ការចាកចេញរបស់បុគ្គលិក គឺជារឿងដែលមិនអាចចៀសរួចបាននោះទេ។ ប៉ុន្តែអ្វីដែលម្ចាស់អាជីវកម្ម ឬប្រធានក្រុមហ៊ុនមានការព្រួយបារម្មណ៍នោះគឺ នៅពេលដែលបុគ្គលិកឆ្នើម និងបុគ្គលិកគន្លឹះចាកចេញ តើការចាកចេញនោះ អាចនឹងប៉ះពាល់អារម្មណ៍ ឬក៏ធ្វើឱ្យអ្នកដ៏ទៃដើរតាមគន្លងដែរឬទេ?
ថ្វីត្បិតតែការចាកចេញរបស់បុគ្គលិកអ្នកគឺជារឿងដែលមិនអាចចៀសរួច តែមានរឿងខ្លះដែលអាចធ្វើបានក្នុងនាមជាអ្នកដឹកនាំដើម្បីស្វែងយល់ និងកែប្រែស្ថានការណ៍ឱ្យទាន់ពេលវេលា បើមិនដូច្នេះទេ វានឹងអាចកើតមានស្ថានភាពមួយដែលអ្នកពិបាកស្មានដល់។
“អ្វីដែលអ្នកមិនគួរធ្វើនោះ គឺនិយាយដើមមិនល្អបុគ្គលិកដែលបានចាកចេញទៅ ហើយជាពិសេសនោះគឺជាបុគ្គលិកស្នូលរបស់អ្នក ព្រោះការធ្វើដូចនេះមិនបានជួយអ្នកក្នុងការដោះស្រាយបញ្ហានោះទេ តែបែជាបង្ហាញពីភាពកម្សោយ និងការបាត់បង់ទំនុកចិត្តពីសំណាក់បុគ្គលិកអ្នកទៅវិញ។”
សួរសំណួរ ហើយធ្វើការស្តាប់
អាចនិយាយបានថា អ្វីដែលអ្នកគួរធ្វើបំផុតនៅពេលមានអ្នកចាកចេញពីស្ថាប័នអ្នក គឺការស្តាប់យោបល់ដោយយកចិត្តទុកដាក់។ ចូរធ្វើការសម្ភាសន៍សួរនាំពីការចាកចេញ តើកត្តាអ្វី ឬមូលហេតុអ្វីដែលធ្វើឱ្យគេចាកចេញ។ ថ្វីត្បិតតែពេលខ្លះការចាកចេញនោះគឺដោយសារតែបុគ្គលនោះទទួលបានឱកាសថ្មីដែលល្អជាងនេះ តែក៏មានករណីមិនតិចទេដែលការចាកចេញនោះដោយសារតែការមិនពេញចិត្តការដឹកនាំ និងមើលមិនឃើញពីអនាគតស្ថាប័នដែលគេកំពុងតែធ្វើការ ដែលជាកត្តាជម្រុញឱ្យគេធ្វើការសម្រេចចិត្តស្វែងរកទ្រនំថ្មី។
ប្រសិនបើបុគ្គលិកសំខាន់ៗបានចាកចេញទៅ អ្នកមិនត្រឹមតែត្រូវសួរនាំអ្នកដែលចាកចេញនោះទេ អ្នកគួរតែធ្វើការជួបបុគ្គលិកផ្សេងៗទៀត ហើយសួរសុខទុក្ខពួកគេ និងសួរនាំយោបល់ពួកគេអំពីការចាកចេញរបស់សហជីវិន។ ប្រសិនបើអ្នកទទួលបានការរិះគន់ ឬចំណុចខ្សោយមួយចំនួនចេញពីការជជែកជាមួយបុគ្គលិកដែលដាក់ពាក្យឈប់នោះ អ្នកគួរតែធ្វើការសួរនាំអំពីសមាជិកដទៃថាតើពួកគេមានអារម្មណ៍ដូចគ្នាដែរឬទេ ដើម្បីដឹងពីស្ថានភាពឱ្យល្អិតល្អន់ថាតើការរឿងរ៉ាវនេះ ពិតជាមាននៅក្នុងចិត្តបុគ្គលិកដទៃទៀតដែរឬទេ? ការសួរនាំ និងសួរសុខទុក្ខនេះ គឺជាកាយវិការដែលបញ្ជាក់ប្រាប់បុគ្គលិកទាំងអស់ថា អ្នកពិតជាយកចិត្តទុកដាក់ដល់កូនក្រុម ឬសមាជិករបស់ខ្លួន និងអាចធ្វើឱ្យគេមានភាពស្ងប់ចិត្ត។
