spot_img
spot_img
Homeធុរកិច្ចមនុស្ស 10 ប្រភេទនេះ មិនអាចចាប់ផ្ដើមអាជីវកម្មបានទេ?

មនុស្ស 10 ប្រភេទនេះ មិនអាចចាប់ផ្ដើមអាជីវកម្មបានទេ?

-

មនុស្សជាច្រើន តែងតែមានគំនិតចង់ចាប់ផ្ដើមក្នុងការធ្វើអាជីវកម្ម ជាពិសេសយុវជន ហើយក៏មានបុគ្គលជាច្រើននាក់ដែលបរាជ័យនៅក្នុងអាជីវកម្មច្រើនដែរ។ ហេតុដូចនេះហើយ ដើម្បីការពារឱ្យមានការបង្កើតអាជីវកម្ម ហើយឆាប់មានអ្នកបរាជ័យច្រើន ជំហានដំបូង ចំពោះអ្នកដែលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម ចូរត្រួតពិនិត្យខ្លួនឯងឡើងវិញថា តើមានចូលនៅក្នុងប្រភេទមនុស្ស ទាំង 10 នេះដែរឬទេ?

មនុស្ស 10 ប្រភេទខាងក្រោមនេះ មិនអាចចាប់ផ្ដើមអាជីវកម្មបានទេ ៖

1. ចង់ក្លាយជាអ្នកមានឆាប់

ការមានបុព្វហេតុរកស៊ីបែបនេះ ចូរកុំរកស៊ី ពីព្រោះការរកស៊ីទាមទារឱ្យកើតចេញពីក្ដីស្រលាញ់ ការមានគោលបំណងជាក់លាក់ មានទស្សនវិស័យ និងបេសកកម្មច្បាស់លាស់ ដោយមិនមែនគ្រាន់តែចង់ក្លាយជាអ្នកមានឡើយ។ ការចាប់ផ្ដើមរកស៊ី ដោយគិតតែចង់ក្លាយជាអ្នកមានឆាប់ គឺមិនមានភាពយូរអង្វែងឡើយ។

2. មិនស្គាល់ខ្លួនឯងច្បាស់

ការមិនស្គាល់ខ្លួនឯងច្បាស់ ជាកត្តាចម្បងដែលធ្វើឱ្យអ្នកមិនសាកសមក្នុងការចាប់ផ្ដើមឡើយ ព្រោះវានឹងនាំឱ្យមានការលំបាកខ្លាំងនាពេលខាងមុខដល់អ្នក។ មនុស្សប្រភេទនេះ ភាគច្រើនចង់រកស៊ីតាមតែចិត្តចង់ តាមគេតាមឯង ទាំងដែលមិនដឹងថា ខ្លួនឯងមានចំណុចខ្លាំងអ្វី ហេតុអ្វីត្រូវចាប់ផ្ដើមអាជីវកម្ម? តើអ្វីជាគោលបំណងចុងក្រោយដែលចង់បានពីការធ្វើអាជីវកម្មនោះ? ហើយអ្វីដែលសំខាន់ គឺគ្មានគោលបំណងជាក់លាក់ក្នុងការចាប់ផ្ដើម។

3. មិនចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

មនុស្សប្រភេទនេះ ពិបាកក្នុងការធ្វើអាជីវកម្មណាស់ ពីព្រោះគ្រាន់តែហិរញ្ញវត្ថុផ្ទាល់ខ្លួន មិននឹងចេះគ្រប់គ្រងផង ទម្រាំគ្រប់គ្រងហិរញ្ញវត្ថុដើម្បីដំណើរការអាជីវកម្មក៏កាន់តែមានភាពលំបាក ដែលបង្ករឱ្យអាជីវកម្មជួបហានិភ័យច្រើន និងធ្វើឱ្យអ្នកជុំវិញគ្មានទំនុកចិត្ត។

4. ស្អប់ច្បាប់

ជនណាដែលស្អប់ច្បាប់ ចូរកុំធ្វើអាជីវកម្ម ពីព្រោះការធ្វើអាជីវកម្ម ចាំបាច់ត្រូវតែពាក់ព័ន្ធជាមួយនឹងប្រព័ន្ធផ្លូវច្បាប់ ប៉ុន្តែមានករណីមួយ អ្នកអាចរកស៊ីបាន ដោយមិនពាក់ព័ន្ធច្បាប់ គឺអ្នកអាចចាប់ផ្ដើមអាជីវកម្មណា ដែលគ្រាន់តែជាមុខរបរតូចតាច មានចំណូលទាប ដោយប្រព័ន្ធច្បាប់លើកលែងមិនឱ្យបង់ពន្ធ។

