ជាទូទៅ នៅពេលដែលមនុស្សនិយាយអំពីម៉ាកយីហោគ្រឿងអង្ការ ភាគច្រើនគឺពួកគេនឹងគិតដល់ភាពប្រណិត ភាពទាន់សម័យលំដាប់ខ្ពស់ និងរចនាប័ទ្មនៃម៉ូដជាដើម។ លើសពីនេះ ការបង្កើតចិញ្ចៀនពេជ្រដ៏ប្រណិតមួយ ក៏ទាមទារឱ្យមានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ចិញ្ចៀនម៉ាក Darry Ring (DR) បានប្រកាន់ខ្ជាប់នូវផ្នត់គំនិតមួយ គឺការបង្កើតស្នេហាដ៏ស្មោះស័្មគ្រតែមួយគត់ ដោយលេខ ID បុរសម្នាក់អាចប្ដូរចិញ្ចៀនពេជ្រតាមបំណងសម្រាប់ក្ដីស្រឡាញ់តែមួយគត់របស់គាត់ពេញមួយជីវិត មានន័យថា បុរសម្នាក់ អាចទិញចិញ្ចៀននេះបានតែមួយដងគត់នៅក្នុងជីវិតដើម្បីប្រគល់ជូនមនុស្សដែលខ្លួនស្រលាញ់ ដើម្បីបញ្ជាក់អំពីចិត្តស្មោះសរ។
នៅក្នុងវិស័យគ្រឿងអលង្ការលំដាប់ខ្ពស់ Darry Ring បានរួមបញ្ចូលគ្នាដោយជោគជ័យនូវចិញ្ចៀនពេជ្រជាមួយនឹងអារម្មណ៍របស់មនុស្ស ដែលធ្វើឱ្យមានឥទ្ធិពលខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្លាយជាគំរូដ៏អស្ចារ្យនៃរបៀបដែលម៉ាកយីហោនេះជោគជ័យនៅក្នុងបរិយាកាសទីផ្សារអ៊ីនធឺណិត។
គួរបញ្ជាក់ផងដែរថា Darry Ring គឺជាម៉ាកយីហោគ្រឿងពេជ្រនៅហុងកុង ដែលទទួលបានកេរ្តិ៍ឈ្មោះប្រកបដោយគុណភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មគ្រឿងអលង្ការពេជ្រអន្តរជាតិ។ នាពេលបច្ចុប្បន្ននេះ Darry Ring បានក្លាយជាអ្នកនាំមុខគេក្នុងវិស័យទីផ្សារចិញ្ចៀនពេជ្ររបស់ប្រទេសចិន ដោយសារតែការបង្កើតនូវវប្បធម៌ជំនាន់ថ្មី គំនិតនៃការច្នៃប្រឌិតដ៏អស្ចារ្យនៅលើប្រព័ន្ធអ៊ីនធឺណិត និងការអនុវត្តលើការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងនៃគូស្នេហ៍ដ៏ល្អបំផុត។
ភាពជោគជ័យនេះ បានធ្វើឱ្យសហគ្រិនជំនាន់ក្រោយមានចម្ងល់ និងចង់ឈ្វេងយល់បន្ថែមពីរបៀបដែល Darry Ring ធ្វើទីផ្សាររួមបញ្ចូលគ្នារវាងផលិតផលជាមួយនឹងផ្នត់គំនិតថ្មី និងរបៀបធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយបែបថ្មីយ៉ាងជោគជ័យ។ ហើយខាងក្រោមនេះ នឹងបង្ហាញចម្លើយសម្រាប់អ្នក។
1. របៀបដែលចិញ្ចៀនម៉ាក DR រចនាគំនិតទីផ្សារ
គំនិតទីផ្សារ គឺជាផ្នែកមួយដ៏សំខាន់ដើម្បីអាចផ្លាស់ប្ដូរផ្នត់គំនិតអតិថិជន អាចទាញចិត្តពួកគេឱ្យមកជឿជាក់ និងសម្រេចចិត្តទិញបានលឿន ហើយដើម្បីធ្វើបែបនេះបាន ក៏ទាមទារឱ្យអ្នកដឹងពីអ្វីដែលជាតម្រូវការ និងការចង់បានរបស់អតិថិជន ហើយបំពេញតម្រូវការរបស់ពួកគេ និងអាចយកឈ្នះលើដៃគូប្រកួតប្រជែងរបស់អ្នក។ ហើយដើម្បីអាចរចនាគំនិតទីផ្សារបានល្អ គឺវាពឹងផ្អែកលើការស្រាវជ្រាវទីផ្សារ ទំហំនៃទីផ្សារគោលដៅ និងតម្រូវការរបស់អតិថិជនជាមុនសិន។ ជំហានបន្ទាប់ ដើម្បីបំពេញតាមតម្រូវការទាំងនេះ ក្រុមការងារទីផ្សារត្រូវសម្រេចចិត្តថា តើប្រភេទល្បាយទីផ្សារណាខ្លះអាចប្រើប្រាស់បាន?
