spot_img
spot_img
Homeធុរកិច្ចមនុស្ស 28 នាក់ ទទួលបានជោគជ័យយ៉ាងខ្លាំងបន្ទាប់ពីអាយុ 40 ឆ្នាំ

មនុស្ស 28 នាក់ ទទួលបានជោគជ័យយ៉ាងខ្លាំងបន្ទាប់ពីអាយុ 40 ឆ្នាំ

-

ភាពជោគជ័យរបស់មនុស្សទូទាំងពិភពលោកមានចំនួនច្រើនណាស់ ដោយអ្នកខ្លះក៏ជោគជ័យនៅក្នុងអាយុតិច ហើយអ្នកខ្លះក៏ជោគជ័យនៅក្នុងអាយុច្រើន។ ជាក់ស្ដែងលោក Mark Zuckerberg និងលោក Bill Gates បានបង្កើតអាជីវកម្មដោយមានតម្លៃរាប់លានដុល្លាររបស់ពួកគេនៅក្នុងវ័យជំទង់ រីឯលោក Colonel Harland Sanders ស្ថាបនិកនៃក្រុមហ៊ុន KFC បានជោគជ័យក្នុងការដំណើរការអាជីវកម្ម និងមានភាពល្បីល្បាញនៅពេលគាត់មានអាយុ 65 ឆ្នាំ។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យ MIT លោក Pierre Azoulay បានវិភាគមនុស្ស 2.7 លាននាក់ដែលបង្កើតក្រុមហ៊ុននៅចន្លោះឆ្នាំ 2007 និង 2014 ដោយគាត់បានរកឃើញថា ស្ថាបនិកដែលមានអាយុ 50 ឆ្នាំ ភាគច្រើនកំពុងទទួលបានភាពជោគជ័យខ្លាំងលើអ្វីដែលពួកគេកំពុងធ្វើ។ ហើយអាយុជាមធ្យមនៃស្ថាបនិកដែលបានបង្កើតអាជីវកម្មទទួលបានជោគជ័យ គឺអាយុប្រហែល 40 ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ទោះបីជាពិភពលោកក៏សម្បូរមនុស្សទទួលបានជោគជ័យច្រើនប៉ុណ្ណាក៏ដោយ ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញពីមនុស្សល្បីៗចំនួន 28 ដែលមិនបានជោគជ័យទាល់តែសោះរហូតដល់អាយុ 30 ឆ្នាំ ប៉ុន្តែបន្ទាប់ពីឈានដល់អាយុ 40 ឆ្នាំ ពួកគេទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ហើយនេះដកស្រង់ចេញពី គេហទំព័រ Business Insider។

1. Stan Lee

Stan Lee គឺជាអ្នកបង្កើតរឿង “The Fantastic Four” នៅក្នុងឆ្នាំ 1961 ហើយវាក៏ជារឿងដ៏ល្បីមួយផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ គាត់បានបង្កើត Marvel Universe ដែលជារឿងព្រេងនិទាន ដោយមានតួអង្គ ដូចជាSpider-Man និង X-Men ដែលជារូបតំណាងវប្បធម៌នៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា លោក Lee បានទទួលមរណភាពកាលពីចុងឆ្នាំ2018 ក្នុងជន្មាយុ 95 ឆ្នាំ។

2. Toni Morrison

Toni Morrison គឺជាអ្នកនិពន្ធដែលបានឈ្នះពានរង្វាន់ណូបែល និងPulitzer លើការសរសេររឿងប្រលោមលោកដំបូងគេរបស់នាងក្នុងវ័យ 40 ឆ្នាំ ដោយមានចំណងជើងថា “The Bluest Eye”។ បន្ថែមពីនេះ ខណៈពេលដែល Morrison កំពុងធ្វើការជាអ្នកកែសម្រួលនៅ Random House នាងក៏បានឈ្នះរង្វាន់ Pulitzer នៅអាយុ 56 ឆ្នាំ និងរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រនៅអាយុ 62 ឆ្នាំ។

គួរបញ្ជាក់ផងដែរថា Toni Morrison បានទទួលមរណភាពនៅឆ្នាំ 2019 នៅអាយុ 88 ឆ្នាំ។

3. Vera Wang

Vera Wang ជាអ្នកជំនាញផ្នែកជិះស្គី និងជាអ្នកសារព័ត៌មាន មុនពេលចូលប្រឡូកក្នុងឧស្សាហកម្មម៉ូដនៅអាយុ 40 ឆ្នាំ។ សព្វថ្ងៃនេះនាងគឺជាអ្នករចនាម៉ូដស្ត្រីលំដាប់កំពូលរបស់ពិភពលោក។