ក្នុងករណីពេលដែលអ្នកធ្វើការសួរនាំគ្រប់គ្នាហើយ ទទួលបានអារម្មណ៍ថា ពួកគេក៏មានស្ថានភាពដូចអ្នកដែលចាកចេញទៅដែរនោះ អ្នកគួរតែបង្ហាញប្រាប់អ្នករាល់គ្នាថា អ្នកបានដឹងស្ថានភាពនេះហើយ ហើយអ្នកនឹងប្រឹងប្រែងធ្វើការកែប្រែ និងដោះស្រាយបញ្ហានេះឱ្យបានដើម្បីទទួលបានការទុកចិត្តយូរអង្វែងពីសំណាក់បុគ្គលិករបស់អ្នក។ពេលបុគ្គលិកឆ្នើមអ្នកចាកចេញ តើអ្នកគួរធ្វើយ៉ាងម៉េច
អ្វីដែលអ្នកមិនគួរធ្វើនោះ គឺនិយាយដើមមិនល្អបុគ្គលិកដែលបានចាកចេញទៅ ហើយជាពិសេសនោះគឺជាបុគ្គលិកស្នូលរបស់អ្នក ព្រោះការធ្វើដូចនេះមិនបានជួយអ្នកក្នុងការដោះស្រាយបញ្ហានោះទេ តែបែជាបង្ហាញពីភាពកម្សោយ និងការបាត់បង់ទំនុកចិត្តពីសំណាក់បុគ្គលិកអ្នកទៅវិញ។ ប្រសិនបើពួកគេចាកចេញទៅ អ្នកគួរតែបង្ហាញអារម្មណ៍សប្បាយចិត្តនូវឱកាសថ្មីដែលល្អជាងមុនដែលពួកគេទទួលបាន និងធ្វើការថ្លែងអំណរគុណពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការកសាង និងជ្រោមជ្រែងក្រុមទៅកាន់សមាជិកដទៃ ហើយព្រមទាំងរំលេចសារស្វាគមន៍នូវការវិលត្រឡប់មកវិញ ដើម្បីបង្ហាញពីទឹកចិត្តបើកចំហររបស់អ្នកដឹកនាំល្អម្នាក់ក្នុងការឃើញបុគ្គលិកខ្លួនកាន់តែជោគជ័យ។
ផ្តោតលើអនាគត
ភាពសប្បាយរីករាយនៅក្នុងកន្លែងធ្វើការគឺអាស្រ័យលើកត្តាជាច្រើន ហើយនៅក្នុងនោះក៏មានរាប់បញ្ចូលការមានសមាជិកក្រុមដែលខ្លាំង ដែលការបាត់បង់សមាជិកនោះគឺជារឿងមួយអាចប៉ះពាល់ក្រុមទាំងមូលបាន។ អារម្មណ៍ធ្វើការជាមួយអ្នកខ្លាំង ហើយទទួលបានជោគជ័យត្រចះត្រចង់គឺជារឿងមួយដែលធ្វើឱ្យក្រុមទាំងមូលមានភាពពេញចិត្ត ហើយការដែលជាមនុស្សម្នាក់បានរួមចំណែកក្នុងការបំពេញការងារជោគជ័យជាក្រុមដែលធំលើសសមត្ថភាពខ្លួនគឺជារឿងគួរជាទីមោទនៈ តែការចាកចេញរបស់បុគ្គលិកស្នូលដែលធ្លាប់តែបំពេញការងារបានល្អគឺជរឿងមួយអាចឱ្យអ្នកជុំវិញមានមន្ទិល ឬអារម្មណ៍មិនស្ងប់ល្អ។
នៅពេលដែលមនុស្សឆ្នើមៗបានចាកចេញ បុគ្គលិកផ្សេងទៀតអាចមានអារម្មណ៍ថា ពួកគេអាចនឹងមិនសម្រេចកិច្ចការងារធំៗដែលបានដាក់កន្លងមកដោយសារតែបាត់បង់សមាជិកសំខាន់ៗ ដែលធ្លាប់តែចូលរួមសកម្មនាពេលកន្លងមក។ ដូចនេះ ក្នុងនាមជាអ្នកដឹកនាំ បើមានករណីបែបនេះកើតឡើង អ្នកគួរតែបង្ហាញថា យើងនៅតែអាចបន្តក្តីស្រមៃ និងគោលដៅធំក្រុមបន្តទៀត ហើយអ្នកនឹងខិតខំប្រឹងប្រែងបំពេញចន្លោះខ្វះខាតដោយសារតែបាត់សមាជិកស្នូល។