ចំពោះគំនិតទីផ្សាររបស់ Darry Ring គឺ “បុរសម្នាក់អាចទិញចិញ្ចៀនម៉ាក DR តាមលេខសម្គាល់សម្រាប់ក្ដីស្រឡាញ់តែមួយគត់របស់គាត់ពេញមួយជីវិត” ហើយមនុស្សស្រីមិនអាចទិញសម្រាប់ខ្លួនឯងបានទេ។ ហើយ Darry Ring នីមួយៗមានលេខកូដពិសេសរបស់វាតែមួយគត់ ដែលមានន័យថា ទោះបីជាអ្នកប្រើប្រាស់ស្ថិតនៅក្នុងស្ថានភាពបែបណា ក៏គាត់មិនអាចទិញ Darry Ring មួយទៀតបានដែរ។ ការរចនាគំនិតទីផ្សារ និងមនោសញ្ចេតនាបែបនេះ Darry Ring បានចាប់យកចិត្តសាស្ត្ររបស់ស្ត្រីក្នុងការស្វែងរកស្នេហាពិត និងធ្វើឱ្យស្ត្រីភាគច្រើនចង់បានចិញ្ចៀន Darry Ring ដែលជានិមិត្តសញ្ញានៃក្តីស្រឡាញ់ និងសុភមង្គលបំផុត។
ភាពជោគជ័យមួយនេះ Darry Ring បានរំលឹកដល់យើងថា ការដែលធ្វើឱ្យគុណតម្លៃលើផលិតផល ឱ្យមានភាពល្អ គឺវាពិតជាសំខាន់ជាងគុណតម្លៃនៃម៉ាកយីហោ ពីព្រោះវាអាចធ្វើឱ្យអតិថិជនកាន់តែជឿជាក់លើផលិតផលរបស់អ្នក ហើយម៉ាកយីហោរបស់អ្នកនឹងដើរតាមក្រោយ។ ហើយនេះជាបទពិសោធន៍ដ៏ល្អដែលម្ចាស់អាជីវកម្មផ្សេងទៀតអាចសិក្សារៀនសូត្រ និងអនុវត្តន៍បាន។
2. របៀប Darry Ring ចាប់យកអតិថិជនគោលដៅ
ការធ្វើទីផ្សារនៅលើបណ្តាញសង្គម គឺវាចាំបាច់ត្រូវតែយល់ពីកង្វល់របស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិត ដើម្បីទាញយកឥទ្ធិពលភ្លាមៗនៃការទំនាក់ទំនងតាមបណ្តាញសង្គម។ ក្នុងនាមជាម៉ាកយីហោចិញ្ចៀនអាពាហ៍ពិពាហ៍ Darry Ring ក៏ត្រូវតែមានចំណុចសំខាន់ផ្ទាល់ខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មគ្រឿងអលង្ការអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ននេះដែរ។ ភាគច្រើនការផ្សព្វផ្សាយនៃចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើទីផ្សារ គឺតែងតែបង្ហាញពីពាក្យស្លោកដែលបង្ហាញពីភក្ដីភាពនៃសេក្ដីស្រលាញ់ ដូចជា “បេះដូងរបស់ខ្ញុំជាថ្ម រក្សាជាពិសេសសម្រាប់អ្នក” “សាក្សីនៃសេចក្តីស្រឡាញ់ជារៀងរហូត” ជាដើម។
ទោះបីជា Darry Ring កំពុងមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏ម៉ាកយីហោមួយនេះនៅតែអាចផ្ដល់នូវភាពខុសប្លែកពីគេ ហើយក៏ជាអ្វីដែលអតិថិជនចង់បានខ្លាំងណាស់ដែរនៅក្នុងជីវិតរបស់ពួកគេ គឺការដែលទទួលបានបុរសដែលស្រលាញ់ស្មោះស្ម័គ្រជាមួយខ្លួនឯងតែម្នាក់គត់ពេញមួយជីវិត ហើយវាក៏ជារឿងដែលកម្រផងដែរ ទាំងនេះជាពាក្យពេជ្រជាភាសាផ្សាយពាណិជ្ជកម្មរបស់ Darry Ring។ ដូច្នេះ Darry Ring ព្យាយាមបង្កើតមិត្តយ៉ាងជិតស្និតជាមួយអតិថិជន និងធ្វើជាសាក្សីស្នេហ៍ពិតរបស់ពួកគេ ជាជាងការធ្វើទីផ្សារដែលជាចំណុចជោគជ័យដ៏សំខាន់ក្នុងយុគសម័យនៃទីផ្សារអ៊ីនធឺណិត។
