ការគិតឱ្យមានភាពច្នៃប្រឌិត នរណាក៏ចង់ទទួលបានដែរ ប៉ុន្តែវាមិនងាយស្រួលឡើយ ពីព្រោះវាទាមទារឱ្យមានការហ្វឹកហាត់ទៅតាមដំណាក់កាល។ ខាងក្រោមនេះ ជាជំហានដែលអ្នកអាចអនុវត្តន៍បាន ដើម្បីវិវត្តន៍ខ្លួនឯងឱ្យក្លាយជាអ្នកគិតដែលមានភាពច្នៃប្រឌិត។
ជំហានទី1. ចាកចេញពី Comfort Zone
មនុស្សដែលរស់នៅតែក្នុងតំបន់សុខស្រួលរហូត ប្រៀបដូចជាកំពុងបំផ្លាញការគិតឱ្យមានភាពស្ពឹកស្រពោន ដែលជាហេតុធ្វើឱ្យខ្លួនឯងពិបាករិះគិតដើម្បីស្វែងរកនូវគំនិត ឬព័ត៌មានថ្មីៗ។
របៀបចាកចេញពី Comfort Zone
- ផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមាន និងការគិតដែលមិនរីកចម្រើន
- កំណត់គោលដៅជីវិត ថាចង់ឃើញខ្លួនឯងក្លាយជាអ្វី? និងមានគោលបំណងអ្វីសសម្រាប់ជីវិតចុងក្រោយ?
- មានផែនការសកម្មភាពរាល់ថ្ងៃ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ហើយមានភាពច្បាស់លាស់
- ពិនិត្យ តាមដាន លទ្ធផលដែលធ្វើបានសម្រេចជារៀងរាល់ល្ងាច និងបន្តកែតម្រូវលើអ្វីមិនល្អ ថែមទាំងពង្រឹងនូវអ្វីដែលមិនទាន់បានធ្វើជាដើម
- ធ្វើឱ្យជីវិតប្រចាំថ្ងៃ មានភាពស្រស់បំព្រង និងស្រស់ស្រាយបំផុតតាមដែលអាចធ្វើបាន
- សេពគប់ជាមួយមនុស្សល្អៗ មនុស្សខ្លាំងៗ មនុស្សពូកែៗ និងមនុស្សដែលចូលចិត្តការរីកចម្រើនឱ្យបានច្រើននៅក្នុងជីវិត
- ជំនះរាល់ភាពខ្ជិល ការចាំសិន និងទម្លាប់មិនល្អនានា ដែលនាំអ្នកឱ្យធ្លាក់ក្នុងរណ្ដៅនៃភាពមិនរីកចម្រើន
- ចាកចេញទៅកន្លែងផ្សេងៗ និងចូលរួមកិច្ចការងារសង្គមឱ្យបានច្រើន
ជំហានទី2. ថែទាំសុខភាពឱ្យល្អបំផុត
សុខភាពជារឿងសំខាន់ណាស់ កាលណាសុខភាពល្អ នោះរាងកាយរឹងមាំ និងជំនួយដល់សារពាង្គកាយឱ្យដំណើរការល្អ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងធ្វើអ្វីក៏ពោរពេញដោយថាមពលដែរ។ លើសពីនេះ វាក៏ជាផ្នែកមួយសំខាន់ ក្នុងការគិតឱ្យបានល្អ ដោយគិតអ្វីក៏បាន និងឆាប់ចាប់បានលឿន ដើម្បីផ្ទុកជាព័ត៌មាននៅក្នុងខួរក្បាល។
របៀបថែទាំសុខភាព
- ជ្រើសរើសម្ហូបអាហារ ដែលមានអនាម័យខ្ពស់ និងមានជីវជាតិគ្រប់គ្រាន់
- ញុំាប្រភេទផ្លែឈើ និងទឹកភេជ្ជៈណាដែលជំនួយដល់សុខភាព និងជំនួយដល់ខួរក្បាលឱ្យបានច្រើន
- គេងឱ្យបានគ្រប់គ្រាន់
- លំហែរអារម្មណ៍ឱ្យបានច្រើន រៀងរាល់ចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក ដោយអាចទៅកន្លែងណាមានខ្យល់បរិសុទ្ធ មានពន្លឺថ្ងៃគ្រប់គ្រាន់ និងទីកន្លែងណាដែលអ្នកចង់ទៅកំសាន្តជាដើម
- ធ្វើលំហាត់ប្រាណដើម្បីសុខភាព ជារៀងរាល់ព្រឹក
ជំហានទី3. ប្រមូលផ្ដុំព័ត៌មានសំខាន់ៗឱ្យបានច្រើន