4. Laverne Cox

Laverne Cox គឺជាតារា​សម្ដែង​ដែល​ត្រូវ​បាន​តែងតាំង​ជា​តារា​សម្ដែង Emmy និង​ជា​សកម្មជន​សិទ្ធិ​ឆ្លង​ដែន។ នាងទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីរបស់នាងនៅក្នុងរឿង “Orange Is the New Black” របស់ Netflix ក្នុងឆ្នាំ 2013 នៅពេលនាងមានអាយុ 41 ឆ្នាំ។ ក្នុងឆ្នាំ 2014 នាងបានចូលប្រឡូកក្នុងក្របទស្សនាវដ្តី TIME នៅអាយុ 42 ឆ្នាំ។ នៅអាយុ 45 ឆ្នាំ នាងត្រូវបានតែងតាំងជា Emmy ដំបូងរបស់នាង។

5. Donald Fisher

Donald Fisher គឺជាម្ចាស់ហាងសម្លៀកបំពាក់ GAP ដ៏ល្បីល្បាញមួយរបស់ពិភពលោក។ ទោះបីជាយ៉ាងណា ការចាប់ផ្ដើមដំបូងរបស់គាត់លើហាងសម្លៀកបំពាក់ GAP ដំបូងនៅ San Francisco ក្នុងឆ្នាំ 1969 ដោយគាត់មានអាយុ 40 ឆ្នាំ ជាមួយនឹងភរិយារបស់គាត់ ដោយការចាប់ផ្ដើមនោះគឺគាត់គ្មានបទពិសោធន៍ទាល់តែសោះលើការលក់រាយ ប៉ុន្តែគាត់អាចធ្វើឱ្យហាងសម្លៀកបំពាក់នោះក្លាយជាភាពពេញនិយមបានយ៉ាងឆាប់រហ័ស និងឈានដល់ភាពល្បីល្បាញទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា Donald Fisher បានទទួលមរណភាពនៅឆ្នាំ 2009 នៅអាយុ 81 ឆ្នាំ។

6. Samuel L. Jackson

Samuel L. Jackson គឺជាតារាហូលីវូដជាច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់មិនសូវមានភាពល្បីល្បាញប៉ុណ្ណាឡើយ។ ក្រោយមក នៅក្នុងអាយុ 43 ឆ្នាំ គាត់ទទួលបានពានរង្វាន់ក្នុងរឿង “Jungle Fever” របស់ Spike Lee ក្នុងឆ្នាំ 1991 ហើយគាត់ក៏ចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំង។

7. Kris Jenner

Kris Jenner មានអាយុ 52 ឆ្នាំនៅពេលដែលនាងបានជួបជាមួយផលិតករហូលីវូដ Ryan Seacrest ក្នុងឆ្នាំ 2007 ដើម្បីបញ្ចេញគំនិតលើកម្មវិធីទូរទស្សន៍ការពិតលើរឿងគ្រួសាររបស់នាង។ ហើយការពិតនៃការបង្ហាញរបស់គាត់ពីការរក្សាទំនាក់ទំនងជាមួយកូនស្រីគឺ Kim Kardashians ហើយវាបានក្លាយជារឿងដ៏ពេញនិយម។ Kris Jenner ក៏បានបន្តគ្រប់គ្រងការបណ្តាក់ទុនផ្សេងៗរបស់កូនៗក្នុងវិស័យម៉ូដ សម្រស់ និងប្រព័ន្ធផ្សព្វផ្សាយ។

8. Gary Heavin

Gary Heavin បានបើកមជ្ឈមណ្ឌលកាយសម្បទា Curves ដំបូងបង្អស់ក្នុងឆ្នាំ 1992 នៅពេលគាត់មានអាយុ 40 ឆ្នាំ ព្រមទាំងបានធ្វើឱ្យម៉ាយីហោនោះមានភាពរីកលូតលាស់យ៉ាងលឿនបំផុតនៅក្នុងទសវត្សរ៍ទី90។