3. ដើម្បី Darry Ring បង្កើនរូបភាពម៉ាកយីហោ
វិធីសាស្រ្តដ៏ឆ្លាតវៃរបស់ Darry Ring គឺដាក់ផលិតផលរបស់ពួកគេទៅក្នុងព័ត៌មានទាន់ហេតុការណ៍ ហើយថែមទាំងផ្លាស់ប្តូរផលិតផលរបស់ពួកគេទៅជាប្រភេទព័ត៌មានតែមួយប្រភេទ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចងចាំ និងការចាប់អារម្មណ៍ដល់ក្រុមអតិថិជនគោលដៅ។
នៅក្នុងឆ្នាំ 2014 តារាសម្ដែងចិនដ៏ល្បីម្នាក់បានរៀបការជាមួយនឹងពិធីករទូរទស្សន៍ដ៏ល្បីម្នាក់ទៀត ហើយ Darry Ring បានសម្រេចចិត្តចាត់ទុកពិធីមង្គលការរបស់តារាល្បីទាំងពីរដែលមិនធ្លាប់មានពីមុនមកថាជាការរំលេចទំនាក់ទំនងដ៏ល្អរបស់ខ្លួន ពីព្រោះជាការបង្ហាញពីការបំពាក់ចិញ្ចៀន DR ដើម្បីបញ្ជាក់នៃក្ដីស្រលាញ់តែមួយគត់ពេញមួយជីវិតរបស់ពួកគេ។ បន្ថែមពីនេះ ការផ្សព្វផ្សាយអំពី Darry Ring នៅគ្រប់ទីកន្លែងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Weibo ដ៏ធំបំផុតនៅក្នុងប្រទេសចិន។
4. ការអនុវត្តទំនាក់ទំនងរវាងទីផ្សាររួមបញ្ចូលគ្នា និងយុទ្ធសាស្រ្តប្រព័ន្ធផ្សព្វផ្សាយបែបថ្មី
Darry Ring ប្រើប្រាស់វិធីសាស្រ្តទំនាក់ទំនងទីផ្សាររួមបញ្ចូលគ្នាដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមបែបប្រពៃណី Weibo វីដេអូខ្នាតតូច និងប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ លើសពីនេះ ការផ្សព្វផ្សាយវីដេអូខ្នាតតូចនៃពិធីមង្គលការតារារបស់ Darry Ring មានច្រើនជាង 1.6 លាន ហើយប្រធានបទ Weibo របស់ Darry Ring ជាប់ចំណាត់ថ្នាក់លេខ 8 នៃបញ្ជីទាន់ហេតុការណ៍ (hot list) ។
បន្ថែមពីនេះ យើងត្រូវកត់សម្គាល់ថា ជំហានទាំងពីរខាងក្រោមគឺមានសារៈសំខាន់ខ្លាំងណាស់។
ទីមួយ. សហគ្រាសត្រូវតែឈ្វេងយល់អំពីតម្រូវការ និងការចង់បានរបស់អ្នកប្រើប្រាស់នៅលើអ៊ិនធឺណិត បន្ទាប់មកអាចចាប់ផ្ដើមជ្រើសរើសគំនិតដើម្បីធ្វើការផ្សព្វផ្សាយ។
ទីពីរ. ធានាឱ្យមានការផ្សព្វផ្សាយមានភាពទៀងទាត់ ដើម្បីទាញចំណាប់អារម្មណ៍ឱ្យមានអ្នកទស្សនា និងមានការចូលរួមយ៉ាងសកម្មជាមួយយើង។ បន្ទាប់មក ត្រូវតែមានការលើកកម្ពស់នៃការងារដែលអ្នកកំពុងដំណើរការ និងដំណើរការប្រមូលសមិទ្ធផលនៃការទំនាក់ទំនងម៉ាកយីហោរបស់អ្នក។