ត្រូវប្រមូលផ្ដុំព័ត៌មានសំខាន់ៗលើផ្នែកណាមួយដែលអ្នកចង់ប្រលូក។ ហេតុអ្វីត្រូវធ្វើបែបនេះ? ពីព្រោះ ខួរក្បាលរបស់អ្នក ត្រូវការជាចាំបាច់ គឺព័ត៌មាន និងទិន្នន័យដើម្បីត្រិះរិះពិចារណា ប៉ុន្តែប្រសិនបើអ្នកគ្មានព័ត៌មាន ឬទិន្នន័យច្រើននៅក្នុងខួរក្បាលទេ នោះអ្នកគិតអ្វីក៏មិនចេញ ឬគិតចេញត្រឹមតែអ្វីដែលធម្មតាៗប៉ុណ្ណោះ។
សារៈសំខាន់នៃការប្រមូលផ្ដុំព័ត៌មានច្រើន
- ងាយស្រួលគិតពិចារណា ដើម្បីស្វែងរកគំនិតថ្មីៗ
- សម្រេចចិត្តធ្វើអ្វីបានលឿន ដោយត្រឹមត្រូវ និងច្បាស់លាស់
- មិនងាយធ្វើឱ្យការគិតមានភាពសុញច្រើន ដោយគិតមិនចេញ
- ងាយដោះស្រាយលើបញ្ហានានាបានលឿន
- ងាយបង្កើតយុទ្ធសាស្រ្តថ្មីៗ ដើម្បីធ្វើសកម្មភាព
- ធ្វើឱ្យមានអ្វីប្រសើរជាងមុន ក្នុងការធ្វើអ្វីមួយ
របៀបប្រមូលផ្ដុំព័ត៌មាន
- អានសៀវភៅ មើលវីដេអូចំណេះដឹង និងអានព័ត៌មានឱ្យបានច្រើន ដែលពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់ដឹង ចង់លម្អិត ដើម្បីជាជំនួយដល់ការគិតបន្ថែម
- ប្រឡូកក្នុងកិច្ចការងារសង្គម និងចេញទៅក្រៅឱ្យបានច្រើន ដើម្បីរៀនសូត្រពីភាពជាក់ស្ដែង និងដឹងពីបរិបទជុំវិញ
- សេពគប់ជាមួយអ្នកជំនាញលើផ្នែកណាមួយ និងសេពគប់ជាមួយមនុស្សពូកែៗឱ្យបានច្រើន ដើម្បីជជែក និងសួរនាំលម្អិត អំពីអ្វីមួយដែលអ្នកចង់ដឹងបន្ថែម
- ស្រាវជ្រាវឱ្យបានច្រើន នៅលើប្រព័ន្ធអនឡាញ
ជំហានទី4. បង្កើតអ្វីថ្មីៗជារៀងរាល់ថ្ងៃ
ការធ្វើអ្វីថ្មីៗជារៀងរាល់ថ្ងៃ នឹងនាំអ្នកឱ្យទទួលបានបទពិសោធន៍ថ្មី មេរៀនថ្មី និងមានគំនិតថ្មី តាមរយៈការរៀនជំនាញថ្មី ការផ្លាស់ប្ដូរគំនិតថ្មីៗជាមួយបុគ្គលដែលមានសមត្ថភាព និងទទួលចំណេះដឹងថ្មីៗ ឬទទួលយកឱកាសថ្មីៗបន្ថែម។ បន្ទាប់មកចាប់ផ្ដើមធ្វើសកម្មភាព ដើម្បីធ្វើឱ្យការគិតមានការវិវត្តន៍ និងរីកចម្រើន។
ជំហានទី5. បើកចិត្តឱ្យធំទូលាយ
ត្រូវធ្វើជាមនុស្សដែលបើកចិត្តទទួលយកអ្វីដែលថ្មី ចេះដាក់ខ្លួន និងបន្តការរៀនសូត្រជានិច្ច។
ជំហានទី6. អនុវត្តន៍ឱ្យបានច្រើន
គិតហើយត្រូវតែអនុវត្តសាកល្បង ដើម្បីសង្កេតមើលពីភាពល្អប្រសើរ និងហ៊ានទទួលយកការរិះគន់ត្រឡប់នូវរាល់កំហុសឆ្គង។ បន្ទាប់មក រៀនកែតម្រូវ ការអភិវឌ្ឍន៍សមត្ថភាព និងរៀនពីកំហុសឆ្គងនានា។ អនុវត្តន៍ច្រើន កំហុសក៏កាន់តែច្រើន ប៉ុន្តែឱកាសនៃភាពរីកចម្រើនក៏ខ្លាំងដែរ ពីព្រោះកាលណាមានកំហុស ការគិតថ្មីៗតែងតែមាន ដើម្បីស្វែងរកដំណោះស្រាយក្នុងការធ្វើវាឱ្យកាន់តែល្អជាងមុន។
សង្ខេបជារួម ដើម្បីក្លាយជាអ្នកគិតបែបច្នៃប្រឌិត អ្នកត្រូវតែ៖
- ចាកចេញពីតំបន់សុខស្រួលរបស់ខ្លួនឯង (Comfort Zone)ឱ្យបាន
- ថែទាំសុខភាពខ្លួនឯងឱ្យខ្លាំង
- ធ្វើឱ្យខួរក្បាលពោរពេញដោយព័ត៌មាន ចំណេះដឹង និងទិន្នន័យឱ្យបានច្រើន
- ធ្វើអ្វីថ្មីៗជារៀងរាល់ថ្ងៃ
- បើកចិត្តឱ្យធំទូលាយ ដើម្បីរៀនសូត្រ
- និងអនុវត្តន៍ឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។