ក្នុងនាមជាអ្នកដឹកនាំនៅក្នុងស្ថាប័នមួយអ្នកត្រូវដឹងថាទំនាក់ទំនងគឺជារឿងសំខាន់ណាស់ជាពិសេសជាមួយបុគ្គលិករបស់អ្នក។ និយោជិកគឺជាអ្នកដែលមានទំនួលខុសត្រូវចំពោះអនាគតស្ថាប័នរបស់អ្នកច្រើនជាងគេបំផុត។ នេះជាហេតុមួយដែលអាជីវកម្មត្រូវមានការទាក់ទងយ៉ាងមានប្រសិទ្ធភាព។ និយោជកត្រូវផ្តល់អទិភាពចំពោះការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកព្រោះថាកាលណាបុគ្គលិកមានការពាក់ព័ន្ធកាន់តែជិតស្និទ្ធនោះភាពជោគជ័យក្នុងស្ថាប័នក៏កាន់តែមានច្រើនឡើងដែរ។
និយោជិកគឺជាអ្នកដែលមានទំនួលខុសត្រូវចំពោះអនាគតស្ថាប័នរបស់អ្នកច្រើនជាងគេបំផុត
បើអ្នកដឹកនាំចេះប្រាស្រ័យទាក់ទងជាមួយបុគ្គលិកយ៉ាងមានប្រសិទ្ធភាពនាំឲ្យពួកគេអាចធ្វើការក្នុងគោលបំណងរួមមួយបាន។ បុគ្គលិកត្រូវការដឹងថាតើក្រុមហ៊ុនរបស់គេរំពឹងចង់បានអ្វី មានបេសកកម្មនិងចក្ខុវិស័យដូចម្តេច និងមានគោលការណ៍គ្រឹះដូចម្តេចខ្លះ។ ជាក់ស្តែងមានក្រុមហ៊ុនតិចតួចណាស់ដែលព្រួយបារម្ភពីបញ្ហានេះដោយពួកគេខ្វល់ខ្វាយតែពីការរកប្រាក់ចំណេញទើបធ្វើឲ្យគេមិនសូវគិតគូរពីអ្នកនៅខាងក្នុងស្ថាប័នដែលជាហេតុនាំឲ្យបុគ្គលិកធ្វើតាមតែតួនាទីរៀងៗខ្លួន តាមតែការបង្គាប់បញ្ជា និងមិនសូវពិចារណារកវិធីសាស្រ្តណាអាចជួយឲ្យក្រុមហ៊ុនរីកចម្រើនទៅបាន។ ដើម្បីអាចបញ្ចៀសបញ្ហានិងជាជំនួយដល់ទំនាក់ទំនងរវាងនិយោជកនិងបុគ្គលិក ថ្ងៃនេះគំនិតនឹងលើកយកគន្លឹះមួយចំនួនដែលជួយឲ្យការប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាព ៖
១. យល់ពីនិយោជិករបស់អ្នក
មនុស្សខុសគ្នានាំឲ្យអត្តចរិកក៏ខុសគ្នាដែរ។ ការយល់ពីអត្តចរិកនិងអាកប្បកិរិយារបស់បុគ្គលិកនឹងជួយឲ្យអ្នកងាយស្រួលបត់បែនដើម្បីឲ្យការទំនាក់ទំនងមានការងាយស្រួលចុះសម្រុងជាមួយពួកគេ។ អ្នកអាចចំណាយពេលបន្តិចដើម្បីកត់សម្គាល់ពីបុគ្គលិកលក្ខណៈរបស់បុគ្គលិកម្នាក់ៗនៅក្នុងស្ថាប័នអ្នក។ ឧទាហរណ៍ថាបុគ្គលិករបស់អ្នកជាមនុស្សស្ងៀមស្ងាត់ មិនសូវនិយាយស្តី អ្នកអាចប្រើវិធីទាក់ទងគេតាមប្រព័ន្ធអ៊ីនធឺរណែតវិញព្រោះថានៅពេលដែលគេនៅតែម្នាក់ឯងគេអាចនឹងក្លាហានបញ្ចេញពីយោបល់របស់គេមកកាន់អ្នក។ ជាការពិតបុគ្គលិកខុសគ្នាការប្រើប្រាស់វិធីសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពទៅបានក៏មិនដូចគ្នាដែរ។
