នៅក្នុងអាជីពការងាររបស់អ្នក ទោះបីជាអ្នកមិនមែនជាអ្នកលក់ក៏ដោយ ក៏អ្នកត្រូវតែចេះលក់ដែរព្រោះនេះគឺជាជំនាញមូលដ្ឋានមួយដែលគ្រប់គ្នាគួរតែចេះ ដែលការលក់នេះអាចជួយឲ្យលោកអ្នកអាចរកប្រាក់ចំណូលបានមួយភាគទៀត។ ហើយចំណុចខាងក្រោមនេះគំនិតនឹងធ្វើការបកស្រាយពីវីធីដែលអាចបង្កើនជំនាញលក់ បើទោះបីជាយើងមិនមែនជាអ្នកលក់អាជីពនៅក្នុងការងាររបស់យើងក៏ដោយ៖
លោកThomas Steenburgh ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Virginia Darden លោកបានមានប្រសាសន៍ថា “ការលក់វាគឺជាការនិយាយរៀបរាប់ ឬបកស្រាយយ៉ាងណាដើម្បីបញ្ចុះបញ្ចូលឲ្យអតិថិជនទិញនូវផលិតផលរបស់ខ្លួន ប៉ុន្តែមានមនុស្សច្រើនណាស់តែងប្រាប់ខ្ញុំថា លក់ គឺជាអ្វីដែលពួកគេមិនចូលចិត្ត ហើយក៏មិនដែលគិតថាចង់ក្លាយទៅជាអ្នកលក់សូម្បីតែម្ដងដែរនៅក្នុងអាជីពការងារ”។ លោកក៏បានបន្ថែមទៀតថា “ការពិតទៅ លក់ គឺជាជំនាញមូលដ្ឋានមួយដែលយើងគួរតែចេះ ដែលវាអាចជួយឲ្យយើងមានភាពរវាសរវៃ និងមានភាពវៃឆ្លាតទាំងចំពោះការងារនិងការរកស៊ីប្រចាំថ្ងៃ។ ដូចនេះដើម្បីអាចបង្កើនសមត្ថភាពផ្នែកលក់បាន អ្នកត្រូវដឹងថាអ្វីទៅជាការលក់?យើងត្រូវផ្ដោតទៅលើអ្វីខ្លះ? ហើយត្រូវនិយាយបែបណាដើម្បីឲ្យពួកគេទិញទំនិញរបស់អ្នក ដោយសុទ្ធចិត្ត?ដែលមិនមែនជាការបង្ខំ? តើក្នុងនាមជាអ្នកលក់ អ្នកអាចជួយដោះស្រាយបញ្ហាឲ្យអតិថិជនបានដោយរបៀបណា?
មែនទែនទៅ ការលក់ មិនមែនជាអ្វីដែលយើងត្រូវតែដាក់កំហិតខ្លួនឯងថាត្រូវនិយាយៗដោយឥតឈបឈរឬចាប់បង្ខំឲ្យគេទិញនោះទេ បើសិនជាទំនិញរបស់អ្នកល្អ អ្នកមិនចាំបាច់និយាយច្រើនក៏អតិថិជននៅតែមកទិញកន្លែងអ្នកដែរ។ ជាអ្នកលក់ យើងត្រូវមានអាកប្បកិរិយាល្អ ចេះគោរព ឲ្យតម្លៃអតិថិជន រហ័សរហួន មានភាពជឿជាក់លើខ្លួនឯង មានភាពអត់ធ្មត់ សម្ដីទន់ភ្លន់ ឆ្លាតវាងវៃ និងចេះយល់ពីស្ថានការណ៍ផ្សេងៗដែលបានកើតឡើង។ អ្នកលក់ដែលល្អ គឺពួកគេយល់ពីអតិថិជនបានច្បាស់ ថាពួកគេត្រូវការអ្វី ចង់បានអ្វីដើម្បីបំពេញតម្រូវការដល់ពួកគេ និងធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ជាមួយនឹងពួកគេជាពិសេស។ លក្ខណៈសម្បិត្តខាងលើនេះគឺសុទ្ធតែជាអ្វីដែលអ្នកអាចចេះដោយមិនចាំបាច់រៀនពីជំនាញនៃការលក់នេះ ព្រោះវាជាជំនាញមូលដ្ខានដែលនរណាក៏មាន។ ដូចនេះខាងលើនេះគឺជាវិធីដែលអាចជួយបង្កើនជំនាញលក់របស់អ្នកទោះបីអ្នកមិនមែនជាអ្នកលក់។
ប្រភព៖ https://bit.ly/3soFziD