តាមពិតទៅ វាមិនមែនជាអាថ៌កំបាំងទៀតទេដែលហាងទំនិញ ផ្សារទំនើប ឬភោជនីយដ្ឋានប្រើប្រាស់ទេសភាព ក្លិន និងសម្លេងដើម្បីបង្កើតបានជាបរិយាកាសណាមួយជួយទាញផលចំណេញ និងលំហូរនៃអតិថិជន។
នៅឆ្នាំ១៩៧៣ សាស្ត្រាចារ្យផ្នែកធុរកិច្ច លោក Philip Kotler ដែលអ្នកនៅក្នុងវិស័យនេះដាក់ឈ្មោះឱ្យជាបិតាផ្នែកទីផ្សារបានណែនាំនូវបច្ចេកទេសមួយគឺ “ការបង្កើតបរិយាកាស”។ វាគឺជាបច្ចេកទេសមួយដែលគេយកមកអនុវត្តដើម្បីរៀបចំហាងឱ្យមានបរិយាកាសមួយដើម្បីគាំទ្រនូវគោលបំណង និងការចង់បានរបស់គេដូចជាជួយជម្រុញការលក់ឱ្យបានច្រើន ឬគ្រប់គ្រងលំហូរភ្ញៀវ។ លោកបានលើកឡើងថា “ក្នុងករណីខ្លះ ទីកន្លែងដែលមានការរៀបចំឱ្យមានបរិយាកាសណាមួយ គឺមានឥទ្ធិពលលើការសម្រេចចិត្តទិញខ្លាំងជាងផលិតផលខ្លួនឯងទៅទៀត។ ហើយក្នុងករណីខ្លះទៀត បរិយាកាសគឺជាផលិតផលគោល”។
នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកផ្នែកមួយនៃការបង្កើតបរិយាកាសគឺការប្រើប្រាស់ភ្លេងនៅក្នុងហាង ផ្សារទំនើប ឬភោជនីយដ្ឋាន ។ល។ ការសិក្សាស្រាវជ្រាវពីការប្រើប្រាស់ភ្លេង និងឥទ្ធិពលរបស់វាលើការទិញទំនិញគឺមានជាយូរណាស់មកហើយ។ ប្រសិនបើអ្នកធ្លាប់ទៅផ្សារទំនើប ហាងមួយចំនួន ឬភោជនីយដ្ឋានខ្លះ អ្នកប្រាកដជាធ្លាប់ឃើញការប្រើប្រាស់ភ្លេងចាក់កំដរនៅទីនេះ ហើយមនុស្សភាគច្រើនប្រាកដជាគិតថាវាគ្រាន់តែជាការចាក់ធម្មតាៗប៉ុណ្ណោះ ដោយមិនបានគិតពីឥទ្ធិពលរបស់វាលើការសម្រេចចិត្តទិញ ឬការចំណាយនោះទេ។
ជាច្រើនទស្សវត្សមកហើយដែលគេបានប្រើប្រាស់ភ្លេងដើម្បីជាឧបករណ៍ជំនួយនៃការលក់។ សម្រាប់ការប្រើប្រាស់សម្លេងភ្លេងឮខ្លាំងៗ នឹងធ្វើឱ្យអតិថិជនចំណាយពេលតិចនៅក្នុងហាង និងសម្លេងឮតិចៗនឹងធ្វើឱ្យអតិថិជនចំណាយពេលច្រើនជាង។ ប៉ុន្តែការប្រើប្រាស់កម្រិតសម្លេងមិនសូវជាប៉ះពាល់ដល់ចំណាយនោះទេ តែវាជាឧបករណ៍សម្រាប់គ្រប់គ្រងលំហូរចេញ និងចូលរបស់អតិថិជននៅក្នុងហាង ជាពិសេសនៅពេលដែលអ្នកមានទីធ្លាតូច និងមានភ្ញៀវច្រើន។
ចង្វាក់ភ្លេងក៏ជាចំណុចសំខាន់ផងដែរនៅក្នុងការប្រើប្រាស់ជាឧបករណ៍ជំនួយការលក់។ ហើយតាំងពីឆ្នាំ១៩៨២ សាស្ត្រាចារ្យទីផ្សារម្នាក់លោក Ronald E. Milliman បានធ្វើការសិក្សាពីទំនាក់ទំនងរវាងចង្វាក់ភ្លេង និងឥរិយាបថទិញនៅក្នុងផ្សារទំនើប។ អ្វីដែលគាត់បានរកឃើញនោះគឺ ចង្វាក់ភ្លេងបានជះឥទ្ធិពលទៅលើល្បឿននៃលំហូររបស់អតិថិជន និងទំហំនៃការលក់ដោយ៖
- ចង្វាក់ភ្លេងលឿន ធ្វើឱ្យអតិថិជនចល័តលឿននៅក្នុងហាងទំនិញ ហើយមានការទិញទំនិញតិច។
- ចង្វាក់ភ្លេងយឺតធ្វើឱ្យអតិថិជនដើរមួយៗនៅក្នុងហាង និងធ្វើការទិញទំនិញបានច្រើន។
តាមពិតលទ្ធផលនេះពិតជាសមហេតុសមផលណាស់ នៅពេលមានភ្លេងយឺត ធ្វើឱ្យល្បឿនដើររបស់យើងក៏យឺតទៅតាមភ្លេងដែលផ្តល់ឱកាសឱ្យយើងអាចមើលឃើញទំនិញកាន់តែច្រើន។
ឃើញទេ! ភ្លេងគឺពិតជាមានឥទ្ធិពលដែលអាចប្រើប្រាស់ដើម្បីគ្រប់គ្រង ទាញយកផលប្រយោជន៍នៅក្នុងអាជីវកម្មបានយ៉ាងច្រើនប្រសិនបើយើងចេះប្រើប្រាស់។ តើមានអ្នកណាខ្លះ ចង់សាកល្បង?