5. គ្មានភាពបទបែនលឿន

ម្ចាស់អាជីវកម្ម គ្រប់រូប ទាមទារឱ្យមានភាពបទបែន និងមានភាពឈ្លាតវៃក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតឡើងនៅចំពោះមុខ ពីព្រោះការធ្វើអាជីវកម្ម តែងតែជួបនូវបញ្ហាច្រើន។ ហេតុនេះ ប្រសិនបើអ្នក ជាមនុស្សប្រភេទ គ្មានភាពភាពបទបែនលឿនទេ ចូរកុំទាន់អាលសម្រេចចិត្តក្នុងការធ្វើអាជីវកម្ម។

6. ចិត្តចង្អៀត

បុគ្គលណាដែលមិនចេះបើកចិត្ត តែងតែមានចិត្តចង្អៀត ហើយចូលចិត្តគិតថា ខ្លួនឯងចេះអ្វីគ្រប់យ៉ាង ចូរកុំរកស៊ី ព្រោះការធ្វើអាជីវកម្ម មានការផ្លាស់ប្ដូរជានិច្ចទៅតាមបរិបទសង្គម ដូច្នេះទាមទារឱ្យចេះបើកចិត្តរៀនសូត្រនូវអ្វីថ្មីៗពីមនុស្សជុំវិញ ចេះអភិវឌ្ឍន៍សមត្ថភាព និងបន្តការរៀនសូត្រជានិច្ច។

7. គិតប្រយោជន៍ផ្ទាល់ខ្លួនជាធំ

ការដែលមិនចេះលះបង់ ការមិនចេះគិតប្រយោជន៍រួម ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ គឺមិនមែនជា សហគ្រិនទេ។ សហគ្រិនល្អ តែងតែចូលចិត្តគិតប្រយោជន៍រួម និងប្រយោជន៍អ្នកដទៃ ដើម្បីអាចបន្តដំណើរទៅមុខបានលឿន និងរីកចម្រើនទាំងអស់គ្នា។

8. ឆាប់បោះបង់

ការធ្វើអាជីវកម្ម មិនមែនជារឿងដែលងាយស្រួលដូចការគិតនោះទេ ព្រោះមានរឿងជាច្រើនដែលពាក់ព័ន្ធ ដើម្បីអាចដំណើរការបាន ហើយក៏មានបញ្ហាច្រើនដែលត្រូវឆ្លងកាត់ដែរ។ លើសពីនេះ ក៏ត្រូវប្រឈមមុខ និងមានការត្រៀមចិត្តបរាជ័យ ហើយបន្តស្វែងរកដំណោះស្រាយដ៏ល្អមួយដើម្បីអាចបន្តសកម្មភាពក្នុងការធ្វើអាជីវកម្មឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ ហេតុនេះ ទាមទារឱ្យអ្នកមានចិត្តអត់ធ្មត់ តស៊ូ និងមិនឆាប់បោះបង់។

9. សម្រេចចិត្តយឺត

មនុស្សប្រភេទនេះ មានការគិតវិភាគច្រើនពេក ដោយបង្ករឱ្យមានការសម្រេចចិត្តយឺត។ ការសម្រេចចិត្តយឺតនៅក្នុងអាជីវកម្ម អាចធ្វើឱ្យអាជីវកម្មបាត់បង់ឱកាសណាមួយ និងដើរមិនទាន់ដៃគូសហការក៏ថាបាន ដូច្នេះមុននឹងសម្រេចចិត្តថា ចង់ចាប់ផ្ដើមអាជីវកម្ម ចូរអ្នកត្រួតពិនិត្យមើលខ្លួនឯងជាមុនសិនថា អ្នកមានការសម្រេចចិត្តយឺតយ៉ាវ ឬជាប្រភេទមនុស្សពិបាកក្នុងការសម្រេចចិត្តដែរឬទេ?

10. មិនចេះដឹកនាំជីវិតរស់នៅឱ្យល្អ

ប្រសិនបើអ្នកមិនអាចដឹកនាំជីវិតខ្លួនឯងឱ្យមានភាពល្អប្រសើរទេ នោះការដឹកនាំអាជីវកម្មក៏ពិបាកដែរ ដូច្នេះចូរធ្វើខ្លួនឱ្យក្លាយជាអ្នកដឹកនាំដ៏ល្អ នៅក្នុងការដឹកនាំជីវិតផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