ការបំពេញចិត្តរបស់អតិថិជនគឺវាពិតជាមានសារៈសំខាន់ជាងការបម្រើសេវាអតិថិជនទៅទៀត។ សំខាន់បំផុតជំហានដែលអ្នកត្រូវចាប់ផ្តើមដំបូងគឺពីបុគ្គលិករបស់អ្នក។ សាមញ្ញណាស់ថាបើខ្ញុំចូលចិត្តការងារនិងក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំនឹងប្រាប់ទៅកាន់អ្នកផ្សេងទៀតថាខ្ញុំមានលក់ផលិតផលល្អ។ តាមធម្មជាតិរបស់មនុស្សកាលណាតែនិយោជិកមានអារម្មណ៍ថាពេញចិត្តនិងសប្បាយចិត្តចំពោះការងារដេលគេធ្វើហើយគេក៏មានអត្តចរិកទោរទន់ទៅរកការជួយដោយគ្មានលក្ខខណ្ឌទៅកាន់អតិថិជន។ យ៉ាងណាមិញចំពោះការធ្វើឲ្យអតិថិជនពេញចិត្តគឺមិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់ឡើយតែវាជាទំនួលខុសត្រូវរបស់ទាំងអស់គ្នានៅក្នុងស្ថាប័នឬអាជីវកម្មណាមួយមិនថាអ្នកគ្រប់គ្រងឬបុគ្គលិកឡើយ។ ហេតុនេះដើម្បីឲ្យអតិថិជនពេញចិត្តការចូលរួមពីអ្នកទាំងអស់គ្នាគឺសំខាន់ណាស់។
ការបំពេញចិត្តរបស់អតិថិជនគឺវាពិតជាមានសារៈសំខាន់ជាងការបម្រើសេវាអតិថិជនទៅទៀត។
១. គុណភាព
មិនថាក្រុមហ៊ុនរបស់អ្នកលក់ផលិតផលឬបម្រើសេវាកម្មនោះទេគុណភាពជាកត្តាចាំបាច់បំផុត។ បើទោះបីជាការផ្សព្វផ្សាយរបស់អ្នកល្អយ៉ាងណាក៏ដោយបើគុណភាពអ្នកមិនល្អនោះអតិថិជនក៏នឹងមិនទិញអ្នកដែរ។ មួយវិញទៀតគុណភាពក៏សម្តៅលើការបម្រើអតិថិជនឲ្យបានសមស្របដែរ។
២. ការខុសប្លែកពីអ្នកដទៃ
នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នមានផលិតផលដែលដូចគ្នាច្រើនណាស់។ តើអ្នកត្រូវធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់អ្នកខុសពីគេ? បើអ្នកផលិតផលឬសេវាកម្មរបស់អ្នកដូចគេដែរឬមិនល្អដូចគេនោះអ្នកនឹងដួលជាក់ជាកមិនខាន។ សេវាកម្មល្អគឺជាអ្វីដែលអ្នកអាចធ្វើឲ្យប្លែកពីអ្នកដទៃនិងអាចថែរក្សាអតិថិជនរបស់អ្នកបានយូរអង្វែង។ “ទោះបីជាតម្លៃថ្លៃជាងគេបន្តិចមែនតែបើសេវាកម្មល្អសាកសមនឹងតម្លៃនោះតម្លៃមិនមែនជាបញ្ហាចោទប៉ុន្មានឡើយសម្រាប់ខ្ញុំព្រោះថាសព្វថ្ងៃគឺមិនងាយរកបានទេ។ តែបើចូលហាងណាហើយគេមិនសូម្បីតែខ្វល់ខ្វាយពីភ្ញៀវនោះប្រហែលជាមិនមានលើកទី២ទៀតទេ។” នេះជាពាក្យសម្តីរបស់មិត្តភក្តិខ្ញុំម្នាក់ដែលគេធ្លាប់និយាយប្រាប់ខ្ញុំ។
៣. ព័ត៌មានសម្រាប់ទំនាក់ទំនង
បើអតិថិជនមានបញ្ហាតើគេអាចពិគ្រោះយោបល់ជាមួយអ្នកបានតាមវិធីណាខ្លះ? មួយវិញទៀតការមានគណនីនៅក្នុងបណ្តាញសង្គមនិងមានគេហទំព័រប្រចាំអាជីវកម្មគឺពិតជាសំខាន់ព្រោះវាជាកន្លែងផ្ទុកព័ត៌មានរបស់អ្នកឲ្យអតិថិជនងាយស្រួលរកនិងទាក់ទងមកកាន់អ្នក។ ជាប្រការដែលចាំបាច់បើអ្នកគឹមានពេលទំនេរឲ្យគេក្នុងការសាកសួរព័ត៌មាន។ អ្នកត្រូវរៀបចំព័ត៌មានរបស់អ្នកនិងអាជីវកម្មរបស់អ្នកឲ្យមានលក្ខណៈមានវិជ្ជាជីវៈត្រឹមត្រូវ។ ជាពិសេសហាមដាច់ខាតការដាក់ព័ត៌មានមិនពិត។
៤. បរិយាកាសល្អ
បរិយាកាសនៅក្នុងហាង ក្រុមហ៊ុន ឬស្ថាប័នគឺជាកន្លែងដែលប៉ះពាល់ទៅលើអារម្មណ៍របស់អ្នកដែលដើរចូលមក។ កន្លែងដែលមានបរិយាកាសស្រស់ស្អាត មានអនាម័យ មានសុវត្ថិភាព មានបុគ្គលិករួសរាយរាក់ទាក់ និងមានការរៀបចំត្រឹមត្រូវតាមចំណូលចិត្តរបស់អតិថិជននោះវានឹងមិនងាយឲ្យគេផ្លាស់ប្តូរចិត្តឡើយ។
៥. រង់ចាំ
ចំពោះការរង់ចាំទោះមួយនាទីក៏មានអារម្មណ៍ថាយូរដែរ។ អ្នកមិនត្រូវឲ្យអតិថិជនចាំយូរពេកទេ។ បើអ្នកសន្យាថាធ្វើអ្វីមួយឲ្យអតិថិជននៅពេលណាអ្នកត្រូវធ្វើឲ្យបានទាន់ពេល។ កាលណាអ្នកខកខានច្រើនលើកច្រើនសានោះឱកាសដែលបាត់បង់ពួកគេក៏មានច្រើនដែរ។
៦. បច្ចេកវិទ្យា
បច្ចេកវិទ្យាសព្វថ្ងៃគឺមានការរីកចម្រើនជាខ្លាំងនោះការដើរឲ្យទាន់បច្ចេកវិទ្យាគឺជារឿងដែលអ្នកចាំបាច់ត្រូវធ្វើ។ ការបំពាក់បច្ចេកវិទ្យាដើម្បីធ្វើឲ្យអតិថិជនមានភាពងាយស្រួលនោះគឺជារឿងដែលក្រុមហ៊ុនអ្នកត្រូវការគិតគូរ។
អ្នកត្រូវដឹងថាការថែរក្សាអតិថិជនដែលមានស្រាប់គឺវាមានផលចំណេញជាជាងស្វែងរកអតិថិជនថ្មីទៅទៀត។ ជាពិសេសវាជាដំណើរការនៃមនុស្សគ្រប់គ្នានិងមិនមែនជារបស់បុគ្គលណាម្នាក់ផ្តាច់មុខឡើយលើកលែងតែអ្នកជាអ្នកគ្រប់គ្រងអាជីវកម្មតែម្នាក់ឯង។