យុទ្ធសាស្រ្តទាំង៣ដើម្បីលើកទឹកចិត្តកូនក្រុមរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង

1877

​​​​​        ពាក្យថាអ្នកដឹកនាំគេមួយម៉ាត់ គឺសំដៅទៅលើអ្នកត្រួសត្រាយផ្លូវនិងជាអ្នកនាំមុខគេរាល់កិច្ចការទាំងឡាយ វាមិនមែនជាការងារស្រួលដូចជាពាក្យដែលយើងគ្រប់គ្នានិយាយឡើយ។​ ដើម្បីក្លាយជាមេដឹកនាំម្នាក់ដ៏ឈ្លាសវៃ ដ៏ពូកែ​ ដ៏រឹងមាំ ខ្លាំងក្លាម្នាក់ ពួកគាត់ត្រូវតែចេះពីយុទ្ធសាស្រ្ត ចិត្ត​សាស្រ្ត ដើម្បីស្វែងយល់អំពីតម្រូវការ​ និង អារម្មណ៍របស់បុគ្គលិក ជាពិសេសនោះគឺ បង្វឹកបុគ្គលិកពីបុគ្គលិកដែលគ្មានសម្ថតភាពទៅជាបុគ្គលិកឆ្នើម​ ដែលអាចជួយជំនួសកិច្ចការរបស់ខ្លួនបានយ៉ាងល្អពេលដែលខ្លួនមិននៅ។​ អ្នកដឹកនាំត្រូវតែជាអ្នកប្រឹក្សា អ្នកកំណត់វិន័យ ថែមទាំងជាអ្នកលើកទឹកចិត្ត និង អ្នកផ្តល់កម្លាំងចិត្តម្នាក់ទៅដល់បុគ្គលិកឬកូនក្រុមទៀតផង។ ការកំណត់នូវការរំពឹងទុកមួយដែលខ្ពស់ វាមិនមែនត្រឹមតែលើកទឹកចិត្តដល់បុគ្គលិកតែប៉ុណ្ណោះទេ តែវាក៏ជាកាតាលីករមួយយ៉ាងសំខាន់ដែលអាចធ្វើឲ្យអាជីវកម្ម និងដំណើរការរបស់ក្រុមហ៊ុនវិវត្តន៍ទៅមុខយ៉ាងរលូន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលជួយលើកទឹកចិត្តបុគ្គលិកឬកូនក្រុមរបស់អ្នកឲ្យខិតខំធ្វើការងារយ៉ាងមានប្រសិទ្ទភាពខ្ពស់ ដើម្បីភាពជោគជ័យទាំងអស់គ្នា:

១.ជួយបុគ្គលិកឬក្រុមរបស់អ្នកដោយចេះពិភាក្សាគ្នាអំពីអាជីពការងារ

គម្រោងការងារមួយអាចសម្រេចទៅបានជោគជ័យ គឺពឹងផ្អែកទៅលើសាមគ្គីភាព និងការសហការគ្នា រវាងអ្នកដឹកនាំនិងបុគ្គលិក បុគ្គលិកនិងបុគ្គលិក។ ដូចនេះហើយក្នុងនាមយើងគឺជាអ្នកដឹកនាំ ប្រៀបដូចជាម្តាយម្នាក់​ដូច្នឹងឯង ត្រូវចេះតម្រែតម្រង់ទិសដៅឲ្យបុគ្គលិករបស់ខ្លួនខិតខំធ្វើការងារ ឲ្យពួកគាត់ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះបុគ្គលិកគឺជាកម្លាំងស្នូលមួយយ៉ាងសំខាន់របស់ក្រុមហ៊ុន។មិនត្រឹមតែប៉ុណ្ណឹងទេ យើងគួរតែចេះចំណាយពេលវេលាខ្លះៗ​ ដើម្បីពិភាក្សាអំពីអាជីពការងារ ពីគោលដៅរួមដើម្បីសម្រេចកិច្ចការងារធំឲ្យបានជោគជ័យទាំងអស់គ្នា។​ ការពិភាក្សាគ្នាធ្វើឲ្យការគិតរបស់បុគ្គលនិមួយៗកាន់តែរីកចម្រើន និងមានគំនិតថ្មីៗច្រើន​ ព្រោះពេលដែលយើងពិភាក្សាគឺមានមតិជាច្រើនបានចោទសួរ។កាន់តែពិភាក្សាគ្នាពីអាជីពការងារ គឺធ្វើឲ្យបុគ្គលិកយល់ច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនហើយ ពួកគេនិងព្យាយាមធ្វើការងារនោះដោយមិនខ្លាចភាពនឿយហត់ និងគ្មានការត្អូញត្អែរឡើយ។​ដូច្នេះហើយក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ គឺត្រូវតែចេះចែករំលែក ចែករំលែកពីភាពជោគជ័យ ភាពបរាជ័យ ពីផែនការអាជីកម្ម ចក្ខុវិស័យ ព្រមទាំងចែករំលែកនូវក្តីស្រលាញ់របស់ខ្លួនទៅកាន់បុគ្គលិករបស់ខ្លួនផងដែរ។