9. Robin Chase

Robin Chase បានបង្កើតក្រុមហ៊ុន Zipcar នៅអាយុ 42 ឆ្នាំក្នុងឆ្នាំ 2000។ នាងបានចាកចេញពីក្រុមហ៊ុនក្នុងឆ្នាំ 2011 ហើយបន្តបង្កើត និងផ្តល់ប្រឹក្សាដល់ការចាប់ផ្តើមអាជីវកម្ម ក៏ដូចជាបម្រើជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

10. Sam Walton

Sam Walton មានអាជីពគ្រប់គ្រងការលក់រាយដ៏ជោគជ័យក្នុងវ័យ 20 និង 30 ឆ្នាំរបស់គាត់ ប៉ុន្តែផ្លូវរបស់គាត់ទៅកាន់ភាពជោគជ័យផ្នែកតារាសាស្ត្របានចាប់ផ្តើមនៅអាយុ 44 ឆ្នាំ នៅពេលដែលគាត់បានបង្កើត Wal-Mart ដំបូងនៅ Rogers រដ្ឋ Arkansas ក្នុងឆ្នាំ 1962។

គួរបញ្ជាក់ផងដែរថា Sam Walton បានទទួលមរណភាពនៅឆ្នាំ 1992 នៅអាយុ 74 ឆ្នាំ។

11. Henry Ford

Henry Ford មានអាយុ 45 ឆ្នាំនៅពេលដែលគាត់បានបង្កើតរថយន្តម៉ូដែល T នៅឆ្នាំ 1908។ ចំពោះរថយន្តម៉ូដែល T នេះផងដែរ វាបានធ្វើឱ្យមានការផ្លាស់ប្ដូរជីវិតប្រចាំថ្ងៃ និងផ្លាស់ប្ដូរទេសភាពទីក្រុងនៅសហរដ្ឋអាមេរិក និងបដិវត្តន៍អាជីវកម្ម។

12. Jack Weil

Jack Weil បានបង្កើតម៉ាកសម្លៀកបំពាក់គង្វាលគោដ៏ពេញនិយមបំផុតមួយ ដែលមានឈ្មោះថា Rockmount Ranch Wear នៅពេលគាត់មានអាយុ 45។ គួរបញ្ជាក់ផងដែរថា គាត់ធ្វើជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុននេះរហូតគាត់បានទទួលមរណៈភាពនៅអាយុ 107 ឆ្នាំ ក្នុងឆ្នាំ 2008។

13. Rodney Dangerfield

Rodney Dangerfield ត្រូវ​បាន​គេ​ចងចាំ​ថា​ជា​តារា​កំប្លែង​ជើង​ចាស់ ប៉ុន្តែមុននឹងក្លាយជាតារាកំប្លែងដ៏ល្បីល្បាញមានមនុស្សទទួលស្គាល់ច្រើនបែបនេះ គឺនៅពេល​គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី “The Ed Sullivan Show” នៅ​អាយុ 46 ឆ្នាំ។

14. Momofuku Ando

Momofuku Ando គឺជាអ្នកជំនួញជនជាតិតៃវ៉ាន់-ជប៉ុន ដែលជាស្ថាបនិកនៃក្រុមហ៊ុន Nissin Food Products, Ltd ដែលជាក្រុមហ៊ុនអាហារជប៉ុនដ៏ល្បីល្បាញមួយ។ ទោះបីជាយ៉ាងនេះក្ដី​ ការចាប់ផ្ដើមដំបូងរបស់គាត់ គឺការបង្កើត ramen នៅអាយុ 48 ឆ្នាំ ក្នុងឆ្នាំ 1958 ដោយមិនសូវមានការគាំទ្រឡើយ ជាពិសេសត្រូវបានគេចាត់ទុកថាកន្លែងគាត់ជាកន្លែងផលិតអាហារដែលគ្មានប្រយោជន៍ ប៉ុន្តែក្រោយពីគាត់នៅតែអាចបម្លែងវាឱ្យក្លាយជាកន្លែងល្បីល្បាញវិញនៅក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា Momofuku Ando បានទទួលមរណភាពនៅខែមករា ឆ្នាំ 2007។

15. Julia Child

Julia Child ធ្លាប់បានធ្វើការលើការផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ មុនពេលចាប់ផ្ដើមសរសេរសៀវភៅធ្វើម្ហូបដំបូងរបស់នាងនៅពេលនាងមានអាយុ 50 ឆ្នាំ ដោយចាប់ផ្តើមអាជីពរបស់នាងជាមេចុងភៅដ៏ល្បីល្បាញនៅក្នុងឆ្នាំ 1961។

