វិស័យអចលនវត្ថុគឺកំពុងតែមានភាពផុសផុលក្នុងមួយរយៈពេលចុងក្រោយនេះ ហើយមានមនុស្សជាច្រើនចង់ចាប់ផ្តើមចង់សាកល្បងវិនិយោគដើម្បីប្រាក់ចំណេញ ហើយក៏មានមនុស្សជាច្រើនដល់ពេលត្រូវការទីជម្រកទីមួយរបស់ខ្លួនសម្រាប់កសាងគ្រួសារថ្មីផងដែរ។ អ្នកខ្លះក៏ទទួលបានផលច្រើនពីទីផ្សារនេះ អ្នកខ្លះក៏មិនសមប្រកប ហើយអ្នកខ្លះទៀតចង់ចូលប្រឡូកដែរតែមិនទាន់ហ៊ាន។
ទោះជាយ៉ាងណាក៏ដោយ មានមនុស្ស៧ប្រភេទ ដែលមួយជីវិតគាត់អាចនឹងមិនអាចទិញអចលនទ្រព្យបាននោះទេ ទោះបីជាទីផ្សារក្តៅ ឬត្រជាក់ក៏ដោយ!
១. អ្នកដែលតែងតែគិតថា អចលនទ្រព្យនឹងធ្លាក់ថ្លៃច្រើននៅថ្ងៃខាងមុខ
មានមនុស្សមិនតិចទេដែលតែងតែមានគំនិតបែបនេះ ហើយតែងតែទន្ទឹងរង់ចាំថា អចលនទ្រព្យធ្លាក់ថ្លៃច្រើនទើបគាត់ទិញ។ ឧបមាថា ប្រសិនបើមានករណីនឹងកើតឡើងមែន តម្លៃធ្លាក់ថ្លៃរហូតដល់ទាបមែនទែន ម្នាក់ៗអាចទិញបានគ្រប់ៗគ្នា គាត់ប្រាកដជាអាចនឹងចាំរហូតដល់ថ្ងៃដែលវាធ្លាក់ថ្លៃជាងនឹងទៀត ឬក៏លែងគិតចង់ទិញ ដោយសារតែអ្នកណាក៏អាចទិញបាន។ ដូចយ៉ាងក្នុងឆ្នាំ២០០៨ នៅពេលដែលតម្លៃដីធ្លីនៅត្រឹង អ្នកចាំធ្លាក់ថ្លៃ នៅតែមិនហ៊ានទិញ ព្រោះពួកគាត់គិតថា នឹងអាចធ្លាក់ថ្លៃបន្តទៀត ហើយអ្នកដែលហ៊ានទិញគឺនៅតែហ៊ានទិញព្រោះពួកគាត់ដឹងថានេះជាឱកាសល្អដើម្បីចំណេញ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពអចលវត្ថុត្រឹង ឬធ្លាក់ថ្លៃ គ្មានអ្នកជំនាញណាអាចមើលឃើញមុនបានឡើយ ហើយអ្នកវិភាគពីបញ្ហានេះ គឺបានដឹង និងវិភាគបន្ទាប់ពីស្ថានភាពនោះកើតឡើងរួចហើយទៅ។
២. អ្នកដែលសម្រេចចិត្តយឺត
នៅពេលដែលគាត់ទៅមើលអចលនទ្រព្យរួចហើយ មានអារម្មណ៍ថាអចលនទ្រព្យនោះល្អហើយ ប៉ុន្តែបន្ទាប់មកគឺនៅចាំគិតមើលសិន ចាំទៅពិភាក្សាជាមួយអ្នកផ្ទះមួយរយៈសិន (តែខាងក្នុងចិត្តគិតថា ឥឡូវមិនទាន់គិតសម្រេចចិត្តចង់ទិញទេ គឺចាំដើររកមើលអចលនទ្រព្យដែលល្អជាងនឹង ល្អជាងនឹងសិនថាវាមានឬទេ?)។ តែចុងក្រោយ ដី ឬផ្ទះដែលបានទៅមើលគឺត្រូវអ្នកផ្សេងទិញបាត់ ហើយស្តាយក្រោយ។ ឆ្លងតាមបទពិសោធន៍ជាភ្នាក់ងារអចលនទ្រព្យ ខ្ញុំបានជួបករណីនេះជាច្រើន ដោយការសម្រេចចិត្តយឺត ត្រូវបានគេទិញមុនបាត់ ហើយពួកគាត់តែងតែឱ្យក្រុមការងាររកអចលនវត្ថុដែលប្រហាក់ប្រហែល និងតម្លៃដូចគ្នា តែនៅលើទិផ្សារ តម្លៃចេះតែកើនឡើងឥតឈប់ឈរ។ ជាក់ស្តែងនៅទីក្រុងភ្នំពេញ តម្រូវការទិញមានខ្ពស់ អចលនវត្ថុដែលអ្នកទៅមើល អ្នកផ្សេងក៏ទៅមើល អ្នកពេញចិត្ត គេក៏ពេញចិត្ត ហើយប្រសិនបើអ្នកមិនសម្រេចចិត្តលឿន គេនឹងយកបាត់។