២. ប្រើវិធីផ្សេងគ្នានៃការទំនាក់ទំនង
ដូចដែលយើងបានដឹងខាងលើថាយើងត្រូវការប្រភេទទំនាក់ទំនងច្រើនដូចជា និយាយផ្ទាល់ ទូរស័ព្ទ ការសរសេរ សារអេឡិចត្រូនិច ការជួបប្រជុំ និងភាសាកាយវិការជាដើម។ ទោះបីជាសម័យនេះបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយប៉ុន្តែការនិយាយដោយផ្ទាល់គឺនៅតែមានប្រសិទ្ធភាពជាងការនិយាយដោយប្រយោលព្រោះថាវាអាចឲ្យអ្នកសង្កេតពីទឹកមុខ កាយវិការ និងអត្តចរិករបស់ភាគីម្ខាងៗបានយ៉ាងប្រសើរ។ ម្យ៉ាងទៀតការប្រើកាយវិការគឺកាន់តែមានផលល្អព្រោះកាយវិការអាចសបញ្ជាក់ពីគុណភាពនៃពាក្យសម្តីរបស់អ្នកណាម្នាក់ថាពិតប្រាកដឬអត់។ មួយវិញទៀតអ្នកអាចរៀបចំការប្រជុំគ្នារៀងរាល់មួយខែម្តងជាមួយបុគ្គលិកនិងបើកឱកាសឲ្យពួកគេអាចនិយាយពីមតិយោបល់របស់គេបានដើម្បីឲ្យអ្នកអាចច្បាស់ថាពួកគេបានយល់ច្បាស់គ្រប់គ្រាន់ហើយ។
៣. ច្បាស់លាស់និងសង្ខេប
អ្នកដឹកនាំត្រូវយល់ឲ្យបានច្បាស់លាស់ពីគោលការណ៍ បទបញ្ជាផ្ទៃក្នុង សេវាកម្មឬផលិតផលឲ្យបានល្អដើម្បីយកវាទៅផ្សព្វផ្សាយបានត្រឹមត្រូវនិងជាក់លាក់ទៅកាន់អ្នកនៅក្រោមបង្គាប់របស់ខ្លួន។ ជាពិសេសសារដែលអ្នកដឹកនាំយកទៅប្រាប់បុគ្គលិកគឺខ្លីនិងមានន័យស្ដាប់បានព្រោះថាបើអ្នកមិនសង្ខេបវាឲ្យខ្លីទេនោះនឹងធ្វើឲ្យអ្នកស្ដាប់ធុញនិងមិនអាចចាប់យកចំណុចសំខាន់បានដដែល។
៤. ផ្តល់ព័ត៌មានគ្រប់យ៉ាងពីស្ថាប័នរបស់អ្នក
អ្នកត្រូវចែករំលែកព័ត៌មានទាំងល្អនិងមិនល្អទៅកាន់អ្នកគ្រប់គ្នាព្រោះថាការប្រាប់តែអ្វីដែលល្អគឺនៅមិនទាន់គ្រប់គ្រាន់ឡើយ។ នៅពេលដែលអ្នកគ្រប់គ្នាដឹងពីចំណុចខ្វះខាតនោះវានឹងធ្វើឲ្យគេដឹងថាតើពួកគេនិងក្រុមហ៊ុនរបស់ពួកគេគួរតែពង្រឹងអ្វីបន្ថែមនិងខិតខំចំណុចណាឲ្យកាន់តែប្រសើរថែមទៀត។ យ៉ាងណាមិញអ្នកគ្រប់គ្រងត្រូវប្រាប់ពីកត្តាបរិបទខាងក្រៅ យុទ្ធសាស្ត្រត្រូវអនុវត្ត និងកត្តាចូលរួមពីសមាជិកម្នាក់ៗដើម្បីដល់គោលដៅដែលគេគ្រោងទុកទៀត។ ជាប្រការចាំបាច់ដែលអ្នកដឹកនាំប្រាប់ដល់បុគ្គលិកថាហេតុអ្វីយើងជ្រើសរើសយកការដើរផ្លូវនេះព្រោះវាជាកត្តាជួយជម្រុញការតាំងចិត្តរបស់គេ ឲ្យគេមានទំនុកចិត្ត និងមិនវង្វេងផ្លូវ។ ជាពិសេសព័ត៌មានដែលអ្នកដឹកនាំផ្តល់ឲ្យវាស្មើនឹងការឲ្យតម្លៃពីការចូលរួមរបស់បុគ្គលិកដូចគ្នាដែរ។