16. Jack Cover

Jack Cover ធ្លាប់បានធ្វើការជាអ្នកវិទ្យាសាស្ត្រសម្រាប់ស្ថាប័ននានារួមទាំង NASA និង IBM មុនពេលគាត់ក្លាយជាសហគ្រិនជោគជ័យម្នាក់នៅអាយុ 50 ឆ្នាំ លើការបង្កើតកាំភ្លើង Taser stun នៅក្នុងឆ្នាំ 1970។

17. Betty White

Betty White គឺជាតារាកំប្លែងដែលបានឈ្នះពានរង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែនាងមិនបានក្លាយជាបុគ្គលដែលមានភាពល្បីល្បាញនៅឡើយនោះទេ រហូតដល់នាងបានចូលរួមសម្តែងក្នុងរឿង “The Mary Tyler Moore Show” ក្នុងឆ្នាំ 1973 នៅអាយុ 51 ឆ្នាំ ទើបកេរ្តិ៍ឈ្មោះរបស់អ្នកកាន់តែល្អ និងជោគជ័យខ្លាំងជាងមុន។

គួរបញ្ជាក់ផងដែរថា Betty White បានទទួលមរណៈភាពនៅអាយុ 99ឆ្នាំ ក្នុងឆ្នាំ 2021 ។

18. Steve Carell

Steve Carell គឺជាតារាសម្តែងជនជាតិអាមេរិក តារាកំប្លែង ផលិតករ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងហើយគាត់ក៏ត្រូវបានគេស្គាល់ច្រើនលើរឿងល្បីៗ ដូចជារឿង “The 40-year-old Virgin” និង “The Big Short”។ បន្ថែមពីនេះ នៅអាយុ​42 ឆ្នាំ គាត់ចាប់ផ្ដើមកាន់តែមានភាពជោគជ័យ នៅពេលគាត់បានដើរតួជា Michael Scott ក្នុងរឿង “The Office” ។

19. Tim និង Nina Zagat

Tim និង Nina Zagat ធ្លាប់ជាមេធាវី ប៉ុន្តែនៅពេលពួកគេមានអាយុ 51 ឆ្នាំ ពួកគេបានផ្សព្វផ្សាយលើការប្រមូលមតិយោបល់វាយតម្លៃលើភោជនីយដ្ឋានដំបូងរបស់ពួកគេ ដែលមានឈ្មោះថា Zagat ក្នុងឆ្នាំ 1979។ Zagat គឺជាកន្លែងដែលជួយណែនាំភោជនីដ្ឋានផ្សេងៗដោយឆ្លងកាត់ការវាយតម្លៃបានយ៉ាងល្អ ទាំងលើអាហារ ការតុបតែង សេវាកម្ម និងតម្លៃ ដើម្បីផ្ដល់ជម្រើសក្នុងការងាយស្រួលស្វែងរកភោជនីដ្ឋានដ៏ល្អ។ ចំពោះដំណើរការអាជីវកម្មនេះ បានធ្វើឱ្យពួកគាត់ទាំងពីរនាក់ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង។

20. Taikichiro Mori

Taikichiro Mori គឺជាអ្នកសិក្សាម្នាក់ដែលបានក្លាយជាអ្នកវិនិយោគអចលនទ្រព្យនៅអាយុ 51 ឆ្នាំ ហើយគាត់ក៏បានបង្កើតក្រុមហ៊ុន Mori Building ទទួលបានជោគជ័យផងដែរ។ ការវិនិយោគដ៏អស្ចារ្យរបស់គាត់បានធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកក្នុងឆ្នាំ 1992 ដោយមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន 13 ពាន់លានដុល្លារ។

21. Ray Kroc

Ray Kroc បានចំណាយវេលាជាច្រើនរបស់គាត់លើអាជីពជាអ្នកលក់ឧបករណ៍ milkshake មុនពេលគាត់បានទិញយកក្រុមហ៊ុន McDonald’s នៅអាយុ 52 ឆ្នាំក្នុងឆ្នាំ 1954។ គាត់បានពង្រីកវាទៅជាម៉ាកយីហោអាហាររហ័សធំបំផុតរបស់ពិភពលោក និងមានការគាំទ្រខ្លាំងផងដែរ។

