spot_img
spot_img
Homeទូទៅសញ្ញាដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន

សញ្ញាដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន

-

​ការមានបំណងចង់ក្លាយជាសហគ្រិន វាមិនមែនជារឿងពិបាកនោះទេ ប៉ុន្តែការដែលអាចធ្វើឱ្យខ្លួនឯងក្លាយជាសហគ្រិនមួយរូបដែលមានមនុស្សជាច្រើនទទួលស្គាល់ វាពិតជាពិបាក និងត្រូវការចំណាយពេលវេលាយូរណាស់។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏អាចរៀនសង្កេតអំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនផងដែរ ថាតើអ្នកមានបុគ្គលិកលក្ខណៈជាសហគ្រិនដែរឬទេ? ខាងក្រោមនេះ នឹងបង្ហាញពីសញ្ញាមួយចំនួនដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន។

1. បុគ្គលដែលរស់នៅដោយមានក្ដីស្រមៃជាក់លាក់

បុគ្គលនេះ តែងតែមានគំនិតផ្ដួចផ្ដើមក្នុងការធ្វើអ្វីមួយដែលជាក្ដីស្រមៃផ្ទាល់ខ្លួន ដោយមិនមែនជាការផ្ដោតតែរឿងលុយឡើយ។ នៅក្នុងនេះ ពួកគេតែងតែមានរូបសញ្ញាមួយចំនួនដើម្បីគិតស្រមៃឱ្យចេញជារូបភាពជាក់លាក់មួយក្នុងការឆ្ពោះ និងធ្វើសកម្មភាពដើម្បីធ្វើឱ្យវាឱ្យចេញជារូបរាងពិតប្រាកដ។ បន្ថែមពីនេះ ចំពោះក្ដីស្រមៃដែលមាន តែងតែកើតចេញពីបេះដូងស្រលាញ់ពិតប្រាកដ ព្រមទាំងមានការផ្ដោតអារម្មណ៍ខ្លាំង ដោយមិនងាយផ្លាស់ប្ដូរចេញឡើយ មានតែខិតខំរិះរកយុទ្ធសាស្រ្តថ្មីៗដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។

ចងចាំថា សហគ្រិន តែងតែធ្វើអ្វីដែលជាក្ដីស្រមៃ និងធ្វើអ្វីមួយមិនមែនដើម្បីយកលុយជាគោលដៅធំឡើយ ប៉ុន្តែតែងតែព្យាយាមធ្វើអ្វីមួយដែលមានឥទ្ធិពលល្អទៅកាន់ពិភពលោក។

2. បុគ្គលដែលមានភាពខ្លាំងផ្នែកអារម្មណ៍

ការក្លាយជាសហគ្រិនមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាឡើយ ហើយអ្វីដែលកាន់តែពិបាកនោះគឺផ្នែកអារម្មណ៍ ដូច្នេះប្រសិនបើអ្នកមានផ្នែកអារម្មណ៍ខ្លាំងតាំងពីកំណើត នេះជារឿងមួយល្អ ពីព្រោះអ្នកអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបាន និងអាចជម្នះរាល់បញ្ហាដែលអ្នកនឹងជួបប្រទះបានយ៉ាងល្អជាមនុស្សដែលមានផ្នែកអារម្មណ៍មិនសូវខ្លាំង។

3. បុគ្គលដែលមានភាពបត់បែនលឿន

ភាពបត់បែនលឿន ជាកាតាលីករដ៏សំខាន់នៅក្នុងការធ្វើអាជីវកម្មមួយឱ្យដំណើរការបានលឿន និងតាមទាន់សម័យកាល។ ការដែលមានភាពបត់បែន ក៏អាចធ្វើឱ្យអ្នកអាចសម្របខ្លួនជាមួយបញ្ហានានា និងស្ថានភាពជាច្រើន ព្រមទាំងអាចដោះស្រាយវាបានយ៉ាងល្អ តាមរយៈការសម្របជាមួយនឹងយុទ្ធសាស្រ្តថ្មីៗជាដើម។

4. បុគ្គលដែលមានទស្សនវិស័យវែងឆ្ងាយ

ភាពជាសហគ្រិន តែងតែសម្លឹងឃើញនូវអនាគតវែងឆ្ងាយ ព្រមទាំងអាចវិភាគដឹងអំពីឱកាសគ្រប់ទីកន្លែង ហើយពួកគេក៏ជាបុគ្គលដែលចូលចិត្តភាពច្នៃប្រឌិត ការបង្កើតថ្មី និងតែងតែស្វែងរកគំនិតថ្មី ការកែលម្អផលិតផលសេវាកម្មដែលមានស្រាប់ឱ្យកាន់តែល្អជាងមុន។​ បន្ថែមពីនេះ ពួកគេតែងតែមានទស្សនវិស័យវែងឆ្ងាយសម្រាប់ខ្លួនឯងក្នុងការធ្វើអ្វីមួយ តាមរយៈការមានសមត្ថភាពដែលអាចមើលឃើញអំពីអនាគត។

5. បុគ្គលដែលមានសមត្ថភាពដោះស្រាយបញ្ហា

ពួកគេចូលចិត្តដោះស្រាយបញ្ហា និងមិនដែលខ្លាចរអានឹងជួបបញ្ហាអ្វីឡើយ ថែមទាំងមិនដែលរអ៊ូនឹងបញ្ហាទាំងនោះទេ មានតែដោះស្រាយ និងច្នៃវាឱ្យក្លាយជាឱកាស។

ចងចាំថា ក្នុងនាមជាសហគ្រិនតែងតែស្វែងរកបញ្ហាដើម្បីដោះស្រាយ ពេលខ្លះបញ្ហាតូច ពេលខ្លះបញ្ហាធំ ពេលខ្លះបញ្ហាបច្ចេកទេស ពេលខ្លះបញ្ហាអាជីវកម្ម ឬទាក់ទងនឹងបញ្ហាក្រុម។

6. បុគ្គលដែលតែងតែវិនិយោគលើខ្លួនឯងជានិច្ច

ពួកគេតែងតែចំណាយពេលវេលា និងហ៊ានចំណាយលុយវិនិយោគលើវគ្គសិក្សានានាដើម្បីអភិវឌ្ឍន៍សមត្ថភាពពួកគេឱ្យកាន់តែមានភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសផ្ដោតលើជំនាញអ្វីដែលពួកគេចង់ខ្លាំងជាងមុន។ បន្ថែមពីនេះ ពួកគេតែងតែចំណាយលើការសិក្សាស្រាវជ្រាវ ការអាន និងបន្តសិក្សាជានិច្ច។

7. បុគ្គលដែលមានភាពក្លាហាន និងហ៊ានប្រថុយប្រថានក្នុងការធ្វើអ្វីមួយ

ពួកគេតែងតែហ៊ានធ្វើអ្វីដែលពួកគេយល់ថាត្រឹមត្រូវ និងមានគោលដៅជាក់លាក់ ដោយពួកគេមិនដែលគិតថាខ្លាចខុស ឬខ្លាចអ្នកផ្សេងមើលមកមិនល្អនោះទេ សំខាន់ពួកគេដឹងថាពួកគេកំពុងធ្វើអ្វី ហើយក៏ត្រៀមចិត្តរួចរាល់ក្នុងការទទួលយករាល់លទ្ធផលដែលនឹងទទួលបាន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