ថ្មីៗនេះមានដំណឹងលិចឮពីរដ្ឋធានីនៃប្រទេសបារាំង អំពីគំម្រោងយ៉ាងអាថកំបាំងមួយនាចុងសង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៨ ។ នោះគឺជាគំម្រោងសាងសង់ក្រុងប៉ារីសក្លែងក្លាយមួយ ដើម្បីបំភ័ន្ត និងបញ្ជៀសរដ្ឋធានីខ្លួនអំពីការទម្លាក់គ្រាប់បែករបស់ យន្ដហោះចម្បាំងហ្កូតារបស់សត្រូវអាឡឺម៉ង់ ។ អត្ថបទដែលចេញផ្សាយដោយកាសែត ឡឺ ម៉ុនដ៏ (Le Monde) និង ឡឺ ហ្វីហ្ការ៉ូ (Le Figaro) បង្ហាញថាគម្រោងនេះអាចនឹងទទួលបានផលវិជ្ជមាន ដោយហេតុបច្ចេកវិទ្យារ៉ាដ៉ានៅពុំទាន់រីកចម្រើននៅឡើយ ។
គម្រោងនេះត្រូវលើកបង្ហាញឡើងដំបូងបង្អស់ដោយ កាសែត The Illustrated London News តាំងពីជាង ៩០ឆ្នាំមុនម្លេះគឺកំឡុងឆ្នាំ ១៩២០ និងបន្ទាប់មកត្រូវលាក់ទុកយ៉ាងកំបាំង រហូតថ្មីៗនេះទើបផែនទីថតចម្លងមួយត្រូវបានចុះផ្សាយដោយកាសែត ឡឺ ហ្វីហ្ការ៉ូ ។
គម្រោងនេះចាប់ផ្ដើមពីការរើសទីតាំងមួយស្ថិតនៅភាគខាងជើងប៉ារីស ជាទីតាំងមួយដែលទន្លេសែនហូរបត់កាត់មានរាងដូចនៅក្នុងប៉ារីសដែរ ។ សណ្ឋានដី និងអាគារសំខាន់ៗជាច្រើននឹងត្រូវបានបង្កើតឡើង រួមទាំង ស្ថានីយ៍រថភ្លើង Gare du Nord និង Gare de l’Est ព្រមទាំងតំបន់ឧស្សាហកម្ម យ៉ាងណាឲ្យមើលទៅដូចប៉ារីសមែនទែន ។ គម្រោងនេះក៏បានរៀបចំប្លង់បង្កើត វិថីអាវឺនុយដេស្សង់ហ្សេលីហ្សេ (Avenue des Champs-Élysées) និង ក្លោងទ្វារ អាកដឺទ្រីអុមផ៍ (Arc de Triomphe) ដ៏ល្បីល្បាញផងដែរ។
ដើម្បីឲ្យកាន់តែដូចជាទីក្រុងពិត គេបានព្យាយាមលាបផាត់ព៌ណដំបូលអាគារឲ្យដូចជារបស់ចាស់ ហើយលោកវិស្វករអគ្គិសនី ហ្វឺណង់ ចាកុបប៉ូហ្ស៊ី (Fernand Jacopozzi) អ្នកជំនាញតុបតែងដែលក្រោយមកទទួលបានពានរង្វាន់កិត្តិយស ក្នុងការតុបតែងភ្លើង ប៉មទួរអីហ្វែល និង ស្សង់ហ្សេលីហ្សេ ត្រូវបានចាត់ឲ្យតុបតែង បំភ្លឺភ្លើងក្រុងបន្លំមួយនេះ តាំងពីភ្លើងតាមវិថី រហូតដល់ភ្លើងនានាឲ្យមើលទៅថាពិតជាមានមនុស្សរស់នៅ និងមានរថភ្លើងដំណើរការ ។
ទោះបីជាការគ្រោងទុកមើលទៅគួរឲ្យស្ញប់ស្ញែងក៏ដោយ គម្រោងមួយនេះមិនត្រូវបានសម្រេចជារូបរាងឡើយ ដោយហេតុអាឡឺម៉ង់សុំចុះចាញ់មុនគម្រោងបានបញ្ចប់ ។ តំបន់ខាងលើត្រូវបានគេសាងសង់ និងអភិវឌ្ឍជាន់ពីលើអ្វីដែលសល់ពីគម្រោងនេះ ធ្វើឲ្យគម្រោងដ៏ល្អិតល្អន់មួយនេះលិចកប់បាត់ក្លាយជាអាថកំបាំងដែលសូម្បីតែជនជាតិបារាំងក៏គ្មានអ្នកដឹងច្រើនឡើយ រហូតដល់ពេលនេះ ។
ឯកសារយោង៖