ថ្ងៃនេះចង់សំលៀងខួរក្បាលដែរឬទេ? ថ្ងៃនេះគេហទំព័រ«គំនិត»សូមលើកយកអត្ថបទសំលៀងខួរក្បាលមួយជូនដល់ប្រិយមិត្តដើម្បីទុកសម្រាប់គិតកម្សាន្ត បង្កើនប្រាជ្ញា។ តោះទៅមើលសំណួរសំលៀងខួរក្បាលទាំងអស់គ្នា!
កាលពីយូរលង់ណាស់មកហើយ មានឈ្នួលបម្រើម្នាក់នៅជាមួយនឹងម្ចាស់ក្នុងភូមិមួយអស់កាលយ៉ាងយូរ។ ក្រោយពីបាននៅបម្រើម្ចាស់របស់ខ្លួនអស់រយៈពេល៣០ឆ្នាំមក ម្ចាស់របស់គេក៏បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ ដែលប្រហែលមិនអាចរស់នៅបានយូរទៀតឡើយ។ មានថ្ងៃមួយ ម្ចាស់ក៏បានហៅឈ្នួលបម្រើ មកជួបហើយឲ្យអ្នកបម្រើនោះប៉ងប្រាថ្នានូវបំណងចំនួនមួយ។ ម្ចាស់នោះបានទុករយៈពេល១ថ្ងៃសម្រាប់ឲ្យអ្នកបម្រើនោះធ្វើការគិតពិចារណា។ អ្នកបម្រើម្នាក់នោះមានការសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បានធ្វើដំណើរទៅជួបម្តាយរបស់ខ្លួនដើម្បីធ្វើការពិភាក្សាពីបំណងប្រាថ្នា។ ម្តាយអ្នកបម្រើនោះជាមនុស្សពិការភ្នែក ហើយគាត់ក៏បានឲ្យកូនរបស់គាត់ប៉ងប្រាថ្នាធ្វើយ៉ាងម៉េចឲ្យភ្នែករបស់គាត់អាចមើលឃើញឡើងវិញ។ បន្ទាប់ពីទៅជួបម្តាយរបស់គេហើយ អ្នកបម្រើនោះក៏បានទៅជួបនឹងប្រពន្ធរបស់ខ្លួន។ នាងមានការត្រេកអរយ៉ាងខ្លាំងនៅពេលដែលប្តីរបស់ខ្លួនប្រាប់ពីរឿងបំណងប្រាថ្នានោះ។ ប្រពន្ធរបស់អ្នកបម្រើនោះមិនទាន់មានកូននៅឡើយទេបន្ទាប់ពីបានរស់នៅជាមួយប្តីអស់រយៈពេលយ៉ាងយូរ ហើយបានឲ្យប្តីរបស់ខ្លួនធ្វើការប៉ងសុំកូនប្រុសមួយពីម្ចាស់។ បន្ទាប់មកទៀត បុរសជាអ្នកបម្រើនោះធ្វើដំណើរទៅជួបឪពុករបស់ខ្លួនដែលជាមនុស្សចង់ក្លាយជាអ្នកមាន ហើយគាត់បានប្រាប់ឲ្យកូនគាត់ប៉ងនូវមាសប្រាក់កែវកងជាច្រើន។ ថ្ងៃបន្ទាប់បរុសម្នាក់នោះបានទៅជួបនឹងម្ចាស់របស់គេ ហើយបានប្រាប់នូវបំណងប្រាថ្នាមួយដែលបំណងប្រាថ្នាមួយនោះអាចធ្វើឲ្យ ម្តាយ ប្រពន្ធ និងឪពុកបានសមនឹងបំណងរៀងៗខ្លួន។ សំណួរសួរថា តើអ្នកបម្រើនោះបានប៉ងនូវបំណងប្រាថ្នាអ្វី?
សាកគិតមើលមើល! តើអ្នកបម្រើនោះប៉ងនូវអ្វី ដែលបំណងប្រាថ្នារបស់គេតែមួយអាចសម្រេចបំណងប្រាថ្នារបស់ម្តាយ ប្រពន្ធ និងឪពុករបស់គេ? សូមកុំភ្លេចចូលរួមឆ្លើយទាំងអស់គ្នាណា! អ្នកអាចដាក់នៅចម្លើយនៅក្នុងប្រអប់Commentខាងក្រោម។
តើអ្នកសាកល្បងឆ្លើយអស់ចិត្តហើយឬនៅ? បើអស់ចិត្តហើយ អ្នកអាចផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងគំនិតដោយចុចនៅតំណភ្ជាប់ខាងក្រោម “Page 2”។