មិនមែនបុគ្គលិកគ្រប់គ្នាសុទ្ធតែធ្វើការដើម្បីតែប្រាក់ខែទេតែជួនកាលមកពីគេស្រឡាញ់ការងារនោះទើបធ្វើឲ្យគេខិតខំធ្វើការយ៉ាងលំបាក។ ហេតុនេះការសរសើរពីការខិតខំប្រឹងប្រែងធ្វើការរបស់ពួកគេក៏ជាអ្វីដែលពួកគេចង់ឮពីនិយោជកដែរ។ ជាការពិតណាស់ វាមិនមែនជារឿងពិបាកឡើយដោយគ្រាន់តែនិយាយពាក្យអរគុណ ប៉ុន្តែនៅមានវិធីជាច្រើនទៀតក្នុងការបង្ហាញពីក្តីគោរពនិងគាំទ្រទៅកាន់និយោជិករបស់អ្នកជាជាងការនិយាយតែពាក្យថាអរគុណ៖
១. អនុញ្ញាតឲ្យបុគ្គលិកអ្នកទទួលរង្វាន់ឬកាដូនៅពេលបញ្ចប់ការងារដោយជោគជ័យ។ អ្នកអាចឲ្យពួកគេរើសរង្វាន់ដោយខ្លួនឯងព្រោះអ្នកខ្លះត្រូវការប្រាក់បន្ថែមដើម្បីប្រើប្រាស់ចាំបាច់ជាជាងកាដូក៏ថាបាន។
២. ឲ្យតម្លៃបុគ្គលិករបស់អ្នកដោយស្ដាប់ពីអ្វីដែលពួកគេព្យាយាមចែករំលែក។ ពួកគេបន្តចែករំលែកពីរឿងរបស់គេក៏ដូចជាគន្លឹះឬវិធីផ្សេងដែលពួកគេធ្លាប់ឆ្លងកាត់ជាមួយអ្នកនិងមិត្តរួមការងារដទៃទៀត។ នៅពេលអ្នកធ្វើបែបនេះគឺធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្វីដែលគេផ្តល់ឲ្យមានតម្លៃនិងធ្វើឲ្យគេមានទំនុកចិត្តលើខ្លួនឯង។
៣. អនុញ្ញាតឲ្យនិយោជិកអ្នកសម្រេចចិត្តទៅលើបញ្ហានានា។ មិនត្រឹមតែពាក្យពេចន៍អរគុណនិងប្រាក់រង្វាន់លើកទឹកចិត្តទេដែលសំខាន់ ការបង្ហាញថាអ្នកមានជំនឿចិត្តទៅលើគំនិតនិងជំនាញរបស់ពូកគេគឺពិតជាមានតម្លៃជាងនិងអាចបណ្តាលឲ្យគេមានទំនុកចិត្តចំពោះខ្លួនឯងថែមទាំងមិនងាយបង្កើតកំហុសទៅទៀតព្រោះគេដឹងច្បាស់ថាគេមិនអាចបំផ្លាញទំនុកចិត្តរបស់អ្នក។
៤. ផ្តល់ការភ្ញាក់ផ្អើលបន្តិចបន្តួចឲ្យពួកគេរួមមានការប៉ាវបាយ កាត់បន្ថយម៉ោងធ្វើការជាដើម។
៥. ផ្តល់ការសរសើរច្បាស់លាស់ទៅឲ្យបុគ្គលិកអ្នកដោយនិយាយដូចជា អ្នកពេញចិត្តទៅនឹងការពិភាក្សានេះឬពួកគេជាដៃគូសហការដ៏ល្អជាដើម។ ទង្វើបែបនេះអាចបន្ថែមអត្ថន័យទៅលើការសរសើរនិងជម្រុញនិយោជិកអ្នកឲ្យរឹតតែមានការអភិវឌ្ឍន៍។
៦. ផ្តល់ម៉ោងសម្រាកបន្ថែមឲ្យពួកគេសម្រាប់ធ្វើអ្វីផ្សេងក្រៅពីការងារដូចជាពេលវេលាសម្រាប់គ្រួសារនិងខ្លួនឯង កម្មវិធីសប្បុរសធម៌ និងវិស្សមកាលរយៈពេលខ្លីជាដើម។
៧. ធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេមានការពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនយ៉ាងពិតប្រាកដក្រុមហ៊ុន ដោយប្រាប់ពីរឿងរ៉ាវដែលកើតមានឡើងនៅក្នុងការងារ ទោះជាពេលខ្លះពួកគេមិនអាចជួយអ្វីបានក៏ដោយ។ ការធ្វើបែបនេះបង្ហាញថាពួកគេជាក្រុមតែមួយជានិច្ច។
៨. ការដាក់បង្អែមរួមមានស្ករគ្រាប់ ស្ករសូកូឡានៅក្នុងបន្ទប់សម្រាកក៏អាចជាសញ្ញាបង្ហាញពីពាក្យថាអរគុណទៅពួកគេដែរ។
៩. ជម្រុញមតិយោបល់របស់ពួកគេដោយការស្ទង់មតិជារឿយៗព្រោះវាធ្វើឲ្យពួកគេយល់ថាយោបល់ពួកគេមានអ្នកអើពើ និងដឹងឮ។
១០. បង្កើតបរិយាកាសសប្បាយរីករាយនៅក្នុងកន្លែងធ្វើការដូចជាពិធីជប់លៀងឬល្បែងកម្សាន្តនានា។