មិនថានៅកន្លែងណាក៏ដូចកន្លែងណាដែរមនុស្សមិនអាចចៀសផុតពីការឈ្លោះទាស់ទែងគ្នាឬការមិនសូវចុះសម្រុងគ្នាទេជាពិសេសគឺនៅកន្លែងធ្វើការផ្ទាល់តែម្តង។ បើទោះបីជាកន្លែងនោះមានវិន័យតឹងរ៉ឹងយ៉ាងណាក៏គេមិនងាយនឹងបញ្ចៀសបញ្ហាទាំងនេះបានដែរ។ ប្រសិនបើអ្នកមិនចង់ឲ្យមានបញ្ហាជាមួយនឹងគេទេអ្នកត្រូវរកវិធីផ្សេងៗដែលអ្នកគិតថាស័ក្តិសមក្នុងការដោះស្រាយបញ្ហាជាមួយមិត្តរួមការងាររបស់អ្នកក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរ។ កាលណាអ្នកមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារនោះកន្លែងការងាររបស់អ្នកនឹងក្លាយជាកន្លែងដែលគួរឲ្យចង់ទៅហើយការងាររបស់អ្នកក៏ក្លាយជាការងារដែលគួរឲ្យចង់ធ្វើ។ ម្យ៉ាងទៀតបើកាលណាអ្នកបានប្រាស្រ័យទាក់ទងគ្នាបានល្អវានាំឲ្យមានការកាត់បន្ថយនូវការយល់ឃើញខុសរវាងគ្នានិងគ្នាហើយផលិតភាពការងាររបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ។ គន្លឹះសំខាន់ៗខាងក្រោមនឹងជួយឲ្យអ្នកគិតបានថាអ្នកគួរយកវិធីណាខ្លះទៅប្រើការដើម្បីទុកជាប្រយោជន៍ដល់ការទំនាក់ទំនងអន្តរបុគ្គល៖
១. ស្តាប់
ការស្តាប់អ្នកដទៃនិយាយជាការបង្ហាញនូវការគោរពនិងការយកចិត្តទុកដាក់របស់អ្នកទៅលើគេ។ ប៉ុន្តែការស្ដាប់ដើម្បីតែស្តាប់មួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយអ្នកត្រូវបង្ហា្ញពីចំណាប់អារម្មណ៍របស់អ្នកលើពាក្យសម្តីដែលគេកំពុងតែនិយាយផង។ ជាពិសេសអ្នកគួរចៀសវាងការស្ងាប ការចុចទូរស័ព្ទលេង ឬការស្ដាប់ចម្រៀងនិងមើលអ្វីផ្សេងនៅពេលដែលគេកំពុងតែនិយាយជាមួយអ្នក។ នៅពេលដែលអ្នកចង់និយាយឬបញ្ចេញយោបល់ដែរ អ្នកត្រូវស្ដាប់គេនិយាយឲ្យចប់សិនសឹមកាត់សម្តីរបស់គេ។ មួយវិញទៀតអ្នកត្រូវស្ដាប់យ៉ាងជិតស្និទ្ធ បន្ទន់កាយឲ្យបានជិតគេ ព្រមទាំងមើលឲ្យចំភ្នែករបស់គេផងដែរ។
២. និយាយពីជិវិតផ្ទាល់ខ្លួន
អ្នកអាចជជែកពីជីវិតផ្ទាល់ខ្លួនជាមួយមិត្តរួមការងារ ជួយឲ្យយោបល់គេ និងជួយដោះស្រាយបញ្ហាឲ្យគេ។ យ៉ាងណាមិញការនិយាយក៏គួរតែមានការប្រុងប្រយ័ត្នដែរ។ បើទោះបីជាការនិយាយពីជីវិតផ្ទាល់ខ្លួននាំឲ្យអ្នកនិងមិត្តរបស់អ្នកមានការទុកចិត្តគ្នានិងបើកចំហរពីគ្នាទៅវិញទៅមកតែអ្នកមិនគួរលូកលាន់ក្នុងរឿងផ្ទាល់ខ្លួនរបស់គេជ្រុលពេកទេជាពិសេសមិនត្រូវយករឿងរបស់មិត្តទៅបើកកកាយប្រាប់អ្នកផ្សេងនិងតាមបណ្តាញសង្គមឡើយ។ ម្យ៉ាងទៀតអ្នកគួរចៀសវាងការនិយាយភូតភរកុហក ការបង្កាច់បង្ខូច និងសម្តីដែលងាយវាយប្រហារដល់ភាគីម្ខាងទៀត។ វានឹងកាន់តែប្រសើរបើអ្នកចេះបង្កើតភាពសំណើចរួមគ្នាជាមួយមិត្តដើម្បីបង្កើតភាពស្និទ្ធស្នាល។
៣. ផ្តល់មតិរិះគន់បែបស្ថាបនា
