យើងដឹងស្រាប់ហើយថាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍនិងទើបតែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបបើយោងតាមការវាយតម្លៃពីធនាគារអភិវឌ្ឍអាស៊ី(ADB)។ ប្រទេសកម្ពុជាក្លាយទៅជាប្រទេសមួយដែលគួរឲ្យចាប់អារម្មណ៍ចំពោះវិនិយោគិនបរទេសក្នុងការបណ្តាក់ទុន។ យ៉ាងណាមិញប្រទេសកម្ពុជាមាននូវទីផ្សារដែលបានផ្តល់លក្ខណៈវិជ្ជមានជាច្រើនដល់វិនិយោគិនបរទេសដូចជា៖
- មានកំណើនសេដ្ឋកិច្ច ៖ សន្ទុះនៃកំណើនសេដ្ឋកិច្ចខ្លាំងព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាដែលធ្វើឲ្យកម្ពុជាអាចសម្រេចបានកំណើន៧ភាគរយនៅកំឡុងឆ្នាំ២០១៦ហើយក៏នឹងបន្តរក្សាកំណើនដ៏រឹងមាំនេះដែរនៅឆ្នាំ២០១៧ នេះបើយោងតាមការវាយតម្លៃពីធនាគារអភិវឌ្ឍន៏អាស៊ី(ADB)មកលើប្រទេសទាំង១៦នៅក្នុងអាស៊ាន។
- ស្ថិរភាពនយោបាយ ៖ ចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាផ្លូវការនៅឆ្នាំ១៩៩៣មកយើងឃើញថាស្ថានភាពនយោបាយនៅក្នុងប្រទេសគឺមានលក្ខណៈស្ថិតស្ថេរដែលវាអំណោយផលដល់ការធ្វើពាណិជ្ជកម្មបរទេសមកក្នុងប្រទេសកម្ពុជាយើង។
- អត្រាប្តូរប្រាក់មានលំនឹង ៖ លុយដុល្លារនិងលុយរៀលត្រូវបានគេចាយជាសាធារណៈនៅកម្ពុជា។ វាជាកត្តាមួយដែលទាក់ទាញវិនិយោគិនបរទេសជាខ្លាំងជាពិសេសនៅអឺរ៉ុប។ មួយវិញទៀតអត្រាប្តូរប្រាក់នៅកម្ពុជាគឺមិនសូវមានបញ្ហាចោទនោះឡើយដោយហេតុថារាជរដ្ឋាភិបាលព្យាយាមប្រើប្រាស់វិធីយ៉ាងណាទប់អត្រាប្តូរប្រាក់មិនឲ្យឡើងពេកឬចុះពេកនោះទេ។ ឧទាហរណ៍ជាក់ស្តែងរាជរដ្ឋាភិបាលរក្សាបានកម្រិតលុយក្នុងមួយដុល្លារមិនឲ្យទាបជាង៣៩០០៛និងមិនឲ្យខ្ពស់ជាង៤១០០៛ទេ។
- អតិផរណាទាប ៖ កម្រិតនៃអតិផរណានៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងកម្រិតមួយទាបបើប្រៀបធៀបទៅនឹងប្រទេសដទៃគឺស្ថិតនៅក្នុងកម្រិតក្រោម៥ភាគរយតែប៉ុណ្ណោះ។
- សន្ទនីយភាព ៖ ដោយមានការរីកចម្រើននៃប្រព័ន្ធធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងក្នុងទីក្រុង តាមខេត្តនិងមានដៃគូសហការនៅក្រៅប្រទេសផងនោះនាំឲ្យការផ្ទេរលុយពីមួយកន្លែងមានភាពងាយស្រួល។
- មានភាពជាម្ចាស់ពេញលេញ ៖ ប្រទេសកម្ពុជាផ្តល់សិទ្ធិដល់វិនិយោគិនបរទេសពេញលេញ១០០ភាគរយសម្រាប់ការធ្វើជាម្ចាស់នៃអាជីវកម្មដែលគេបានវិនិយោគរួមទាំងការចូលរួមក្នុងការដោះស្រាយបញ្ហានៅពេលមានហានិភ័យផងដែរ។
- មានកម្លាំងពលកម្មវ័យក្មេង ៖ នៅក្នុងចំណោមប្រជាជនជិត១៦លាននាក់របស់ប្រទេសកម្ពុជាក្នុងនោះមានប្រជាជនពេញកម្លាំងប្រមាណជាជាង៩លាននាក់ស្មើនឹងប្រហែល៦០ភាគរយនៃប្រជាជនសរុបដែលពួកគេមានអាយុចន្លោះពី១៥ឆ្នាំទៅ៥៤ឆ្នាំ។ ប្រជាជនកម្ពុជាម្នាក់ៗគឺមានភាពស្វាហាប់ និងខិតខំប្រឹងប្រែងធ្វើការងារជាខ្លាំង។
- មិនមានការរើសអើងចំពោះវិនិយោគិនបរទេសនិងវិនិយោគិនក្នុងស្រុក ៖ រាជរដ្ឋាភិបាលមានការលើកទឹកចិត្តជាខ្លាំងចំពោះវិនិយោគិនទាំងឡាយមិនថាបរទេសឬក្នុងតំបន់ទេ។ គេតែងអនុញ្ញាតឲ្យម្នាក់ៗអាចធ្វើទីផ្សារដោយមានលក្ខណៈសេរី។
- ស្ថិតនៅក្នុងតំបន់ដែលជាបេះដូងនៃអាស៊ាន ៖ ដោយសារតែទឹកដីមានលក្ខណៈអំណោយផលនិងស្ថិតនៅចំកណ្តាលទីក្រុងធំៗ២គឺទីក្រុងបាងកករបស់ប្រទេសថៃ និងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមនាំឲ្យកម្ពុជាក្លាយជាតំបន់ដ៏គួរឲ្យចាប់អារម្មណ៍មួយ។
ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍនិងទើបតែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបបើយោងតាមការវាយតម្លៃពីធនាគារអភិវឌ្ឍអាស៊ី(ADB)