៉ាងទៀត​បើអ្នក​ប្រឡូក​ក្នុង​វិស័យការងារ​ហើយ​អ្នក​ត្រូវ​ខិតខំរៀនសូត្រនៅ​ក្នុង​ស្ថាប័ន​របស់អ្នក​ឲ្យបាន​ច្រើន។ បើអ្នកប្រតិបត្តិ​ខ្លួន​នៅ​សាលារៀនបានល្អនោះ ​ពេលដែលអ្នកចេញ​ទៅ​ខាងក្រៅ​ក៏​មិន​ងាយនឹង​​មាន​កំហុស​ដែរ។

២. រើសអ្នកណែនាំ ៖ អាចជា​បុគ្គល​ដែល​ធ្លាប់ទទួលបានជោគជ័យ អ្នកមាន​បទពិសោធនន៍ច្រើន មានចំណេះ​ដឹង​ ឬជាមនុស្ស​ម្នាក់​ដែលអ្នកតែង​តែគោរព។ ការរើស​បាន​អ្នកណែនាំ​ល្អគឺប្រៀបបាន​ដូច​ជា​ការរកបាន​ផែនទី​ដ៏​ត្រឹមត្រូវ​។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ពិចារណា​ត្រឹមត្រូវ​មុន​សម្រេចចិត្ត​ថា​អ្នក​​នឹង​ធ្វើ​តាម​គេឬអត់ហើយគេ​មិនមានគំនិត​មិនល្អមក​លើអ្នក។ ជាពិសេស​ការណែនាំ​របស់គេគឺ​ស្របទៅ​តាម​គោល​បំណង​របស់អ្នកដែរ។

៣. ងើបចេញ​ពី​កន្លែង​ដែល​ធ្វើឲ្យអ្នក​ស្រណុកពេក ៖ ការធ្វើ​ជា​បុគ្គលិក​ល្អ​មិនមែន​ទៅធ្វើការហើយ​មក​វិញ​ឲ្យ​តែ​បាន​នោះទេ។ បើអ្នក​សុខ​ស្រួល​ពេក​អ្នក​មិន​អាច​ជំនះ​ឧបសគ្គ​ឆ្ពោះទៅកាន់​គោលដៅ​របស់អ្នក​បានឡើយ។ ឧទាហរណ៍​ថា​អ្នក​ចង់ក្លាយ​ជា​អ្នក​ធ្វើទីផ្សារ​​ដ៏​ពូកែ​តែ​បើ​អ្នកគិត​តែ​ពី​សំកុក​ធ្វើការ​ជា​ប្រចាំ​មិន​រក​អ្វី​ថ្មីមក​រៀន មិនសាក​ដោះស្រាយ​បញ្ហា​ និង​មិនហ៊ានទទួលការងារ​ធំ​នោះ​វា​ក៏​មិនអាច​ទៅរួចដែរ។ ជាពិសេស​អ្នក​នឹង​នៅតែ​ផ្តុំភាព​ភ័យ​ខ្លាចទុក​នៅក្នុង​ខ្លួន​ដដែល។

៤. ចេះ​វាយ​តម្លៃ​គោលការណ៍​របស់​ក្រុមហ៊ុន ៖ ជា​ប្រការ​សំខាន់​ក្នុង​នាមអ្នក​ជា​មនុស្ស​ស្រីដែល​អ្នក​ត្រូវ​ដឹង​ថា​ក្រុមហ៊ុន​របស់អ្នក​មិនមាន​ការរើសអើង កញ្ចប់​អត្ថប្រយោជន៍ កម្ម​វិធី​អភិវឌ្ឍ​សមត្ថភាពបុគ្គលិក និង​ការអនុវត្ត​ការរើសបុគ្គលិក​ដោយ​សុក្រឹត​ជាដើម។ ប្រសិន​បើ​​ក្រុមហ៊ុនរបស់​​អ្នក​​ជាក្រុមហ៊ុន​ដែល​ផ្តល់​ឱកាស​ដល់​បុគ្គលិក​ឲ្យ​មាន​ការពាក់​ព័ន្ធ​ជាមួយ​គ្រោងការណ៍ណាមួយ​របស់ក្រុមហ៊ុន​ថែមទាំង​មានការរៀបចំ​ឲ្យ​មនុស្ស​ស្រី​មាន​ការលើកលែង​ពេលឈប់​សម្រាក​កំឡុងពេល​មានផ្ទៃពោះទៀត​នោះ​គឺកាន់តែ​ប្រសើរ។

៥. ជាមនុស្ស​ពូកែ​ស្ដាប់និង​សួរ ៖ បើអ្នក​រឹងទទឹង​មិនព្រមស្ដាប់​អ្នកណា​នោះនឹងគ្មាន​អ្នក​ចង់យកអ្នកទៅធ្វើការ​ឬធ្វើការ​ជាមួយ​អ្នកឡើយ។ បុគ្គលិក​ល្អ​គឺគេ​ពូកែ​ស្ដាប់​ យក​ទៅវិភាគ បន្ទាប់​មកសួរបើ​គេ​នៅមិនទាន់​យល់​ច្បាស់ចំណុចណាមួយ។ បើអ្នក​មិនស្ដាប់គេ​សិនទេ​អ្នក​នឹង​ងាយ​មាន​កំហុស​ណាស់​។ ម្យ៉ាងវិញ​ទៀត​ការ​សួរ​ត្រូវ​មានភាព​វ័យ​ឆ្លាតក្នុងការ​ប្រើ​សំណួរហើយ​ត្រូវ​ប្រាកដថា​អ្នក​បាន​ខិតខំរក​ចម្លើយ​ដោយ​ខ្លួនឯង​រួចហើយមុននឹង​យកទៅ​សួរគេ។ មួយវិញទៀត​បើអ្នក​ធ្វើការជាក្រុមអ្នក​ត្រូវ​សួរពី​តម្រូវការ​របស់អ្នកនៅក្នុង​ក្រុម​ដើម្បី​អាច​បំពេញ​តម្រូវការ​របស់គេបានងាយស្រួល។​

