គុណភាពប្លែកគេនឹងធ្វើឲ្យអ្នកខុសពីម៉ាកសញ្ញាដទៃទៀត។ វានឹងធ្វើឲ្យអ្នកដទៃស្គាល់ពីធម្មជាតិនៃផលិតផលឬសេវាកម្ម កិត្តិនាម ការតាំងចិត្ត និងភាពតែមួយរបស់អ្នក។
នៅពេលដែលអ្នកចង់ឲ្យគេស្គាល់អ្នក អ្នកត្រូវតែអាចពន្យល់ប្រាប់ពីម៉ាកសញ្ញារបស់អ្នកបានយ៉ាងច្បាស់ទៅកាន់អតិថិជន ដោយប្រាប់ពីអ្វីដែលធ្វើឲ្យគេងាយចងចាំដូចជា និមិត្តសញ្ញា និងស្លាកតម្លៃរបស់អ្នកជាដើម។ អាជីវកម្មល្បីៗគឺមានម៉ាកសញ្ញាដែលងាយចងចាំ។
និមិត្តសញ្ញានិងគុណតម្លៃម៉ាកសញ្ញាគឺជាទ្រព្យដ៏មានតម្លៃ។ ចូរបង្កើតវាឲ្យងាយស្រួលក្នុងការមើលនិងមាននៅលើការផ្សព្វផ្សាយរបស់អ្នកគ្រប់ពេល។
ខាងក្រោមនេះជាវិធីទាំង៥ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណប្លែកគេទាំង៥របស់អ្នក ៖
១. ឲ្យរបស់ដែលមនុស្សងាយនឹងបង្ហាញវាទៅកាន់អ្នកឯទៀត
អ្នកអាចឲ្យជាក្រដាសឬគូប៉ុងបញ្ចុះថ្លៃទៅកាន់អតិថិជន ហើយគេអាចផ្តល់វាឲ្យអ្នកដទៃទៀតបាន ព្រមទាំងដាក់និមិត្តសញ្ញាឬឈ្មោះរបស់អ្នកនៅក្រោមនោះ។ នៅពេលដែលគេហុចវាបន្តទៅកាន់អ្នកផ្សេងនោះគេនឹងស្គាល់ពីអ្នកបានកាន់តែច្រើន។
២. លើកទឹកចិត្តឲ្យមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក
លើកទឹកចិត្តឲ្យមនុស្សមានការពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់អ្នកដូចជា សួរសំណួរ សួររកមតិកែតម្រូវ ដំណើរការប្រឡងប្រជែង ឬការពិភាក្សាផ្សេងៗ។ ចំពោះមនុស្សគ្រប់គ្នាដែលអ្នកបានបង្កើតទំនាក់ទំនងជាមួយ អ្នកបានបង្កើតឱកាសដើម្បីជម្រុញឲ្យមានការនិយាយតពីមាត់មួយទៅមាត់មួយនូវអាជីវកម្មរបស់អ្នកដែលពួកគេបានដឹង។
៣. ធ្វើឲ្យម៉ាកយីហោរបស់អ្នកមានកេរ្តិ៍ឈ្មោះតាមរយៈការផ្សព្វផ្សាយ
ទុកជាភស្តុតាងផ្សេងៗនៃអាជីវកម្មដែលមានលក្ខណៈប្លែកពីគេរបស់អ្នកនៅគ្រប់ទីកន្លែងតាមដែលអាចធ្វើបានជាពិសេសគឺការផ្សព្វផ្សាយនៅទីសាធារណៈ។ អ្នកគួរតែបញ្ចូលឈ្មោះឬនិមិត្តសញ្ញាអាជីវកម្មរបស់អ្នកទៅក្នុងគេហទំព័រ អ៊ីមែល ស្លាកតម្លៃ និងកាតសម្គាល់អាជីវកម្មរបស់អ្នក។
៤. ផ្តល់ចំណេះដឹង
សរសេរអត្ថបទទាក់ទងនឹងចំណេះដឹងពាណិជ្ជកម្មរបស់អ្នកដែលវាអាចជាជំនួយដល់អាជីវករផ្សេងទៀត ឬអ្នកដែលស្វែងរកចំណេះដឹងទាក់ទងនឹងអាជីវកម្ម ជាពិសេសប្រាប់ពីគន្លឹះសំខាន់ៗដើម្បីជួយឲ្យអាជីវកម្មទទួលបានភាពជោគជ័យ។ អ្នកអាចបោះពុម្ពផ្សាយអត្ថបទព្រមទាំងភ្ជាប់ជាមួយនិមិត្តសញ្ញាអាជីវកម្មរបស់អ្នក។ ម្យ៉ាងទៀតការបញ្ចូលវាទៅក្នុងគេហទំព័រគឺរឹតតែប្រសើរ។
៥. ធ្វើឲ្យមានភាពងាយស្រួលចំពោះអ្នកដទៃក្នុងការនិយាយពីកេរ្តិ៍ឈ្មោះរបស់អ្នក
គ្មានអ្វីដែលមានអានុភាពខ្លាំងជាងពាក្យដែលតពីមាត់មួយទៅមាត់មួយរបស់អតិថិជនដែលមានការពេញចិត្តចំពោះផលិតផលឬសេវាកម្មរបស់អ្នកនោះទេ។ ធ្វើយ៉ាងណាឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រាប់ក្រុមគ្រួសារឬមិត្តភក្តិរបស់គេពីផលិតផលរបស់អ្នកថាវាពិតជាមានគុណភាព ងាយស្រួលប្រើ ចំណេញទាំងពេលវេលា និងថវិកាជាដើម។
ប្រភព៖ www.smallbusinessbrief.com