យើងរាល់គ្នាបានដឹងហើយថា ថាមពលគឺជាបេះដូងសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងអស់នៅលើពិភពលោកយើងនេះ។ វាគឺជាអ្នកដើរតួរយ៉ាងសំខាន់ក្នុងការធ្វើអោយសេដ្ឋកិច្ចជាតិមានសកម្មភាព និងរីកលូតលាស់ទៅមុខ។ ការកើនឡើងនៃតម្រូវការថាមពលនៅលើពិភពលោក បានធ្វើអោយសកម្មភាពអភិវឌ្ឍន៍ និងការស្វះស្វែងរកប្រភពថាមពលថ្មីៗមានការមមារញឹកយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ក៏មានការពិភាក្សាគ្នាជាច្រើនអំពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រភពថាមពលនីមួយៗ។ ខាងក្រោមនេះគឺជាប្រភពថាមពលដែលត្រូវបានគេប្រើប្រាស់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន៖
ហ្វូស៊ីលឥន្ធនៈ
ហ្វូស៊ីលឥន្ធនៈ (ប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិ) គឺជាប្រភពថាមពលដែលមិនអាចកើតឡើងវិញ និងជាប្រភពថាមពលដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេក្នុងចំណោមប្រភពថាមពលទាំងអស់ដោយសារតែវាមានតម្លៃថោកជាងថាមពលដ៏ទៃទៀត។ ទោះបីជាបច្ចុប្បន្ននេះ បិរមាណហ្វូស៊ីលឥន្ធនៈគឺនៅមិនទាន់មានការខ្វះខាតនៅឡើយ តែវាគង់នឹងត្រូវបាត់បង់ទៅថ្ងៃអនាគត។ ទន្ទឹមនឹងនោះផងដែរ ហ្វូស៊ីឥន្ធនៈគឺជាភ្នាក់ងារ មួយដែលនាំមុខគេខាងផ្នែកបំពុលបរិស្ថាន និងធ្វើអោយអាកាសធាតុមានការផ្លាស់ប្តូរនៅលើពិភពលោកយើងនេះ។
ថាមពលនុយក្លេអ៊ែរ
ថាមពលនុយក្លេអ៊ែរគឺជាប្រភពថាមពលមួយដែលមានការពេញនិយមនៅក្នុងបណ្តាប្រទេសជឿនលឿនដូចជានៅសហរដ្ឋអាមេរិក ជប៉ុន និងបារាំង-ល-។ វាជាប្រភពថាមពលដែលអាចផ្តល់ថាមពលបានច្រើន និងមានប្រសិទ្ធភាពខ្ពស់ ហើយជាអ្នកដែលផ្គត់ផ្គង់ថាមប្រមាណ៦% នៃថាមពលសរុបនៅលើពិភពលោក។ ប៉ុន្តែវាតម្រូវអោយមានការគ្រប់គ្រងអោយបានហ្មត់ចត់ជាទីបំផុត ដោយសារតែវត្ថុធាតុដើមរបស់វាគឺអ៊ុយរ៉ាញូម ដែលជាអង្គធាតុ មានធាតុវិទ្យុសកម្មខ្ពស់ដែលអាចផ្តល់មហន្តរាយដល់ជីវិតមនុស្ស សត្វនិងរុក្ខជាតិ។ អ្នកប្រហែលជាបានដឹងហើយថា នៅពេលថ្មីៗនេះ (ឆ្នាំ២០១១) ប្រទេសជប៉ុនបានជួបនូវគ្រោះរញ្ចួយដីកំរិត ៩រិចស្ទឺ និងរលកយក្សស៊ូណាមិ ដែលបានបំផ្លាញស្ថានីយរោងចក្រថាមពលនុយក្លេអ៊ែរចំនួន៤កន្លែងហើយធ្វើអោយលេចធ្លាយធាតុវិទ្យុសកម្ម។ ការលេចធ្លាយធាតុវិទ្យុសកម្មនេះ បានផ្តល់ការគម្រាមកំហែងជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់នោះ និងធ្វើអោយប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ថាមពលដែលបានមកពីខ្យល់
ខ្យល់ប្រហែលជាអាចជាជម្រើសមួយដើម្បីទាញយកថាមពល ហើយវាក៏ជាថាមពលដែលប្រើមិនចេះអស់ ឬអាចនិយាយបានថាវាជាថាមពលកើតឡើងវិញ។ ប៉ុន្តែវាមិនអាចតើតួរជំនួសប្រភពថាមពលដ៏ទៃទៀតបានទេ។ ការបង្កើតថាមពលនេះគឺពឹងផ្អែកទៅលើកម្លាំងខ្យល់ ក្នុងការបង្វិលតួប៊ីន ដើម្បីផលិតអគ្គិសនី។ ប៉ុន្តែកម្លាំងខ្យល់គឺវាមិនមានស្ថេរភាពនោះទេ ហើយនៅទី កន្លែងខ្លះកម្លាំងខ្យល់គឺមានភាពខ្សោយដែលវាមិនអំណោយផលក្នុងការផលិតអគ្គិសនីតាមវិធីនេះបាន។ មិនតែប៉ុណ្ណោះ ឧបករណ៍ផលិតថាមពលចេញពីកម្លាំងខ្យល់នេះគឺមានតម្លៃថ្លៃ និងត្រូវការដើមទុនខ្ពស់ដើម្បីផលិត។ ប៉ុន្តែអ្វីដែលជាគុណសម្បត្តិរបស់ថាមពលនេះគឺ វាមិនបំពុលបរិស្ថាន និងធ្វើអោយប្រែប្រួលអាកាសធាតុនោះទេ ពោលគឺវាគឺជាថាមពលបៃតង។
ថាមពលដែលបានមកពីទឹក
ថាមពលនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ចលនាទឹកហូរ ទឹកធ្លាក់ និងចលនារលកសមុទ្រដើម្បីទៅបង្វិលតួប៊ីន។ វាគឺជាថាមពលដែលកើតឡើងវិញ ហើយជាថាមពលដែលមានតម្លៃថោកក្នុងការផលិត ព្រមទាំងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតតិចតួចបំផុតទៅនឹងបរិយាកាស។ ការទាញយកថាមពលពីទឹក គឺជាមធ្យោបាយដ៏ល្អមួយដោយសារតែវាមានសមត្ថភាពក្នុងការផលិតអគ្គិសនីបានច្រើន និងចំណាយទុនតិចក្នុងការដំណើរការ និងជួសជុល។ ទន្ទឹមនឹងគុណសម្បត្តិខាងលើនេះ វាក៏មានគុណវិបត្តិផងដែរដូចជា វាទាមទារទំហំដីដ៏ធំធេង ដែលវាជាកត្តាអាចនាំអោយជីវិតសត្វត្រូវបាត់បង់ ឬផុតពូជ និងធ្វើអោយលំហូរនៃទឹកមានការប្រែប្រួល។ ក្រៅពីនេះ ដោយសារតែមានការសាងសង់ទំនប់វារីអគ្គិសនី វានឹងធ្វើអោយមានផលប៉ះពាល់ដល់ជីវិតសត្វត្រីនៅទីនោះផងដែរ។
ក្រៅពីនេះនៅមានប្រភពថាមពលផ្សេងៗទៀតដូចជា ថាមពលពន្លឺព្រះអាទិត្យ(Solar Energy) និងថាមពលកំដៅផែនដី(Geothermal Energy) ជាដើម។