ចុងសប្តាហ៍នេះ Facebook នឹងធ្វើការបញ្ចប់ការធ្វើតេសរបស់ខ្លួនទៅលើ Explore Feed ដែលខ្លួនបានដាក់ឱ្យដំណើរការនៅប្រទេសចំនួនប្រាំរួមទាំងកម្ពុជា។ ឆ្លងតាមការធ្វើតេស្តសាកល្បងមួយរយៈកន្លងមក ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះបានធ្វើទទួលមតិរិះគន់ និងការមិនពេញចិត្តជាច្រើនពីសំណាក់ប្រើប្រាស់ដោយសារតែមានការបែងចែករវាង News feed (ទទួលបានតែការចែករំលែកពីមិត្តភក្តិ) និង Explore Feed (ទទួលបានការចែករំលែកពីបណ្តាPage ទាំងអស់)។
តាមរយៈការស្ទាបស្ទង់ អ្នកប្រើប្រាស់ជាច្រើនមិនចង់ឱ្យមានការបែងចែកដូចការធ្វើតេស្តសាកល្បងនោះទេ ហើយពួកគេចង់មិនពេញចិត្តនឹងឱ្យមានការបែងចែកFeed ជាពីរដូចដែលមាននាពេលបច្ចុប្បន្ន។
ហេតុដូច្នេះហើយ Facebook បានសម្រេចចិត្តនឹងមិនបន្តការបែងចែក Explore Feed និង News Feed ទៀតទេនៅក្នុងសប្តាហ៍នេះ។ អ្នកប្រើប្រាស់ទាំងអស់នឹងចាប់ផ្តើមឃើញ Facebook ត្រឡប់ទៅសភាពដើមវិញចាប់ពីសប្តាហ៍ក្រោយតទៅ។
នេះជាដំណឹងល្អសម្រាប់ Page ជាច្រើនដែលតែងតែរអ៊ូរទាំអំពីការធ្លាក់ចុះចំនួនអ្នកទស្សនាបន្ទាប់ពីមានបន្ថែមមុខងារ Explore Feed។ ប៉ុន្តែទោះជាមានការប្រែត្រឡប់ទៅសភាពដើមវិញក៏ដោយ Facebookនឹងបន្តបេសកកម្មរារាំង Page ណាដែលបង្ហោះព័ត៌មានក្លែងក្លាយ ការប្រើប្រាស់មាតិកា ឬវីដេអូរបស់គេយកមកបង្ហោះ ដើម្បីធ្វើយ៉ាងណារក្សាទុកតែPage មានគុណភាព និងបង្កើតអ្វីដោយខ្លួនឯង សម្រាប់ធ្វើឱ្យបទពិសោធន៍ប្រើប្រាស់របស់អតិថិជនរបស់ខ្លួនមានភាពល្អប្រសើរ។