២.ត្រូវចេះចាប់យកឱកាសរៀនសូត្រ

ត្រូវចេះលើកទឹកចិត្តបុគ្គលិករបស់អ្នកឲ្យចេះរៀនពីការងារ​ ទោះជាការងារល្អក្តីអាក្រក់ក្តី។ ពួកគេនឹងមានសមត្ថភាពកាន់តែរីកចម្រើនពេលដែលគេចេះបម្លែងការងារ​ ទៅជាការរៀនសូត្រ។យ៉ាងណាមិញអ្នកដឹកនាំត្រូវតែប្រាប់បុគ្គលិកឲ្យចេះតាមដាន ចេះសង្កេត​មើលបញ្ហាដែលមាននៅចំពោះមុខ ដូចជាជំរុញឲ្យបុគ្គលិកចូលរួម​ វគ្គបណ្តុះបណ្ដាល សិក្ខាសិលាជាដើម។​ ហើយនេះគឺជាការបង្វឹក ការបណ្តុះបណ្តាល ទៅដល់បុគ្គលិកដើម្បីឲ្យពួកគេចេះត្រួតពិនិត្យ ព្រមទាំងពិនិត្យពិច្ច័យរាល់បញ្ហាតូចៗនៅចំពោះមុខ បើពួកគេមិនចាប់អារម្មណ៍នូវបញ្ហាតូចៗទេ​នោះបញ្ហាធំៗនិងកើតឡើងជាក់ជាពុំខាន។

៣.បង្កើននូវមិត្តភាព(រវាងមេដឹកនាំនិងបុគ្គលិកការងារ)

នៅក្នុងអង្គភាពមួយចំនួនភាគច្រើនចូលចិត្តបែងចែកវណ្ណៈ បុណ្យស័ក្តិ តួនាទី ទើបធ្វើឲ្យទំនាក់ទំនងរវាងអ្នកដឹកនាំនិងបុគ្គលិកឃ្លាតឆ្ងាយដាច់ពីគ្នា ហើយវាក៏ជាមូលហេតុដែលជម្រុញឲ្យការងារអាជីវកម្មរបស់ពួកគេធ្លាក់ចុះផងដែរ។ អាស្រ័យហេតុនេះហើយ គ្រប់មេដឹកនាំទាំងអស់គួរតែបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការបារម្ភ ការយកចិត្តទុកដាក់ដល់បុគ្គលិក​ ដើម្បីបង្កើននិងពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ។ ពេលដែលទំនាក់ទំនងកាន់តែកើនឡើង សន្ទុះនៃការងាររបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ ហើយអាជីវកម្មរបស់អ្នកក៏ទៅបានយ៉ាងរលូនផងដែរ។ជាចុងក្រោយអ្វីដែលអាចទាក់ចិត្ត ល្បួងចិត្តមនុស្សបានគឺជាការស្រលាញ់ ពេលដែលយើងបង្កើននូវការស្រលាញ់ ផ្តល់នូវការស្រលាញ់ដល់មនុស្សជុំវិញខ្លួនហើយ អ្នកដែលនៅជុំវិញខ្លួននឹងផ្ដល់វាត្រលប់មកវិញ ដោយការខិតខំប្រឹងប្រែងធ្វើការ និងជួយសម្រេចផែនការអាជីវកម្មរបស់អ្នក។