៣. អ្នកចូលចិត្តមើលតែមិនទិញ
ពួកគាត់ចូលចិត្តដើរមើលច្រើន ហើយគិតថាមើលឱ្យច្រើនសិនចាំគិតថាមួយណាសាកសមជាង ធូរថ្លៃជាង និងល្អជាង (ហើយមានពេលខ្លះមើលយូរពេក រហូតមកចាប់អារម្មណ៍អចលនទ្រព្យដែលធ្លាប់មើលពីមុនវិញ តែវាបានឡើងថ្លៃទៅហើយ)។ ចុងក្រោយមានអារម្មណ៍ថា តម្លៃចេះតែឡើងឥតឈប់ឈរ ហើយក៏សម្រេចចិត្តមិនទាន់ទិញ ហើយដើរមើលទៀតក្រែងបានពើបប្រទះនូវតម្លៃដែលធូរថ្លៃដូចខ្លួនបានគិត។ តែជាក់ស្តែង ស្ថានភាពនេះដូចជាពិបាកនឹងជួបប្រទះណាស់។
៤. អ្នកដែលតែងតែមិនទុកចិត្តភ្នាក់ងារ
គាត់ទុកចិត្តតែខ្លួនឯងតែប៉ុណ្ណោះ ហើយគិតថាគ្មានអ្នកចេះជាងគាត់ និងមានសមត្ថភាពរកអចលនទ្រព្យដែលគាត់ចង់បាន។ គាត់គិតថា រាល់ក្រុមហ៊ុនទាំងអស់សុទ្ធតែកុហក និងចង់បានតែលុយ ហើយគាត់មិនជឿអ្នកទាំងនោះថាកំពុងតែលក់អចលនទ្រព្យតម្លៃល្អឱ្យគាត់នោះទេ។ ពិតមែនហើយ ភ្នាក់ងារទាំងនោះត្រូវការលុយ តែពួកគាត់ត្រូវការដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈ ដោយការប្តូរនូវការផ្តល់សេវាកម្ម និងព័ត៌មានទីផ្សារពិតប្រាកដ ហើយធ្វើដើម្បីអតិថិជន ព្រោះគាត់ដឹងថា នៅពេលដែលអតិថិជនចំណេញ ពួកគាត់នឹងមករកសេវាអចលនទ្រព្យទៀត។ ក្រុមហ៊ុនដែលមិនល្អ ឬគិតតែលុយជាធំមិនខ្វល់ពីអតិថិជនពិតជាមាន តែមិនមែនមានន័យថាមនុស្សគ្រប់រូប និងក្រុមហ៊ុនទាំងនោះសុទ្ធតែដូច្នេះនោះទេ។ ជាក់ស្តែង មានអតិថិជនមិនតិចទេដែលមិនមានបទពិសោធន៍វិនិយោគអចលនវត្ថុ បានផល់ចំណេញជាច្រើននៅពេលដែលគាត់ប្រើប្រាស់សេវាពីក្រុមហ៊ុនដែលមានជំនាញវិជ្ជាជិវៈច្បាស់លាស់។
៥. អ្នកដែលតែងតែជឿជាក់ទាំងស្រុងទៅលើអ្នកជំនាញគ្រប់រូប
នៅលើសារព័ត៌មាន មានព័ត៌មានមិនតិចទេដែលតែងតែសម្ភាសន៍អ្នកជំនាញនេះ អ្នកជំនាញនោះពីស្ថានភាពអចលនវត្ថុ។ តើអ្នកជឿទេ នៅពេលដែលអ្នកជំនាញណាមួយថាអចលនវត្ថុធ្លាក់ថ្លៃ វានឹងធ្លាក់ថ្លៃ? ជាក់ស្តែងកាលពីឆ្នាំ២០១៦ មានព័ត៌មានមិនតិចទេ អ្នកវិភាគមិនតិចទេថាឆ្នាំ២០១៧នឹងជួបបញ្ហា បន្ទាប់មក២០១៨ បន្ទាប់ថានឹងមានក្នុងឆ្នាំ២០១៩ ហើយក៏និយាយថា២០២០ នឹងមានបញ្ហា។ តើកន្លងមកតម្លៃបានចុះថ្លៃទេ? យោងតាមស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាសព្វថ្ងៃ ឱកាសវិនិយោគនៅមានសក្តានុពលខ្លាំងក្លា ហើយបើនិយាយថា អាចនឹងមានបញ្ហាមែននោះ វាគ្រាន់តែជាបញ្ហារយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះថា តម្លៃដីធ្លីនៅប្រទេសយើងមានតម្លៃធូរថ្លៃនៅឡើយប្រៀបធៀបប្រទេសដទៃទៀត។
៦. អ្នកដែលរង់ចាំតម្លៃអចលនទ្រព្យធ្លាក់ដល់បាត
ពួកគាត់តែងតែនឹកចាំដល់ថ្ងៃដែលតម្លៃធ្លាក់ដល់បាតទើបចង់ទិញ តើអ្នកណាខ្លះអាចដឹងថានៅតំបន់ណាដែលអចលនទ្រព្យធ្លាក់ដល់បាត? សូម្បីតែអ្នកជំនាញ ឬអ្នករកស៊ីរាប់ឆ្នាំក៏មិនប្រាកដជាអាចដឹងថាតម្លៃដល់បាតគឺមានកម្រិតណាដែរ។ ឧទាហរណ៍ថានឹងមានការធ្លាក់តម្លៃកើតឡើងក្នុងទីផ្សារមែននោះ ពួកគាត់នឹងនៅតែមិនសម្រេចចិត្តទិញ ព្រោហគាត់នឹងគិតថា វាអាចនឹងធ្លាក់បន្តទៀត ព្រោះមិនទាន់ដល់បាត។ ហេតុដូចនេះហើយ ដើម្បីចង់ចំនេញក្នុងវិស័យនេះ កុំចាំដល់ធ្លាក់ដល់បាតអី ព្រោះគ្មានអ្នកណាដឹងថាពេលណានឹងកើតឡើងឡើយ ឬក៏មិនអាចនឹងកើតឡើងក៏ថាបាន។ គួរតែផ្អែកលើលទ្ធភាព និងតម្រូវការជាក់ស្តែង ហើយធ្វើការសម្រេចចិត្តទិញ ទើបអ្នកអាចមានឱកាសទិញអចលនទ្រព្យបាន។
៧. អ្នកដែលចង់ទិញអចលនទ្រព្យដែលល្អឥតខ្ចោះ
អ្នកទាំងនោះភាគច្រើនគឺជាអ្នកដែលមានកញ្ចប់ថវការមានកំណត់ តែតែងតែចង់បានអចលនវត្ថុដែលល្អឥតខ្ចោះ។ ជាក់ស្តែង អ្នកណាក៏ចង់បានភាពល្អឥតខ្ចោះផងដែរ ដូចជាមានទីតាំងល្អ ទេសភាពស្អាត សំណង់ល្អ ទំនើបមានសួន ជិតកន្លែងពាណិជ្ជកម្ម អាចរកស៊ីបាន តម្លៃធូរថ្លៃ ។ល។ ប៉ុន្តែ ល្អគ្រប់ដប់ហើយធូរថ្លៃពិតជាមិនមានទេនៅក្នុងពិភពលោកនេះ ហើយទោះខំរកយ៉ាងណាក៏រកមិនបានដែរ។ ដូចនេះគួរតែមើលតាមលទ្ធភាពជាក់ស្តែង ហើយស្វែងរកអចលនវត្ថុដែលសាកសមនឹងខ្លួនយើង ហើយមានតម្លៃល្អនោះជាការប្រសើរបំផុត។
សរុបមក អនាគតតម្លៃអចលនទ្រព្យឡើងឬចុះគឹពិតជាមិនសំខាន់ខ្លាំងនោះទេ តែអ្វីដែលសំខាន់បំផុតគឺអាស្រ័យលើតម្រូវការ និងគោលដៅរបស់យើង។ ប្រសិនបើអ្នកមានតម្រូវការហើយ អាចកម្ចីបានពីស្ថាប័នហិរញ្ញវត្ថុហើយ អចលនវត្ថុដែលអ្នកបានមើលគឺល្អគ្រប់គ្រាន់ ទីតាំងក៏គ្រាន់បើ តម្លៃក៏អាចទទួលយកបាន នោះជាពេលដែលអ្នកគួរទិញហើយ!