22. Wally Blume

Wally Blume ធ្លាប់បើកដំណើរការអាជីវកម្មទឹកដោះគោ មុនពេលចាប់ផ្តើមក្រុមហ៊ុនការ៉េមផ្ទាល់ខ្លួនរបស់គាត់ឈ្មោះ Denali Flavors នៅអាយុ 57 ឆ្នាំក្នុងឆ្នាំ 1995។ ហើយការចាប់ផ្ដើមក្រុមហ៊ុនការ៉េមនេះ បានធ្វើឱ្យគាត់ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង ដោយមានប្រាក់ចំណូលចំនួន 80 លានដុល្លារកាលពីឆ្នាំ 2009។

23. Laura Ingalls Wilder

Laura Ingalls Wilder បានចំណាយពេលជាច្រើនឆ្នាំចុងក្រោយនៃពាក់កណ្ដាលជីវិតរបស់គាត់លើការសរសេររឿង ព្រមទាំងឱ្យកូនស្រីរបស់នាងដែលមានឈ្មោះថា Rose ធ្វើជាអ្នកកែសម្រួល។ នាងបានបោះពុម្ភផ្សាយជាលើកដំបូងលើសៀវភៅ “Little House” នៅអាយុ 65 ឆ្នាំក្នុងឆ្នាំ 1932។ ចំពោះសៀវភៅនោះ ទទួលបានភាពជោគជ័យជាខ្លាំង ហើយក៏បានក្លាយជាសៀវភៅអក្សរសាស្ត្រសម្រាប់កុមារ និងជាមូលដ្ឋានសម្រាប់កម្មវិធីទូរទស្សន៍ “Little House on the Prairie” ផងដែរ។

24. Harland Sanders

Harland Sanders ត្រូវបានគេស្គាល់ថាជា Colonel Sanders ដែលគាត់ជាស្ថាបនិកនៃក្រុមហ៊ុនមាន់បំពង KFC។ ភាពជោគជ័យរបស់គាត់លើការចាប់ផ្ដើមដំណើរការក្រុមហ៊ុន KFC គឺនៅពេលគាត់មានអាយុ 62 ឆ្នាំ ក្នុងឆ្នាំ 1952។ បន្ថែមពីនេះ គាត់បានលក់អាជីវកម្មជា Franchise ក្នុងតម្លៃ 2 លានដុល្លារក្នុងរយៈពេល 12 ឆ្នាំក្រោយមក។

25. Anna Mary Robertson Moses

Anna Mary Robertson Moses ត្រូវបានគេស្គាល់ថាជា Grandma Moses បានចាប់ផ្តើមអាជីពគំនូរដ៏អស្ចារ្យរបស់នាងនៅអាយុ 78 ឆ្នាំ។ នៅក្នុងឆ្នាំ 2006 គំនូរមួយរបស់នាងបានលក់ក្នុងតម្លៃ 1.2 លានដុល្លារ ហើយនេះជាភាពជោគជ័យមួយសម្រាប់នាង។

26. Harry Bernstein

Harry Bernstein បានចំណាយពេលយូរក្នុងការសរសេរដោយភាពមិនច្បាស់លាស់ ប៉ុន្តែទីបំផុតគាត់ក៏ទទួលបានភាពល្បីល្បាញនៅអាយុ 96 ឆ្នាំសម្រាប់សៀវភៅអនុស្សាវរីយ៍ឆ្នាំ 2007 របស់គាត់ គឺ “The Invisible Wall: A Love Story That Broke Barriers”។

27. Arianna Huffington

Arianna Huffington បានបង្កើតបណ្ដាញផ្សព្វផ្សាយព័ត៌មាន ដែលមានឈ្មោះថា The Huffington Post (HuffPost) នៅអាយុ 55ឆ្នាំ។ ការចាប់ផ្ដើមមួយនេះ បានធ្វើឱ្យនាងទទួលបានភាពជោគជ័យជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល តាមរយៈការធ្វើការជាអ្នកអត្ថាធិប្បាយនយោបាយផង និងជាអ្នកនិពន្ធសម្រាប់អាជីពដំបូងរបស់នាងផង។ ក្រោយមក HuffPost បានលក់ទៅឱ្យ AOL ក្នុងតម្លៃ 315 លានដុល្លារ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