ការចាប់ផ្ដើមអាជីវកម្មតាមអនឡាញ នរណាក៏អាចចាប់ផ្ដើមបានដែរ ប៉ុន្តែបើចាប់ផ្ដើមឱ្យមានលក្ខណៈស្ដង់ដារដែលមនុស្សគ្រប់គ្នាទុកចិត្ត ហើយអាចធ្វើឱ្យអាជីវកម្មអនឡាញនោះដំណើរការបានរលូន និងជោគជ័យ គឺមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។
អាជីវកម្មអនឡាញ ក៏ទាមទារឱ្យអ្នកមានក្បួន និងរបៀបត្រឹមត្រូវដើម្បីធ្វើ ហើយក៏មានអាទិភាពរកប្រាក់ចំណូលបានខ្ពស់ដែរ ព្រមទាំងអាចឈានដល់ការបើកអាជីវកម្មធំដោយមានទីតាំងច្បាស់លាស់ ពីព្រោះនៅក្នុងសម័យនេះ មនុស្សប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតច្រើន និងពេញនិយមទិញអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការនៅតាមអនឡាញ ប៉ុន្តែពួកគេជ្រើសរើសតែអាជីវកម្មណាដែលមើលទៅគួរឱ្យទុកចិត្ត និងពេញនិយមប៉ុណ្ណោះ។
ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មអនឡាញដែរ តើត្រូវយល់ដឹងអំពីអ្វីខ្លះ? ហើយចាប់ផ្ដើមដោយរបៀបណា?
អ្វីដែលអ្នកត្រូវដឹង មុនពេលចាប់ផ្ដើម
- តើអ្នកចង់លក់អ្វី?
- តើចង់បង្កើតម៉ាកខ្លួនឯង ឬទិញស្ដុកពីគេលក់បន្ត?
- ឈ្វេងយល់ពីទំហំទីផ្សារ បើធៀបនឹងផលិតផលដែលលក់
- តើគុណភាពផលិតផលដែលអ្នកនឹងលក់នោះយ៉ាងមិចដែរ?
- តើមនុស្សភាគច្រើនមានតម្រូវការអ្វី?
- តើនរណាជាអតិថិជនគោលដៅរបស់អ្នក?
- តើនរណានឹងជួយអ្នកក្នុងការចាប់ផ្ដើម?
- បង្កើតផែនការអាជីវកម្ម
- ផែនការយុទ្ធសាស្រ្តធ្វើទីផ្សារសម្រាប់អាជីវកម្ម
របៀបចាប់ផ្ដើមអាជីវកម្មអនឡាញ
ជំហានទី1. បង្កើតផេកផ្លូវការសម្រាប់ធ្វើអាជីវកម្មរបស់អ្នក៖ ដោយបង្ហាញLogoអាជីវកម្ម ឈ្មោះអាជីវកម្ម បង្ហាញព័ត៌មានលម្អិតអំពីក្រុមហ៊ុន និងរៀបចំផេកឱ្យបានល្អ ដើម្បីធ្វើឱ្យអតិថិជនទុកចិត្ត និងងាយស្រួលទំនាក់ទំនងបញ្ជាការកម្ម៉ង់។ ហើយចំណុចនេះ ប្រសិនបើអ្នកមិនចេះបង្កើតផេកផ្លូវការដែលមានលក្ខណៈស្ដង់ដារទេ អ្នកអាចជួលអ្នកជំនាញផ្នែកនេះ ដើម្បីឱ្យគេរៀបចំជូនអ្នក។
ជំហានទី2. ជ្រើសរើសផលិតផលត្រូវ៖ ប្រសិនបើអ្នកបង្កើតម៉ាកខ្លួនឯង អ្នកត្រូវតែធ្វើឱ្យផលិតផលរបស់អ្នកស្របច្បាប់ មានគុណភាព និងអាចបំពេញតម្រូវការរបស់មនុស្សបានច្រើន។ ប៉ុន្តែប្រសិនបើអ្នកទិញម៉ាករបស់អ្នកដទៃមកលក់បន្ត នោះអ្នកក៏ត្រូវមើលដែរថា តើផលិតផលនោះស្របច្បាប់ទេ? មានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ? គុណភាពល្អទេ? និងស្រាវជ្រាវព័ត៌មានឱ្យបានច្រើនអំពីម៉ាកដែលអ្នកនឹងយកមកលក់បន្ត ដើម្បីអ្នកខ្លួនឯងអាចលក់ដាច់ ងាយធ្វើទីផ្សារ និងកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ព្រមទាំងបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់។
ជំហានទី3. បង្កើតឱ្យមានក្រុម៖ ប្រសិនបើអ្នកបើកអាជីវកម្មអនឡាញលក្ខណៈតូចដែរ ដូច្នេះអាចពឹងពាក់ឱ្យបងប្អូនសាច់ញាតិដែលអាចជាទីពឹងក្នុងការជួយបន្ថែម ទាំងការរៀបចំស្ដុក និងជួយមើលការខុសត្រូវផ្សេងៗតាមតម្រូវការរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមធំល្មមដែរ អាចជ្រើសរើសបុគ្គលិកម្នាក់ឬច្រើន តាមភាពជាក់ស្ដែង ក្នុងការជួយរៀបចំ និងជួយអ្នកឆ្លើយតបភ្ញៀវជាដើម។
ជំហានទី4. ពិចារណាក្នុងការសហការជាមួយអ្នកដឹកជញ្ជូន៖ ចំណុចនេះ អ្នកអាចរៀបចំឱ្យមានអ្នកដឹកឥវ៉ាន់សម្រាប់ភ្ញៀវ ដោយប្រសិនបើមានបងប្អូនជាអ្នកដឹក អាចទាក់ទងជាមួយគាត់ និងម្យ៉ាងទៀត អាចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន។
ជំហានទី5. រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយ៖ អ្នកអាចចាប់ផ្ដើមពីការផ្សព្វផ្សាយកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក ដើម្បីឱ្យមនុស្សបានស្គាល់ និងបាន Like & Follow ផេកផ្លូវការរបស់អ្នក។ បន្ទាប់មក រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយមាតិកាឱ្យត្រូវនឹងអតិថិជនគោលដៅ អមជាមួយនឹងអាជីវកម្មរបស់អ្នក។ លើសពីនេះ ក៏ត្រូវចេះពីរបៀប Boost page និងរបៀបផ្សព្វផ្សាយឱ្យបានត្រូវពេលវេលា ហើយមានលក្ខណៈរលូន ដោយគ្មានភាពរញ៉ែរញ៉ៃ។