ដូចដែលបានឃើញខាងលើថាការនិយាយត្រូវមានការប្រុងប្រយ័ត្នជាមួយមិត្តរួមការងារ។ យ៉ាងណាមិញនៅពេលដែលអ្នកចង់ផ្តល់ជាមតិកែតម្រូវដល់មិត្តរបស់អ្នក អ្នកត្រូវប្រាកដថាអ្នកបានដកយកអារម្មណ៍ផ្ទាល់ខ្លួនដែលមិនល្អចេញ រួចហើយនិយាយតាមសម្រួលជាមួយគេ និងនិយាយតាមការពិតប្រកបដោយសន្តិវិធីបំផុត។ អ្នកត្រូវចាំថាគ្មាននរណាម្នាក់ចង់ស្ដាប់ចំណុចអាក្រក់របស់ខ្លួនឡើយតែគេនឹងព្រមស្ដាប់ចំណុចទាំងឡាយដែលជួយកែតម្រូវគេឲ្យកាន់តែប្រសើរ។ លើសពីនេះទៅទៀតអ្នកត្រូវប្រាកដថាអ្នកបានរ៉ាយរ៉ាប់ល្អិតល្អន់ពីចំណុចដែលអ្នកចង់ឲ្យគេកែតម្រូវបន្ថែមហើយគេពិតជាបានយល់ពីបំណប្រាកដរបស់អ្នក។ មុននឹងផ្តល់មតិកែតម្រូវឬសុំមតិកែតម្រូវអ្នកត្រូវសុំការអនុគ្រោះពីភាគីម្ខាងទៀតជាមុនសិនបើអ្នកបាននិយាយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គេដោយប្រការណាមួយ។
អ្នកត្រូវចាំថាគ្មាននរណាម្នាក់ចង់ស្ដាប់ចំណុចអាក្រក់របស់ខ្លួនឡើយតែគេនឹងព្រមស្ដាប់ចំណុចទាំងឡាយដែលជួយកែតម្រូវគេឲ្យកាន់តែប្រសើរ
៤. ទំនុកចិត្ត
មិនថាជាទំនាក់ទំនងប្រភេទណាទេទំនុកចិត្តពិតជាមិនអាចខ្វះបានឡើយ។ ម្យ៉ាងវិញទៀតវានឹងងាយបែកបាក់បំផុតដោយសារតែការកុហកនិងបាត់បង់ភាពស្មោះត្រង់ចំពោះគ្នា។ ដើម្បីទទួលបានទំនុកចិត្តអ្នកត្រូវប្រាស្រ័យទាក់ទងឲ្យបានច្បាស់ៗ និងប្រុងប្រយ័ត្ន។ ជាពិសេសបើអ្នកបានសន្យាអ្វីមួយហើយអ្នកត្រូវធ្វើឲ្យបានព្រោះថាការនិយាយពាក្យសុំទោសច្រើនដងពេកនឹងធ្វើឲ្យគេបាត់បង់ភាពជឿជាក់ចំពោះរូបអ្នកមិនខាន។
៥. ប្រើប្រាស់ការទំនាក់ទំនងផ្សេងៗដែលមានប្រសិទ្ធភាព
មនុស្សផ្សេងៗគ្នានោះទំនាក់ទំនងក៏ខុសគ្នាដែរ។ អ្នកខ្លះចូលចិត្តនិយាយផ្ទាល់ ខ្លះចូលចិត្តប្រើប្រាស់បណ្តាញសង្គម ខ្លះនិយាយទូរស័ព្ទ ខ្លះទៀតតាមការផ្ញើសារ ឬតាមការទៅសួរសុខទុក្ខផ្ទាល់ជាដើម។ អ្នកត្រូវសង្កេតពីចំណង់ចំណូលចិត្តនៃការប្រាស្រ័យទាក់ទងរបស់គេឲ្យបានច្បាស់ដើម្បីឲ្យទុនក្នុងការទាក់ទងទៅមានប្រសិទ្ធភាព។ ជាពិសេសបើកាលណាអ្នកចង់ជជែកជាមួយគេអ្នកត្រូវគោរពពេលវេលារបស់គេដែរថាពេលណាគេជាប់រវល់ឬទំនេរអាចនិយាយជាមួយអ្នកបាន។
៦. ជួយខ្លួនឯងសិនមុនសុំជំនួយពីគេ
បើអ្នកជួបប្រទះបញ្ហាអ្នកមិនត្រូវសួរគេភ្លាមៗទេអ្នកត្រូវប្រឹងប្រែងដោះស្រាយដោយខ្លួនឯងឲ្យអស់លទ្ធភាពសិនបើទោះជាបានតែបន្តិចបន្តួចក្តី។ បើសិននោះគឺជារឿងដែលងាយស្រួលតែអ្នកគិតតែពីសួរគេវានឹងក្លាយទៅជាទង្វើដែលគួរឲ្យធុញណាស់សម្រាប់អ្នកដែលអ្នកសួរ។
សរុបមកទំនាក់ទំនងល្អជាមួយមិត្តរួមការងារអ្នកគឺមិនពិបាកឡើយបើទោះបីជាអ្នកជាមនុស្សដែលមិនសូវចេះនិយាយស្តីក៏ដោយក៏អ្នកអាចមានឱកាសបង្កើតភាពស្និទ្ធស្នាលជាមួយមិត្តរបស់អ្នកបានដែរ។