រឿងរ៉ាវមួយទៀតដែលអ្នកក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើការពិនិត្យមើលនោះគឺ ការចាកចេញសមាជិកស្នូលអាចធ្វើឱ្យមានការបាត់បង់ទំនុកចិត្តលើក្រុមហ៊ុន។ ចំណុចសំខាន់មួយដែលអាចឱ្យបុគ្គលិកចាកចេញគឺដោយសារតែការបាត់បង់ទំនុកចិត្តលើការដឹកនាំ លើសកម្មភាពប្រតិបត្តិនិងគ្រប់គ្រង ដែលធ្វើឱ្យមនុស្សផ្សេងៗអាចនឹងរកឱកាសនៅកន្លែងផ្សេង។ដូចនេះ នៅពេលដែលអ្នកជួបប្រជុំក្រុម អ្នកគួរតែសង្កត់ធ្ងន់ទៅលើឱកាសនាថ្ងៃអនាគត និងសារៈសំខាន់នៃគោលដៅរបស់ក្រុម។ ទង្វើនេះនឹងធ្វើឱ្យកូនក្រុមមានអារម្មណ៍ថា កិច្ចការក្រុមគឺជារឿងចាំបាច់ដែលគ្រប់រូបត្រូវចូលរួមធ្វើឱ្យសម្រេចបាន ហើយគ្រប់រូបសុទ្ធតែមានចំណែកនិងតួនាទីសំខាន់ ជាជាងរំឮកពីការបាត់បង់សមាជិកស្នូល។
ផ្តល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព
អ្វីដែលធ្វើឱ្យមានការពេញចិត្តនៅក្នុងស្ថាប័ននោះគឺ ជំនឿជាក់ថាកិច្ចការដែលខ្លួនកំពុងធ្វើគឺពិតជាជួយបុគ្គលនោះឱ្យមានការរីកចម្រើន។ បុគ្គលិកក្នុងស្ថាប័នណាក៏ដោយដែលមានឆន្ទៈ ប្រាកដជាសប្បាយចិត្តនៅពេលដែលគេមានឱកាសទទួលបានការបណ្តុះបណ្តាល ហើយអាចយកចំណេះនេះទៅបំពេញកិច្ចការកាន់តែប្រសើរជាងមុន ហើយការចាកចេញពីកន្លែងធ្វើការភាគច្រើនគឺដោយសារតែបុគ្គលិកមានអារម្មណ៍ថា ក្រុមហ៊ុនមិនបានគិតគូរពីអនាគតរបស់ពួកគេនោះទេ។ ការបង្កើតឱ្យមានការបណ្តុះបណ្តាលគឺជាយុទ្ធសាស្ត្រមួយក្នុងការបង្កើនទំនុកចិត្ត និងភាពស្មោះស្ម័គ្រដោយសារតែពួកគេឃើញថា ក្រុមហ៊ុនមានគម្រោច្បាស់លាស់ក្នុងការកសាងសមត្ថភាពខ្លួនដើម្បីឈោងចាប់ឱកាសល្អៗនាពេលខាងមុខ។
ជារួមការចាកចេញរបស់បុគ្គលិកស្នូលណាមួយនឹងធ្វើឱ្យសមាជិកផ្សេងធ្វើការចោទជាសំណួរលើខ្លួនឯងថាតើគេពេញចិត្តនឹងការងារ ឬកន្លែងការងារ ឬជឿថាគេមានអនាគតនៅទីនេះដែរឬទេ? អ្នកដឹកនាំដែលពូកែគឺជាមនុស្សម្នាក់អាចរក្សាលំនឹងចិត្ត ធ្វើការស្វែងយល់ពីកត្តាផ្សេងៗដែលនាំឱ្យបុគ្គលិកសម្រេចចិត្តចាកចេញ និងកែប្រែស្ថានភាពនេះឱ្យមកភាពល្អប្រសើរឡើងវិញ។
ដកស្រង់ចេញពី HBR.org និងបន្ថែមលើពិសោធន៍ជាក់ស្តែង