៦. យកចិត្តទុកដាក់ ៖ អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​ធ្វើការងារ​ឲ្យ​បាន​ល្អ​បំផុត​ព្រោះអ្នក​មិនដឹង​ថា​អ្នកណា​ខ្លះ​កំពុង​តែ​ចាំ​ឃ្លាំ​មើលអ្នកឡើយ។ បើអ្នក​ខ្វល់ខ្វាយ​ពី​ក្រុមហ៊ុន​អ្នក​ប្រាកដ​ជា​រកវិធី​សាស្រ្ត​យ៉ាងណា​ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​បាន​។ ចំពោះ​មិត្ត​រួមការងារ​វិញ​បើ​អ្នក​យកចិត្តទុក​ដាក់​ចំពោះ​ពួកគេ​វិញ​គេ​នឹង​ធ្វើ​បែប​នេះ​មកកាន់​​អ្នក​ដូច​គ្នា​ហើយ​យូរៗទៅ​វា​នឹង​ក្លាយ​ជា​វប្ប​ធម៌​នៅ​ក្នុង​ក្រុមហ៊ុន​របស់អ្នក។ ជាពិសេស​នៅ​ក្នុង​ការ​ធ្វើការ​អ្នក​ត្រូវ​ផ្តោតអារម្មណ៍​ឲ្យមែនទែន​ថា​អ្វី​ដែល​ធ្វើ​ឲ្យអ្នក​មាន​កំហុស​ដើម្បី​ឲ្យអ្នក​បានរៀន​សូត្រពី​វា ធ្វើ​ឲ្យ​វា​កាន់​តែ​ប្រសើរ និង​បង្ការ​កុំ​ឲ្យមានលើកក្រោយទៀត។

៧. សុបិន្ត​ឲ្យធំ​ ៖ មនុស្ស​ស្រី​ក៏​អាចធ្វើ​កិច្ចការ​ធំ​បាន​ដែរ។ អ្នក​មិនត្រូវឃុំឃាំង​ខ្លួន​ឯង​ជាមួយ​នឹង​គំនាបពី​អ្នក​ដទៃ​នោះទេ។​ ភាព​ស្មើគ្នាគឺពិត​ជាមាន​បើអ្នក​មិន​ព្រមឲ្យគេបិទបាំង​សិទ្ធិ​របស់អ្នក។ អ្នក​ត្រូវ​រៀនដាក់គោលដៅ​ខ្លួនឯង​ឲ្យធំ​សិន​ដើម្បីធ្វើវា​បានបើទោះបី​អ្នក​មិនមែន​ជា​មនុស្ស​ប្រុសក៏ដោយ។

៨. មាន​ជំនាញទំនាក់ទំនង ៖ បើទោះបី​ជា​មាន​សមត្ថភាព​ខ្លាំង​ប៉ុណ្ណា​តែ​បើ​អ្នក​ខ្វះ​ជំនាញ​នេះ​នោះក៏វា​ធ្វើឲ្យផ្លូវ​ដែលអ្នក​ចង់ទៅដល់​ក៏ពិបាក​ដែរ។ ការចេះ​ប្រាស្រ័យទាក់ទង​ជា​មួយ​មនុស្ស​នឹង​ធ្វើ​ឲ្យអ្នក​ទទួលបាន​ចំណេះ​ដឹង​យ៉ាង​ច្រើន​ពីពួកគេ។ ជាការពិត​អ្នក​ត្រូវ​ចាំ​ថា​មនុស្ស​ដែល​ពូកែ​និយាយ​មិន​ប្រាកដ​ថា​ជា​អ្នក​ពូកែ​ទំនាក់ទំនង​ដោយ​ប្រសិទ្ធភាព​នោះទេ។

៩. ជឿជាក់​ខ្លួនឯង​និង​ក្រុមហ៊ុន​​របស់អ្នក ៖ ចាំបាច់ណាស់​ដែល​អ្នក​ត្រូវ​ជឿថា​អ្នកពិត​ជា​អាចធ្វើបាន​ហើយ​ក្រុមហ៊ុនអ្នក​ក៏​អាចធ្វើបាន​ដូចគ្នា។ បើអ្នកមិន​ប្រថុយខ្លះ​អ្នក​ក៏មិន​អាច​យក​បានអ្វី​ដែលល្អ​ដែរ។

ឆន្ទៈនិង​ការតាំង​ចិត្ត​របស់អ្នកនឹងជួយឲ្យអ្នក​អាច​សម្រេចគោលដៅបាន។​

ឯកសារយោង ៖

Documents/Gender_Booklet_Kh_2011.pdf​​ |www.businessnewsdaily.com  | www.fastcompany.com 

 

 

 

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