៥. វប្បធម៌នៃការទំនាក់ទំនងដោយសេរី
ការទំនាក់ទំនងគឺត្រូវមានចាប់តាំងពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោមនិងពីថ្នាក់ក្រោមរហូតមកដល់ថ្នាក់លើវិញ។ ដូចដែលប៉ុន្មានចំណុចខាងលើលើកឡើងហើយថាអ្នកគ្រប់គ្រងមានទំនាក់ទំនងដូចម្តេចខ្លះចំពោះបុគ្គលិក។ យ៉ាងណាមិញបុគ្គលិកក៏គួរតែមានសិទ្ធិដូចគ្នាពីការប្រាប់ដល់និយោជកពីយោបល់ដែលគេចង់ប្រាប់ មតិកែតម្រូវឥរិយាបថនៃការដឹកនាំជាដើមដោយមិនមានការរឹតបន្តឹងឬដាក់សម្ពាធចំពោះអ្នកដែលនិយាយការពិតឡើយ។ មួយវិញទៀតចំពោះការផ្លាស់ប្តូរយោបល់ពីគោលការណ៍សំខាន់ៗ កម្មវត្ថុ សុវត្ថិភាពនិងសុខភាព ផលប្រយោជន៍ស្ថាប័ន ការប្រតិបត្តិការងារ គម្រោងនិងទស្សនវិស័យ ព្រមទាំងការចូលរួមរបស់និយោជិកគួរតែត្រូវបានគេលើកទឹកចិត្ត។
៦. មានគម្រោងម៉ត់ចត់
ជាការពិតណាស់ចំពោះក្រុមហ៊ុនដែលមិនមានផែនការណ៍ច្បាស់លាស់ទេប្រៀបបីដូចជាទូកដែលវង្វេងនៅកណ្តាលសមុទ្រដែរគឺមិនងាយនឹងរកទិសដៅឃើញឡើយ។ គម្រោងគឺជាផែនទីសម្រាប់អាជីវកម្មនោះថាគួរដើរទៅតាមណាហើយនៅខាងមុខមានឧបសគ្គដូចម្តេចខ្លះ។ ចុះហេតុអ្វីបានជាគេការមានគម្រោងច្បាស់លាស់សម្រាប់អាជីវកម្មគឺធ្វើឲ្យទំនាក់ទំនងមានប្រសិទ្ធភាពដែរ? ព្រោះថាការមានគម្រោងជាសក្ខីភាពគឺវាស្មើនឹងការប្រាប់ពីអ្នកគ្រប់គ្រងដល់បុគ្គលិកទាំងអស់អំពីផ្លូវដែលពួកគេត្រូវដើរ។ ដូចនេះការមានគម្រោងយុទ្ធសាស្ត្រត្រឹមត្រូវបណ្តាលឲ្យពាក្យសម្តីរបស់អ្នកគ្រប់គ្រងគឺមានទម្ងន់ហើយគេព្រមស្តាប់តាមផងដែរ។
៧. តែងតែនិយាយថា “អរគុណ” ឬ “សុំទោស”
ទោះបីជាអ្នកគឺជាអ្នកគ្រប់គ្រងគេក៏ដោយ អ្នកដឹងទេបើអ្នកកាន់តែបន្ទាបខ្លួនគេកាន់តែចូលចិត្ត។ ការប្រើពាក្យថាអរគុណឬសុំទោសទៅកាន់អ្នកដែលមានឋានៈតូចជាងអ្នកមិនមែនមានន័យថាតម្លៃឬអំណាចរបស់អ្នកធ្លាក់ចុះនោះទេ។ ផ្ទុយមកវិញ វាជាគម្រូមួយដ៏ល្អសម្រាប់បុគ្គលិករបស់អ្នក បង្កើនភាពស្និទ្ធស្នាល និងធ្វើឲ្យគេមានអារម្មណ៍ថាមិនភ័យខ្លាចក្នុងការទាក់ទងអ្នកថែមទៀត។